វិស័យ​អាកាសចរណ៍​នាពេល​បច្ចុប្បន្ន​មាន ការ​រីកចម្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ក្នុង​ព្រះរាជាណាចក្រ​នេះ​មាន​ចំនួន ​៧ ​ក្រុមហ៊ុន និង​មាន​ព្រលាន​យន្តហោះ​ធំៗ ៣ ទីតាំង​កំពុង​ប្រតិបត្តិការ​យ៉ាង​មមាញឹក​។ ប៉ុន្តែ​អ្វី​ដែល​គួរ​រំឭក​ដែរ​នោះ គឺ​កម្ពុជា​ហាក់​បាន​ភ្លេច​មរតក​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ដែល​កាល​នោះ​រាជាណាចក្រ​កម្ពុជា​មាន​ព្រលានយន្តហោះ​រហូត​ដល់​ ១៤ ​កន្លែង និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ ១ ​ដ៏សកម្ម​បំផុត​។

តើ​អតីត​អាកាសយានដ្ឋាន​ទាំង ១៤ ​កន្លែង​នោះ​មាន​នៅ​ទីណា​ខ្លះ​? តើ​មរតក​ទាំង​នោះ​អាច​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ ឬ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សម័យ​បច្ចុប្បន្ន​ដែរ​ឬ​ទេ​?

ជា​ការពិត​ប្រទេស​កម្ពុជា​មាន​ព្រលាន​យន្តហោះ​ពី​អតីតកាល ១៥ ​ទីតាំង​ស្ថិត​នៅ​តាម​ខេត្ត​ក្រុង​មួយ​ចំនួន​ដូចជា រាជធានី​ភ្នំពេញ សៀមរាប ក្រុង​ព្រះសីហនុ កោះកុង កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ និង​ក្រុង​ប៉ៃលិន​។

ខាង​ក្រោម​នេះ​គឺជា​ការបង្ហាញ​អំពី​ទីតាំង និង​ប្រវត្តិ​ខ្លះៗ​នៃ​អតីត​ព្រលាន​យន្តហោះ​សំខាន់ៗ​មួយ​ចំនួន​ដែល​ស្ទើរតែ​នៅ​រ៉ាយប៉ាយ​ទូទាំង​ផ្ទៃ​ប្រទេស​កម្ពុជា ដូច​ខាង​ក្រោម ៖

១- អាកាសយានដ្ឋាន​ជាតិ និង​អន្តរជាតិ​ភ្នំពេញ ៖ ឈរ​នៅ​លំដាប់​ទី​ ១ សម្រាប់​ប្រទេស​កម្ពុជា​ដោយសារ​ព្រលានយន្តហោះ​នេះ​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ វា​មាន​សកម្មភាព​រស់រវើក​គ្រប់​សម័យកាល​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់ ហើយ​ជារឿយៗ​ព្រលាន​នេះ​ក៏​បាន​ធ្វើការ​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ​។ ក្នុង​ឋានៈ​ជា​ព្រលានយន្តហោះ​អន្តរជាតិ​សម្រាប់​ប្រទេស​កម្ពុជា​ព្រលាន​នេះ​មាន​សមត្ថភាព​អាច​ចុះចត និង​ហោះហើរ​បាន​ស្ទើរ​តែ​គ្រប់​ប្រភេទ​យន្តហោះ​ទាំងអស់​។

តួលេខ​ចុងក្រោយ​ប្រចាំ​ឆ្នាំ​ ២០១៦ របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា ព្រលាន​យន្តហោះ​ភ្នំពេញ​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ ១,១៦៤,២៤០ ​នាក់​។

២- ​អាកាសយានដ្ឋាន​ជាតិ និង​អន្តរជាតិ​សៀមរាប ៖ ឈរ​នៅ​លំដាប់​ទី​ ២ និង​ជា​ព្រលានយន្តហោះ​ដែល​តែងតែ​ទទួល​បាន​ការកោត​សរសើរ​ពី​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក​ថា «​ជា​ព្រលានយន្តហោះ​តូច​ច្រឡឹង ស្រស់​ស្អាត​នៅក្នុង​តំបន់​» គឺ​រាប់ទាំង​រចនាប័ទ្ម​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ និង​សេវាកម្ម​ដ៏រស់រវើក​។

កាលពី​ឆ្នាំ​ ២០០៥ ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​បាន​ធ្វើការ​អភិវឌ្ឍ​ជា​លើក​ចុងក្រោយ ដើម្បី​លើកស្ទួយ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​មាន​លទ្ធភាព​អាច​ចុះចត​បាន​ចាប់ពី​ប្រភេទ​យន្តហោះ​តូច​រហូត​ដល់​យន្តហោះ​ធំៗ​ប្រភេទ Boeing 737 និង Airbus A320 ជាដើម​។

