ក្នុង​ចំណោម​សិស្ស​និស្សិត​រាប់ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ប្រឡង​បញ្ចប់​ការសិក្សា​ផ្នែក​ជំនាញ​សវនកម្ម CAT 2017 កាលពី​ពេល​ថ្មីៗ​នេះ​ជា​មោទនភាព​និស្សិត​កម្ពុជា​មកពី​សាលា CamEd កញ្ញា ខ្លូត ហេឡែន ទទួល​បាន​ពិន្ទុ ៨៧​ ​លើ​ ១០០ ដែល​ជា​តួលេខ​ពិន្ទុ​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​នេះ និង​បញ្ជាក់​ថា នាង​ឈរ​នៅ​លំដាប់​លេខ​ ១ នៅ​ទូទាំង​ពិភពលោក​សម្រាប់​វិញ្ញាសារ​សវនកម្ម​សរសេរ​ដោយ​ដៃ​។

បច្ចុប្បន្ន​កញ្ញា ខ្លូត ហេឡែន (Khlot Helene) ជា​បុគ្គលិក​សវនករ (PWC Auditor) នៅ​ក្រុមហ៊ុន PWC​។ ក្នុង​វ័យ​ជាង ២០ ​ឆ្នាំ​កញ្ញា​ទើប​បាន​ប្រឡង​បញ្ចប់​ការសិក្សា ផ្នែក​គណនេយ្យ និង​សវនកម្ម (BA and CAT) នៅ​សាកល​វិទ្យាល័យ CamEd កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៧ ថ្មីៗ​នេះ​ដោយ​លទ្ធផល​ពិន្ទុ​នៃ​ការប្រឡង​កម្រិត CAT របស់​កញ្ញា​ទទួល​បាន ៨៧ ​ពិន្ទុ​ក្នុង​ចំណោម​ពិន្ទុ​ពេញ​ ១០០ ​ពិន្ទុ សម្រាប់​វិញ្ញាសារ​ប្រឡង​ផ្នែក​សវនកម្ម​សរសេរ​ដោយ​ដៃ​។ ជាមួយ​គ្នា​នេះ​ដែរ​កញ្ញា​ក៏​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ទំនាក់​ទំនង​វិជ្ជាជីវៈ (Bacelure of Professional Communication) ពី​មហាវិទ្យាល័យ IFL នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពី​ពាក់​កណ្តាល​ឆ្នាំ​ ២០១១​។

កញ្ញា​បញ្ជាក់​ថា៖ «​ក្រោយពី​ការខិតខំ​រៀនសូត្រ​រយៈពេល​ ៤ ​ឆ្នាំ​របស់​នាង​ខ្ញុំ ជា​លទ្ធផល​គឺ​ការប្រឡង​ជាប់​សញ្ញាបត្រ BA នៅ​សាលា CamEd និង​ប្រឡង​ជាប់​ផ្នែក​សវនកម្ម CAT 2017 ដែល​គេ​ទទួល​ស្គាល់​ជា​អន្តជាតិ​ដោយ​ជោគជ័យ​។ ទាំង​រូប​ខ្ញុំ និង​ក្រុមគ្រួសារ​មាន​មោទនៈភាព​ខ្លាំង​ណាស់ ព្រោះ​សញ្ញាបត្រ BA របស់ CamEd គេ​ឲ្យ​តម្លៃ​ខ្ពស់​នៅ​កម្ពុជា ចំណែក​សញ្ញាបត្រ CAT នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​»​។

បន្ថែម​ពី​លើ​ការទទួល​បាន​សញ្ញាបត្រ​របស់​ខ្លួន​ដែល​គេ​ឲ្យ​តម្លៃ​ខ្លាំង​ជា​អន្តរជាតិ​នោះ​កាលពី​អំឡុង​ខែ​មករា​ថ្មីៗ​នេះ «​សាលា CamEd និង​រូបខ្ញុំ​ផ្ទាល់ ទើប​ទទួល​បាន​សារ Email ពី​គណៈកម្មការ​ប្រឡង CAT នៅ​ប្រទេស​អង់គ្លេស ប្រាប់​ថា​ពិន្ទុ​​ ៨៧ លើ​ ១០០ សម្រាប់​វិញ្ញាសារ CAT សរសេរ​ដោយ​ដៃ​របស់​ខ្ញុំ​នេះ គឺជា​ពិន្ទុ​ខ្ពស់​ដាច់​គេ​ក្នុង​ចំណោម​បេក្ខជន​ប្រឡង CAT 2017 នៅ​ទូទាំង​ពិភពលោក​។ នេះ​បញ្ជាក់​ថា​ខ្ញុំ​ឈរ​នៅ​ចំណាត់ថ្នាក់ លេខ​ ១ សម្រាប់​វិញ្ញាសារ​នេះ​»​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​កញ្ញា ហេឡែន​។

«​ដំណឹង​នេះ​ធ្វើឲ្យ​រូបខ្ញុំ លោក​ឪពុក​អ្នក​ម្តាយ បងប្អូន ញាតិមិត្ត និង​សាលា​មាន​ក្តីរំភើប​ក្រៃលែង​អំពី​លទ្ធផល​នៃ​ការសិក្សា​របស់​ខ្ញុំ​ពី​សាលា CamEd»​។

