ទោះបី​ជា​មាន​បញ្ហា​សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ធ្លាក់​ចុះ​នៅ​តាម​តំបន់​ខ្លះ​នៃ​ពិភព​លោក​ដោយសារ Covid-19 ក៏​ដោយ ក៏​អ្នក​ដាំ​ចេក​នៅ​កម្ពុជា​កំពុង​រីករាយ​នឹង​ជំនួញ​នេះ ដោយ​បង្កើន​ការ​នាំចេញ​ចេក​យ៉ាង​លឿន បើ​ទោះបី​ជា​មាន​ការ​លំបាក​មួយ​ចំនួន​ក្តី​។​

ក្រុមហ៊ុន​ផ្លែឈើ​ក្នុង​ស្រុក​ Tropicam ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន Longmate Agriculture Co Ltd,​កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​នាំចេញ​ចេក​លឿង​ទៅ​កាន់​ប្រទេស​ចិន ​ដែល​ជា​ទីផ្សារ​ដ៏​ធំ​។​

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​តម្រូវការ​ចេក​លឿង​របស់​កម្ពុជា​បាន​កើន​ឡើង​លើស​ការ​រំពឹង​ទុក​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៨។​

លោក ឡោ ងី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tropicam បាន​ថ្លែង​ប្រាប់​ភ្នំពេញ ​ប៉ុស្ត៍ ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​ខ្លួន​បន្ត​ដំណើរការ​ធម្មតា​ដោយ បាន​នាំចេញ​ផ្លែ​ចេក​អំបូង​លឿង​ទៅ​កាន់​ទីក្រុង​សៀងហៃ ក្រុង​ស៊ិនជិន និង​បណ្តាល​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​ចិន​។ លោក​ថា៖ «​តាម​ពិត​ទៅ​អំឡុង​ពេល​កូវីដ ក្រុមហ៊ុន​នៅ​បន្ត​ដំណើរការ​ធម្មតា ហើយ​អាច​និយាយ​បាន​ថា ​ល្អ​ជាង​មុន ព្រោះ​ក្រុមហ៊ុន​យើង​ជា​ប្រភេទ​ផ្លែ​ឈើ​ហូប ចឹង​នៅ​ពេល​កូវីដ​ សន្ទុះ​នៃ​ការ​ហូប​ចុក​នៅ​ចិន​មាន​ការ​កើន​ឡើង ​ពី​មុន​យើង​នាំចេញ​ផ្លែ​ចេក ២៥០ តោន ​ក្នុង​មួយ​សប្តាហ៍ តែ​អំឡុង​ពេល​កូវីដ យើង​នាំចេញ ៣០០ តោន ក្នុង​មួយ​សប្តាហ៍​»​។​

បើ​តាម​លោក ឡោ ងី ផ្លែ​ចេក​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​នៅ​ប្រទេស​ចិន ដោយសារ​ផ្លែ​ចេក​គឺ​ជា​អាហារ​ចម្បង​ដែល​ជនជាតិ​ចិន​ចូលចិត្ត​បរិភោគ​។ លោក​ថា៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា ​ទីផ្សារ​ចិន​ល្អ​កាល​ពី​ឆ្នាំ ២០១៨ មាន​តែ ​៥ ​ក្រុមហ៊ុន​ដែល​បាន​នាំ​ចេក​ទៅ​ប្រទេស​ចិន ប៉ុន្តែ​បច្ចុប្បន្ន​មាន​ទៅ​ដល់ ២០ ក្រុមហ៊ុន ដែល​បាន​ចុះ​បញ្ជី​ព្រោះ​មាន​អ្នក​វិនិយោគិន​ចិន សហការ​ជាមួយ​​ខ្មែរ​ក្នុង​ការ​ដាំដុះ និង​នាំចេញ​ដំណាំ​ចេក​ទៅ​ប្រទេស​ចិន​។​

តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​បាន​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា ​បាន​នាំចេញ​ចេក​លឿង​ស្រស់​ចំនួន ៧២,​១៨២ តោន ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​អំឡុង​ពេល ៣ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ខណៈ​កាល​ពី​ឆ្នាំ ២០១៩ បាន​នាំចេញ​ចេក​លឿង​សរុប​ចំនួន ១៥៧.​៨១២ តោន​ហើយ​ជា​មធ្យម​ប្រទេស​នេះ​បាន​នាំចេញ​ចេក​ច្រើន​ជាង ៧៩៥ តោន ​ក្នុង​មួយ​ថ្ងៃ​។ ចេក​លឿង​ភាគ​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន ក្រៅ​ពី​នោះ​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ​និង​ជប៉ុន​។​

