ភ្នំពេញ៖ ឆ្លើយតប​នឹង​បញ្ហា​ពិបាក​រក​ជាង និង​ការ​ចំណាយ​ពេល​​ជជែក​តម្លៃ​ឈ្នួល ស្ត្រី​ម្នាក់​ដែល​មាន​បទ​ពិសោធ​​ផ្ទាល់​នៅ​ពេល​ស្វែងរក​សេវា​ជួសជុល​បរិក្ខារ​ក្នុង​ផ្ទះ បាន​សម្រេច​ចិត្ត​បង្កើត​​កម្មវិធី​ទូរស័ព្ទ​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​គេហដ្ឋាន និង​សហគ្រិន​នានា។

ស្ថិត​​នៅ​ការិយាល័យ​ម្ដុំ​ស្ដាត​​អូឡាំពិក អ្នកស្រី​ កាំ ស្រីស៊ុង​ ជា​ស្ថាបនិក​​នៃ​ MyAPP បាន​ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖​ «​​​វា​ជា​បទពិសោធ​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​ផ្ទាល់​ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា​ តម្រូវ​ការ​ស្រុក​ខ្មែរ​យើង​​ត្រូវ​ការ​អី​ខ្លះ ដូច​ជា​ការ​ហៅ​ជាង​នៅ​ឆ្ងាយ​ពេក​ហៅ​គេ​ គេ​មិន​ចង់​មក​ជួសជុល​ឲ្យ​ផង​​។ ជា​ពិសេស​នោះ​ទាក់ទង​ជាមួយ​ការ​តថ្លៃ​តម្លៃ​គ្នា​ ជា​អ្វី​ដែល​យើង​តែងតែ​ឃើញ​មាន​ ហើយ​ពួក​យើង​ក៏​ព្យាយាម​រក​ដំណោះ​​ស្រាយ។ វា​​ស្រប​ពេល​ដែល​មាន​​​ក្រុមហ៊ុន​​ដែល​ដើរ​តួ​​ជា​អាជ្ញា​កណ្តាល​ចូល​មក​ក្នុង​កម្ពុជា​យើង​ល្មម​ អ៊ីចឹង​យើង​ក៏​បាន​គិត​ថា​ Ok កិច្ច​ការ​ដែល​យើង​បាន​គិត​ទុក​នោះ​អាច​ដំណើរការ​បាន​ហើយ​ ដោយ​ Follow តាម​គេ​ខ្លះ​»។

អ្នកស្រី​បាន​​នឹក​ឃើញ​គំនិត​បង្កើត MyAPP ​តាំង​ពី​ឆ្នាំ ​២០១៥ នឹង​ចាប់​ផ្ដើម​​ធ្វើ​កិច្ចការ​​នេះ​នៅ​​​ឆ្នាំ ​២០១៧​​។ នៅ​​ឆ្នាំ ២០១៩ MyAPP បាន​រំលេច​រូបរាង​នៅ​​​ Play Store ឬ App Store ឲ្យ​ប្រជាជន​ប្រើប្រាស់​លើក​ដំបូង​​​​បាន​រយៈពេល​ជាង​ ៥ ខែ ដោយ​មាន​អ្នក​ប្រើប្រាស់​​​​​ជាង​ ១ ​ពាន់​នាក់។

​​សេវាកម្ម​កម្ចាត់សត្វ​ល្អិត​​។ រូបថត សហការី​

ស្ថាបនិក​ MyApp ដែល​ធ្លាប់​បរាជ័យ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ធ្វើ​ការ​ជា​ច្រើន​កន្លែង​ដោយសារ​​តែ​កម្រិត​វប្បធម៌​ក្នុង​ការ​សិក្សា​ភាសា​ខ្មែរ​ត្រឹម​ថ្នាក់​ទី ​២ បាន​បន្ថែម​ទៀត​ថា​៖ ​«​តាម​ពិត​ទៅ​ខ្ញុំ​មិន​បាន​ចេះ​អ្វី​ទេ​ក្នុង​ការ​បង្កើត​ App នេះ​ ខ្ញុំ​មាន​តែ​គំនិត​​តែ​ប៉ុណ្ណោះ​ ហើយ​យើង​ក៏​បាន​ចាប់​ដៃ​ជាមួយ​អ្នក​ជំនាញ​ខាង​​អាយធី​ម្នាក់​ ដែល​គាត់​មាន​​​បទពិសោធន៍​ច្រើន​ឆ្នាំ​ ដើម្បី​ជួយ​ដល់​ការងារ​បង្កើត​ App នេះ​»។

