ក្រុងរ៉ូម: រូបថត និងវីដេអូថតនៅក្រោយឆាក ដែលរៀបចំឡើងសម្រាប់អតិថិជនស្មោះត្រង់បំផុតរបស់ក្រុមហ៊ុនរថយន្តអ៊ីតាលី បានបង្ហាញពីការរចនាម៉ាស៊ីនថ្មីសន្លាង រំលេចចេញពីម៉ូដែលរថយន្ដប្រណាំងទសវត្សរ៍ឆ្នាំ ១៩៥០។
ប៉ុន្ដែជំនួសឲ្យការថតកាមេរ៉ាទូរស័ព្ទ រូបភាពដ៏ច្បាស់ចែសទាំងនេះត្រូវបានថតដោយក្រុមហ៊ុន Ferrari ដែលបានបញ្ជាក់ថា ម៉ូដែល ២ ប្រភេទនឹងត្រូវបានដាក់លក់ ដោយ SP1 ម៉ូដែល ១ បាំងដែលមានកៅអី ១ និង SP2 មានកៅអី ២ ដោយប្រភេទទាំង ២ សុទ្ធតែអត់ដំបូលនេះត្រូវបាន ក្រុមហ៊ុន អះអាងថា វាផ្ដល់នូវអារម្មណ៍នៃការបើកបរ F1។
SP1 ត្រូវបានគេជឿថា វាត្រូវបានឌីហ្សាញឡើងជារថយន្ដបើកបរមានកៅអីតែ ១ ខណៈ SP2 បន្ថែមទីធ្លាសម្រាប់អ្នកដំណើរម្នាក់ទៀត។ ម៉ូដែលទី ២ នេះ ក៏បានបន្ថែមអេក្រង់ការពារទី ២ និងរបាំងដែកទី ២ ផងដែរ។
វានឹងបំពាក់ថាមពលម៉ាស៊ីនខ្លាំងបំផុត Maranello សម្រាប់បើកបរលើដងផ្លូវ ជាមួយកម្លាំង V12 ៨១០ សេះ ចំណុះ ៦,៥ លីត្រ ដែលជាប្រភេទម៉ាស៊ីនជំនាន់ថ្មីធ្លាប់ប្រើលើម៉ូដែលកំពូលរថយន្ដលឿន ៨១២ សេះ (812 Superfast )។
វាអាចបង្កើនល្បឿនពី ០ ទៅ ១០០ ត្រឹមថិរវេលាតែ ២,៩ វិនាទី។ ពេលល្បឿនស្ទុះដល់ ២០០ km/h វាប្រើពេលតែ ៧,៩ វិនាទីប៉ុណ្ណោះ។
រថយន្តស្រោមស្បែកក្រែប និងគ្រោងអាលុយមីញ៉ូមដ៏សែនស្រាលនេះទំនងជាមានល្បឿនកំពូល លើសពី ៣៤០ km/h។
រថយន្ដថ្មីអភិវឌ្ឍលើគំរូចាស់នេះ នឹងផលិតតែ ៥០០ គ្រឿងប៉ុណ្ណោះតម្លៃលើសពី ១ លានផោនក្នុង ១ គ្រឿង៕HR