ក្រុងម៉ិកស៊ីកូ: ក្រុមហ៊ុនយក្សអាល្លឺម៉ង់ Volkswagen បានបើកសម្ពោធម៉ូដែលនិមិត្តរូប «Beetle» ក្នុងចំនួនកំណត់ពីរោងចក្រម៉ិកស៊ិកនៅថ្ងៃពុធក្នុងពិធីមួយដែលអមដោយក្រុមតន្ដ្រី Mariachi។
ម៉ូដែលទ្វាររាងដូចអណ្ដើកមាសបង្អួតសម្រស់ក្រោមសំឡេងសាទរយ៉ាងកុះករ។ វាត្រូវបានយកលំនាំតាមម៉ូដែលដំបូងដែលបង្ហាញខ្លួនកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៣០ ក្នុងប្រទេសអាល្លឺម៉ង់ និងឆ្នាំ ១៩៥៤ ក្រុង Puebla ភាគកណ្ដាលម៉ិកស៊ិក។
នាយកប្រតិបត្ដិ Volkswagen ប្រចាំនៅម៉ិកស៊ិកលោក ស្ដេហ្វហ្វេន រ៉ៃឆេ និយាយថា៖ «អវត្ដមាន Beetle ៣ ជំនាន់ដែលស្ទើរស្មើ ៧ ទសវត្សរ៍ គួរតែអាចគាស់កកាយសេចក្ដីនឹករឭកអតីតកាល»។
Beetle Final Edition ក្នុងចំនួនកំណត់តែ ៦៥ គ្រឿងនឹងត្រូវបានដាក់លក់នៅម៉ិកស៊ិកតម្លៃស្ដង់ដា ២១០០០ ដុល្លារ ១ គ្រឿង និងអាចកក់មុន ១០០០ ដុល្លារ។
រថយន្ដនីមួយៗបំពាក់បន្ថែមសន្លឹកលោហៈនៅផ្នែកខាងឆ្វេងដែលមានលំដាប់លេខរៀងពី ១ ទៅ ៦៥។
បុគ្គលិករោងចក្របង្ហាញមុខតាំងពីព្រឹកព្រលឹមដើម្បីបង្ហើយកិច្ចការសេសសល់រយៈពេល ៧ ម៉ោង។
ក្រុមបុគ្គលិកពាក់អាវពណ៌លឿងសរសេរពាក្យថា «អរគុណ Beetle ខណៈការតាំងបង្ហាញធ្វើឡើងក្នុងបរិយាកាសបែបនឹកស្រណោះចំពោះម៉ូដែលរថយន្ដដែលបានកន្លងផុតទៅជាច្រើនជំនាន់។
លោក Roberto Benitez ជាជាងម៉ាស៊ីនអាយុ ៤០ ឆ្នាំបាននិយាយថា៖ «តើមាននរណាមិនប្រាថ្នារថយន្ដបែបនេះដែលផលិតឡើងដោយដៃពលរដ្ឋម៉ិកស៊ិក?»។
បុគ្គលិកវ័យ ២៥ ឆ្នាំ Francisco Bueno ថា៖ «ស្រណោះណាស់ ពីព្រោះយើងជាចំណែកមួយក្នុងកិច្ចការផលិតនេះ។ វាជាកិច្ចការប្រចាំថ្ងៃដែលយើងខិតខំប្រឹងប្រែងដើម្បីបង្កើតលទ្ធផលដ៏អស្ចារ្យនេះ»។
រថយន្ដកាន់តែមានប្រជាប្រិយភាពនៅក្នុងភាពយន្ដ Disney ឆ្នាំ ១៩៦៨ «The Love Bug»៕ HR