ក្រុងហ្សឺណែវ: ម៉ូដែល Bugatti Veyron ខណៈលែងមានសែស្រឡាយជំនាន់ថ្មី តែវាជារថយន្ដបរលើដងវិថីដ៏អស្ចារ្យបំផុត និងលឿនបំផុត ដែលអ្នកបើកបរធ្លាប់នឹកស្រមៃចង់ក្លាយជាម្ចាស់កម្មសិទ្ធិ។
វាត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Mansory ល្បីខាងជំនាញផលិតកំពូលរថយន្ដដ៏មានសមត្ថភាពខ្ពស់ ដែលអ្នកបើកបរនឹកមិនដល់។
ជាក់ស្ដែង ម៉ូដែលចុងក្រោយបំផុតនេះ ឈ្មោះ Veyron Vivere Final Diamond Edition by Moti ត្រូវបានបង្ហាញនៅពិព័រណ៍រថយន្ដក្រុងហ្សឺណែវ និងសុទ្ធតែទាក់ចិត្ដមហាជន។ ប៉ុន្ដែចំពោះរូបរាងស្រោបពណ៌កម្រាលថ្មម៉ាបហាក់ធ្វើឲ្យអតិថិជនទ្រព្យស្ដុកខ្លះស្ទាក់ស្ទើរជះប្រាក់ទិញ។
រូបរាង Bugatti Veyron តម្លៃ ២,១២ លានដុល្លារ មានភាពភ្លឺរលោងមិនចាញ់ការ៉ូម៉ាបនៃសាលទទួលភ្ញៀវសណ្ឋាគារប្រណីតតាមពិតជាជ័រក្រែបសុទ្ធ។ រូបភាពប្រតេកប្រតាកនេះត្រូវបានរចនាឡើងដោយប្រើជ័រក្រែបឈ្មោះ «Marble Collage» ដែលខុសពីផលិតផលជ័រក្រែបស្ដង់ដារធម្មតា។
គ្រប់ផ្នែកទាំងអស់ដែលមើលឃើញរបស់តួរថយន្ដកម្លាំងល្បឿន ៤៣០ គីឡូម៉ែត្រក្នុងមួយម៉ោង Veyron ១៦,៤ ត្រូវបានឌីហ្សាញឡើងដែលជាមតិមហាជនលើបណ្ដាញសង្គម Twitter។
ខណៈអ្នកខ្លះគាំទ្រម៉ូដែលរថយន្ដប្លែកៗ អ្នកខ្លះទៀតគិតថា វាមានរូបរាងស្មុគស្មាញដែលហាក់ដូចជាត្រូវចាបជុះអាចម៍ដាក់។ រថយន្ដក្នុងចំនួនកំណត់ ឬ (limited edition) ដែលយើងស្រមៃថាមានតែមួយគត់ បំពាក់នូវបរិក្ខារបន្ថែមផ្សេងៗ រួមមាន ស្លាបទម្រ ដែលផលិតឡើងសម្រាប់កាត់បន្ថយ និងបង្កើនសម្ពាធខ្យល់ និងអំពូលរត់ LED ភ្ជាប់នៅកាងមុខ។
យ៉ាងណាមិញ វាមិនមានអ្វីផ្លាស់ប្ដូរច្រើននោះទេ ដោយនៅតែរក្សាកម្លាំងម៉ាស៊ីន W12 ជិត ១០០០ សេះ ចំណុះ ៨,០ លីត្រ ហើយវាបង្កើនសម្ទុះល្បឿនកំពូលដល់ ៤០០ km/h។ មានន័យថា វាស្ទុះត្រឹមថិរវេលា ១៥ វិនាទី វាអាចបោះពួយ ១៦០០ ម៉ែត្រ តែក្នុងកម្រិតល្បឿនត្រឹមតែ ១០ នាទី ធុងសាំងចំណុះ ១០០ លីត្ររបស់វានឹងស្ងួតអស់។
ចំពោះភាពវិសេសដទៃទៀត ក្រុមហ៊ុន Mansory បានរួមបញ្ចូលទាំង យ៉ាន់ស៊េរីថ្មី ដែលជួយកាត់បន្ថយកម្ដៅពេលជាន់ ហ្រ្វាំង និងផ្លាស់ប្ដូរក្នុងតួកាប៊ីន ដោយប្រើស្រោមពូកពណ៌ខ្មៅ និងស បន្ថែមដោយជ័រក្រែបកាន់តែច្រើន។
រូបសញ្ញារបស់ Bugatti ក៏ត្រូវបានបំពាក់ភ្ជាប់នឹងគ្រាប់ពេជ្រ ដែលកាន់តែចិញ្ចាចចិញ្ចែង។ ក្រុមហ៊ុននៅមិនកំណត់តម្លៃចំពោះម៉ូដែលពណ៌អាចម៍ចាបដ៏វិសេសនេះនៅឡើយទេ ទោះបីជាមានការអះអាងថា វាមិនថោកជាង ២,១២ លានដុល្លារ៕HR