ភ្នំពេញ៖ លោក ទេព សារិទ្ធ បានជួបបញ្ហាដែលពិបាកដោះស្រាយដោយខ្លួនឯងបាន ពីព្រោះរថយន្ដរបស់លោកបែកកង់នៅឆ្ងាយពីហ្គារ៉ាសនាពេលយប់ព្រលប់។ លោកត្រូវរង់ចាំ និងសុំជំនួយឲ្យគេជួយដោះប្ដូរកង់រថយន្ដសាគួ ហើយត្រូវចំណាយថ្លៃសេវាកម្មពិសេសនេះជាង ១០ ដុល្លារ។
លោកនិយាយថា៖ «ខ្ញុំបានជួបបទពិសោធផ្ទាល់ខ្លួនពេលខ្ញុំបែកកង់ឡានហើយអត់ចេញដោះប្ដូរកង់ ខ្ញុំត្រូវរង់ចាំហៅគេជួយដោះកង់ឡាន និងជូនថ្លៃសេវាកម្មគេជាង ១០ ដុល្លារ»។
លោក ទេព សារិទ្ធ អាយុ ៣៩ ឆ្នាំ បានអះអាងថា លោកក៏ធ្លាប់ជួបពេលរស់នៅប្រទេស អូស្ដ្រាលី ២ ឆ្នាំ តែលោកទទួលបាននូវសេវាកម្មជួយដោះដូរកង់រថយន្ដឲ្យ ដែលលោកប្រាប់ថា វាមិនទាន់មាននៅកម្ពុជាឡើយ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «កន្លងមក នៅខ្មែរយើងមានសេវាកម្មប៉ះកង់ចល័ត និងហ្គារ៉ាសជួសជុល ឬជាងសោ។ សេវាកម្មនេះ មាននៅស្រុកក្រៅ ដូចជា អាមេរិក អូស្ដ្រាលី និងអឺរ៉ុប ដែលគេហៅថា (RAA)។ ខ្ញុំធ្លាប់ទៅនៅអូស្ដ្រាលី ២ ឆ្នាំ ហើយខ្ញុំធ្លាប់ប្រើសេវាកម្មបែបនេះនៅស្រុកគេ។ នៅស្រុកខ្មែរ ខ្ញុំមានបទពិសោធផ្នែកលក់ឡាន និងឃើញមានតម្រូវការសេវាកម្មបែបនេះតែយើងអត់មាននោះទេ»។
ទាំងមើលឃើញពីចន្លោះសេវាកម្មជួសជួលរថយន្ដលើដងផ្លូវ និងបទពិសោធបម្រើក្នុងវិស័យយានយន្ដជាច្រើនឆ្នាំលោក ទេព សារិទ្ធ បានសម្រេចចិត្ដបង្កើតក្រុមហ៊ុន Khmer Automobile Club (KAC) ចុះបញ្ជីក្នុងឆ្នាំ ២០១៨ ដោយផ្ដោតលើសេវាកម្ម ៦ ចំណុច។
លោកបានឲ្យដឹងថា៖ «បែកកង់រថយន្ដ គឺជារឿងដ៏រំខាន និងអាចបង្កគ្រោះថ្នាក់។ បើចង់ប្ដូរកង់ខ្លួនឯង លោកអ្នកគ្រាន់តែធ្វើតាមវីដេអូណែនាំរបស់យើង។ បើគិតថា វាជាកិច្ចការលំបាក អ៊ីចឹងទុកឱកាសឲ្យពួកយើងធ្វើកិច្ចការនេះ»។
សេវាកម្មធានារ៉ាប់រងជួសជុលរថយន្តលើដងផ្លូវ ឬសង្គ្រោះបឋមនៅកម្ពុជាមានបំណងផ្ដល់ដំណោះស្រាយសាមញ្ញ ៦ ចំណុច រួមមាន «ពិនិត្យម៉ាស៊ីនមិនដំណើរការ» «ប៉ះកង់រថយន្ដ» «ជំនួយពេលអស់សាំង» «អស់អាគុយ» «ជំនួយពេលភ្លេចកូនសោក្នុងរថយន្ដ» និង «សណ្ដោង»។
ដើម្បីផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធភាព លើសពីការខលហៅតាមខ្សែទូរស័ព្ទ ២៤ ម៉ោង KAC App (Play Store និង App Store) ត្រូវបានបង្កើតឡើង ដែលអាចប្រើសម្រាប់សមាជិក និងអតិថិជនមិនមែនជាសមាជិក។
លោក សារិទ្ធ បាននិយាយថា៖ «KAC App មានតួនាទី ២ គឺសមាជិក និងមិនមែនសមាជិក។ ចំពោះសមាជិក គាត់បានចុះឈ្មោះដោយការបង់ប្រាក់ ២៥ ដុល្លារក្នុង ១ ឆ្នាំ ដែលទទួលបានសេវាកម្មរ៉ាប់រង ៦ ចំណុច ដោយឥតគិតថ្លៃទោះប៉ុន្មានដងក៏បានដែរ។ នៅពេលគាត់ចុះឈ្មោះរួចគាត់មានលេខសម្ងាត់ ដើម្បីចូលប្រើប្រាស់»។
បើមានបញ្ហាអតិថិជនអាចជ្រើសរើសបញ្ហាមួយណាក្នុងចំណោម ៦ ចំណុច ដូចជាបែកកង់ ហើយពេលចុចទៅវាលោតបង្ហាញពីស្លាកលេខឡានគាត់ និងចុច ‘Send OK’ ទៅជាង រួចជាងចុច ‘Accept’ និងធ្វើដំណើរទៅរកកន្លែងកើតឡើង។