តួលេខ​ប្រចាំ​ឆ្នាំ​ ២០១៦ អាកាសយានដ្ឋាន​សៀមរាប​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​ ១,៥០៧០៣៩ ​នាក់​។

៣- ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ (​កងកេង​) ៖ ព្រលាន​យន្តហោះ​នេះ​ត្រូវ​បាន​ជួសជុល និង​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះឯង ដើម្បី​ផ្តល់​សេវាកម្ម​ដល់​យន្តហោះ​ប្រភេទ Boeing 737 និង Airbus A320 ផង​ដែរ​។ ប៉ុន្តែ​តួលេខ​នៃ​អ្នក​ដំណើរ​ឆ្លងកាត់​ព្រលាន​នេះ​មាន​ត្រឹមតែ ៣៣,០៨៨ ​នាក់​ប៉ុណ្ណោះ​នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៦ របស់​ក្រសួង​ទេសចរណ៍​។ ព្រលាន​យន្តហោះ​កងកេង​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​អំឡុង​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ដោយ​សាងសង់​នៅ​លើ​ផ្ទៃដី​ជិត​ ១០០០ ​ហិកតា​នៅ​ក្បែរ​មាត់សមុទ្រ​នា​ជាយ​ឧទ្យាន​ជាតិ​រាម ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​រាម ខណ្ឌ​ព្រៃនប់ ក្រុង​ព្រះសីហនុ​។

ប៉ុន្តែ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៦ លោក យន្ត មីន គណៈអភិបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ថា៖ «​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ (​កងកេង​) មាន​ទំហំ​ផ្ទៃដី​ជាង​ ៧០០ ​ហិកតា​នឹង​ក្លាយ​ជា​ព្រលាន​យន្តហោះ​ធំជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​»​។

ព្រលាន​យន្តហោះ​កងកេង​មាន​សក្តានុពល​យ៉ាង​ខ្លាំង​ដោយសារ​ស្ថិត​នៅ​តំបន់​ទេសចរណ៍​នៃ​ខេត្ត​មាត់សមុទ្រ​កម្ពុជា​ដែល​ត្រូវ​បាន​កត់ត្រា​ចូល​ទៅ​ក្នុង​បញ្ជី​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​របស់​ពិភពលោក​តាំង​ពី​ឆ្នាំ​ ២០១១ មក​ម្ល៉េះ​។ ក្រុង​ព្រះសីហនុ គឺជា​ទីក្រុង​កំពង់ផែ​សមុទ្រ​តែ​មួយ​គត់ និង​ជា​ច្រក​សេដ្ឋកិច្ច​ដ៏សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា ហើយ​មាន​ទាំង​ប្រព័ន្ធ​គមនាគមន៍​ផ្លូវគោក ផ្លូវដែក និង​ផ្លូវអាកាស តភ្ជាប់​ទៅ​រាជធានី​ភ្នំពេញ​។ ម្យ៉ាង​ទៀត​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ខេត្ត​ព្រះសីហនុ​ក៏​កំពុង​ក្លាយ​ជា​គោលដៅ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ទាំង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​បរទេស ជាពិសេស​ពី​ប្រទេស​ចិន​។

៤- ​អាកាសយានដ្ឋាន​ខេត្ត​បាត់ដំបង​៖ ព្រលាន​យន្តហោះ​ខេត្ត​បាត់ដំបង ត្រូវ​បាន​ស្ថាបនា​ឡើង​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ផង​ដែរ និង​ធ្លាប់​ជា​ព្រលាន​យន្តហោះ​ដែល​មាន​សកម្មភាព​មមាញឹក​បង្គួរ​កាលពី​សម័យ​នោះ​។