កម្មវិធី​ទូរស័ព្ទ ​MyAPP ជា​តំណ​ភ្ជាប់​រវាង​អ្នក​ប្រើប្រាស់ ជាមួយ​​​ជាង​ម៉ាស៊ីន​ត្រជាក់​ ទូរស័ព្ទ ឬ​កង្ហារ​ ជាង​ទឹក ជាង​អគ្គិសនី ជាង​ហ្គាស ​ សេវាកម្ម​កម្ចាត់​សត្វ​ល្អិត និង​កម្ចាត់​សត្វ​កណ្តុរ​​ ជាង​ទូទឹក​កក​ សេវាកម្ម​បច្ចេកទេស​ ម៉ាស៊ីន​បោក​សម្លៀក​​បំពាក់ និង​សេវាកម្ម​ថែរក្សា​គេហដ្ឋាន ​(សម្អាត​ផ្ទះ​ ឬ​ក្រុមហ៊ុន​)។

អតិថិជន​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ចំនួន​ ២ ម៉ឺន​រៀល​ ក្នុង​ការ​កក់​ជាង​ឲ្យ​ជួសជុល​ប្រភេទ​ម៉ាស៊ីន​ណា​មួយ​ ដោយ​មិន​គិត​រួម​ទាំង​ការ​ផ្លាស់ប្តូរ​​គ្រឿង​បន្លាស់។

ដំណើរការ​ចុះ​​ពិនិត្យ​ទៅ​តាម​ទីតាំង​នីមួយៗ​ មាន​ភ្ជាប់​ដោយ​ផែនទី​គោលដៅ និង​​តម្លៃ​រួច​ជា​ស្រេច​​ទៅ​តាម​ប្រភេទ​​អេឡិចត្រូនិក​ត្រូវ​ជួសជុល​។

អ្នកស្រី​ និង​​ក្រុម​ការងារ​បាន​គិត​ថ្លៃ​សេវា​ពី​ជាង​ក្នុង​មួយ​ប្រតិបត្តិការ​​ត្រឹម​​តែ​ ២ ពាន់​រៀល​ប៉ុណ្ណោះ។

អ្នកស្រី កាំ ស្រី​ស៊ុង បាន​ឲ្យ​ដឹង​​​ថា៖ «យើង​ធ្វើ​ការ​ដក​ភាគរយ​ ១០ ភាគរយ​ពី​ជាង​វិញ បើ​សិន​​ជា​ភ្ញៀវ​គាត់​ហៅ​ជាង​ឲ្យ​ទៅ​មើល​តែ​ម៉ាស៊ីន​​ ១ គ្រឿង​ តម្លៃ​ក្នុង​នោះ​ ២ ម៉ឺន អ៊ីចឹង​យើង​យក​ពី​ជាង​ ២ ពាន់​រៀល។ បើ​សិន​ជា​ទៅ​ដល់​ទីតាំង​អតិថិជន​គាត់​ឲ្យ​ជួសជុល​ច្រើន​ជាង​ ១ គ្រឿង​ក៏​យើង​មិន​យក​ពី​ជាង​លើស​ពី​ហ្នឹង​ដែរ​ ដោយសារ​អតិថិជន​គាត់​បាន​ Booking តែ​សម្រាប់​ម៉ាស៊ីន​មួយ​»។

MyAPP មាន​សេវា​ម៉ាស៊ីនត្រជាក់​។ រូបថត សហការ

ជាង​ដែល​ MyAPP បាន​ជ្រើសរើស​មក​ធ្វើ​ជា​ដៃ​គូ ត្រូវ​មាន​បទពិសោធ ​ជំនាញ​ច្បាស់​លាស់ មាន​សុជីវធម៌ សីលធម៌​ ព្រម​ទាំង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទៅ​លើ​កិច្ចការ​របស់​ខ្លួន​ជា​ចម្បង​។

អតិថិជន​ទូទាត់​ថ្លៃ​​សេវា​ជាមួយ​ជាង​ផ្ទាល់​ ដោយ​មាន​ការ​ធានា​ពី​គុណភាព​នៃ​ការ​ជួសជុល​របស់​ជាង​ក្នុង​រយៈពេល​មួយ​អាទិត្យ។

