ក្រុងសាន ហ្រ្វានស៊ីស្កូ: ពេល​បច្ចេកវិទ្យា​កំពុង​បោះជំហាន​ទៅមុខ ឧបករណ៍​របស់​យើង កាន់​តែ​ច្រើន​ឡើងៗ ត្រូវការ​សាក​ថាមពល ដូចជា ទូរស័ព្ទ ថេប្ល៊ិត កាស​ទូរស័ព្ទ នាឡិកា កុំព្យូទ័រ​យួរដៃ បរិក្ខារ​កុំព្យូទ័រ និង​បាស​បំពង​សំឡេង​ជាដើម។

ប្រាកដ​ណាស់ អ្នក​អាច​សាក​ថ្ម​ឧបករណ៍​មួយ ឬ ២ ក្នុង​ពេល​តែមួយ តែ​មែន​ទែន​ទៅ គ្មាន​នរណា​ចង់​រង់ចាំ​ដល់​ពេញ​នោះ​ទេ។ វា​កាន់​តែ​ងាយ​ស្រួល បើ​យើង​អាច​សាក​ថាមពល​ឧបករណ៍​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​បាន។

River Bank ជា​បន្ទុក​ថាមពល​ចល័ត អាច​សម្រេច​ក្ដី​សុបិន​ចំពោះ​បំណង​សាក​ថាមពល​ឧបករណ៍​ទាំង​អស់​ក្នុង​ពេល​តែ​មួយ។ វា​អាច​សាក​ឧបករណ៍​បាន ៦ ក្នុង​ពេល​តែ​មួយ សូម្បី​តែ​កុំព្យូទ័រ​យួរដៃ។

River Bank មាន ៣ ដុំ។ លោកអ្នក​អាច​តម្រៀប​ដុំនីមួយៗគរ​លើ​គ្នា​តាម​សេចក្ដីត្រូវការ ដោយ​វា​បញ្ជូន​ថាមពល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ដាក់​ត្រួត​លើ​គ្នា និង​អាច​សាក​ថាមពល​ឲ្យ​គ្នា​ពេល​ដុំ​ណា​មួយ​មាន​ថាមពល​ខ្សោយ។ ពេល​ផ្ដោត​លើ​សមត្ថភាព​សាក​ថ្ម ថត​ធំ​តែ​មួយ​មាន​កម្លាំង ៩៤ វ៉ាត់​ម៉ោង និង ២៥៦០០ អំពែរ។

ឧបករណ៍​សាក​ថាមពល​ចល័ត (Power Bank) លក់​ដាច់​បំផុត​លើ​វេបសាយ Amazon គឺ ម៉ូដែល Anker Powercore 10000 មាន​កម្លាំង​តែ ៣៦ វ៉ាត់​ម៉ោង និង ១០០០០ អំពែរ។

ទាំង ៣ ដុំ​ចូលគ្នា អាច​សាក​ថ្ម​កុំព្យូទ័រ​យួរដៃ​ពី ១ ទៅ ៤ គ្រឿង ថេ​ប្ល៊ិ​ត​ពី ៣ ទៅ ៦ គ្រឿង ទូរស័ព្ទ​ពី ៩ ទៅ ៣០ គ្រឿង និង​កាមេរ៉ា DSLR ពី ១០ ទៅ ២៥ គ្រឿង។ River Bank ប្រភេទ​ដុំ​ធំ មាន​តម្លៃ ១៩៩ ដុល្លារ៕HR