ភ្នំពេញ: អង្គុយ​ក្នុង​បន្ទប់​ចាំង​ពន្លឺ​ធម្មជាតិ​នៃ​អគារ​ជាន់​ទី ១៧ Nithya Menon ជា Lead Firmware Engineer របស់ Okra កំពុង​ឆែក​ទិន្នន័យ​លើ​អ៊ីនធឺណិត​ស្ដីពី​បច្ចុប្បន្នភាព​នៃ​សេវាកម្ម​ថាមពល​របស់​ខ្លួន​នៅតាម​សហគមន៍​។

កញ្ញា Nithya បាន​និយាយ​ពី​បញ្ហា​ខ្សោយ​អាគុយ​ក្នុង​ផ្ទះ​មួយ​នៅ​សហគមន៍​ថា​៖ «​ខ្ញុំ​បាន​ឃើញ​ទិន្នន័យ ដែល​ប្រាប់​ពី​បញ្ហា​ខ្សោយ​អាគុយ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​។ វា​គួរតែ​កើនឡើង​ខ្ពស់​ពេល​សាក​ថ្ម​ពេញ​។ យើង​មើលឃើញ​បញ្ហា​អាច​កើតឡើង​មុន​ដោយសារ​តែ​ទិន្នន័យ​ទាំងនេះ​»​។

បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៦ Okra គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ផលិត​ថាមពល​សូឡា​វៃឆ្លាត​សម្រាប់​សហគមន៍​ដាច់​ស្រយាល​។

លោក Afnan Hannan ​សហស្ថាបនិក និង​ជា​អគ្គនាយក Okra បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​បង្កើត Okra ២ ​ឆ្នាំ​កន្លះ​មកហើយ ហើយ​បេសកកម្ម​របស់​ខ្ញុំ​គឺ​ធានា​ថា មនុស្ស​គ្រប់រូប​នៅលើ​ភពផែនដី​នេះ​មាន​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី​គ្រប់​ពេលវេលា​។ ដូច្នេះ​ពួកគេ​អាច​រស់នៅ​ប្រកប​ដោយ​ភាពទាន់សម័យ​។ ការប្រើប្រាស់​អគ្គិសនី​ដើម្បី​សិក្សា ទទួល​ការងារ រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើឲ្យ​ជីវិត​កាន់តែ​ងាយស្រួល​»​។

សហគមន៍​ដាច់ស្រយាល​ប្រើ​សូឡា​សម្រាប់​បំភ្លឺ​ផ្ទះសំបែង​។ រូបថត សហការី

ស្ថាបនិក​ដែល​មកពី​អូស្ដ្រាលី​រូប​នេះ​បាន​ថ្លែង​បន្ដ​ថា​៖ «​យើង​បង្កើត​ឧបករណ៍​គ្រប់គ្រង IoT ដែល​ត្រូវ​បាន​ដំឡើង​តាម​ផ្ទះ​នីមួយៗ​។ វា​អាច​តភ្ជាប់​ពី​ផ្ទះ​មួយ ទៅ​កាន់​ផ្ទះ​មួយទៀត​តាមរយៈ​ខ្សែ​កាប្លិ៍ ដើម្បី​ប្រើប្រាស់​ថាមពល​អគ្គិសនី​វៃឆ្លាត​។ ដូច្នេះ​បើ​បន្ទះ​សូឡា ឬ​អាគុយ​នៅ​តាម​ផ្ទះ សូហ្វវែ​របែង​ចែក​ថាមពល​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយទៀត​ដោយ​ការកាត់បន្ថយ​ភាព​ខ្ជះខ្ជាយ និង​ធានា​ដល់​ការផ្ដល់​ថាមពល​គ្រប់​ពេលវេលា​»​។

ផ្ទះ​ដំបូង​ដែល​ទទួល​ថាមពល​អគ្គិសនី​សូឡា​វៃឆ្លាត​ផ្ដើម​ពី​ខែ​មីនា​ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន​ផ្ទះ ១០១ ខ្នង​ត្រូវ​បាន​ភ្ជាប់​ថាមពល Okra វៃឆ្លាត​ក្នុង​តំបន់​ដាច់ស្រយាល​បំផុត​នៃ​ខេត្ដ​តាកែវ និង​កំពង់ស្ពឺ​។

