គំនិត​អាជីវកម្ម​របស់​យុវជន​កម្ពុជា​វ័យក្មេង​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ម្នាក់​គឺ​ទាក់ទង​ជាមួយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) ដើម្បី​ជួយ​គូ​ស្វាមីភរិយា​ក្នុង​ការ​រៀបចំ​ផែនការ​សម្រាប់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។ ការ​រិះរក​មធ្យោបាយ​បែប​ថ្មី​នេះ​បាន​ឈាន​ទៅ​ដល់​ការបង្កើត​កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន​ថ្មី​ដោយ​អាច​រក​ប្រាក​ចំណេញ​ពី​វិស័យ​អាពាហ៍ពិពាហ៍​ដែល​កំពុង​តែ​រីកលូតលាស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៤ កញ្ញា​ Pheng Sopeak Neary (​ផេង សុភក្តិ នារី​) ​កំពុង​អាន​អត្ថបទ​មួយ​នៅ​ក្នុង​ផ្នែក​អាជីវកម្ម​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អំពី​ជំនួញ​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​របស់​ប្រជាជន​កម្ពុជា​ដែល​កំពុង​តែ​រីក​ដុះដាល​ខណៈ​ពេល​ដែល​គំនិត​ថ្មី​មួយ​បាន​ផុស​ឡើង​។

អ្នកនាង​បាន​រំឭក​ថា៖ «​អត្ថបទ​នេះ​បាន​និយាយ​ថា គ្រាន់តែ​នៅ​ឆ្នាំ​ ២០១៣ ​មាន​ការរៀប​អាពាហ៍ពិពាហ៍​ចំនួន​ជាង​ ១២០០០ ​គូ​នៅក្នុង​រាជធានី​ភ្នំពេញ​»​។ ​អ្នកនាង​បន្ត​ថា៖ «​អត្ថបទ​នេះ​ក៏​បាន​លើក​ឡើង​ផងដែរ​ថា ប្រជាជន​កម្ពុជា​ច្រើន​ជាង​ ២០ ​ភាគរយ​មាន​អាយុ​ចន្លោះ​ពី​ ១៥ ​ទៅ​ ២៤ ​ឆ្នាំ​។ ដូច្នេះ​ខ្ញុំ​គិត​ថា​ច្បាស់​ណាស់​អាជីវកម្ម​ណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អាពាហ៍ពិពាហ៍​ត្រូវតែ​មាន​ទីផ្សារ​ដ៏ធំ​សម្បើម​មួយ​»​។

អ្នកនាង​ SopeakNeary ​កាល​នោះ​មាន​អាយុ​ ១៨ ​ឆ្នាំ​ជា​អ្នក​ហាត់​ការ​នៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គេហទំព័រ និង​ទូរស័ព្ទ​ដៃ​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា​ Codingate ​ក៏​បាន​ចាប់ផ្តើម​គិត​អំពី​មធ្យោបាយ​ដើម្បី​យក​ផលចំណេញ​ពី​ទីផ្សារ​នោះ​។

ក្រុមហ៊ុន​ដែល​នាង​ធ្លាប់​បំពេញ​ការងារ​ឲ្យ​ឈ្មោះ​ថា Codingate បាន​ធ្វើការ​ប្រជុំ​ជា​រៀងរាល់​ថ្ងៃ​សៅរ៍​ដែល​ក្នុង​នោះ​ក្រុមហ៊ុន​បាន​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ និង​អ្នក​ហាត់​ការ​របស់​ខ្លួន​ឲ្យ​ស្វែងរក​បញ្ហា​ជាក់លាក់​នៅ​ក្នុង​សង្គម និង​ដោះស្រាយ​បញ្ហា​សមស្រប​ដោយ​ការ​ប្រើប្រាស់ ICT​។ នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ​សោរ៍​មួយ​អ្នកនាង​ នារី ​បាន​ធ្វើ​បទបង្ហាញ​ពី​គំនិត​របស់​នាង ៖ ការបង្កើត​កម្មវិធី​ស្មាតហ្វូន​ដែល​ជួយ​ឲ្យ​គូ​ស្វាមីភរិយា​ដែល​ជិត​នឹង​ចូល​រោងការ​រៀបចំ​ផែនការ​អាពាហ៍​ពិពាហ៍​ដោយ​ខ្លួនឯង​បាន​យ៉ាង​រលូន​។

រូបភាព​ខ្លះៗ​នៅ​ក្នុង App Weddingate របស់​នាង នារី​។ រូបថត សហការី

កញ្ញា​បាន​ពន្យល់​ថា៖ «​នៅ​ប្រទេស​កម្ពុជា​ការរៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​មាន​ភាពស្មុគស្មាញ និង​អស់​កម្លាំង​ខ្លាំង​បំផុត​។ ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​មនុស្ស​ជាច្រើន​មាន​បញ្ហា​ក្នុង​ការ​គ្រប់គ្រង​ថវិកា​សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ ឬ​ក្នុង​ការ​ស្វែងរក​សេវាកម្ម​ស័ក្តិសម និង​មាន​តម្លៃ​សមរម្យ​»​។

