ក្រុង​ឡាវេហ្គាស៖ ក្រុមហ៊ុន​ថ្មី Bzigo ស្ថិត​នៅ​ពិព័រណ៍​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ CES ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ឌីហ្សាញ​ឡើង ​ដើម្បី​ស្វែងរក​​មូស​ និង​កម្ចាត់​វា​ចោល​។

Bzigo ហៅ​ថា បន្លឺ​សូរ​ និង​កម្ចាត់​ចោល តាម​សម្លឹង​មើល​មូស​ហើរ​ក្រវែល​ រួច​ប្រហារ​ដោយ​ប្រើ​ពន្លឺ​ឡាស៊ែរ​ ក្រោយ​ពេល​ពួក​វា​ទំ។ ឧបករណ៍​សម្លាប់​មូស​ជំនាន់​ទី ​១ ​បង្ហាញ​​គោលដៅ​​មូស​ រួច​បញ្ជូន​សារ​ប្រាប់​ម្ចាស់​តាមរយៈ​ទូរស័ព្ទ​ដៃ ដើម្បី​ជួយ​កម្ចាត់​សត្វ​ល្អិត​ចង្រៃ​ចោល​។

ណាដាវ បេណេដេក មក​ពី Bzigo បាន​និយាយ​ថា​៖ «​បញ្ហា​ចម្បង​រឿង​មូស ​គឺ​ការ​ស្វែងរក​ទីតាំង​​របស់​​វា​ ​ជា​អ្វី​ដែល​អាច​​ដោះ​ស្រាយ​បាន​»។

អង្គការ​សុខភាព​ពិភព​លោក​ បាន​ចាត់​ទុក​មូស​ជា​មច្ចុរាជ​ដ៏​គ្រោះ​ថ្នាក់​បំផុត​មួយ​លើ​ភព​ផែន​ដី ដោយសារ​ពួក​វា​អាច​ផ្ទុក​មេរោគ​​សម្លាប់​មនុស្ស​រាប់​លាន​នាក់​រៀង​រាល់​ឆ្នាំ​។

ទោះ​នៅ​តាម​ទីតាំង​ដែល​មាន​ជំងឺ​កើត​ពី​មូស​​មិន​មាន​បញ្ហា​ចោទ​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​តាម​ស្វែងរក​សត្វ​ជញ្ជក់​ឈាម​ទាំង​នេះ​ មិនមែន​ងាយ​ស្រួល​ឡើយ​។

បេណេដេក បាន​និយាយ​ថា ឧបករណ៍​ Bzigo ជំនាន់​ទី ២ ដែល​ត្រូវ​បាន​ផលិត​ឡើង​រួច​ជា​ស្រេច តែ​មិន​ទាន់​បង្ហាញ​វត្ដមាន​ជា​សាធារណៈ​ នឹង​​បញ្ជូន​ដ្រូន​ហោះ​តូចៗ​ទៅ​​បំបែក​មូស​ឲ្យ​ខ្ទេច​ ដោយ​មិន​ឲ្យ​មនុស្ស​ពិបាក​ទៅ​ប្រឡាក់​ឈាម​នឹង​ដៃ​។

បេណេដេក និយាយ​ដោយ​បាន​បង្ហាញ​សមត្ថភាព​ឧបករណ៍​ដល់​ភ្ញៀវ​ទាំង​អស់​សំណើច​ថា​៖ «​ដ្រូន​ណាណូ​ហោះ​ពី​ស្ថានីយ​ចំណត​លើ​ឧបករណ៍ តាម​ស្វែង​រក​មូស​ និង​សម្លាប់​វា ហើយ​វិល​មក​កាន់​ទីតាំង​ដើម្បី​សាក​ថ្ម​វិញ​។

Bzigo បាន​រៃ​អង្គាស​មូលនិធិ ​១ លាន​ដុល្លារ និង​គ្រោង​អង្គាស​ប្រាក់​ ៥ លាន​ដុល្លារ​ ដើម្បី​ចាប់​ផ្ដើម​ផលិត​ផលិតផល​ច្រើន ដែល​នឹង​មាន​ទំហំ​ប៉ុន​ផ្លែ​ប៉ោម​​​លើ​ទីផ្សារ​៕ AFP/HR