ក្រុងឡុងដ៍: មានឈ្មោះថា Range Rover Sentinel វាត្រូវបានផលិតឡើងដោយ Land Rover Special Vehicle Operations ក្នុងតំបន់វ៉ាវិកសៀរ និងត្រូវបានប្រើជារថយន្ដការពារសន្ដិសុខឥស្សរជនចាប់ពីប្រធានក្រុមហ៊ុនរហូតដល់អ្នកការទូត។
វាបំពាក់នូវបរិក្ខារការពារសន្ដិសុខដែលអាចទប់ទល់នឹងគ្រាប់បែកបង្កៃ និងមានសមត្ថភាពលុកលុយលើដងផ្លូវលំបាកៗក្នុងករណីរំដោះខ្លួនចេញពីការវាយប្រហារ។
ស្ថិតក្រោមគម្របរថយន្ដជាម៉ាស៊ីនសាំងស៊ុបពែរឆាច V8 ចំណុះ ៥,០ លីត្រ ថាមពល ៣៧៥ សេះ។ ជាក់ស្ដែងវាត្រូវការថិរវេលាជិត ១០ វិនាទី (៩,៨ វិនាទី) ដើម្បីស្ទុះដល់ល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុង ១ ម៉ោង និងមានល្បឿនកំពូល ១៩០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ លុះត្រាតែវាត្រូវបានប្រដេញដោយក្រុមវាយប្រហារ រថយន្តដ៏ធ្ងន់នេះមានឱកាសតិចតួចណាស់ដែលអាចបរផុតពីក្រុមប្រមាញ់។
យ៉ាងណាមិញ Sentinel បំពាក់នូវអាវក្រោះពាសដែកដែលជាសមត្ថភាពដ៏អស្ចារ្យរបស់វា។ វាមានទម្ងន់សរុប ៤៥៣៥ គីឡូក្រាម។ លើគម្របក្បាលរថយន្ដ និងតួខ្លួនដទៃរួមទាំងកញ្ចក់បំពាក់ដែកថែបការពារទម្ងន់ជាង ១ តោនដើម្បីទប់ទល់នឹងគ្រាប់កាំភ្លើងទម្លុះចូលក្នុងរថយន្ដ។
ដើម្បីធានាដល់សុវត្ថិភាពបំផុតសម្រាប់មនុស្សសំខាន់ Land Rover បានបំពាក់ប្រព័ន្ធការពារដែលក្រុមហ៊ុនបានអះអាងថាវាត្រូវបានផលិតឡើងជាអ្នកទប់ទល់នឹងគ្រាប់ផ្លោង និងគ្រាប់បែករួមទាំង ការបាញ់កាំភ្លើងរហូតដល់គ្រាប់បង្កៃថែមទៀត។
ក្នុងករណីបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅមានទ្វារអាសន្នដែលពាសអាវក្រោះផងដែរនៅផ្នែកខាងក្រោយរថយន្ដ។
បើទោះបីជាកង់របស់វាត្រូវបានផលិតឡើងយ៉ាងពិសេសដើម្បីទប់ទល់នឹងការបែកធ្លាយដែលអនុញ្ញាតឲ្យម៉ូដែលពុះពារឧសបគ្គបរបានចម្ងាយ ៥០ គីឡូម៉ែត្រក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង បើសិនជាជ័រកង់ឡានធ្លាយ ឬត្រូវគ្រាប់កាំភ្លើងក៏ដោយ។
លោក មីឆែល វ៉ាន់ដេសានដេ នាយកគ្រប់គ្រងនៅ Land Rover SVO បាននិយាយថា៖ «រថយន្ត Sentinel ជាកិច្ចការពារយ៉ាងពិសេស និងផ្ដល់សុវត្ថិភាពខ្ពស់សម្រាប់ភ្ញៀវពិសេសក្នុងរថយន្ដដោយមិនប៉ះពាល់ភាពរម្យទមរបស់សែស្រឡាយ Range Roverចុងក្រោយនេះឡើយ»។
ម៉ូដែលការពារសុវត្ថិភាពមានតម្លៃមិនថោកនោះទេដោយផ្ដើមពី ៥០ ម៉ឺនដុល្លារនៅចក្រភពអង់គ្លេស ហើយក្រុមហ៊ុនបានបញ្ជាក់ថាតម្លៃមានការប្រែប្រួលអាស្រ័យលើជម្រើសអតិថិជន៕ HR