ក្រុងភើត: អ្នកដំណើរ​ដែល​ត្រូវ​រង់ចាំ​ជើងហោះ​ហើរ នៅ​អាកាស​យាន​ដ្ឋាន ក្រុង​ភើត ពេល​នេះ​អាច​ជួល​ប្រអប់​ដំណេក​ដ៏​ទំនើប T1 ដើម្បី​សម្រាក​កាយ និង​ប្រើប្រាស់​បរិក្ខារ​បច្ចេកវិទ្យា​ដោយ​គ្មាន​ការ​រំខាន។

នេះ​ជា​ព្រលានយន្តហោះ​ដំបូង​នៅ​ប្រទេស​អូស្ត្រាលី ដែល​បានដាក់​ដំណើរការ​ប្រអប់​ដំណេក ជា​កូន​បន្ទប់​តូច​ល្មម​មួយ​ខ្លួន បំពាក់​ដោយ​បរិក្ខារ​បច្ចេកវិទ្យា​ចុង​ក្រោយ ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វាំងឡង់ GoSleep និង Smarte Carte។

មន្ត្រីជាន់ខ្ពស់​អាកាសយា​ន​ដ្ឋា​ន​ក្រុង​ភើ​ត លោក ខេ​វិ​ន ប្រោ​ន បាន​ឲ្យ​ដឹងថា ប្រអប់​ដំណេក (Sleeping Pods) គឺ​ជាទី​សម្រាក​ដ៏​ប្រសើរ និង​ឡូយ​បំផុត​សម្រាប់​អ្នក​ដំណើរ​កំពុង​រង់ចាំ​ជើង​ហោះ​ហើរ។

លោក​បាន​លើកឡើងថា៖ «ប្រអប់​ដំណេក​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការ​សម្រាក​បែប​ឯកជន​ប្រកប​ដោយ​ផាសុកភាព នៅ​ទីសាធា​រណៈ​ដ៏​ទូលំ​ទូលាយ»។

លោក​បញ្ជាក់ទៀតថា៖ «នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ឲ្យ​អាកាស​យានដ្ឋាន​នេះ​មាន​ភាព​ទំនើប និង​ផ្ដល់​សេវា​ប្រកប​ដោយ​ផាសុក​ភាព និង​ប្រសិទ្ធភាព»។

ជាការ​ចាប់ផ្ដើម​ដំបូង​ប្រអប់​ដំណេក​ចំនួន ៨ នឹង​ត្រូវបាន​បំពាក់។ GoSleep Pod ជា​ប្រអប់​ដំណេក​ដែល​ស្រដៀង​នឹង ប្រភេទ​កៅអី​ប្រណីត​លំដាប់​ខ្ពស់​ក្នុង​យន្តហោះ។

អ្វីដែល​ពិសេស គឺ​ប្រអប់​ដំណេក​មាន​គម្រប​បិទបាំង ដែល​ផ្ដល់នូវ ភាព​ឯកជន និង​សម្រួល​ដល់​កាយវិការ​គេង​របស់​អ្នក​ដំណើរ។ នៅ​ក្នុង​នោះ​ក្រៅ​ពី​ខ្នើយ ភួយ​ដ៏​ទន់​ល្មើយ និង​ថត​សម្រាប់​ទុក​ដាក់​វ៉ាលិស​ទំហំ​តូច វា​ក៏មាន​បំពាក់​នូវ​រន្ធ​ដោត USB និង GPO សម្រាប់​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​យួរដៃ និង​សាក​ថ្ម​ទូរស័ព្ទ។ អ្នក​ដំណើរ​អាច​កក់​ប្រអប់​ដំណេក​អន​ឡាញ ក្នុង​តម្លៃ ១ ម៉ោង ១៤ ដុល្លារ និង​រយៈពេល ៥ ម៉ោង តម្លៃ ៥០ ដុល្លារ។

អគ្គនាយក​ក្រុមហ៊ុន GoSleep លោក ជូ​ស៊ី ភី​ស្ប៉ា​និ​ន បាន​ឲ្យ​ដឹងថា៖ «យើង​បាន​បំពាក់​ប្រអប់​ដំណេក​នៅ ១៥ អាកាស​យានដ្ឋាន រួម​ទាំង​ថ្មីៗ​នៅ​អូស្ត្រាលី​ផង​ដែរ»៕