ការមក​ដល់​នៃ​ធនាគារ​ចល័ត​បាន​ផ្តល់​ឲ្យ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​នូវ​មធ្យោបាយ​មួយ​ដើម្បី​ចៀសវាង​ការតម្រង់​ជួរ​ចាំ​នៅ​តាម​សាខា​ធនាគារ​ក្នុង​ស្រុក​នានា និង​ដោះស្រាយ​តម្រូវការ​ផ្នែក​ធនាគារ​របស់​ពួកគេ​គ្រប់​ទីកន្លែង​ទាំងអស់​។

កម្មវិធី​ស្មាតហ្វូន​ឥឡូវ​នេះ​ជា​ផលិតផល​ស្តង់ដារ​សម្រាប់​ធនាគារ​ពាណិជ្ជកម្ម និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សម្រាប់​អតិថិជន​ជាច្រើន​នាក់ វា​គឺជា​កត្តា​សំខាន់​មួយ​ដែល​កំណត់​ការពេញចិត្ត​របស់​ពួកគេ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ណាមួយ​។

សេវាកម្ម​មូលដ្ឋាន​ដូចជា​ការផ្ទេរ​ប្រាក់​នៅ​តាម​ធនាគារ និង​ពិនិត្យ​មើល​ចំនួន​ទឹកប្រាក់ ឬ​ ​ប្រវត្តិ​នៃ​ការផ្ទេរ​ប្រាក់ គឺ​សុទ្ធ​តែ​ជា​លក្ខណៈ​ទូទៅ​សម្រាប់​កម្មវិធី​ធនាគារ​ទាំងអស់​ដែល​ត្រូវ​បាន​យកមក​វាយតម្លៃ​នៅ​ក្នុង​អត្ថបទ​នេះ​។

ចំណុច​សំខាន់​នៃ​ភាព​ខុស​គ្នា​រវាង​វេទិកា​នីមួយៗ គឺ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ពួកគេ​អាច​ផ្តល់ជូន​លើស​ពី​សេវាកម្ម​មូលដ្ឋាន​ទាំងនេះ​។ ឧទាហរណ៍​កម្មវិធី​ខ្លះ​ផ្តល់​លទ្ធភាព​ទូទាត់​ជាមួយ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​អ្នក ដោយ​ប្រើប្រាស់​កូដ QR ឬ​ដើម្បី​ទូទាត់​វិក្កយបត្រ​ដោយ​ផ្ទាល់​តាមរយៈ​កម្មវិធី​តែម្តង​។

ធនាគារ ABA

ជាមួយ​នឹង​ការបើក​ដំណើរការ​កម្មវិធី​ធនាគារ​ចល័ត​លើ​ទូរស័ព្ទ​ស្មាតហ្វូន​ជំនាន់​ទី​ ២ របស់​ខ្លួន​កាលពី​ដើមខែ​នេះ​ធនាគារ​ ABA ផ្តល់​ជូន​នូវ​ផលិតផល​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ មិន​ស្មុគស្មាញ និង​ទូលំទូលាយ ដែល​ធ្វើឲ្យ​ប្រតិបត្តិការ​ធនាគារ​កាន់តែ​ងាយស្រួល​សម្រាប់​អតិថិជន​របស់​ពួកគេ​។

គេហទំព័រ​ដំបូង​របស់​កម្មវិធី​ដែល​ឃើញ​នៅពេល​ចូល​ទៅ​ដល់​ភ្លាម​បង្ហាញ​ពី​និមិត្តសញ្ញា​សេវាកម្ម​ជាច្រើន​ដែល​អតិថិជន​អាច​ចូល​ទៅ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាំង​ ៧ ដូចជា​ការចេញ​ប័ណ្ណ​ទូទាត់​ប្រាក់​ជាក់លាក់​ក្នុង​ទូរស័ព្ទ ឬ​ការបើក​គណនី​បញ្ញើ​មាន​កាលកំណត់​ថ្មី ឬ​គណនី​សន្សំ​ដែល​ជា​លក្ខណ​ពិសេស​មាន​តែ​ក្នុង​កម្មវិធី​នៃ​ធនាគារ ABA តែ​ប៉ុណ្ណោះ​។

