ក្រុងឡាសវេហ្គាស: Travis Touch Plus ជាឧបករណ៍បកប្រែជំនាន់ថ្មីដែលទើបតែដាក់លក់ក្នុងតម្លៃ ១៩៩ ដុល្លារ នៅវិបសាយ Amazon ក្រោយបង្ហាញខ្លួននៅពិព័រណ៍អេឡិចត្រូនិកនៅក្រុងឡាសវេហ្គាសសហរដ្ឋអាមេរិក។
ជាមួយរាងរៅរលើបរលោង រាងពងក្រពើ សមល្មមកាន់ក្នុងដៃ វាមានជម្រើសពណ៌ខ្មៅ និងស ស្រោប និងស្រោបដោយសម្បកស៊ីលីកូនទន់ដែលជួយការពារតួពីការឆ្កូតបាក់បែក។ សម្បករបស់វាក៏មានភ្ជាប់នូវខ្សែក្រវាត់ដៃ ដើម្បីបង្ការក្រែងរបូតធ្លាក់ផងដែរ។
ឧបករណ៍នេះមានអេក្រង់ថាច់ ២,៤ អ៊ិញដ៏រស់រវើក និងប៊ូតុង ៣ នៅពីក្រោយ។ ទី ១ សម្រាប់ចុចបញ្ជាឲ្យបកប្រែភាសានិយាយពីម្ចាស់វា។ ទី ២ ប្រើសម្រាប់ស្រូប និងបកប្រែភាសាភាគីសន្ទនា។ ទី ៣ ប្រើបញ្ជាមុខងារដោយសំឡេង។
បើទោះជាវាហាក់ដូចជាចម្លែកបន្តិច ខណៈសព្វថ្ងៃមានកម្មវិធី (App) បកប្រែភាសាដែលងាយទាញយកមកប្រើប្រាស់តាមស្មាតហ្វូនក៏ពិតមែន តែ Travis Touch Plus នៅតែមានការពេញនិយមជាមួយអត្ថប្រយោជន៍ជាច្រើនរាប់តាំងពីសន្សំថ្មទូរស័ព្ទ មិនចាំបាច់ដកស្មាតហ្វូនចេញចូលពីហោប៉ៅ ឬកាបូប និងមិនពឹងផ្អែកលើ Wifi សម្រាប់ការបកប្រែភាសានៃបណ្ដាប្រទេសធំៗមួយចំនួន។
ភាសាដែលមិនទាមទារការភ្ជាប់អ៊ីនធឺណិតមាន អង់គ្លេស កាតាឡូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហ៊ីនឌី អ៊ីតាលី ជប៉ុន ព័រទុយហ្គាល់ រុស្ស៊ី អេស្ប៉ាញ ស៊ុយអែត ថៃ (សម្រាប់តែសំណេរ) និងតួកគី។
ដើម្បីប្រើវាឲ្យអស់លទ្ធភាពបានគ្រប់ ១០៥ ភាសានោះឧបករណ៍អាចភ្ជាប់ Wifi ឬបើពុំដូច្នោះទេអាចទិញស៊ីមកាតសកល (global SIM) ទំហំទិន្នន័យ ១ ជីហ្គាបៃ ដែលល្មមគ្រប់គ្រាន់សម្រាប់ឲ្យ Travis Touch Plus ដំណើរការបកប្រែបានរយៈពេលដល់ទៅ ៨៣ ម៉ោងឯណោះ៕