ក្រុងប៊ែន: ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​បង្ហាញថា ត្រី និង​ឃ្មុំ​ពេល​នេះ​អាច​និយាយ​រកគ្នា​បាន​តាមរយៈ​ប្រព័ន្ធ​អាយកូម​ពិសេស​។

ប្រព័ន្ធ​ទំនាក់ទំនង​រវាង​អម្បូរ​សត្វ​ខុស​គ្នា​ទាំង​ ២ ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការឌីហ្សាញ​រ៉ូបូត​តូច និង​ឧបករណ៍​ទាក់ទង​។

ឧបករណ៍​ទាក់ទង​ដ៏តូច​ត្រូវបាន​បំពាក់​ក្នុង​សម្បុក​ឃ្មុំ និង​ត្រី​រ៉ូបូត​ហែល​ក្នុង​ទឹក​ត្រូវ​បាន​ដាក់​បង្កប់​ក្នុង​ហ្វូង​ត្រី​ផង​ដែរ​។ រលក​សញ្ញា​ពី​អម្បូរ​សត្វ​ខុសគ្នា​ស្រឡះ​ទាំង​ ២ ​ត្រូវ​បាន​បកប្រែ​ជា​ភាសា​មួយ​ដែល​សត្វ​ទាំង​ ២ ​ប្រភេទ​អាច​យល់​ពី​គ្នា​។

ហ្វ្រង់ស៊ីស្កូ ម៉ូនដាដា ជា​សាស្ដ្រាចារ្យ​នៅ​មន្ទីរពិសោធន៍ BioRob បាន​ប្រាប់ TechXplore ថា​៖ «​រ៉ូ​បូត​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល និង​បកប្រែ​ភាសា​ក្នុង​សន្និសីទ​អន្ដរជាតិ​អ៊ីចឹង​។ តាមរយៈ​ការផ្លាស់ប្ដូរ​ព័ត៌មាន​រវាង​គ្នា និង​គ្នា សត្វ​ទាំង​ ២ ​ចាប់ផ្ដើម​បន្ដ​សន្ទនា​គ្នា​ជា​ហូរហែ​»​។

លោក ស៊ីម៉ុន ហ្គារនីយ័រ ជីវ​វិទូ​ប្រព័ន្ធ​ស្មុគស្មាញ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ញូវជេស៊ី បាន​ប្រាប់ The Scientist​ថា​៖ «​វា​ជា​លើក​ដំបូង​ដែល​មនុស្ស​ប្រើ​បច្ចេកវិទ្យា​នេះ​ជួយ​អម្បូរ​សត្វ​ស្លាប និង​សត្វ​ទឹក​មាន​ទំនាក់ទំនង​នឹង​គ្នា​»​។

លទ្ធផល​នេះ​អាច​ជួយ​ក្រុម​វិស្វករ​រ៉ូបូត​ស្វែងយល់ និង​កែសម្រួល​វិធី​ស្រាវជ្រាវ​រលក​សញ្ញា​ជីវសាស្ដ្រ​ពី​ក្រុម​សត្វ​មួយ​ចំនួន​។ ការសិក្សា​ថ្ងៃ​អនាគត អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​រ៉ូបូត​នេះ​ក៏​អាច​ជួយ​អភិវឌ្ឍ​រ៉ូបូត​វៃឆ្លាត​ដែល​ក្រុម​អ្នក​ជីវវិទូ​អាច​ប្រើ​ដើម្បី​ជួយ​សត្វ​រស់នៅ​តំបន់​បរិស្ថាន​កខ្វក់ ឬ​ទីតាំង​គ្រោះថ្នាក់​ផ្សេងៗ​៕ HR