គំនិត​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូត​ដល់​ពេល​កញ្ញា​បាន​បញ្ចប់​ការហ្វឹកហាត់​ការងារ​របស់​ខ្លួន​ទើប​កញ្ញា​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​គំនិត​នេះ​បាន​ពេញលេញ​។ ​ដោយ​ការ​ធ្វើការ​ជាមួយ​អ្នកបច្ចេកទេស​កុំព្យូទ័រ​វ័យក្មេង​ម្នាក់​ឈ្មោះ​ថា​លោក Chan Vanneth (​ចាន់ វណ្ណណេត​) ដែល​នាង​បាន​ជួប​នៅ​ពេល​ហ្វឹកហាត់​ការងារ​នៅ​ Codingate​។ អ្នក​ទាំង​ ២ ​បាន​សហការ​បង្កើត Weddingate ដែល​ជា​វេទិកា​អនឡាញ​មួយ​ដើម្បី​ជួយ​គូ​ស្វាមី-ភរិយា​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុម​អ្នក​ផ្តល់​សេវាកម្ម​អាពាហ៍ពិពាហ៍​ការរៀបចំ​កញ្ចប់​ថវិកា និង​រៀបចំ​បញ្ជី​ឈ្មោះ​ភ្ញៀវ​ចូលរួម​ជាដើម​។

ខណៈ​ពេល​ដែល Weddingate ​មិនមែន​ជា​ប្រព័ន្ធ​ឌីជីថល​ដំបូង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បម្រើ​សេវាកម្ម​ប្រភេទ​នេះ​តែ​វា​ជា​កម្មវិធី​ប្រភេទ​នេះ​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ទៅ​ជា​កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន និង​បញ្ចូល​មុខងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចូល​ក្នុង​នោះ​ផង​ដែរ​។

នៅ​ឆ្នាំ​ ២០១៧ កញ្ញា​នារី និង​លោក​ វណ្ណណេត បាន​បង្កើត​ទម្រង់​អាល់ហ្វា​នៃ​កម្មវិធី​នេះ​រួម​ជាមួយ​នឹង​ផែនការ​រកប្រាក់​ចំណូល​ដែល​មាន​មូលដ្ឋាន​ផ្អែក​លើ​ការផ្សាយ​ពាណិជ្ជកម្ម​។ ​អ្នក​អភិវឌ្ឍន៍​វ័យ​ក្មេង​ទាំង​ ២ ​នាក់​បាន​ដាក់ Weddingate ​ចូល​ទៅ​ក្នុង​ការប្រកួត​ប្រជែង​គម្រោង​អាជីវកម្ម​រយៈពេល​ ៦ ​ខែ​ហៅថា Cellcard Lab ដែល​ដឹកនាំ​ដោយ​សហការិយាល័យ Impact Hub និង​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ Cellcard ដែល​ជា​ក្រុមហ៊ុន ទូរគមនាគមន៍​កម្ពុជា​។ គម្រោង​របស់​ពួកគេ​ទទួល​បាន​ចំណាត់ថ្នាក់​ទី​ ៣​។

អ្នក​ទាំង​ ២ ​នេះ​បាន​ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន​ ២០០០ ​ដុល្លារ​អាមេរិក​។ ហើយ​បាន​ប្រើប្រាស់​ថវិកា​របស់​ពួកគេ​ដើម្បី​ទិញ​ឧបករណ៍ និង​បង់ថ្លៃ​ឈ្នួល​ដាក់​បង្ហាញ​កម្មវិធី​នៅលើ Google Play និង​ Apple Store​។

កញ្ញា​ Neary បាន​លាឈប់​ពី​ការងារ​របស់​នាង ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ផ្តោត​ការយក​ចិត្ត​ទុកដាក់​លើ​គម្រោង​មួយ​នេះ​ ខណៈ​ពេល​ដែល​វណ្ណណេត​នៅ​តែ​កំពុង​ធ្វើការ​នៅ Codingate​។ ដោយ​មាន​អារម្មណ៍​ថា​មិន​អាច​ទ្រទ្រង់​បន្ទុក​ការងារ​បន្ថែម​ហើយ​ក៏​បាន​ដក​ខ្លួន​ចេញ​ពី​មុខ​ជំនួញ​នេះ​ដោយ​ទុក​ឲ្យ​កញ្ញា​នារី​កាន់កាប់​គម្រោង​នេះ​ទាំង​មូល​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​កញ្ញា​នារី​មិនមែន​ធ្វើ​តែ​ម្នាក់​ឯង​ទាំងអស់​ដោយ​គ្មាន​ការ​គាំទ្រ​នោះ​ទេ​។ ​ដោយឡែក​អតីត​និយោជក​របស់​នាង​នៅ Codingate ​បាន​ផ្តល់​ការគាំទ្រ​ដោយ​ផ្តល់​នូវ​ការិយាល័យ​ក៏ដូចជា​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ផង​ដែរ​។