លោក Afnan Hannan ដែល​ធ្លាប់​បម្រើ​ការងារ​នៅ BUENO និង IBM បាន​បន្ដថា​៖ «​ចក្ខុវិស័យ​យើង​គឺ​មិន​ត្រឹម​តែ​ប្រាកដ​ថា សហគមន៍​ដាច់ស្រយាល​មាន​អគ្គិសនី​ប្រើប្រាស់​នោះ​ទេ តែ​ដៃគូ​យើង​ក៏​ជួយ​សហគមន៍​តាមរយៈ​ការបង្កើន​លទ្ធភាព​ថាមពល​នាពេល​អនាគត​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​បាន​យល់ដឹង​ច្រើន​ពី​ផ្ទះ​ជាង ១០០ ​ខ្នង​នោះ ហើយ​ពេល​នេះ​យើង​កំពុង​កែកុន​ផលិតផល​របស់​យើង​ឲ្យ​កាន់តែ​ងាយស្រួល​ប្រើប្រាស់​ដែល​នឹង​បំពាក់​លើ​ផ្ទះ​សំបែង​ពលរដ្ឋ​រាប់ពាន់​ម៉ឺន​ខ្នង​ក្នុង​រយៈពេល ១៨ ​ខែ​ខាង​មុខ​»​។

ការគ្រប់គ្រង​ទិន្នន័យ​ថាមពល​ពី​ការិយាល័យ​ស្នូល​នៅ​ភ្នំពេញ​។ រូបថត លៀប ទេពិទូ

លោក​អះអាង​ថា Okra ប្រើ​បច្ចេកវិទ្យា​គណិតវិទ្យា​វៃឆ្លាត និង​ម៉ាស៊ីន​ចេះ​បែងចែក​ថាមពល​អគ្គីសនី​ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ថាមពល​នឹង​ត្រូវ​បាន​បែងចែក​បំពេញ​តម្រូវការ​ទៅតាម​ផ្ទះសម្បែង​គ្រប់គ្រាន់ បើ​ទោះបី​ជា​រដូវក្ដៅ ដែល​សូម្បី​តែ​នៅក្នុង​រាជធានី​បច្ចុប្បន្ន​ក៏​ត្រូវ​បាន​កាត់​ផ្ដាច់​ការផ្គត់ផ្គង់​ដោយ​អន្លើ​ផង​ដែរ​។

ពលរដ្ឋ​ជនបទ​នៅ​បន្ដ​ប្រើ​ម៉ាស៊ូត និង​ប្រេងកាត​ដែល​មាន​តម្លៃ​ខ្ពស់​ពី ១០ ទៅ ១០០ ដង​នៃ​បណ្ដាញ​អគ្គិសនី​វៃឆ្លាត ហើយ​ថាមពល​ភ្លើង​ពី​ប្រេង​ទាំងនោះ​មិនសូវ​ភ្លឺ​ច្បាស់​ល្អ​ថែម​ទៀត​។ នេះ​បើ​យោង​តាម​សម្ដី​សហស្ថាបនិក Okra ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម ១០ ​នាក់​ដែល​សុទ្ធតែ​ជា​វិស្វករ​មកពី​អាមេរិក អូស្ដ្រាលី អង់គ្លេស ក្រុម​ស្រាវជ្រាវ​មកពី​រុស្ស៊ី និង​ចិន រួមទាំង នាយក​ផ្នែក​គម្រោង​មកពី​កម្ពុជា​ផង​ដែរ​។

បច្ចុប្បន្ន​ថាមពល​សូឡា​ពី Okra មាន​តម្លៃ​ទាប​ជាងគេ​បំផុត​ដែល​អាច​ផ្ដល់​ថាមពល ២ ម៉ោង​លើ​រយៈពេល ៧ ថ្ងៃ​ក្នុង​​ ១ ​សប្ដាហ៍​។

លោក Afnan បាន​បញ្ជាក់​ថា Okra ថោក​ជាង ១០ ដង​ពី​ថាមពល​ភ្លើង​អគ្គិសនី​អូស​ខ្សែ ៣ ​គីឡូម៉ែត្រ ៣ ដង​ពី​ប្រភព​ថាមពល AC ទោល ខណៈ Okra ប្រើ​ថាមពល​ចែក 55 V DC ដែល​មិន​តម្រូវ​ឧបករណ៍ AC ដូចជា​ឧបករណ៍​ទប់​ភ្លើង និង​បង្គោល​ម៉ាស​ក្រោម​ដី​ឡើយ​។

