The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា និង​អង់គ្លេស គឺជា​ដៃគូ​នៅក្នុង​កម្មវិធីសិក្សា​ជំនាញ STEM

កម្ពុជា និង​អង់គ្លេស គឺជា​ដៃគូ​នៅក្នុង​កម្មវិធីសិក្សា​ជំនាញ STEM

Content image - Phnom Penh Post
រ៉ូបូត និង​បច្ចេកវិជ្ជា​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​សក្តានុពល​ខ្លាំង​នៅ​កន្លែង​ធ្វើការ​នាពេល​អនាគត​។ រូបថត British Embassy/ Facebook

កម្ពុជា និង​អង់គ្លេស គឺជា​ដៃគូ​នៅក្នុង​កម្មវិធីសិក្សា​ជំនាញ STEM

ចាប់​តាំងពី​ឆ្នាំ​ ២០១៥ មក​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​​ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា (MOEYS) បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​​ការជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​។ ស្ថានទូត​អង់គ្លេស​​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​គម្រោង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​នៅ​ជុំវិញ​​ប្រធានបទ និង​កម្មវិធីសិក្សា STEM ហើយ​ស្ថានទូត​​អង់គ្លេស​នៅ​តែ​ជា​ជម្រើស​ដៃគូ​ដ៏សំខាន់​របស់​កម្ពុជា​នៅពេល​និយាយ​ដល់​កម្មវិធី​​សិក្សា STEM ។

ទម្រង់ និង​ការយល់ដឹង​អំពី​ការសិក្សា​លើ​ជំនាញ STEM ត្រូវ​បាន​លើកកម្ពស់​និង​ផ្សព្វផ្សាយ​យ៉ាងសកម្ម​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយសារ​តែ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​។

ទាំង​ ២ ​ភាគី​បាន​រួម​គ្នា​ជួយ​បង្កើន​ចំនួន​សិស្សានុសិស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​សិក្សា​លើ​ជំនាញ STEM ទាំង​នៅ​សាលា​ចំណេះដឹង​ទូទៅ និង​នៅឯ​​សាកលវិទ្យាល័យ​ឲ្យ​កើន​​ឡើង​។ សិស្ស និង​ឪពុកម្តាយ​ពួកគេ​ត្រូវ​បាន​ពន្យល់​ប្រាប់​អំពី​អត្ថប្រយោជន៍​នៃ​ការសិក្សា​មុខវិជ្ជា STEM នេះ​និង​បង្ហាញ​ពួកគេ​អំពី​ឱកាស​ការងារ​ដ៏ល្អ​នៅពេល​ពួកគេ​បញ្ចប់​ការសិក្សា​លើ​ជំនាញ STEM ហើយ​ស្ថានទូត​អង់គ្លេស​កំពុង​សម្លឹង​មើល​ទៅ​ពេលអនាគត​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​រក្សា​នូវ​ជំនាញ​ទាំងនេះ​ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​សម្រាប់​អនាគត​ប្រទេស​កម្ពុជា​។

Content image - Phnom Penh Post
ការពិសោធ និង​អនុវត្ត​ជាក់ស្តែង​ជួយ​បំផុសគំនិត និង​លើក​ទឹកចិត្ត​ដល់​សិស្ស និង​និស្សិត​។ រូបថត British Embassy/ Facebook

ឧទាហរណ៍​ប្រភេទ​នៃ​ការផ្តួចផ្តើម​ដែល​ក្រសួង​អប់រំ និង​ស្ថានទូត​អង់គ្លេស​បានធ្វើ​យ៉ាងសកម្ម​នៅ​ក្នុង​ការសម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​គឺ​រួមមាន​ទាំង​គម្រោង STEM Roadshow Bus ផង​ដែរ​។

គម្រោង​នេះ​គឺ​ប្រើប្រាស់​រថយន្ដ​ធ្វើ​ដំណើរ​ទៅ​ទូទាំង​​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ​សិស្សានុសិស្ស​ឲ្យ​មាន​ការយល់ដឹង និង​អនុវត្ត​ជាក់ស្តែង​​លើ​មុខវិជ្ជា STEM ។ លើកកម្ពស់​ការយល់ដឹង និង​បង្កើត​សកម្មភាព​សប្បាយ​​រីករាយ​ដល់​សិស្ស​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​លើក​កម្ពស់​មុខវិជ្ជា STEM ហើយ​រថយន្ត STEM Bus បាន​ផ្សព្វផ្សាយ​ទៅ​ដល់​សិស្សានុសិស្ស​តាម​សាលារៀន​ផ្សេងៗ​​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ការផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ពិសេស​ដើម្បី​​ឱ្យ​សិស្ស​ទទួល​បាន​នូវ​ភាពសប្បាយរីករាយ និង​ធ្វើឲ្យ​ពួកគេ​ចង់​ចេះ​ចង់​ដឹង​មុខវិជ្ជា STEM ដោយ​មាន​ការចូលរួម​រៀន​ជា​ក្រុម​ជាពិសេស​គឺ​មាន​ការប្រាស្រ័យ​ទាក់ទង​រវាង​សិស្ស គ្រូ និង​ឪពុកម្តាយ​របស់​ពួកគេ​ផ្ទាល់​។

