ក្រុង​ប៊ែ​រ​ឡាំង: BMW បានបង្ហាញ​រថយន្ដ​តួ​ខ្ពស់ SUV អគ្គិសនី គ្មាន​មនុស្ស​បើក​ដ៏​ថ្មី​សន្លាង ដែល​បំពាក់​នូវ​បរិក្ខារ​ពិសេសៗ​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​យក​លំនាំ​តាម​ភាពយន្ដ ដ៏​ល្បីល្បាញ​វីរបុរស​ចារកម្ម ចេមស៍ ប៊ន ០០៧។

ដោយ​គ្រោង​ចេញលក់​ក្នុង​ឆ្នាំ ២០២១ ជា​រថយន្ដ​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ រថយន្ដ​អគ្គិសនី Vision iNext កកើត​ឡើង​ចេញ​ពី​ទស្សនៈ​ច្នៃ​ប្រឌិត​ថ្មី រួមទាំង «កៅអី​ឆ្លាត​វៃ អាច​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស»។

វីដេអូ និង​រូបភាព​ផ្សព្វផ្សាយ បាន​បង្ហាញថា អ្នកដំណើរ​អង្គុយ​ខាងក្រោយ​អាច​សេ​រ៉េ​វ៉ូ​លូ​ម​សំឡេង​តន្ដ្រី​ដោយ​ការ​ចុច​លើ​ពូក​កៅអី​អង្គុយ​ផ្ទាល់។

អ្នកដំណើរ​ក៏​នឹង​អាច​ពង្រីក​ផែនទី​ដោយ​ការធ្វើ​ចលនា​ដូចគ្នា​នៅ​ខ្នើយក្បាល​កៅអី​មុខ។ វីដេអូ​ដដែល​នោះ​ក៏បាន​បន្ថែម​ទៀត​ថា រថយន្ដ​អនាគត​កាល ចេះ​ចូល​ចំណត​ដោយ​ខ្លួន​ឯង​ថែម​ទៀត។

ក្រុមហ៊ុន​ក៏បាន​សន្យា​ផងដែរ​ថា បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រ​វ​ត្ដិ​នឹង​ផ្ដល់​គុណ​ប្រយោជន៍​ពេញ​លេញ​នៅ​ឆ្នាំ ២០២១ ដែល​អាច​ផលិត​ឡើង​ជា​រូបរាង​និង​សមត្ថភាព​បើកបរ​ប្រកប​ដោយ​ទំនុក​ចិត្ត។

រថយន្ដ 4x4 នេះ​មាន​ទ្វារ​បើក​ដូច​បង្អួច ដំបូល​កញ្ចក់ រួមទាំង ចង្កៀង​មុខ និង​ស្ដុ​ប​ក្រោយ​តូច​ឈ្លែម។ ប៉ុន្ដែ​ការ​ឌីហ្សាញ​ដ៏​ស្លី​ម​នេះ​មិន​ទាន់​អាច​កញ្ឆក់​អារម្មណ៍​អ្នក​និយម​រថយន្ដ​ប្រណីត គ្រប់​រូប​ឡើយ។

យ៉ាងណាមិញ​ចម្រឹង​ខ្យល់​មុខ​ត្រូវបាន​រិះគន់​លើ​បណ្ដាញ​សង្គម ដែល​គេ​នាំគ្នា​ប្រៀបធៀប​ម៉ូ​ដែល​ថ្មី​នេះ​ទៅ​នឹង​មាត់​ត្រី និង​ធ្មេញ​ភេ។

វីដេអូ​បានបង្ហាញ​ពី​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ផ្នែក​ខាងក្រោយ​រថយន្ដ ដែល​បញ្ជូន​រូបភាព​ទៅ​កាន់​អេក្រង់​លើ​តាបឡូ។ ដៃ​ចង្កូត​ក៏លិប​ចូលក្នុង​តាប​ឡូ​ពេល​អត់​ត្រូវ​ការប្រើ ព្រម​ទាំង​បង្ហាញ​នូវ​សញ្ញា​គ្មាន​មនុស្ស​បញ្ជា​ផង​ដែរ៕HR