
ភ្នំពេញ : ខណៈដែលសាលតាំងលក់រថយន្តMazda នៅមហាវិថីសហព័ន្ធរុស្ស៊ីនឹងសម្ពោធជាផ្លូវការនៅចុងខែសីហា ខាងមុខនោះ ក្រុមហ៊ុនបានបង្ហាញនូវរថយន្តស៊េរីឆ្នាំ២០១៤ ប្រភេទតួខ្ពស់របស់ខ្លួនរួចទៅហើយ។
នោះគឺ Mazda CX-5 ដែលជារថយន្តប្រភេទទ្វារ៥ និងកៅអីសម្រាប់អ្នកដំណើរ៥នាក់។ ដំណើរការដោយប្រព័ន្ធចង្កឹះលេខអូតូ រថយន្តនេះធ្វើចលនារង្វិលកង់ប្រភេទ4WD។
ជាមួយនឹងរាងស្រលូន ហើយផ្នែកខាងខ្នងចំកោងនោះ Mazda CX-5 មានចង្កៀងថ្លារាងបះឡើងលើតាមការនិយមដ៏ទាន់សម័យ។ ចម្រឹងគម្របម៉ាស៊ីនត្រូវបានរចនាដោយមានរាងរៅគួរឲ្យទាក់ទាញ ហើយកញ្ចក់សុវត្ថិភាពនៅត្រចៀកទាំងសងខាងក៏អាចបត់បានដោយស្វ័យប្រវត្តិផងដែរ។
ស្ថិតនៅក្រោមគម្របមុខ រថយន្តដែលនាំចូលផ្ទាល់ពីរោងចក្រផលិតនៅប្រទេសជប៉ុនមួយនេះមានផ្ទុកដោយម៉ាស៊ីនប្រភេទ ២,០ Liter បួនស៊ីឡាំង និង១៦ valve DOHC។
ទាក់ទិននឹងប្រព័ន្ធសុវត្ថិភាព វាមានពោងខ្យល់៨ មានប្រព័ន្ធកាមេរ៉ាក្រោយ សោប្រភេទស្មាតឃី និងប្រព័ន្ធការពារចោរ។ បរិក្ខារខាងក្នុងទំនើប និងបំពាក់ដោយពូកស្បែក ព្រមទាំងប្រព័ន្ធផ្លិតទឹកបក់ដោយស្វ័យប្រវត្តិទៀតផង។
ប្រធានគ្រប់គ្រងផ្នែកលក់អ្នកនាង អ៊ុន កញ្ញា បានមានប្រសាសន៍ថា៖ «ការនំាចូលរថយន្ត Mazda ថ្មីមកលក់នៅប្រទេសកម្ពុជាយើងនេះ ដោយសារយើងមានទីផ្សារស៊េរី និងទូលំទូលាយសម្រាប់រថយន្តលេខអូតូ ហើយម្យ៉ាងទៀតប្រជាជនយើងគាត់បានយល់ដឹងពីអត្ថប្រយោជន៍រថយន្តថ្មី ដែលមានផាសុកភាព និងសុវត្ថិភាពខ្ពស់»។
អ្នកនាងបានបន្តថា៖ «ប្រជាជននៅក្នុងប្រទេសកម្ពុជាយើងគាត់មានការគាំទ្ររថយន្តរបស់ជប៉ុន ហើយ Mazda ច្រើនស៊េរីច្រើនប្រភេទ ដែលអាចប្រកួតប្រជែងនឹងម៉ាកដទៃទៀតនៅក្នុងប្រទេសយើងដែរ»។
រាល់ការជាវរថយន្តថ្មីនេះ ក្រុមហ៊ុនមានប័ណ្ណធានារយៈពេល៣ឆ្នាំយើងឬ៦ម៉ឺនគីឡូម៉ែត្រ។ ក្រុមហ៊ុនក៏មានផ្តល់សេវាថែទាំរថយន្តស្តង់ដាររបស់ជប៉ុនរបស់ក្រុមហ៊ុន Mazda ដូចជាការដូរប្រេង ដូរតម្រង់ប្រេង សេវាជួសជុល និងថែទាំជាច្រើនទៀតក្នុងរយៈពេល២ឆ្នាំ។សម្រាប់ភ្ញៀវដែលយករថយន្តមកទទួលសេវានៅសាលតាំងផលិតផលរបស់ក្រុមហ៊ុនMazda ក៏មានបន្ទប់រង់ចំាដែលមានបំពាក់កៅអីម៉ាស្សាជូនភ្ញៀវអង្គុយ និងកុំព្យូទ័រសម្រាប់ភ្ញៀវមើលក្នុងពេលដែលក្រុមហ៊ុនជួសជុល និងថែទាំរថយន្ត ព្រមទាំងកន្លែងសម្រាប់ភ្ញៀវលេងប៉េងប៉ុង ស្នូកឃ័រ និង មីនីបារ៍ផងដែរ។
សាលតាំងផលិតផលរបស់ Mazda ស្ថិតនៅអគារ៣៧៩ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ទំនាក់ទំនងអ៊ីមែល mazdasales@hgbauto.com និង វេបសាយ www.mazda.com.kh៕