
ភ្នំពេញ : រថយន្តស៊េរីទំនើបថ្មី BMW៧៥០Li ប្រភេទទ្វារ៤ស៊េរី២០១៣ពណ៌ខៀវចាស់បានសម្ពោធដាក់លក់នៅប្រទេសកម្ពុជាហើយ កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ នៅសណ្ឋាគារសូហ្វីតែល ភោគីត្រា ភ្នំពេញ។
ក្រុមហ៊ុនរ៉ូយ៉ាល់ខេមបូឌានលីម៉ូស៊ីនសឺវីសខូអិលធីឌីបានដាក់លក់រថយន្តBMW ៧៥០Li ប្រភេទទ្វារ៤ ដ៏ទំនើបនិងថ្មីសន្លាងរបស់ខ្លួននេះ ជាមួយនឹងរថយន្ត៧០គ្រឿងទៀតដែលធ្លាប់បានប្រើប្រាស់សម្រាប់ផ្ដល់សេវាដឹកជញ្ជូនដល់គណៈប្រតិភូនានា។
យោងតាមលោក ប៊ុន ហុកឈុន ជាប្រធានផ្នែកទំនាក់ទំនងជំនួញប្រចាំក្រុមហ៊ុនរ៉ូយ៉ាល់ខេមបូឌាន លីម៉ូស៊ីន សឺវីស ខូអិលធីឌីរថយន្ត BMW ៧៥០Li របស់អាល្លឺម៉ង់នេះមិនត្រឹមតែមានរាងរៅឡូយប៉ុណ្ណោះទេ ថែមទាំងបំពាក់ដោយកម្លាំងម៉ាស៊ីនខ្លាំងក្លា ប្រព័ន្ធការពារសុវត្ថិភាព និងបរិក្ខារដ៏ប្រណីតនៅផ្ទៃខាងក្នុងរថយន្តផងដែរ។
ទាក់ទិនផ្នែកម៉ាស៊ីន លោកបានមានប្រសាសន៍ថា៖ «រថយន្ត BMW ៧៥០Li ស៊េរី ២០១៣ នេះគឺជារថយន្តទំនើបមួយដែលមានប្រព័ន្ធការពារពិសេសៗ។រថយន្តនេះដំណើរការដោយកម្លាំង៨ម៉ាស៊ីន ៤,៤»។
ជាមួយនឹងការរចនាពណ៌ខៀវចាស់ដ៏រលើបរលោង រថយន្តមានចង្កៀងមុខថ្លា និងបំពាក់ដោយអំពូល LED ភ្លឺច្បាស់។
លោក បានឲ្យដឹងទៀតថា រថយន្តដ៏ទំនើបមួយនេះមិនត្រឹមតែផ្ដោតទៅលើការរចនារូបរាងដ៏សង្ហានោះទេ បរិក្ខារដ៏ទំនើបរបស់វាក៏ត្រូវបានបំពាក់ដើម្បីការពារដល់សុវត្ថិភាពអ្នកបើកបរ និងអ្នករួមដំណើរជាចម្បងផងដែរ។
ខុសប្លែកពីរថយន្តទូទៅដែលមានពោងសុវត្ថិភាព៤ ឬ៦នោះ លោកប្រធានផ្នែកទំនាក់ទំនងជំនួញប្រចាំក្រុមហ៊ុនរូបនេះបានបញ្ជាក់ថា៖ «រថយន្ត BMW ៧៥០Li ស៊េរី២០១៣នេះមានពោងរហូតដល់ទៅ១៧ឯណោះ»។
ដូច្នេះក្នុងករណីមានគ្រោះថ្នាក់ ពោងរបស់វានឹងផុសចេញសឹងតែគ្រប់ជ្រុងនៃរថយន្តដើម្បីទប់រាងកាយអ្នកដំណើរកុំឲ្យប៉ះពាល់មានរបួសស្នាមធ្ងន់ធ្ងរ។
ក្នុងករណីដែលមានឧប្បត្តិហេតុបែកកង់ក្នុងអំឡុងពេលធ្វើដំណើរផ្លូវឆ្ងាយ ដែលពិបាករកកន្លែងជួសជុលវិញ អ្នកបើកបរមិនចាំបាច់ព្រួយបារម្ភឡើយ។
លោក ប៊ុន ហុកឈុន បានបញ្ជាក់ថា៖«លក្ខណពិសេសរបស់កង់ទាំងបួនរបស់វាគឺ នៅពេលដែលវាបែក គឺយើងនៅតែអាចបើកបន្តបានរហូតដល់ទៅចម្ងាយ២៥០គីឡូម៉ែត្រ»។
សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត BMW៧៥០Li ឆ្នាំ២០១៣ ដែលបំពាក់ដោយបរិក្ខារកម្រិតពេញលេញ ឬ Full Option មានដូចជាទូទឹកកកកៅអីពូកម៉ាស្សាទូរទស្សន៍ម៉ាស៊ីនចាក់ DVD ដែលអ្នកជិះខាងក្រោយក៏អាចបញ្ជាបានដោយខ្លួនឯងផ្ទាល់តែម្តង។
ទាក់ទិននឹងតម្លៃវិញលោក ប៊ុន ហុកឈុន បានបង្ហើបឲ្យដឹងទៀតថារថយន្តBMW ៧៥០Li ស៊េរីឆ្នាំ២០១៣ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៩២៨០០ដុល្លារអាមេរិក ដោយមានការធានារ៉ាប់រងជួសជុលរយៈពេល២ឆ្នាំផងដែរ។
ក្រុមហ៊ុន រ៉ូយ៉ាល់ ខេមបូឌាន លីម៉ូស៊ីន សឺវីស ខូអិលធីឌី ដែលបង្កើតឡើងនៅឆ្នាំ២០០៨ មានទីតាំងស្ថិតនៅក្រុមទី៧ វីឡាទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៩៦៦ ៨០៨៕