ក្រុងប៉េកាំង: ពាក្យចាស់ពោលថា «លួចចម្លងពីនរណាម្នាក់ជាការគោរពបុគ្គលនោះអស់ពីចិត្ដ» វាពិតជាត្រឹមត្រូវណាស់ក្នុងពិភពទីផ្សាររថយន្ដដ៏ធំបំផុតក្នុងលោក។
ក្រុមហ៊ុនផលិតរថយន្ដអង់គ្លេស គួរតែទទួលបាននូវការគោរពជ្រាលជ្រៅចំពោះការចម្លងម៉ូដរាងរៅរថយន្ដរបស់ខ្លួនជាច្រើនម៉ូដែលពីក្រុមហ៊ុនផលិតរថយន្ដចិន។
ក្រុមហ៊ុន MG ទើបតែបង្ហាញម៉ូដែលគំរូ E-Motion កាលពីពេលថ្មីៗនេះ។ ចាប់ពីរូបរាងចំហៀង ស្រដៀងនឹងម៉ូដែលកំពូលរថយន្ដ Aston Martin DB11 coupe កូនកាត់ Jaguar F-Type។ ចម្រឹងខ្យល់មុខដ៏ធំរបស់វា និងចង្កៀងមុខក៏ស្រដៀងនឹងម៉ូដែល Jaguar។
រថយន្ដស្ព័រទាបស្ប៉ាបនឹងដី ទ្វារពីរបំពាក់ថាមពលអគ្គិសនី កំពុងស្ថិតក្នុងក្រសែភ្នែកអតិថិជនសម្រាប់ពេលអនាគត។ E-motion ត្រូវបានរចនាឡើងដោយប្រើបទពិសោធឌីហ្សាញឈានមុខរាប់ទសវត្សរ៍របស់ក្រុមហ៊ុន MG និងបំពាក់ចង្កៀងមុខ LED ដែលយកលំនាំតាមកង់បង្វិល London Eye និងទ្វារមេអំបៅដ៏ទាន់សម័យ។
សម្រាប់ព័ត៌មានបច្ចេកទេស វាមិនត្រូវបានលាតត្រដាងស៊ីជម្រៅលើសពីសម្ទុះល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រត្រឹមថិរវេលាតិចជាង ៤ វិនាទី និងមានសមត្ថភាពបើកបរបានចម្ងាយ ៤៩៨ គីឡូម៉ែត្រ។
MG កំពុងពិចារណាប្រែក្លាយរថយន្ដអនាគតកាលរបស់ខ្លួននេះជាផលិតផលដ៏ពិតប្រាកដ ដោយទទួលបានការគាំទ្រយ៉ាងច្រើនក្នុងទីក្រុងស៊ាងហៃ។ បើវាដំណើរការបានប្រាកដនោះ នាយកប្រតិបត្ដិ MG ម្នាក់បានអះអាងថា វានឹងមានតម្លៃត្រឹមតែជិត ៤ ម៉ឺនដុល្លារប៉ុណ្ណោះ៕ HR