នៅក្នុង​យុគ​ព័ត៌មាន​នេះ ជំនាញ​ទន់​គឺ​មាន​តម្រូវការ​ចាំបាច់​សម្រាប់​ការងារ​ជាច្រើន​នៅក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​។ ជំនាញ​ទាំងនេះ​ចាំបាច់​ត្រូវការ​ហ្វឹកហាត់​នៅតាម​សាលារៀន និង​តាម​វិទ្យាស្ថាន​សិក្សា​នានា​។

សាលា​អន្តរជាតិ Kent Ridge ជា​សាលា​ឯកជន​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​កម្មវិធី​សិក្សា​ចំនួន​ ២ ​ដែល​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការលើកកម្ពស់​ជំនាញ​ទន់​របស់​សិស្ស​តាមរយៈ​សកម្មភាព​ផ្សេងៗ​ដូចជា​សិក្ខាសាលា ការចែករំលែក​បទពិសោធ កម្មវិធី​ជួបជុំ​សិស្ស និង​កម្មវិធី​សប្បុរសធម៌​ជាដើម​។

ចំពោះ​វគ្គ​ចែករំលែក​បទពិសោធ សិស្ស​និយាយ​អំពី​បទពិសោធ​ផ្សេងៗ​របស់​ពួកគេ​ម្នាក់​ម្តងៗ​ក្នុង​ពេល​ដំណាល​គ្នា​នេះ វា​ក៏​បាន​ជួយ​លើកកម្ពស់​ជំនាញ​ទំនាក់ទំនង​របស់​ពួកគេ​ដែរ​។ មួយ​ក្នុង​ចំណោម​វគ្គ​ចែករំលែក​បទពិសោធ​នេះ សិស្ស​ថ្នាក់​ទី​ ៩ ក៏​បាន​ចែករំលែក​បទពិសោធ​របស់​ពួកគេ​ក្នុង​ការត្រៀម​ខ្លួន​សម្រាប់​ការប្រឡង​នាពេល​ខាង​មុខ​ដែរ​។

ចំពោះ​ការជួបជុំ​សិស្សានុសិស្ស​គឺ​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​រៀបចំ និង​ចូលរួម​សកម្មភាព​នានា​ដូចជា ទិវា​វប្បធម៌​ឆ្នាំ​ ២០១៩ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​សាលារៀន​តែ​ម្តង​។

ម្យ៉ាង​វិញ​ទៀត​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ ២ ​ដង​ក្នុង​មួយឆ្នាំ​ដោយ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សិស្សានុសិស្ស​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ស្មារតី​នៃ​ការធ្វើការ​ជា​ក្រុម និង​បង្កើន​ជំនាញ​ទំនាក់ទំនង​រវាង​ពួកគេ​។

ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម​កម្មវិធី​នេះ​គឺ​សិស្ស​ធ្វើ​គម្រោង​សហគមន៍ រៃអង្គាសប្រាក់​ដើម្បី​កសាង​បណ្ណាល័យ​នៅ​សាលារៀន​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។

សាលា​អន្តរជាតិ Kent Ridge មិន​ត្រឹមតែ​បង្រៀន​កម្មវិធីសិក្សា​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សាលា​ក៏​ផ្តល់​ជូន​នូវ​កម្មវិធីសិក្សា​របស់​សិង្ហបុរី​នៅក្នុង​ពេល​តែមួយ​ផង​ដែរ​។ នៅពេល​ព្រឹក សិស្ស​ត្រូវ​បាន​បង្រៀន​ដោយ​ផ្អែក​លើ​កម្មវិធីសិក្សា​របស់​កម្ពុជា ហើយ​នៅ​ពេល​រសៀល​ពួកគេ​រៀន​កម្មវិធី​សិក្សា​របស់​សិង្ហបុរី​។

អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ដំណើរការ​សិក្សា​របស់​សិស្សានុសិស្ស​នៅ​សាលា​អន្តរជាតិ Kent Ridge គឺ​ការកសាង​អត្តចរិត​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អាកប្បកិរិយា និង​បុគ្គលិក​លក្ខណៈ​របស់​ពួកគេ​។ វា​គឺជា​ជំនឿ​ដ៏មុតមាំ​របស់​សាលា​អន្តរជាតិ Kent Ridge ដែល​ជឿជាក់​ថា​ការ​មាន​អាកប្បកិរិយា​ត្រឹមត្រូវ​គឺ​ចាំបាច់​ដើម្បី​ទទួល​ជោគជ័យ​នៅក្នុង​ជីវិត​។

