
ភ្នំពេញ : សែស្រឡាយ Nokia Lumia ទាំង៥ស៊េរី ត្រូវបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី៩ខែមេសា រួមមានដូចជា Nokia Lumia 920, 820, 720, 620 និង 520។ម៉ូដែលមួយចំនួនក្នុងចំណោមខាងលើនេះ នឹងត្រូវបានដាក់លក់បន្ទាប់ពីចូលឆ្នាំខ្មែរហើយ។
ក្នុងនោះដែរ Nokia Lumia 920 គឺជាស៊េរីចុងក្រោយមានបច្ចេកវិទ្យាថតរូបឈានមុខគេ Pureview ដែលធ្វើឲ្យការចាប់រូបភាពបានច្បាស់បំផុតជាពិសេសនៅក្នុងទីងងឹតហើយក៏មានអេក្រង់ PureMotion HD+ ធ្វើឲ្យអេក្រង់ទូរស័ព្ទបញ្ចេញនូវពន្លឺភ្លឺថ្លាត្រជាក់ភ្នែកនិងការបញ្ជាដោយមានល្បឿនលឿនហើយរលូនល្អ។វាក៏មានភ្ជាប់នូវបច្ចេកវិទ្យាជួយទប់លំនឹងកាមេរ៉ាដែលមានតួនាទីធ្វើឲ្យរូបថតច្បាស់ដិតល្អជាជាងរូបថតបែបព្រឹលៗ។
លោក ជឺរី ម៉ានូស (Jerry Manus) អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានមានប្រសាសន៍ថា៖ «Nokia Lumia ថ្មីនេះនឹងក្លាយជាស្មាតហ្វូនជម្រើសថ្មីមួយដែលអាចផ្តល់ប្រយោជន៍ផ្សេងៗដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅប្រទេសកម្ពុជាជាពិសេសគឺយើងផ្តល់នូវតម្លៃធូរថ្លៃ»។
ក្នុងនោះដែរ Nokia Lumia 520 គឺមានតម្លៃទាបជាង២០០ដុល្លារ ចំណែកឯ Nokia Lumia ៩២០គឺមានតម្លៃលើ៥០០ដុល្លារ។
ស៊េរី ស្មាតហ្វូន Nokia Lumia សុទ្ធតែដំណើរការដោយប្រព័ន្ធ Windows Phone 8 ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់រៀបចំ start screen ដោយដាក់ពណ៌ផ្លាស់ប្តូរទំហំ និងកំណត់ទីតាំងនៃកម្មវិធីសំខាន់ៗទៅតាមការពេញនិយមនៃមនុស្សម្នាក់ៗ។ក្រៅពីនេះវាក៏មានកម្មវិធី Xbox live, MicrosoftOffice អង្គចងចាំ 7GB ឥតគិតថ្លៃនិងអ៊ីនធឺណិតIE10 ប្រកបដោយសុវត្ថិភាពខ្ពស់ផងដែរ៕