លោកបន្ដថា៖ «ចំពោះសមាជិកគាត់អាចប្រើ App ជំនួស Call Center ហើយពួកគាត់អាចទទួលបាននូវ Promote ផ្សេងៗដែលដាក់បញ្ចូលឲ្យឃើញលើកម្មវិធីទូរស័ព្ទទាំងនោះ។ ពួកគេក៏អាចតាមដានពីព័ត៌មាននូវបច្ចេកវិទ្យាថ្មីៗនានា»។
អតិថិជនខ្លះអាចជ្រើសរើសប្រភេទសេវាកម្មមិនមែនជាសមាជិក ដែលពួកគេខ្លះយល់ឃើញថា ការបង់ប្រាក់ប្រចាំឆ្នាំមានតម្លៃខ្ពស់សម្រាប់ពួកគេ។ តាមពិតទៅ បើពួកគាត់ហៅសេវាកម្មនេះម្ដង ឬ ២ ដង ពួកគាត់ត្រូវចាយយ៉ាងហោច ៥០ ដុល្លារ។
បើពួកគាត់មិនមែនជាសមាជិក ពួកគាត់មិនបាច់ចុះឈ្មោះ ដោយចុចលើប្រភេទសេវាកម្មចំណោម ៦ ចំណុចដូចគ្នា។ ប៉ុន្ដែវានឹងបង្ហាញពីតម្លៃសេវាកម្មជាស្រេចនៅលើនោះ។ ពួកគាត់បំពេញឈ្មោះ និងបំពេញស្លាកលេខឡាន ហើយពួកគាត់អាចបង់ប្រាក់ជាវីសា ឬបង់ជាប្រាក់ផ្ទាល់ជាមួយជាងតែម្ដង។
ពេលអតិថិជនចំណាយប្រាក់ ២៥ ដុល្លារ ១ ឆ្នាំ ក្រុមហ៊ុននឹងផ្ដល់សេវាកម្ម ៦ មុខ ដោយមិនចាំបាច់បង់បន្ថែមពេលជាងទៅជួសជុលឡើយ។
លោក សារិទ្ធ បានប្រាប់លម្អិតថា៖ «ទី១ ពេលអស់អាគុយ យើងទៅកូវឲ្យ។ ទី២ ពេលបែកកង់ យើងទៅប៉ះឲ្យហើយពេលខ្លះបែកខ្លាំងប៉ះមិនបាន យើងប្ដូរកង់សាគួឲ្យ។ ទី៣ ភ្លេចសោក្នុងរថយន្ដ យើងទៅឆ្កឹះសោឲ្យចំពោះរថយន្ដមិនប្រើស្មាតឃី។ ទី៤ ម៉ាស៊ីនមិនដំណើរ ដែលពេលជិះសុខៗ ស្រាប់តែរលត់ ក៏ទុកនៅផ្ទះយូរមិនឆេះ។ យើងចុះទៅសង្គ្រោះបឋម តែបើខាតធ្ងន់ធ្ងរ យើងត្រូវសណ្ដោងវាទៅហ្គារ៉ាសជួសជុល ដែលអតិថិជនជាអ្នកជ្រើសរើសខ្លួនឯង។ នោះជាចំណុចទី៥ ដែលជួយសណ្ដោងរថយន្ដខូចរបស់អតិថិជនទៅកាន់ហ្គារាស។ ទី៦ ចៃដន្យពេលគាត់ជិះយប់ប្រលប់អស់សាំងអីទៅ យើងមានសេវាទិញសាំងជូនឲ្យ តែអតិថិជនចំណាយលើថ្លៃសាំង»។
លោកសង្កេតឃើញថា បែកកង់ ខូចអាគុយ និងភ្លេចសោក្នុងរថយន្ដ គឺជាបញ្ហាដែលក្រុមការងាររបស់លោកទទួលការហៅសង្គ្រោះច្រើនជាងគេ។
ស្ថាបនិករូបនេះបានឲ្យដឹងថា៖ «ជាទូទៅ បែកកង់ និងអស់អាគុយជាបញ្ហាចម្បងដែលយើងតែងតែចេញទៅផ្ដល់សេវាកម្មដល់ភ្ញៀវ។ វាមិនថាឡានចាស់នោះទេ ឡានថ្មីៗក៏ជួបបញ្ហាដូចគ្នា ដោយសារតែស្ថានភាពមិនទាន់ល្អគ្រប់ច្រកល្ហកនៅឡើយ។ បន្ទាប់មកភ្លេចសោក្នុងឡាន ដែលធ្វើឲ្យម្ចាស់ឡានពិបាកដែរ»។
លោកបន្ថែមថា៖ «យើងផ្ដល់សេវាកម្មគ្របដណ្ដប់នៅតំបន់រដ្ឋបាលភ្នំពេញ ពោលគឺឲ្យតែស្ថិតនៅក្នុងបរិវេណរាជធានីភ្នំពេញ។ ជាទូទៅ ក្រោយពេលទទួលការហៅទូរស័ព្ទ ឬទទួល ‘Accept’ លើទូរស័ព្ទមិនយូរទេ ត្រឹមប្រមាណ ៤៥ នាទី ជាងរបស់យើងនឹងទៅដល់ទីកន្លែង ដោយអាស្រ័យទៅលើទីតាំង និងពេលវេលាដែលអាចយឺតយ៉ាវតិចតួចពីបញ្ហាចរាចរណ៍»។
Khmer Automobile Club (KAC) ស្ថិតនៅជាន់ទី ៦ នៃមជ្ឈមណ្ឌល PL&L ផ្ទះលេខ ៤៣១ ផ្លូវ ២៣០ សង្កាត់ទឹកល្អក់ ៣។ ព័ត៌មានលម្អិត សុំចូលទៅកាន់ហ្វេសប៊ុក @RoadsideCambodia ឬវិបសាយ www.roadsidekac.com៕