ក្រៅពី​នេះ​សាលា​អន្តរជាតិ Kent Ridge ចែករំលែក​ពេល​ចំនួន​ ១៥ ​នាទី​ជា​រៀងរាល់​ព្រឹក សម្រាប់​ការអាន​ដើម្បី​បង្កើត​ទម្លាប់​អាន​ពីព្រោះ​វា​នឹង​ជួយ​ពង្រីក​ចំណេះដឹង​ទូទៅ​របស់​សិស្ស​។ បច្ចុប្បន្ន​សាលា​អន្តរជាតិ Kent Ridge មិនមាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ទេ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​សាលា​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ចូលរួម​ក្នុង​កម្មសិក្សា​នៅតាម​សាលា​ផ្សេងៗ​។

ក្នុង​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​វិស្សមកាល សិស្ស​អាច​ដាក់​ពាក្យសុំ ចុះ​កម្មសិក្សា​នៅក្នុង​តួនាទី​ផ្សេងៗ​។ គោលបំណង​នៃ​កម្មសិក្សា​នេះ​គឺ​ដើម្បី​ផ្តល់ឱ្យ​សិស្ស​នូវ​បទពិសោធ​ធ្វើ​ការងារ​ជាក់ស្តែង​មុន​ពេល​ចាប់ផ្តើម​ដំណើរ​ការកសាង​អាជីព​របស់​ពួកគេ​។

កាលពី​ពេល​ថ្មីៗ​នេះ សិស្ស​របស់​សាលា Kent Ridge ម្នាក់​ទើប​តែ​បាន​បញ្ចប់​កម្មសិក្សា​របស់​គាត់​ក្នុង​នាម​ជា​អ្នក​ឌីហ្សាញ​នៅ​សាកលវិទ្យាល័យ Kent Ridge ក្នុង​ប្រទេស​សិង្ហបុរី​។

ចំពោះ​ការជ្រើសរើស​គ្រូបង្រៀន​សាលា Kent Ridge អនុវត្ត​ដំណើរការ​ជ្រើសរើស​យ៉ាង​ហ្មត់ចត់​គឺ​ត្រូវ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹ​ង​រាប់​ចាប់​តាំងពី​ការពិនិត្យ​ប្រវត្តិរូប​សង្ខេប ការធ្វើ​តេស្ត​សរសេរ​សម្ភាសន៍ ការបង្រៀន​សាកល្បង និង​ការសម្ភាស​លើក​ចុងក្រោយ​ជាដើម​។

គោលបំណង​នៃ​ដំណើរការ​ជ្រើសរើស​បុគ្គលិក​ច្រើន​ដំណាក់កាល​នេះ​គឺ​ដើម្បី​ធានាថា បេក្ខជន​ដែល​ត្រូវបាន​ជ្រើសរើស​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការបង្រៀន​សិស្ស​។

សាលា Kent Ridge គឺជា​សាខា​របស់​មជ្ឈមណ្ឌល​អប់រំ Kent Ridge ដែល​មាន​សាលារៀន​ជាច្រើន​នៅក្នុង​ប្រទេស​សិង្ហបុរី និង​សាលា​អន្តរជាតិ​មួយ​នៅក្នុង​ប្រទេស​ចិន​។

ម្តងម្កាល​សិស្ស​របស់​សាលា Kent Ridge អាច​ចុះឈ្មោះ​ចូលរៀន​ថ្នាក់ Admissions Exercise for International Students (AEIS) នៅ​សាលា​រដ្ឋ​របស់​សិង្ហបុរី​។

នាពេល​កន្លងមក​សិស្ស​របស់​យើង​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​អនុវិទ្យាល័យ Balestier Hill អនុវិទ្យាល័យ Dunearn និង​អនុវិទ្យាល័យ Northland និង​មួយ​ចំនួន​ទៀត​បាន​ដោយ​ជោគជ័យ​៕