ក្រុងប៊ែរឡាំង: Mercedes-Benz បានបង្ហាញវត្ដមានម៉ូដែល S-Class របស់ Maybach ថ្មីសន្លាង ជាប្រភេទកូនកាត់ និងស្ព័រពាក់កណ្ដាល។ រថយន្ដនេះបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត និងមានបំណងបង្អួតរាងដ៏រឹងមាំរវាងតួទាំង ២ បញ្ចូលគ្នា។ Mercedes អះអាងថា នេះជារថយន្ដកូនកាត់តួដំបូងបំផុត។
លោក ហ្គូដុន វ៉ាហ្គេនន័រ ជានាយកផ្នែកឌីហ្សាញនៅក្រុមហ៊ុន Daimler AG បានថ្លែងថា៖ «ម៉ូដែល Vision Mercedes-Maybach Ultimate Luxury ពិតជាថ្មីសន្លាងតែម្ដង។ ទស្សនវិស័យរបស់យើងគឺការច្របាច់បញ្ចូលគ្នារវាងគំរូម៉ូដែលតួខ្ពស់ SUV ជាមួយម៉ូដែលតួទាប Sedan ដើម្បីផលិតជាតួខ្ពស់ SUV ៣ ប្រអប់កាន់តែទំនើប»។
រូបរាងម៉ូដែល Ultimate Luxury ពិតជាស្រស់ស្អាត តែចំពោះបរិវេណខាងក្នុង បរិក្ខារដ៏ប្រណីតមិនណយដែរ។ ស្នាមថ្នេរភ្លីផុស រំលេចរូបរាងអណ្ដែតតាមទ្វារ និងការឌីហ្សាញប្លែកៗជាច្រើនទៀត។ ប៉ុន្ដែអ្វីដែលនៅរក្សាដដែលនោះគឺ តាបឡូកុងទ័រនៅចំកណ្ដាលតាមរចនាប័ទ្មម៉ូដែល Ultimate Luxury។ អេក្រង់ធំផុសលើតាបឡូយ៉ាងច្បាស់ក្រឡែត ងាយស្រួលរំពៃមើលព័ត៌មានបើកបរ។
នៅផ្នែកខាងក្រោយ កៅអីអ្នកដំណើរមានលក្ខណៈខុសប្លែកពីកៅអីមុខ ដោយសារទំនោរចិត្ដអតិថិជនអាស៊ីនិយមក្រេបទឹកតែ គយគន់សម្រស់ផ្កា និងការរចនាក្បាច់ក្បូរក្នុងផ្ទៃរថយន្ដ។
Mercedes-Maybach Ultimate Luxury ផ្អែកមូលដ្ឋានលើម៉ូដែលរាង S-Class ដោយបំពាក់ថាមពលអគ្គិសនីសុទ្ធសាធ កម្លាំង ៧៥០ សេះ (៥៥០ គីឡូវ៉ាត់) គួបអាគុយកម្លាំង ៨០ គីឡូវ៉ាត់ម៉ោងស្ថិតនៅក្រោមកម្រាលតួ។
Mercedes បានប៉ាន់ប្រមាណពីសមត្ថភាពថាមពលអគ្គិសនីអាចបរបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងពេលសាកម្ដង និងល្បឿនកំពូល ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
សមត្ថភាពសាកថាមពលរហូតដល់ ៣៥០ គីឡូវ៉ាត់ម៉ោង ត្រូវបានបំពាក់លើម៉ូដែល Mercedes-Maybach Ultimate Luxury នេះ ដោយប្រើប្រព័ន្ធសាកថាមពលចម្រុះ (CCS/Combo2) ស្ដង់ដារ ជាមួយការសាកភ្លើងតែ ៥ នាទីអាចបរបានចម្ងាយផ្លូវ ៩៧ គីឡូម៉ែត្រ។
Mercedes-Maybach Vision Ultimate Luxury ជាផ្នែកមួយនៃរថយន្ដអនាគតកាលរបស់សែស្រឡាយ Vision ពី Mercedes-Benz ដែលថ្មីៗនេះទើបបានបញ្ចូលម៉ូដែល Vision Mercedes-Maybach 6 Coupe និង Cabriolet ផងដែរ។
យ៉ាងណាក្រុមហ៊ុនមិនទាន់ទម្លាយពីតម្លៃលើទីផ្សាររបស់ វានៅឡើយទេ៕HR