ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស: BMW Vision iNEXT ត្រូវបាន​តាំង​បង្ហាញ​នៅ​ព្រឹត្ដិការណ៍​ពិសេស​មុន​ពិព័រណ៍​រថយន្ដ​ក្រុង​អិលអេ នៅ​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ក្នុង​ក្រុង​ឡូសអេនជឺលេស។

BMW Vision iNEXT បំពាក់​បច្ចេកវិទ្យា​អគ្គិសនី​សុទ្ធសាធ និង​បើកបរ​ដោយ​ស្វ័យ​ប្រវត្ដិ។ អគ្គនាយក BMW ហារ៉ាល់ គ្រូជ័រ បាន​និយាយ​ថា គឺជា​ម៉ូ​ដែល​អនាគត​កាល Vision iNext របស់​ក្រុមហ៊ុន។

លោក​និយាយ​ថា ក្រុមហ៊ុន​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ក្នុង​ការ​ស្រាវ​ជ្រាវ និង​អភិវឌ្ឍ​រថយន្ដ​អគ្គិសនី និង​ស្វ័យ​ប្រវត្ដិ។

លោក​បាន​លើកឡើងថា៖ «យើង​ចាប់ផ្ដើម​តាំងពី ១០ ឆ្នាំមុន ពេល​អ្នក​ខ្លះទៀត​មិន​រំឭក​ដល់​បច្ចេកវិទ្យា​អគ្គិសនី​នោះ​ទេ»។

ក្រៅពី​មាន​ចិ​ត្ដ​គំនិត​គិតដល់​អនាគតកាល យើង​គិតដល់​ការធ្វើដំណើរ ស្វែងរក​សម្ភារ​ថ្មីៗ​ក្នុង​ពិភព​សែ​ស្រឡាយ BMW។ នេះ​ជា​ម៉ូដែល​តួ​ខ្ពស់ SUV អគ្គិសនី​សុទ្ធសាធ ជា​ស៊េរី​ស្ថិត​នៅ​ក្នុង​ចន្លោះ​ម៉ូដែល BMW X5 និង BMX X6 ក្នុង​លក្ខខណ្ឌ​ទំហំ តែ​ក៏​បំពាក់​បច្ចេកវិទ្យា​ស្វ័យ​ភាព​បើកបរ​កម្រិត ៣ ផង​ដែរ។

វា​អាច​បរ​បាន​ចម្ងាយ ៦៤០ គីឡូម៉ែត្រ ប្រធាន​ផ្នែក​ឌីហ្សាញ Domagoj Dukec បាន​សង្កត់​ធ្ងន់​ថា៖ «បច្ចេកវិទ្យា​ទំនើប​នេះ​ត្រូវតែ​ជា​បទពិសោធ​សម្រាប់​មនុស្ស។ ការ​ឌីហ្សាញ​កាន់​តែ​អស្ចារ្យ។ វា​ជា​សម្ភារ​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​មនុស្ស។ រថយន្ដ​នេះ អាច​បើកបរ​ដោយ​ស្វ័យ​ប្រវត្ដិ​ដ៏​ជឿ​ទុក​ចិត្ដ»។

លោក​និយាយថា៖ «ចំពោះ​បរិក្ខារ​ខាងក្នុង​បន្ទប់នីមួយៗមាន​រចនាប័ទ្ម​ខុសៗ​គ្នា ដូចជា​ផ្ទះ​អ៊ីចឹង។ ដូច្នេះ នៅ​ផ្នែក​ខាង​មុខ​ជា​ស្បែក​លាត និង​ផ្នែក​ខាង​ក្រោយ​ជា​ក្រណាត់​ត្បាញ​ពណ៌​ខៀវ​ភ្ជាប់​ជាមួយ​នឹង​គែម​ទ្វារ​តែ​ម្ដង»។

រថយន្ត​និមិត្តរូប​បច្ចេកវិទ្យា​ថ្មី BMW នឹង​ត្រូវបាន​ផលិតឡើង​នៅ​រោងចក្រ BMW Dingolfing ចាប់​ពី​ឆ្នាំ ២០២១៕HR