
រថយន្ត ISUZU-DMAX ស៊េរីឆ្នាំ២០១៣ មានវត្តមាននៅពិព័រណ៍ឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ រូបថត សេត គឹមសឿន
ភ្នំពេញ : ក្នុងកម្មវិធីពិព័រណ៍រថយន្តខ្នាតអន្តរជាតិដំបូងបង្អស់នៅកោះពេជ្រ ដែលត្រូវបានរៀបចំឡើងដោយសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា(CAIF) តាំងពីថ្ងៃទី១៥ ដល់១៧ ខែមីនាកន្លងទៅនេះ រថយន្ត ISUZU-DMAX ស៊េរីឆ្នាំ២០១៣ ក៏មានវត្តមាននៅក្នុងសាលតាំងបង្ហាញនោះដែរ។
ជាមួយនឹងការរចនាឡើងនូវរូបរាងថ្មីសន្លាងរថយន្តប្រភេទភីកអាប់មួយគ្រឿងនេះ មានភាពធំទូលាយ និងកម្ពស់ខ្ពស់ជាងមុនស័ក្ដិសមនឹងការបើកបរនៅស្ថានភាពផ្លូវលំបាកមិនថាផ្លូវមានជង្ហុក ឬមានទឹកដក់កម្ពស់ជង្គង់នោះទេ។
យោងតាមបុគ្គលិកផ្នែកលក់ក្រុមហ៊ុនខេ (ខេមបូឌា) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រថយន្តនេះត្រូវបានគេធ្វើតេស្ដនៅមន្ទីរពិសោធន៍មួយដែលរៀបចំឡើងឲ្យមានលក្ខខណ្ឌអាកាសធាតុ និងបរិស្ថានស្រដៀងគ្នាទៅនឹងស្ថានភាពនៅប្រទេសជាង១២០លើពិភពលោក។
ទន្ទឹមនឹងនោះ រថយន្តនេះក៏ត្រូវបានអ្នកជំនាញធ្វើពិសោធដោយបើកបរផ្ទាល់នៅគ្រប់ស្ថានភាពផ្លូវល្អ និងផ្លូវលំបាកៗមិនសំចៃដៃ ដែលគិតជារយៈចម្ងាយនៃការធ្វើដំណើរសាកល្បងនេះសរុបជាង៤លាន គីឡូម៉ែត្រ ពោលគឺស្មើនឹង១០០ជុំនៃពិភពលោក។
រថយន្ត ISUZU-DMAX ត្រូវបានបំពាក់ដោយបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ដែលមានប្រព័ន្ធការពារសុវត្ថិភាព និងសោតេឡេបញ្ជាបិទបើកដោយស្វ័យប្រវត្តិ។ ប្រព័ន្ធភ្លើងមុខជា Projector ដែលអាចឲ្យអ្នកបើកបរមើលឃើញឆ្ងាយ និងបានច្បាស់រីឯស្ដុបក្រោយភ្លឺរលោងដោយសារតែការបំភ្លឺពីអំពូលប្រភេទ LED។ ផ្នែកខាងក្នុងរបស់រថយន្តមានភាពទូលាយនិងបំពាក់ដោយកៅអីស្បែកអូតូ ។
បរិក្ខារដទៃទៀតដែលបំពាក់នៅក្នុងរថយន្តនេះរួមមាន ប្រព័ន្ធភ្លើងកុងទ័រអូតូ ដែលប្រែប្រួលកម្រិតពន្លឺតាមកាំរស្មីព្រះអាទិត្យ។ ដៃចង្កូតមានប៊ូតុងបញ្ជាឧបករណ៍បំពងសំឡេង៦គ្រាប់និងអាចភ្ជាប់ប្រព័ន្ធប្លូធូត និងUSB។ ក្រៅពីបំពាក់ពោងសុវត្ថិភាពចំនួន២ រថយន្ត ISUZU-DMAX ក៏មានប្រព័ន្ធ ហ្វ្រាំងជំនួយABS និង EBD។
ជាមួយនឹងទម្ងន់ចន្លោះពី១,៥ ដល់ ១,៩តោន រថយន្តនេះអាចសណ្ដោងបានទម្ងន់៣តោន។ យោងតាម carsguide.com.au រថយន្តនេះស៊ីសាំងប្រមាណ ៨,៣លីត្រ សម្រាប់ការបើកបរចម្ងាយផ្លូវ១០០គីឡូម៉ែត្រ៕