ក្រុងវ៉ាស៊ីនតោន: Uber កាលពី​ថ្ងៃ​អង្គារ​បាន​ជ្រើសរើស​ទីក្រុង​មេលប៊ន​របស់​ប្រទេស​អូស្ដ្រាលី​ជា​ទីក្រុង​ក្រៅ​ទឹកដី​អាមេរិក​ដំបូង​សម្រាប់​ផ្ដល់​សេវាកម្ម​តាក់ស៊ី​អាកាស​ដែល​រំពឹង​ថា​នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ២០២៣ ខាង​មុខ​ ខណៈ​ខ្លួន​បាន​បង្ហាញ​ដៃគូ​ថ្មី​សម្រាប់​គម្រោង​ដ៏អស្ចារ្យ​នេះ​។

ក្រុង​មេលប៊ន ត្រូវ​បាន​ដាក់​រហស្សនាម​ជា​ទីក្រុង​ពីឡុត​ផ្លូវការ​ទី​ ៣ សម្រាប់​ Uber Air បន្ទាប់ពី​ទីក្រុង​ដាឡាស និង​ឡូសអេនជឺលេស​។ ការហោះហើរ​សាកល្បង​គ្រោង​នឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​ ២០២០ ជាមួយ​ប្រតិបត្ដិការ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០២៣​។

ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហើប​ប្រាប់​នៅ​កិច្ចប្រជុំ Uber Elevate Summit ក្នុង​ក្រុង​វ៉ាស៊ីនតោន​ជា​ទី​ដែល​ក្រុមហ៊ុន​យក្ស​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ស្ដីពី​ចក្ខុវិស័យ​ចំពោះ​តាក់ស៊ី​ហោះ​ជា​មធ្យោបាយ​សម្រួល​ដល់​ការស្ទះ​ចរាចរណ៍ និង​បង្កើន​ការអភិវឌ្ឍ​ផ្នែក​សេវាកម្ម​ចល័ត​ក្នុង​ក្រុង​។

អ្នកគ្រប់គ្រង​ក្រុមហ៊ុន Uber ប្រចាំ​តំបន់​ដែល​រួមបញ្ចូល​ទាំង​ប្រទេស​អូស្ដ្រាលី អ្នកស្រី ស៊ូសាន អានឌើសុន បាន​និយាយ​ថា​៖ «​ដោយ​គួបផ្សំ​នឹង​ប្រជាសាស្ដ្រ និង​ភូគព្ពសាស្ដ្រ​នៃ​ទីក្រុង​មេលប៊ន​រួមទាំង​កត្ដា​វប្បធម៌​នវានុវត្ដភាព និង​បច្ចេកវិទ្យា​បាន​ធ្វើឲ្យ​ទីក្រុង​មេលប៊ន​ជា​ក្លាយ​ទីក្រុង​ដ៏ស័ក្ដិសម​បំផុត​ទី​ ៣ សម្រាប់​តាក់ស៊ី​ហោះ Uber Air»​។

លោក អេរិក អាល់លីសុន ប្រធាន Uber Elevate បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ «​យន្ដហោះ​តាក់ស៊ី​អគ្គិសនី​នឹង​មាន​សេវាកម្ម​តម្លៃ​ប្រមាណ ៦ ​ដុល្លារ​ក្នុង​ចម្ងាយ​ផ្លូវ ១,៦ ​គីឡូម៉ែត្រ​។ យើង​គិត​ថា​យើង​អាច​កែកុន​តម្លៃ​ឲ្យ​កាន់តែ​ថោក​ជាង UberX ទៅ​ទៀត​»៕ HR