កញ្ញា​បន្ត​ថា​សម័យ​ប្រឡង CAT 2017 គេ​មាន​ការ​បែងចែក​ជា​ ២ ​ប្រភេទ​វិញ្ញាសារ ៖ ១- ​វិញ្ញាសារ​ប្រឡង​តាម​សំណេរ​ដោយ​ដៃ «​គេ​ហៅ​កាត់​ថា PBE គឺ​វិញ្ញាសារ CAT សរសេរ​ដោយ​ដៃ នេះ​ហើយ​ដែល​ខ្ញុំ​ជ្រើសរើស​យក​» និង​ ២- ​គេ​ហៅ​កាត់​ថា CBE គឺ​វិញ្ញាសារ​បំពេញ​តាមរយៈ​ម៉ាស៊ីន​កុំព្យូទ័រ​។

កញ្ញា ហេឡែន បាន​រំឭក​ថា​នៅ​ពេល​ចាប់ផ្តើម​រៀន​នៅ CamEd សាលា​បាន​ដាក់​លំហាត់ (Asigments) ជាច្រើន​រៀងរាល់​សប្តាហ៍ ហើយ​ភាគច្រើន​លោកគ្រូ​អ្នកគ្រូ​តម្រូវ​ឲ្យ «​ពួកយើង​មិត្ត​រួម​ថ្នាក់​»​ធ្វើ Assignments ទាំង​នោះ​ជា​ក្រុមៗ​តែម្តង​។ «​របៀប​រៀន​តាំងពី​ឆ្នាំ​ទី​ ១ នៅ CamEd គឺ​ពិតជា​តឹងតែង​ពិបាក​មែន ប៉ុន្តែ​នោះ​គឺជា​គន្លឹះ​នៃ​ជោគជ័យ​សម្រាប់​សិស្ស លំហាត់​ទាំង​នោះ​ឲ្យ​យើង​ចេះ​ចាប់ផ្តើម​ដោះស្រាយ​បញ្ហា រក​ចំណុច​រួម​មួយ​ត្រឹមត្រូវ​ទាំង​នៅ​ក្នុង​ចំណោម​ក្រុម​របស់​យើង​នីមួយៗ​ជា​បណ្តើរ និង​ក្នុង​សង្គម​»​។ នេះ​បើ​តាម​សម្តី​របស់ ហេឡែន​។ «​ទម្លាប់​ការងារ​ជា​ក្រុម​បែប​នេះ​គឺ​លោកគ្រូ​អ្នកគ្រូ​គាត់​មាន​គោលដៅ​ច្បាស់លាស់​ចង់​ឲ្យ​យើង​ចេះ​សំយោគ​ខ្លួន​ទៅ​ក្នុង​ក្រុម​សង្គម ឆ្ពោះ​ទៅ​ស្វែងយល់​ដោះស្រាយ​បញ្ហា​ធំ​» ជា​លក្ខណៈ​ក្រុម ក្រុមហ៊ុន សហគមន៍ ទាំង​នៅ​ក្នុង​ថ្នាក់រៀន សាលា នៅ​ខាង​ក្រៅ​សាលា និង​នៅ​តាម​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ទៀត​ផង​។

តាមរយៈ​លំហាត់ បទពិសោធ​នៃ​មេរៀន​ផ្នែក​គណនេយ្យ សវនកម្ម និង​រួមទាំង​មុខវិជ្ជា​ផ្សេងៗ​ទៀត​ដែល​សាលា​ផ្តល់​ជា​កម្មវិធី​សិក្សា​ដល់​សិស្ស​នៅ​សាលា CamEd បែប​នេះ​ហើយ​ដែល​បាន​ស្ថាបនា​មូលដ្ឋានគ្រឹះ​ចំណេះដឹង​ដ៏រឹងមាំ និង​ទូលំទូលាយ​ដល់​សិស្ស​និស្សិត​ផ្សេង​ទៀត​រួមទាំង​កញ្ញា ហេឡែន រហូត​ទទួល​បាន​លទ្ធផល​ដ៏ត្រចះ​ត្រចង់​បែប​នេះ​។

ហើយ​អ្វី​ដែល​សំខាន់​នោះ «​គឺ​វិន័យ​ច្បាស់លាស់ គណៈ​គ្រប់គ្រង​សាលា សាស្ត្រាចារ្យ​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​ទាំងអស់​នៅ CamEd គឺ​ពួកគាត់​សុទ្ធសឹង​ជា​បុគ្គល​មាន​ទេពកោសល្យ​វិធីសាស្ត្រ​ក្នុង​ការ​បង្រៀន និង​មាន​ភ្ជាប់​ទាំង​បទពិសោធ​ការងារ​ជាក់ស្តែង​លើក​មក​បង្ហាត់​បង្ហាញ​ដល់​ពួកយើង​គ្រប់​គ្នា​» នេះ​បើ​តាម​ការបញ្ជាក់​របស់​កញ្ញា ហេឡែន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ មុន​ពេល​ដែល​កញ្ញា​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​ការងារ​នៅ​ក្រៅ​ប្រទេស​កាលពី​សប្តាហ៍​មុន​៕