ខាង​ក្រោម​នេះ​មាន​ប៊ូតុង​​ ២ ​ពណ៌​ធំៗ​ដែល​មាន​ពណ៌​ឆើតៗ​ដើម្បី​ផ្តល់​ជូន​នូវ​ការផ្ទេរ​ប្រាក់​រហ័ស ប្លង់​គំរូ​ដែល​បង្កើត​ដោយ​អ្នក​ប្រើ​សម្រាប់​ប្រតិបត្តិការ​ដែល​ពួកគេ​ឧស្សាហ៍​ប្រើប្រាស់​ដូចជា​ការបង់​វិក្ក័យបត្រ ឬ​បញ្ចូល​លុយ​ក្នុង​ទូរស័ព្ទ​ជាដើម​។ កម្មវិធី​របស់​ធនាគារ ABA មាន​ភាព​លេចធ្លោ​នៅ​ក្នុង​សោភ័ណភាព​ដ៏គួរ​ឲ្យ​ទាក់ទាញ​របស់​ខ្លួន​ការ​ឌីហ្សាញ​ត្រឹមត្រូវ និង​ការផ្តល់​សេវាកម្ម​ដ៏ធំ​ទូលាយ​។ កម្មវិធី​ក៏​ទទួល​បាន​ពិន្ទុ​វាយតម្លៃ​ពី​អ្នក​ប្រើប្រាស់​ខ្ពស់​បំផុត​នៅលើ Google Play store ក្នុង​ចំណោម​កម្មវិធី​ចំនួន​ ៥ ដែល​លើក​យក​មក​នៅក្នុង​អត្ថបទ​នេះ​។

ធនាគារ​អេស៊ីលីដា

ជាង​មួយ​ឆ្នាំ​មុន​នេះ អេស៊ីលីដា​បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ធនាគារ​ចល័ត​របស់​ខ្លួន​ពី​អេស៊ីលីដា​យូនីធី ទៅ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដើម្បី​បង្កើន​បទពិសោធ​របស់​អ្នកប្រើប្រាស់​។ មុន​ពេល​ចូល​ទៅ​ក្នុង​គណនី កម្មវិធី​នេះ​បង្ហាញ​និមិត្តសញ្ញា​នៃ​សេវាកម្ម ដែល​មិន​ទាក់ទង​នឹង​គណនេយ្យ​ដូចជា​ការបង្ហាញ​ទីតាំង​អេធីអឹម ឬ​សាខា​ធនាគារ និង​ម៉ាស៊ីន​គណនា​អត្រា​ប្តូរប្រាក់​។

នៅពេល​ដែល​ចូល​ក្នុង​គណនី​ហើយ អ្នក​ប្រើប្រាស់​ត្រូវ​បាន​បង្ហាញ​នូវ​និមិត្តសញ្ញា​សេវាកម្ម​ចំនួន​ ៦ ​ទៀត​សម្រាប់​ការចូល​ទៅ​កាន់​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ​រួម​ទាំង​ជម្រើស​ដ៏ពេញនិយម​ជាច្រើន​ទៀត​ដូចជា​ការបង់​វិក្កយបត្រ ការដក​ប្រាក់​តាម​ម៉ាស៊ីន​អេធីអឹម​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​កាត និង​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​។ ប្លង់​របស់​កម្មវិធី​គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ សូម្បី​តែ​អ្នកប្រើប្រាស់​វា​ជា​លើក​ដំបូង​ក៏​មិន​មាន​ការលំបាក​ក្នុង​ការរៀន​ប្រើប្រាស់​ដោយ​ខ្លួនឯង​នោះ​ដែរ​។

កម្មវិធី​ថ្មី​បំផុត​របស់​អេស៊ីលីដា គឺ​មាន​ប្រសិទ្ធភាព មាន​ភាព​សាមញ្ញ និង​ជាក់ស្តែង ហើយ​ផ្តល់​ជូន​អតិថិជន​នូវ​ផលិតផល​ងាយ​នឹង​ប្រើប្រាស់​ដែល​មាន​គ្រប់​តម្រូវការ​ផ្នែក​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។

