ក្រុងញូវដែលី៖ ស្ថាប័នរដ្ឋាភិបាលឥណ្ឌាមួយ ត្រូវបានបង្កើតឡើង បំណងច្នៃផលិតសាប៊ូ និងផលិតផលវេជ្ជសាស្ដ្រពីលាមកគោ បានបន្ដអភិវឌ្ឍបន្ទះឈីប ដែលអាចការពារមនុស្សពីវិទ្យុសកម្មទូរស័ព្ទ។
ដោយមិនបានពន្យល់អំពីរបៀបដំណើរការ ប្រធានគណកម្មការគោជាតិ ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុនបានឲ្យដឹងថា ឧបករណ៍នេះអាចត្រូវបានបំពាក់ភ្ជាប់ក្នុងស្រោមទូរស័ព្ទដៃ។
លោក វ៉ាល់ឡាបបៃ កាទីរៀ បានថ្លែងក្នុងសន្និសីទកាសែតថា៖ «យើងរំពឹងថា បើអស់លោករក្សាបន្ទះឈីបនេះក្នុងទូរស័ព្ទដៃ វាជួយកាត់បន្ថយសារធាតុវិទ្យុសកម្មគួរឲ្យកត់សម្គាល់។ អាចម៍គោមានសារធាតុប្រឆាំងវិទ្យុសកម្ម ហើយបើអស់លោកទុកកន្លែងណាមួយក្នុងផ្ទះ វានឹងមិនមានសារធាតុគីមីនៅទីនោះឡើយ។ ទាំងនេះត្រូវបានទទួលស្គាល់ដោយផ្នែកវិទ្យាសាស្ដ្រ»។
លោក កាទីរៀ មិនបានផ្ដល់ព័ត៌មានលម្អិតថា តើអង្គភាពនេះបានធ្វើការស្រាវជ្រាវដោយផ្អែកលើអ្វី ហើយសេចក្ដីប្រកាសបង្កជាមតិសើចចំអកពាសពេញបណ្ដាញសង្គម។
គោត្រូវបានចាត់ទុកជាសត្វពិសិដ្ឋក្នុងសង្គមដែលប្រណិបនត៍សាសនាព្រហ្មញ្ញធំបំផុត ហើយការទទួលទានសាច់គោត្រូវបានហាមឃាត់នៅតាមបណ្ដារដ្ឋជាច្រើន។
លោកត្រូវបានដកស្រង់សម្ដីដោយកាសែតភាសាអង់គ្លេស ដែលបាននិយាយថា៖ «បុគ្គលម្នាក់កំពុងតែនាំចេញបន្ទះឈីបប្រទេសនេះទៅកាន់សហរដ្ឋអាមេរិក ជាទីដែលវាត្រូវបានដាក់លក់តម្លៃប្រមាណ ១០ ដុល្លារ»៕ AFP/HR