ថាមពល​សូឡា​ឆ្លាតវៃ​អាច​ប្រើប្រាស់​សម្រាប់​ទូទឹកកក​។ រូបថត សហការី

លោក​និយាយ​ថា​៖ «​យើង​មិន​ហ៊ាន​និយាយ​ថា យើង​ជា​ដំណោះស្រាយ​ល្អ​បំផុត​គ្រប់​កាលៈទេសៈ​នោះ​ទេ​។ បើ​គ្រួសារ​ត្រូវការ​បន្ទុក​ថាមពល​ច្រើន​ដូចជា​ការប្រើ​ម៉ាស៊ីនត្រជាក់ ពួកគេ​នឹង​ត្រូវ​ប្រើ​ជម្រើស​ផ្សេង​»​។

ថាមពល​អគ្គិសនី Okra ត្រូវ​បាន​ប្រើ​សម្រាប់​ផ្ដល់​ការបំភ្លឺ​អំពូល សាក​ថ្ម​ទូរស័ព្ទ ដាំបាយ កង្ហារ ទូរទស្សន៍ ទូទឹកកក និង​បូមទឹក ដែល​ផ្ទះ​មួយ​អាច​នឹង​ចំណាយ​ប្រាក់​ពី ៥ ទៅ ១៥ ដុល្លារ និង​ការ​កក់​លើ​ឧបករណ៍​ពី ២០ ទៅ ៣០ ​ដុល្លារ​។

ខុសពី​បន្ទះ​សូឡា​ប្រើ​ឯកជន​តាម​ផ្ទះ​ដែល​មាន​បន្ទះ​សូឡា​មួយ និង​អាគុយ​មួយ​ជាមួយ​ថាមពល​មាន​កំណត់​សម្រាប់​តែ​ផ្ទះមួយ​ខ្នង​ប៉ុណ្ណោះ បច្ចេកវិទ្យា Okra តភ្ជាប់​បណ្ដាញ​ផ្ទះសំបែង​ដែល​អាច​បែងចែក​ថាមពល​តាម​ផ្ទះ​នីមួយៗ ដោយ​ការគ្រប់គ្រង​ទិន្នន័យ​ចេញ​ពី​ការិយាល័យ​ស្នូល​នៅ​ភ្នំពេញ​។ ពលរដ្ឋ​តាម​ផ្ទះ​នីមួយៗ​គ្រាន់តែ​ដោត​ឌុយ​ភ្ជាប់​ជាមួយ​ផ្ទះ​អ្នក​ជិតខាង ដើម្បី​ចែករំលែក​ថាមពល​ប្រើប្រាស់​គ្រប់គ្រាន់​ដូចៗ​គ្នា​។

ដំបូង​ឡើយ​មិន​សុទ្ធតែ​ពលរដ្ឋ​ទាំងអស់​រីករាយ​នឹង​ការចែករំលែក​ថាមពល​អគ្គិសនី​ប្រើប្រាស់ ដោយ​ពួកគេ​បារម្ភ​ការខ្វះខាត​ពី​ផ្ទះ​របស់​ខ្លួន​។

ឆ្លើយតប​នឹង​បញ្ហា​មួយ​នេះ កញ្ញា Nithya បាន​ប្រាប់​ថា​៖ «​ពេល​យើង​ចាប់ផ្ដើម​ដំបូង​យើង​ជជែក​អំពី​ការចែករំលែក​ថាមពល​នេះ ហើយ​ពួកគាត់​ខ្លះ​មាន​ការបារម្ភ​។ យើង​ប្រាប់​ថា វា​គ្មាន​បញ្ហា​ថា តើ​អ្នក​ប្រើ​អស់​ប៉ុន្មាន ឬ​ខ្ញុំ​ប្រើ​ប៉ុន្មាន​នោះទេ​។ អ្នក​គ្រាន់តែ​បង់ប្រាក់​លើ​អ្វី​ដែល​ខ្លួន​បាន​ប្រើ​ប៉ុណ្ណោះ​»៕

វីដេអូ៖