ធនាគារ Maybank កម្ពុជា

កម្មវិធី Maybank KH ផ្តល់​ជូន​នូវ​បទពិសោធ​ដ៏គួរ​ឲ្យ​ពេញចិត្ត​សម្រាប់​អ្នក​ប្រើប្រាស់​ជាមួយ​នឹង​លក្ខណៈពិសេស​ជាច្រើន​ដែល​ធ្វើឲ្យ​វា​មាន​ភាព​លេចធ្លោ​។ ផ្ទៃ​ដំបូង​គេ​នៃ​កម្មវិធី​គឺ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ទាក់ទាញ​ដោយ​ប្រើប្រាស់​ពណ៌​លឿង និង​ពណ៌​ខ្មៅ​ដែល​ជា​ពណ៌​សម្គាល់​របស់​ធនាគារ​នេះ​។ ទំព័រ​ចូល​ទៅ​កាន់​គណនី​ផ្តល់​នូវ​សេវាកម្ម​មិន​ទាក់ទង​នឹង​គណនេយ្យ​ជាច្រើន ពិសេស​គឺ​ការ​ផ្សព្វផ្សាយ​របៀប​រស់នៅ និង​ទីតាំង ATM ឬ​សាខា​ធនាគារ​សម្រាប់​បទពិសោធ​ដែល​កាន់តែ​រស់រវើក​ថែម​ទៀត​។

នៅពេល​ចូល​ទៅ​ក្នុង​គណនី កម្មវិធី​នេះ​បាន​បង្ហាញ​និមិត្តសញ្ញា​រាង​ជា​រង្វង់​ដើម្បី​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ចំនួន ៤ របស់​ធនាគារ​ដែល​សេវាកម្ម​មួយ​ប្លែក​ខុស​គេ​នៅក្នុង​នោះ​គឺជា​ការផ្ទេរ​ប្រាក់​រវាង​ធនាគារ​ ២ ​ខុស​គ្នា និង​សេវាកម្ម​បន្ថែម​ទៀត​នៅលើ​គេហទំព័រ​នេះ​។ លើស​ពី​នេះ​ទៀត​ការ​អ៊ីនគ្រីប​ស្រទាប់​សុវត្ថិភាព Socket Layer 256-bit ធានា​នូវ​ភាព​ការពារ និង​សុវត្ថិភាព​ទិន្នន័យ​លើស​ពី​កម្រិត​ស្តង់ដារ​ទៅទៀត​។ ជម្រើស​ដ៏ល្អ​នៃ​លក្ខណពិសេស​ដែល​មាន​ទាំង​ស្តង់ដារ និង​លក្ខណៈ​ខុស​ប្លែក​រួម​ជាមួយ​នឹង​ការ​ឌីហ្សាញ​គួរ​ឲ្យ​ទាក់ទាញ​ធ្វើ​ឲ្យ​អតិថិជន​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ Maybank KH​។

ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​(FTB)

កម្មវិធី FTBMohaBot របស់​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​គឺជា​កម្មវិធី​ងាយស្រួល​ប្រើ​ដែល​គ្រប​ដណ្តប់​លើ​តម្រូវការ​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​។ នៅ​ពេល​បាន​ចូល​ទៅ​កាន់​គណនី អ្នកប្រើប្រាស់​នឹង​មើល​ឃើញ និមិត្តសញ្ញា​នៃ​សេវាកម្ម​ចំនួន​ ៨ របស់​ធនាគារ​ដូចជា​ការទូទាត់​តាម​កូដ QR ការទូទាត់​ប្រាក់​តាម​ទូរស័ព្ទ ការផ្ទេរ​ប្រាក់ និង​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ជាដើម​។

សេវាកម្ម​បន្ថែម​អាច​ចូល​ទៅ​ប្រើប្រាស់​តាមរយៈ​ប៊ូតុង​ពណ៌​ខៀវ ដែល​មាន​សញ្ញា “+” នៅ​ជ្រុង​ខាង​ស្តាំ​នៃ​អេក្រង់​។

សេវាកម្ម​ផ្សេងៗ​ដែល​មិន​ទាក់ទង​នឹង​គណនេយ្យ​រួម​មាន ការ​បង្ហាញ​ទីតាំង​អេធីអឹម និង​សាខា​ធនាគារ និង​ការ​ផ្សព្វផ្សាយ​របៀប​រស់នៅ​តាម​តំបន់​ដែល​សេវាកម្ម​ទាំង​ ២ ​នេះ​អាច​ចូល​ទៅ​ប្រើប្រាស់​បាន​នៅ​លើ​បារ​នៃ​បាត​របស់​អេក្រង់​។ កម្មវិធី​ប្រើប្រាស់​ក្បាច់​ឌីហ្សាញ​តិចតួច​បំផុត​ដោយ​មាន​ចន្លោះ​ពណ៌​ស​ធំៗ​ដែល​រួមចំណែក​ដល់​ភាព​ងាយស្រួល​ប្រើប្រាស់​របស់​វា​។ ជាមួយ​នឹង​ការ​ផ្តល់នូវ​សេវាកម្ម​យ៉ាង​ទូលំទូលាយ កម្មវិធី​ទូរស័ព្ទ​របស់​ធនាគារ FTB ធ្វើ​ឲ្យ​ប្រតិបត្តិការ​ធនាគារ​កាន់​តែ​ងាយស្រួល​សម្រាប់​អតិថិជន​របស់​ខ្លួន​។

