ភ្នំពេញ៖ ដើម្បី​បណ្តុះ​​​សិស្ស​ឲ្យ​ឆាប់​ជ្រួតជ្រាប​ពី​បច្ចេកវិទ្យា ​​បង្កើន​​សក្តានុពល​​ដោះស្រាយ​ចម្ងល់​ ជំរុញ​ភាព​ច្នៃ​ប្រឌិត​ និង​ស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​​ផ្អែក​លើ​កម្មវិធី​សរសេរ​កូដ​ Coding Cats បាន​ដំឡើង​អក្សរ​​ខ្មែរ​នៅ​លើ​កម្មវិធី​សរសេរ​ Scratch ដែល​ជា​កម្មវិធី​បង្កើត​ Game។

ជា​គម្រោង​អភិវឌ្ឍន៍​ការិយាល័យ​​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ Raintree និង​ Saturday Kids ជា​កម្មវិធី​សិក្សា​របស់​ប្រទេស ​សិង្ហបុរី​ គ្រប់គ្រង​ដោយ​លោក​ ចន​ តាន់ (Jonh Tan) វគ្គ​បណ្តុះ​បណ្តាល​បំផុស​​ចំណាប់​អារម្មណ៍​សិស្ស​មក​លើ​បច្ចេកវិទ្យា​ដូច​ជា​ការ​បង្កើត​ប្រភេទ​ Game នៃ​កម្មវិធី​ Coding Cats នេះ​​បាន​ផ្តល់​ការ​សិក្សា​ឥត​គិត​ថ្លៃ​​ដល់​សិស្ស​វិទ្យាល័យ​ដែល​មាន​អាយុ​​ចាប់​ពី​ ១៥ ទៅ​ ១៨ ​ឆ្នាំ ​ចំនួន​ ១០០ ​នាក់ ដោយ​ជោគជ័យ​រួច​មក​ហើយ​​។

កញ្ញា​ ចាន់ ពេញល័ក្ខ​ ជា​អ្នក​គ្រប់គ្រង​ផ្នែក​សហគមន៍​នៅ​ Raintree បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ ថា​៖​ «​កាល​ពី​វគ្គ​មុន​ យើង​​ក៏​បាន​បង្រៀន Coding Cats ​នៅ​លើ​កម្មវិធី ​​Scratch អ៊ីចឹង​ដែរ​ ប៉ុន្តែ​យើង​ប្រើប្រាស់​ភាសា​អង់គ្លេស​នៅ​លើ​កម្មវិធី​ហ្នឹង​។ ជា​ទូទៅ​នៅ​ទូទាំង​ពិភព​លោក ​នៅ​ពេល​ដែល​​គេ​បង្កើត​កម្មវិធី​អ្វី​មួយ​គេ​តែងតែ​បង្កើត ​Tools នីមួយៗ​ជា​ភាសា​អង់គ្លេស​មុន​ រួច​ទើប​គេ​បង្កើត​ជា​ភាសា​ជាតិ​តាម​ក្រោយ​ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ដល់​សិស្ស​ក្នុង​ការ​ស្វែង​យល់​​ និង​គ្រូ​បង្រៀន​ផង​ដែរ ទើប​យើង​សម្រេច​ចិត្ត​បង្កើត​ជា​ភាសា​ខ្មែរ​នៅ​លើ​ Tools នីមួយៗ​វិញ​»​។

Coding Cats ជា​កម្មវិធី​បង្រៀន​ទៅ​លើ​ការ​សរសេរ​កូដ​នៅ​លើ​កម្មវិធី​ ​​Scratch ជា​កម្មវិធី​សម្រាប់​បង្កើត​ Game គ្រប់​ប្រភេទ​ ដែល​​​សិស្ស​អាច​រៀបចំ​គំនូរ​ជីវចល​រឿង​ និង​ល្បែង​ដ៏​ទាក់ទាញ​ការ​​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​។

សម្រាប់​វគ្គ​សិក្សា​ថ្មី​មាន​​ការ​ជ្រើសរើស​បេក្ខភាព​សិស្ស​​ ​១០០ ​នាក់​ ដោយ​បែង​ចែក​ជា ​២ ​វគ្គ ហើយ​ក្នុង ​១ ​វគ្គ​មាន​រយៈពេល ១៦ ​ម៉ោង និង​បង្រៀន​ជា​រៀងរាល់​ថ្ងៃ​សៅរ៍។

បន្ទាប់​ពី​វគ្គ​​​​​សិក្សា​ចាស់​បាន​បញ្ចប់​ទៅ​ គ្រូ​បង្រៀន​​បាន​សង្កេត​ឃើញ​ថា​ សិស្ស​មួយ​ចំនួន​​ពិបាក​ក្នុង​ការ​ចាប់​យក​ចំណេះ​ដឹង​មួយ​នេះ​ ដោយសារ​ Tools នីមួយៗ​សុទ្ធ​តែ​ជា​ភាសា​អង់គ្លេស​។

ការ​ដំឡើងអក្សរ​ខ្មែរ​លើ​កម្មវិធី Scratch ធ្វើឲ្យសិស្ស​កាន់តែ​ងាយស្រួល​ក្នុងការ​រៀន​​​។ រូបថត សហ​ការី