សៀវភៅ​មគ្គុទ្ទេសក៍​អាជីព​ការងារ STEM Career Guide Book គឺជា​គំនិត​ផ្តួចផ្តើម​រួមមួយ​ទៀត​ហើយ​វា​ក៏​ជា​​ប្រភេទ​សៀវភៅ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ សៀវភៅ​មគ្គុទ្ទេសក៍​នេះ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​បង្ហាញ​ដល់​យុវជន​កម្ពុជា​អំពី​ឱកាស​ការងារ​សំខាន់ៗ និង​ថ្មីៗ​ក្នុង​វិស័យ STEM ដែល​ពួកគេ​ប្រហែល​ជា​មិន​ធ្លាប់​ឮ​ក៏​ដូចជា​លើក​ទឹកចិត្ត​ឱ្យ​ពួកគេ​ចាប់​យក​មុខវិជ្ជា STEM នៅ​ថ្ងៃ​អនាគត ។

Content image - Phnom Penh Post

សៀវភៅ​នេះ​ជួយ​បំផុស​​គំនិត​របស់​សិស្សានុសិស្ស​​កម្ពុជា​ក្មេងៗ និង​ណែនាំ​ពួកគេ​ឲ្យ​សិក្សា​ជំនាញ​មួយ​ដែល​ពួកគេ​អាច​មិន​ធ្លាប់​​បាន​ឭ​ពីមុន និង​បង្ហាញ​ផ្លូវ​ដល់​ពួកគេ​ថា គួរ​ជ្រើសរើស​យក​ជំនាញ​វិជ្ជាជីវៈ​អ្វី​។ ទាក់ទង​ទៅ​នឹង​ព័ត៌មាន​ជាក់ស្តែង​សៀវភៅ​មគ្គុទ្ទេសក៍​អាជីព​ការងារ STEM Career Guide Book នេះ​គឺ​ផ្តល់​អត្ថប្រយោជន៍ និង​គុណតម្លៃ​​ខ្លាំង​ណាស់​ដល់​សិស្សានុសិស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សៀវភៅ​នេះ​នឹង​ជួយ​ពួកគេ​ឱ្យ​យល់​អំពី​តម្រូវការ​នានា​ទាក់ទង​ទៅនឹង​ជំនាញ​វិជ្ជាជីវៈ​ហើយ​វា​ក៏​ជួយ​ពួកគេ​ឱ្យ​យល់​​ដឹង​អំពី​ឱកាស​ដែល​មាន​នៅ​​ក្នុងប្រទេស​កម្ពុជា និង​នៅ​បរទេស​តាមរយៈ​ការសិក្សា​លើ​មុខវិជ្ជា STEM នេះ​ដែរ​។

Content image - Phnom Penh Post

វា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដោយ​សម្លឹង​មើល​ទៅ​អនាគត និង​ដើម្បី​ជួយ​ជំរុញ​​ឲ្យ​យុវជន​ក្មេងៗ និង​ស្ត្រី​ចាប់​យក​ការសិក្សា​ជំនាញ STEM ដើម្បី​អាច​បម្រើ​​ការងារ​នៅក្នុង​វិស័យ​ STEM បាន​។ ជាមួយ​គ្នា​​នេះ​ដែរ​សៀវភៅ Sky Pods ​សម្រាប់​កុមារ​ក៏​ត្រូវ​បាន​ចងក្រង និង​ផ្សព្វផ្សាយ​ផងដែរ​។ សៀវភៅ​នេះ​គឺជា​ស្នាដៃ​និពន្ធ​របស់​លោកស្រី​បណ្ឌិត Bryony Mathew ​អតីត​អនុប្រធាន​បេសកកម្ម​ការទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​។ សៀវ​ទៅ​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​ក្នុង​គោលបំណង​ទាក់ទាញ​កុមារ​តូចៗ​នៅ​កម្ពុជា​​អោយ​ផ្តើម​មាន​ចំណាប់អារម្មណ៍​លើ​ផ្នែក​វិស្វកម្ម ហើយ​សៀវភៅ​នេះ​មាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។

បច្ចុប្បន្ន​ស្ថានទូត​អង់គ្លេស​​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ផ្តោត​លើ​យុទ្ធនា​ការអប់រំ​ដើម្បី​លើក​កម្ពស់​បច្ចេកទេស និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​​នៅ​កម្ពុជា​ដោយ​បាន​សហការ​​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដើម្បី​បម្រើ​ដល់​សង្គមជាតិ​នាពេល​អនាគត​៕

Content image - Phnom Penh Post
អនុវត្ត​ការដោះស្រាយ​បញ្ហា​ជាក់ស្តែង​ធ្វើឲ្យ​និស្សិត​ចូលរួម​កាន់តែ​ច្រើន​។ រូបថត British Embassy/ Facebook

អត្ថបទគួរចាប់អារម្មណ៍