ប៉ុន្តែ​ដោយសារ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្គ្រាម​កាលពី​អំឡុង​ឆ្នាំ​ ១៩៧០ និង​ជាពិសេស​ក្នុង​របប​ប៉ុលពត​រវាង​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩ ព្រលានយន្តហោះ​នា​ខេត្ត​ជង្រុក​ស្រូវ​នៃ​ភាគ​ខាង​លិច​ទីក្រុង​ភ្នំពេញ​នេះ​បាន​ផ្អាក​ដំណើរការ​ស្ទើរតែ​ទាំង​ស្រុង​តែ​ម្តង​។ បន្ទាប់ពី​របប ប៉ុលពត ដួល​រលំ​ទៅ​រដ្ឋាភិបាល​ថ្មី និង​ប្រជាជន​កម្ពុជា​ក៏​ចាប់ផ្តើម​រស់រាន​មាន​ជីវិត​ឡើង​វិញ ទន្ទឹម​នឹង​នោះ​ព្រលានយន្តហោះ​បាត់ដំបង​ក៏​ត្រូវ​បាន​បើក​ដំណើរការ​ឡើងវិញ​ទាំង​រអាក់រអួល​ផងដែរ ប៉ុន្តែ​គឺ​ទើប​តែ​មក​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន​នេះ ទើប​សេវាកម្ម​ទាំង​ស្រុង​នៃ​ព្រលាន​យន្តហោះ​ខេត្ត​បាត់ដំបង ត្រូវ​បាន​អាក់ខាន​ទាំង​ស្រុង​តែ​ម្តង​។

ទិដ្នភាព​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន​នៃ​អតីត​ព្រលានយន្តហោះ​ខេត្ត​បាត់ដំបង​។ រូបថត Charlotte Pert

កាលពី​ចុង​សប្តាហ៍​មុន​មន្ត្រី​ជាន់​ខ្ពស់​ ១ ​រូប​នៃ​គណៈអភិបាលខេត្ត​បាត់ដំបង ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា៖ «​ទីតាំង​ដ៏ធំ​នៃ​ព្រលាន​យន្តហោះ​នេះ​គឺ​នៅ​តែ​ត្រូវ​បាន​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​ដដែល គឺ​ពុំ​មាន​បុគ្គល​ណា​ហ៊ាន​រំលោភ​បំពាន​ទេ​»​។ លោក​បន្ត​ថា៖ «​ថ្នាក់​ខេត្ត​ពុំ​បាន​ដឹង​ច្បាស់លាស់​ពី​ព្រលាន​យន្តហោះ​នេះ​ទេ ព្រោះ​វា​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​»​។

៥- ​អាកាសយានដ្ឋាន​ខេត្ត​កោះកុង​៖ ទីក្រុង​ខេមរភូមិន្ទ អតីត​ទី​រួម​ខេត្ត​កោះកុង មាន​ចម្ងាយ​ ២៧១ ​គីឡូម៉ែត្រ ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ​។ ដោយសារ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​យានយន្ត​មាន​ការ​លំបាក​ខ្លាំង​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ និង​ឆ្នាំ​ ១៩៦០ ទើប​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កសាង​ព្រលានយន្តហោះ​ក្រុង​ខេមរភូមិន្ទ ហើយ​បាន​បើក​ដំណើរការ​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​រហូត​សម័យ​ប៉ុលពត ​(១៩៧៥-៧៩) ​ទើប​ផ្អាក​ដំណើរការ​។ រួច​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ចាប់ពី​សម័យ UNTAC និង​ការរៀបចំ​ការបោះឆ្នោត​ជាតិ​លើក​ទី​ ១ ឆ្នាំ​ ១៩៩៣​។ ហើយ​ជា​ចុងក្រោយ​នៅ​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០ គឺ​រាល់​សកម្មភាព​ដឹកជញ្ជូន​ផ្លូវអាកាស​រវាង​ខេត្ត​កោះកុង-ភ្នំពេញ ត្រូវ​បាន​ផ្អាក​ជា​ស្ថាពរ​។

បច្ចុប្បន្ន​នៅក្នុង​របង​បេតុង​យ៉ាង​រឹងមាំ​មាន​កម្ពស់​ជាង​ ២ ​ម៉ែត្រ​នោះ​ឃើញ​មាន​តែ​ឧទ្ធម្ភាគចក្រ​យោធា​ ១ ​គ្រឿង​ត្រូវ​បាន​គេ​ចត​ចោល​នៅ​ក្នុង​ព្រលាន​នោះ ចំណែកឯ​អតីត​ផ្លូវ​យន្តហោះ​រត់​ឡើង​ចុះ នោះ​ត្រូវ​បាន​គ្របដណ្តប់​ដោយ​ស្មៅ និង​ព្រៃ​តែ​ម្តង​។ របង​ដ៏រឹងមាំ​ដែល​គេ​បាន​សាងសង់​ព័ទ្ធជុំវិញ​ព្រលាន​យន្តហោះ​នេះ គឺ​នៅ​តែ​ខណ្ឌ​ចែក​បរិវេណ​ព្រលាន​យន្តហោះ​នេះ​ជាមួយ​នឹង​ដី​កម្មសិទ្ធិ​ផ្សេងៗ​នៅ​ព័ទ្ធជុំវិញ​តំបន់​នោះ​យ៉ាង​ច្បាស់​លាស់​ដដែល​។

