ដើម្បី​លើក​កម្ពស់​គុណភាព​នៃ​ការអប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ ក្រសួង​អប់រំ យុវជន និង​កីឡា នា​ឆ្នាំ​សិក្សា​ ២០១៧-២០១៨ ​នេះ​បាន​សហការ​ជាមួយ​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា (Kampuchean Action For Primary Education) ដើម្បី​ដាក់​បញ្ចូល​នូវ​កម្មវិធី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា «​សាលា​ជំនាន់​ថ្មី​» នៅ​តាម​សាលា​គំរូ​ចំនួន ៣ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក អ៊ូ សំអេលីត នាយក​សាលាបឋមសិក្សា​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ (​ឧដុង្គ​) បាន​និយាយ​ថា​សាលា​ជំនាន់​ថ្មី​គឺជា​ឈ្មោះ​កម្មវិធី​សិក្សា​ថ្មី​មួយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​មាន​គោលបំណង​ធ្វើការ​ពង្រឹងសមត្ថភាព​បន្ថែម​ចំពោះ​សិស្ស​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​សិស្ស​នៅ​បណ្តា​ប្រទេស​នានា​លើ​សកលលោក​។

លោក​បាន​បន្ត​ថា កម្មវិធី​សាលា​ជំនាន់​ថ្មី​ផ្តោត​លើ​មុខវិជ្ជា​សំខាន់ៗ​មួយ​ចំនួន​មាន​ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (Science, Technology, Engineering and Mathematics​។

លោក សំអេលីត មាន​ប្រសាសន៍​ថា៖ «​សាលា​ជំនាន់​ថ្មី​គឺជា​កម្មវិធី​ដ៏ពិសេស​ដែល​នឹង​ជួយ​ពង្រឹងសមត្ថភាព​សិស្ស​នៅ​កម្ពុជា​ឲ្យ​ពួកគេ​អាច​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ចំណេះដឹង​ជា​លក្ខណៈ​អន្តរជាតិ​បាន​ប្រកប​ដោយ​ភាព​ជោគជ័យ​»​។

កម្មវិធី​សាលា​ជំនាន់​ថ្មី​មាន​ភាព​ខុស​គ្នា​ពី​កម្មវិធី​ដែល​សាលា​ចំណេះដឹង​ទូទៅ​នានា​កំពុង​អនុវត្ត​មួយ​ចំនួន​ដូចជា ៖

-​ការសិក្សា​មាន​ ២ ​ពេល​ក្នុង​ ១ ​ថ្ងៃ​ (៧ ​ម៉ោង​) ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍

-​សិស្ស​ក្នុង​ ១ ​ថ្នាក់​ត្រូវ​បាន​កំណត់​ចន្លោះ​ពី ៣០-៣៥ ​នាក់

-​មាន​សម្ភារ​ឧបទេស​គ្រប់គ្រាន់​ក្នុង​ការរៀន និង​បង្រៀន

-​មាន​កម្មវិធីសិក្សា​ភាសាបរទេស និង​កុំព្យូទ័រ​ជាដើម​។

សម្រាប់​ឆ្នាំ​សិក្សា​ ២០១៧-២០១៨ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​នេះ​នៅ​សាលា​គោលដៅ​ចំនួន​ ៣ ដែល​រួមមាន វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ (​ក្រុងភ្នំពេញ​) សាលា​បឋមសិក្សា​អង្គរ​បាន​ (​ខេត្ត​កំពង់ចាម​) និង​សាលា​បឋម​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ (​ឧដុង្គខេត្ត​កំពង់ស្ពឺ​)​។

ថ្នាក់រៀន​មួយ​នៃ​សាលា​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ​។ផា លីណា

បន្ទាប់ពី​សាលា​ទាំង​ ៣ ​ខាង​លើ​នៅ​ពេល​ខាង​មុខ​ក្រសួង​ក៏​គ្រោង​នឹង​បញ្ចូល​កម្មវិធី​នេះ​ទៅតាម​បណ្តា​សាលា​នានា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​។

បើ​តាម​លោក សំអេលីត បញ្ជាក់​ថា​បច្ចុប្បន្ន​ដំណើរការ​កម្មវិធី​សាលា​ជំនាន់​ថ្មី​នៅ​សាលា​របស់​លោក​មិន​ទាន់​បាន​ពេញលេញ​នៅ​ឡើយ​ទេ តែ​វា​នឹង​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​។

បច្ចុប្បន្ន​សាលា​បឋមសិក្សា​សម្តេច​ព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ (​ឧដុង្គ​) មាន​សិស្ស​កំពុង​សិក្សា​កម្រិត​បឋមសិក្សា​ចំនួន​ ១៤០៤ ​នាក់

(​ស្រី​ ៦៨៣ ​នាក់​) និង​កម្រិត​មត្តេយ្យ​សិក្សា​ចំនួន​ ១២០ ​នាក់​។

សាលា​ជំនាន់​ថ្មី គឺជា​ឈ្មោះ​កម្មវិធី​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​កម្ពុជា​ដោយ​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា​។ កម្មវិធី​នេះ​ត្រូវ​បាន​អង្គការ​កំពុង​អនុវត្ត​នៅ​សាលា​ប្រហែល​ ១០ ​នៅ​កម្ពុជា​៕