ក្នុង​ការ​ប្រើប្រាស់​ MyAPP ​ ស្ថាបនិក​ដែល​ធ្លាប់​​បម្រើ​ការ​ក្រុមហ៊ុន​ទេសចរណ៍​​រូប​នេះ​​ បាន​រៀប​រាប់​ពី​អត្ថប្រយោជន៍​យ៉ាង​ដូច្នេះ​បាន​ថា​៖​ «​ទី១​ គាត់​​មិន​ចាំបាច់​អង្គុយ​ចាំ​លេខ​ទូរស័ព្ទ​ជាង​ គាត់​មិន​ចាំបាច់​មាន​លុយ​ទូរស័ព្ទ​សម្រាប់​ខល​ចេញ​ មិន​ចាំបាច់​ចរចា​ជាមួយ​ជាង​រឿង​តម្លៃ ព្រោះ​វា​មាន​នៅ​លើ​ ​App ស្រាប់​នៅ​ពេល​ដែល​គាត់​បាន​ Booking។

យើង​ក៏​ចង់​កាត់​បន្ថយ​ខាង​ភាសា​ ព្រោះ​ថា​ ប្រទេស​យើង​មិន​មែន​មាន​តែ​ខ្មែរ​ទេ​ ដែល​នៅ​ក៏​មាន​ជន​បរទេស​ដែរ​ដែល​អត់​ចេះ​ខ្មែរ​ ហើយ​ភាគ​ច្រើន​ជាង​យើង​ក៏​គាត់​មិន​ចេះ​ភាសា​ដែរ​ ជា​ពិសេស​ភ្ញៀវ​ដែល​នៅ​ឆ្ងាយ​តែងតែ​ជួប​រឿង​ដែល​ជាង​​គាត់​យក​​តម្លៃ​ថ្លៃ​តែ​ម្តង»​​។

ស្ថាបនិក​វ័យ ៣៦ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «សព្វ​ថ្ងៃ​ នេះ​ MyAPP ​ទើប​តែ​មាន​ត្រឹម​ភាសា​អង់គ្លេស ប៉ុន្តែ​នៅ​ថ្ងៃ​ខាង​មុខ​ទៅ​ យើង​នឹង​មាន​បន្ថែម​​ភាសា​ចិន និង​ភាសា​ខ្មែរ​បន្ថែម​ទៀត​ ដើម្បី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ និង​ជាង​របស់​យើង»​។

នៅលើ​អេក្រង់ មាន​បង្ហាញ​ជម្រើស​សេវាកម្ម និង​តម្លៃ​ុយ៉ាង​ច្បាស់លាស់​​​។ហុង មិនា

MyAPP​ ក៏​មាន​ជា​កញ្ចប់​សេវាកម្ម​មើល​ថែ​បរិក្ខារ​ក្នុង​​តម្លៃ​ ៥០​ ដុល្លារ​​​ក្នុង​មួយ​ខែ ដោយ​មាន​​បញ្ចូល​នូវ​​សេវាកម្ម​លាង​សម្អាត​​ម៉ាស៊ីន​ត្រជាក់​ ២ ដង ជួសជុល ​ថែទាំ​ម៉ាស៊ីន​ត្រជាក់​ ​​ប្រព័ន្ធ​ទឹក​ភ្លើង​ ទូ​ទឹកកក និង​ជួសជុល​អំពូល​​ភ្លើង​ដោយ​ឥត​កំណត់​​​។

ខណៈ​អ្នកស្រី កាំ ស្រីស៊ុង ទទួល​ស្គាល់​ថា MyAPP ​ដំណើរ​ការ​​មិន​ទាន់​រលូន និង​ទាមទារ​​ត្រូវ​ការ​ Update បន្ថែម​​ទៀត ស្ថាបនិក​រូប​នេះ​ក៏​បាន​​បង្ហើប​ពី​គម្រោង​បន្ត​ទៀត​ថា​៖​ «​ពួក​យើង​ក៏​បាន​បង្កើត​ App​ ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ដែល​គាត់​ចង់​ទិញ​បន្លែ​ធម្មជាតិ​រួច​ហើយ​ដែរ​ គ្រាន់​តែ​ពេល​នេះ​នៅ​មិន​ទាន់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ ដោយសារ​មាន​បញ្ហា​មួយ​ចំនួន​ តែ​យើង​ក៏​នឹង​ព្យាយាម​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ និង​មាន​គម្រោង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​»​៕