ធនាគារ​កម្ពុជា​សាធារណៈ CPB

គឺ​ផ្តល់​សម្រាប់​អតិថិជន​របស់​ខ្លួន​ដើម្បី​ទទួល​បាន​នូវ​សេវាកម្ម​ស្តង់ដារ​ជាច្រើន​របស់​ធនាគារ​កម្ពុជា​សាធារណៈ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ការ​រចនា​របស់​កម្មវិធី​គឺ​សាមញ្ញ ស្អាត ត្រង់​ទៅ​ត្រង់​មក​ដែល​ធ្វើឲ្យ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រុករក សូម្បី​តែ​អ្នកប្រើប្រាស់​ដំបូង​ក៏ដោយ​។ មុន​នឹង​ចូល​ក្នុង​គណនី អ្នក​ប្រើប្រាស់​អាច​មើល​នៅ​សំណួរ​ដែល​សួរ​ញឹកញាប់ ម៉ាស៊ីន​គណនា​អត្រា​ប្តូរប្រាក់ និង​ការបង្ហាញ​ម៉ាស៊ីន​អេធីអឹម ឬ​សាខា​ធនាគារ​។ បន្ទាប់ពី​ចូល​ក្នុង​គណនី​អ្នក​ប្រើប្រាស់ កម្មវិធី​នេះ​បង្ហាញ​ពី​ក្រឡា​ពណ៌​ចំនួន​ ៣ ដែល​អតិថិជន​អាច​ប្រើប្រាស់​សេវា​ធនាគារ​ដោយ​ចុច​ទៅ​លើ​ពួកគេ​បាន​។

បើ​និយាយ​តាម​ជាក់ស្តែង CPB ផ្តល់​ជូន​នូវ​ជម្រើស​សេវាកម្ម​ហិរញ្ញវត្ថុ​តិច​ជាង​កម្មវិធី​ដែល​បាន​លើក​ឡើង​នៅក្នុង​អត្ថបទ​នេះ​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ សេវា​មួយ​ដែល​ផ្តល់​ឲ្យ​គឺ​ការត្រួតពិនិត្យ​សៀវភៅ​សែក​ដែល​ជា​សេវាកម្ម​ដែល​មិន​ត្រូវ​បាន​ផ្តល់​ដោយ​កម្មវិធី​ណា​មួយ​របស់​ធនាគារ​ផ្សេងៗ​ទៀត​នោះ​ទេ​។

នៅ​ពី​លើ​ប្លង់​ជួរ​ដេក​ដែល​មាន​សេវាកម្ម​នោះ​មាន​ឈ្មោះ​អ្នក​ប្រើប្រាស់ និង​កាលបរិច្ឆេទ​ចូល​ចុងក្រោយ​ក៏​ដូចជា​សេវាកម្ម​ដែល​មិន​ទាក់ទង​នឹង​គណនេយ្យ គឺ​បាន​បញ្ជាក់​នៅ​ខាង​លើ​ដែរ​។ CPB ទទួល​បាន​ជោគជ័យ​ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​ដំណោះស្រាយ​មិន​ស្មុគស្មាញ​សម្រាប់​តម្រូវការ​ធនាគារ ដែល​ចាំបាច់​បំផុត​របស់​ពួកគេ​នៅក្នុង​បរិយាកាស​មួយ​មាន​សណ្តាប់ធ្នាប់ និង​ងាយស្រួល​ប្រើ​។