សិស្ស​ខ្លះ​​ត្រូវ​ប្រើ​ពេល​បកប្រែ​សិន​ ទើប​អាច​ទៅ​មុខ​បាន​ទៀត​ ដែល​ធ្វើ​ឲ្យ​ការ​ចាប់​យក​ចំណេះ​ដឹង​របស់​គាត់​ យឺត​ជាង​មិត្ត​​រួម​ថ្នាក់​ដទៃ​ទៀត។​

អ្នក​គ្រប់គ្រង​ផ្នែក​សហគមន៍​នៅ​ Raintree រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ ​«​​​មិន​មាន​ន័យ​ថា​ពួក​គាត់​មិន​ចេះ​ ឬ​ខ្សោយ​ភាសា​អង់គ្លេស​នោះ​ទេ​ ប៉ុន្តែ​អាច​ថា​មក​ពី​ភាសា​នៅ​កម្មវិធី​កូដ​វា​ថ្មី​សម្រាប់​ពួក​គាត់ ទើប​គ្រូៗ​គាត់​ព្យាយាម​កាត់​​បន្ថយ​បញ្ហា​ទាំង​អស់​ហ្នឹង​មក​បង្កើត​ Tools ជា​ភាសា​ខ្មែរ​វិញ ហើយ​ចំពោះ​កម្មវិធី​ថ្មី​នេះ​ បើ​ទោះបី​ជា​សិស្ស​គាត់​មិន​សូវ​ពូកែ​ភាសា​ក៏​អាច​រៀន​បាន​ដែរ​​»​។

បេក្ខភាព​នៃ​​វគ្គ​សិក្សា​ថ្មី​របស់​កម្មវិធី​ Coding Cats បាន​ជ្រើសរើស​ចាប់​ពី​អាយុ​ ៨ ទៅ​ ១២ ឆ្នាំ​ ដោយ​ចាប់​ផ្តើម​កម្មវិធី​សិក្សា​ពី​ថ្ងៃទី ​៥ ខែ​ តុលា​ និង​គ្រោង​​បញ្ចប់​វគ្គ​សិក្សា​ក្នុង​អំឡុង​ខែ​ធ្នូ ខាង​មុខ​នេះ​​​។

ការ​ជ្រើសរើស​បេក្ខជន​ដែល​មាន​អាយុ​តិច​ជាង​វគ្គ​សិក្សា​ចាស់​ ត្រូវ​បាន​កញ្ញា ចាន់ ពេញល័ក្ខ​ ប្រាប់​ពី​មូលហេតុ​ឲ្យ​ដឹង​​​​ថា​៖ ​«​យើង​សង្កេត​ឃើញ​ថា​កាល​វគ្គ​មុន​សិស្ស​ធំៗ គាត់​សប្បាយ​ចិត្ត​នឹង​រៀន​ ប៉ុន្តែ​ពួក​គាត់​មាន​ភាព​មមាញឹក​ ដោយសារ​អ្នក​ខ្លះ​គាត់​រវល់​ត្រៀម​ប្រឡង​ទី ​១២។ គាត់​អត់​សូវ​មាន​ពេល។​ យើង​ក៏​គិត​ថា​ បើ​សិន​ជា​បង្រៀន​​ក្មេង​ដែល​តូចៗ​ជាង​នេះ​ ប្រហែល​ជា​គាត់​មាន​ពេល​រៀន​ជាង​នេះ​»។

កញ្ញា​​មាន​ទំនុក​ចិត្ត​ទៅ​លើ​​សិស្ស​ ដែល​មាន​អាយុ​តិច​ ដោយសារ​កម្មវិធី​សិក្សា​ត្រូវ​បាន​​រៀបចំ​ថ្មី​សម្រាប់​សិស្ស​តូចៗ​ និង​​ភាព​ងាយ​ស្រួល​ជាង​មុន​ ដើម្បី​ឲ្យ​កុមារ​កាន់​តែ​ឆាប់​ចាប់​បាន​នូវ​ការ​ពន្យល់​របស់​គ្រូ។ ជា​ពិសេស​នោះ​សិស្ស​អាច​មាន​សិទ្ធិ​ជ្រើសរើស​ភាសា ​(ខ្មែរ និង​អង់គ្លេស​) ក្នុង​ការ​សិក្សា​នៃ​ភាសា​កូដ​។​

កញ្ញា ពេញល័ក្ខ ដែល​ជា​អ្នក​គ្រប់គ្រង​សហគមន៍​នៃ​ Raintree បញ្ជាក់​ទៀត​ថា៖ «​ម្យ៉ាង​ទៀត​ យើង​ចង់​បញ្ចូល​​ភាសា​នៃ​បច្ចេកវិទ្យា​ហ្នឹង​ឲ្យ​គាត់​តាំង​ពី​តូច​ នៅ​ពេល​គាត់​ធំ​ឡើង​គាត់​នឹង​ដឹង​ថា ​បច្ចេកវិទ្យា​ហ្នឹង​គេ​ប្រើ​ម៉េច​ខ្លះ​ និង​​មិន​មាន​អារម្មណ៍​ខ្លាច​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​»៕