លោក SokSopheakmonkol ជា​នាយក​ប្រតិបត្តិ និង​ជា​សហស្ថាបនិក​របស់ Codingate បាន​មាន​ប្រសាសន៍​ថា៖ «​វា​គឺជា​បេសកកម្ម​របស់​យើង​ក្នុង​ការ​លើក​កម្ពស់​គំនិត​អាជីវកម្ម​របស់​យុវជន​តាមរយៈ​ ICT​។ យើង​ក៏​សប្បាយ​រីករាយ​ផង​ដែរ​ចំពោះ​ផលប្រយោជន៍​ជា​សាធារណៈ​ដែល​គំនិត​ច្នៃប្រឌិត​ទាំង​នេះ​អាច​នាំ​មក​ជូន​ដល់​ប្រជាជន​កម្ពុជា​»​។

កញ្ញា​ នារី ​បន្ត​អភិវឌ្ឍ​ Weddingate ​បាន​រៀបចំ​ប្រព័ន្ធ​ចម្រោះ​ចោល​មេរោគ​ និង​បន្ថែម​លក្ខណៈ​ពិសេស​ជាច្រើន​។ ​កំណែប្រែ​បច្ចុប្បន្ន​នៃ​វេបសាយ និង​កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ស្វែងរក​ និង​ទំនាក់ទំនង​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ដែល​ជា​ដៃគូ​នៃ​កម្មវិធី​ដូចជា​សេវា​ផ្តល់​ម្ហូបអាហារ​ធ្នួង និង​អ្នក​រៀប​ផ្កា​។ ​វា​ក៏​រួម​បញ្ចូល​នូវ​មុខងារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ដៃគូ​ភ្ជាប់​ពាក្យ​នឹង​គ្នា​ហើយ​អាច​ប្រើ​ដើម្បី​ប្រាប់ និង​រំឭក​មិត្ត​ភ័ក្តិ​របស់​ពួកគេ​ថា​ថ្ងៃ​សំខាន់​របស់​ពួកគេ​កំពុង​តែ​ខិតជិត​មក​ដល់ ឬ​អញ្ជើញ​ពួកគេ​ទៅ​ពិធី​មង្គលការ​តាមរយៈ​អ៊ីមែល និង​ហ្វេសប៊ុក​។

យោង​តាម​កញ្ញា​ នារី ​កម្មវិធី Weddingate ត្រូវ​បាន​គេ​ទាញ​យក​ជាង​ ២៥០ ​ដង​ដើម្បី​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ឬ​ IOS ចាប់​តាំង​ពី​ការ​សម្ភោធ​ ៤ ​ខែ​មុន​។

ប៉ុន្តែ​ការអភិវឌ្ឍ​នៅ​តែ​បន្ត​។ កញ្ញា​បាន​និយាយ​ថា កញ្ញា​គ្រោង​នឹង​ដាក់​បញ្ចូល​មុខងារ «​អំណោយ​អាពាហ៍​ពិពាហ៍​» ដែល​ភ្ញៀវ​អាច​ផ្ញើ​ប្រាក់​ចង​ដៃ​ទៅ​ឲ្យ​គូ​ស្នេហ៍​ទើប​នឹង​រៀបការ​ដោយ​ប្រើ​សេវាកម្ម​បង់​ប្រាក់​អេឡិចត្រូនិក​ដូចជា​ Wing ឬ​ Pi Pay​។​នាង​ក៏​ចង់​បន្ថែម «​កំណត់​ហេតុ​ស្នេហា​» ដែល​ជា​មុខងារ​មួយ​ដែល​គូ​ស្វាមី​ភរិយា​អាច​កត់ត្រា​នូវ​គ្រា​ដ៏គួរ​ឲ្យ​ចងចាំ​របស់​ពួកគេ និង​ការ​រំឭក​ពួកគេ​អំពី​ខួបអាពាហ៍ពិពាហ៍​ និង​ព្រឹត្តិការណ៍​ផ្សេង​ទៀត​របស់​ពួកគេ​។

កញ្ញា​បាន​និយាយ​ថា​មុខងារ​ថ្មី​នេះ​មាន​គោលបំណង​ក្នុង​ការ​ពង្រីក​ផលប្រយោជន៍​ដែល​កម្មវិធី​នេះ​អាច​ផ្តល់​ឲ្យ​បាន​។

អ្នកនាង​បាន​និយាយ​ថា៖ «​ខ្ញុំ​មិន​ចង់​បង្កើត​កម្មវិធី​ដែល​មនុស្ស​ទាំងអស់​នឹង​លុបចោល​ភ្លាម​ បន្ទាប់ពី​ថ្ងៃ​រៀបអាពាហ៍​ពិពាហ៍​របស់​ពួកគេ​នោះ​ទេ​»​។​ ​នាង​បន្ត​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ Weddingate ​ក្លាយ​ទៅ​ជា​កម្មវិធី​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​រក្សា​ទុក​ជាប់​រហូត​នៅ​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ព្រោះ​វា​បាន​បង្ហាញ​ពី​ភក្តីភាព​ពិតប្រាកដ​ក្នុង​ក្តីស្រឡាញ់​ដ៏ស្មោះស្ម័គ្រ​ជាមួយ​គ្នា​»៕