កម្ពុជា​មាន​អាកាសធាតុ​ត្រូពិក ត្រជាក់ ហើយ​សើម និង​មាន​ភ្លៀង ធ្លាក់​ខ្លាំង​ផ្តល់​អំណោយផល​សម្រាប់​ការ​ដាំដុះ​ចេក​ពេញ​មួយ​ឆ្នាំ​។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន Longmate បាន​ប្រកាស​ថា ​នឹង​វិនិយោគ​ទឹក​ប្រាក់ ៣២ លាន​ដុល្លារ ដើម្បី​ដាំ​ដំណាំ​លើ​ផ្ទៃដី​ប្រមាណ ១ ០០០ ហិកតា​នៅ​ស្រុក​ឈូក​ខេត្ត​កំពត​។​

លោក ឡោ ងី ឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​បាន​នាំ​ពូជ​ចេក​អំបូង​លឿង​ពី​ប្រទេស​អូស្ត្រាលី មក​ដាំ​នៅ​ស្រុក​ខ្មែរ​ដោយសារ​ដី​មាន​ជីវជាតិ​ផ្ទៃដី​ដាំដុះ​ធំ និង​មាន​អាកាសធាតុ​ល្អ​។ «​ព្រោះ​ចេក​​ត្រូវ​ការ​ទឹក​ច្រើន ត្រូវ​នឹង​អាកាសធាតុ​នៅ​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​កំពត ព្រោះ​ចេក​ដាំ​អត់​សូវ​បាន​ទេ​បើ​នៅ​ចិន ដោយសារ​តំបន់​ខ្លះ​ត្រជាក់​ពេក ហើយ​តំបន់​ខ្លះ​ក្តៅ​ពេក ដូច្នេះ​បាន​ជា​មាន​អ្នក​វិនិយោគ​ក្រៅ​ប្រទេស​​ជាច្រើន​បាន​មក​វិនិ​យោគ​ដាំ​ចេក​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​ខាង​ក្រៅ​»​។​

ក្រៅ​ពី​ការ​នាំចេញ​ផ្លែ​ចេក ក្រុមហ៊ុន Tropicam ក៏​គ្រោង​នឹង​បន្ថែម​ការ​នាំចេញ​ផ្លែ​ឈើ​មួយ​ប្រភេទ​ទៀត គឺ​ផ្លែ​ស្វាយ​កែវ​រមៀត​នៅ​ចុង​ឆ្នាំ ២០២០​។

លោក​ថា «​យើង​មាន​ចំការ​ស្វាយ​ខ្លួន​ឯង​ខ្លះ និង​បាន​សហការ​ជាមួយ​សហគមន៍ ដើម្បី​ប្រមូល​ទិញ​ស្វាយ និង​ត្រៀម​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន នៅ​ចន្លោះ​ខែ តុលា ២០២០ នេះ ប៉ុន្តែ​យើង​នាំចេញ​ដោយ​ឆ្លង​កាត់​ច្រក​​ព្រំដែន​វៀតណាម ដោយ​រំពឹង​ថា​នឹង​នាំចេញ​ផ្លែ​ស្វាយ​ឱ្យ​បាន ១០០ តោន ​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ​»​។

ជាមួយ​នឹង​ការ​នាំចេញ​នេះ​ដែរ លោក ឡោ ងី សម្តែង​អារម្មណ៍​ថា «​យើង​មាន​មោទនភាព​ដែល​អាច​នាំចេញ​ដំណាំ​កសិកម្ម​ទៅ​ក្រៅ​​ប្រទេស រួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ គឺ​រដ្ឋាភិបាល​រក​ចំណូល​តាមរយៈ​ការ​ប្រមូល​ពន្ធ យើង​ផ្តល់​ការងារ​ដល់​កសិករ​ជាង ៨០០ ​នាក់ សម្រាប់​ថែទាំ​ចំការ ហើយ​អាច​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​បាន​ទៀត​ផង​»៕