មន្ត្រី​យោធា​វ័យ​ប្រមាណ​ ៤០ ​ឆ្នាំ​​ ១ ​រូប​ដែល​ប្រចាំការ​នៅ​ទីតាំង​ព្រលាន​យន្តហោះ​ខេត្ត​កោះកុង​ជាង​ ១០ ​ឆ្នាំ​មក​ហើយ​បាន​សន្និដ្ឋាន​ថា​៖ «​បណ្តោយ​ពី​លិច​ទៅ​កើត​នៃ​ព្រលានយន្តហោះ​នេះ​មាន​ប្រវែង​ជាង​ ៣ ​គីឡូម៉ែត្រ និង​ទទឹង​ប្រហែល​ ២ ​គីឡូម៉ែត្រ​»​។ លោក​បន្ត​ថា​៖ «​ក្រៅពី​ឧទ្ធម្ភាចក្រ​របស់​មេ​គាត់​ត្រូវ​ចុះឡើង​ម្តងម្កាល គឺ​មិន​ដែល​ឃើញ​មាន​យន្តហោះ​ណា​មក​ចុះ​ចត​នៅ​ព្រលាន​នេះ​ទេ​។ តួនាទី​របស់​ខ្ញុំ គេ​ឲ្យ​នៅ​ការពារ​ថែរក្សា​ព្រលាន​នេះ​»​។

៦- ​អាកាសយានដ្ឋាន​រតន​គិរី​៖ ដោយ​ស្ថិត​នៅ​លើ​ចម្ងាយ​ផ្លូវ ៥៨៨ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ទីក្រុង​បានលុង អតីត​ទី​រួម​ខេត្ត​រតនគិរី​ដែល​ជា​ខេត្ត​ទេសចរណ៍​ធម្មជាតិ​នា​ភូមិភាគ​ឦសាន្ត​ដ៏ល្បីល្បាញ​មួយ​នេះ ស័ក្តិសម​នឹង​មាន​ព្រលាន​យន្តហោះ និង​ការ​ធ្វើ​ដំណើរ​ដោយ​ផ្លូវអាកាស​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ​ក៏​ដូចជា​ប្រជាជន​ក្នុង​មូលដ្ឋាន​ផង​ដែរ​។ ការពិត​ទីក្រុង​បាន​លុង​មាន​ព្រលាន​យន្តហោះ​តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ មក​ម្ល៉េះ ហើយ​ព្រលានយន្តហោះ​នេះ​នៅ​តែ​តស៊ូ​ដំណើរការ​រហូត​ដល់​ឆ្នាំ​ ២០០៦ ទើបត្រូវ​បាន​ផ្អាក​ដំណើរការ​ទាំង​ស្រុង​គឺ​បន្ទាប់ពី​ការផ្អាក​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក គឺ​ក្រុមហ៊ុន President Airline និង Phnom Penh Airways​។

លោក ង៉ែត វិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹងថា​៖ «​នៅ​អាកាសយានដ្ឋាន​រតនគិរី គឺ​ពុំ​មាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ធំដុំ​រឹងមាំ​នោះ​ទេ ហើយ​សូម្បីតែ​ផ្លូវ​យន្តហោះ​ចុះ​ឡើង​ក៏​ជា​ដី​ក្រួស​ក្រហម​ដែរ​។ ប៉ុន្តែ​បរិវេណ​ព្រលាន​យន្តហោះ​នេះ​មាន​ផ្ទៃដី​ធំ​ទូលាយ និង​មាន​ចម្ងាយ​ផ្លូវ​សម្រាប់​យន្តហោះ​រត់​ឡើង-ចុះ ប្រវែង​ជាង ៣ ​គីឡូម៉ែត្រ​»​។

សូម​រំឭក​ថា​អាកាសយានដ្ឋាន​ខេត្ត​រតនគិរី​បាន​បើក​ដំណើរ​ឡើងវិញ​ចាប់ពី​ឆ្នាំ​ ១៩៩៦ ដល់​ឆ្នាំ​ ២០០៦ ដោយ​មាន​ការហោះហើរ​ប្រចាំ​សប្តាហ៍​ជាច្រើន​ជើង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក ដូចជា​ក្រុមហ៊ុន Royal Air Cambodge (​រ៉ូយ៉ាល់ កាំខែមបូត​) ក្រុមហ៊ុន Phnom Penh Airways (​ភ្នំពេញ​អ៊ែវេ​) និង​ក្រុមហ៊ុន President Airlines (​ប្រេស៊ីឌិន អ៊ែឡាញ​)៕