ហត្ថាកសិករ​លីមីធីត

ដោយ​ត្រូវ​បាន​ទិញ​យក​ថ្មីៗ​នេះ​ដោយ​ធនាគារ Krunsgri របស់​ប្រទេស​ថៃ ហត្ថា​កសិករ​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ធំ​ជាង​គេ​លំដាប់​ទី​ ២ នៅ​កម្ពុជា​។ កម្មវិធី​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ពួកគេ​គឺ​មាន​ភាព​ទាក់ទាញ​ភ្នែក និង​ងាយស្រួល​ក្នុង​ការប្រើ​ដែល​ជា​ទូទៅ​នាំ​ឲ្យ​បទពិសោធ​អ្នក​ប្រើប្រាស់​មាន​ភាព​វិជ្ជមាន​។ ជួរ​ដេក​ដែល​បំពាក់​ដោយ​ពណ៌​ស្រស់​ឆើត​ជាច្រើន​នៅ​បាត​អេក្រង់ Login ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​មិន​ទាក់ទង​ទៅ​នឹង​គណនេយ្យ​ច្រើន​ជាង​កម្មវិធី​ស្មាតហ្វូន​ធនាគារ​ផ្សេងៗ​ទៀត​ដែល​បាន​លើក​ឡើង​ក្នុង​អត្ថបទ​នេះ​។ ចំណុច​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ប្រដាប់​គណនា​អត្រា​ការប្រាក់​ដែល​ជា​លក្ខណពិសេស​មួយ​នៃ​កម្មវិធី​ស្មាតហ្វូន​របស់​ហត្ថា​កសិករ​។

បន្ទាប់ពី​អ្នក​ប្រើប្រាស់​ចូល​ទៅ​កាន់​គណនី​របស់​ខ្លួន​ហើយ ពួកគេ​ត្រូវ​បាន​បង្ហាញ​ពី​បទ​សង្ខេប​ទូទៅ​នៃ​គណនី​របស់​ពួកគេ​។ ជួរ​ដេក​នៃ​ផ្ទាំង​ពណ៌​ខៀវ​នៅ​បាត​អេក្រង់ ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​របស់​ធនាគារ ដែល​រួម​មាន​ការទូទាត់​វិក្កយបត្រ និង​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​។ ចំណុច​មិន​ល្អ​មួយ​នៃ​ការដាក់​ប្លង់​ជួរ​ដេក​គឺ​ថា​គ្រប់​ជម្រើស​នៃ​សេវាកម្ម​ទាំងអស់​មិន​ត្រូវ​បាន​បង្ហាញ​ក្នុង​ប្លង់​តែ​មួយ​នោះ​ទេ ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រើ​មួយ​ចំនួន​ពិបាក​ស្វែងរក​សេវាកម្ម​ដែល​ខ្លួន​ចង់​បាន​។ ក្រៅពី​នេះ​កម្មវិធី​ស្មាតហ្វួន​របស់ HKL នៅ​តែ​ជា​ឧបករណ៍​ដ៏មាន​អានុភាព​ដែល​បំពេញ​តម្រូវការ​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​។

ប្រាសាក់

ប្រាសាក់ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ធំ​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កម្មវិធី​ស្មាតហ្វូន Prasac MB របស់​ពួកគេ​ផ្តល់​ជូន​នូវ​ជម្រើស​នៃ​សេវាកម្ម​ដ៏ធំ​ទូលាយ​ដល់​អតិថិជន​នៅក្នុង​បរិយាកាស​ស្អាតបាត និង​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​របស់​ពួកគេ​។ កម្មវិធី​នេះ​បាន​ប្រើប្រាស់​ពណ៌​បៃតង និង​ពណ៌​ទឹកក្រូច​របស់​ខ្លួន​យ៉ាង​ល្អ​ដែល​អាច​ស្តែង​ចេញ​យ៉ាង​ច្បាស់​ទៅ​កាន់​អ្នកប្រើប្រាស់​នៅ​ពេល​ដែល​ពួកគេ​បើក​មើល​កម្មវិធី​ភ្លាមៗ​។

មុន​ពេល​ចូល​ក្នុង​គណនី​ផ្ទាល់​ខ្លួន​អ្នកប្រើប្រាស់​អាច​មើលឃើញ​ម៉ាស៊ីន​អេធីអឹម / ទីតាំង​សាខា និង​ព័ត៌មាន​ទំនាក់​ទំនង​របស់​ធនាគារ​តាមរយៈ​ជួរ​ដេក​ពណ៌​បៃតង​នៅ​បាត​អេក្រង់​។ បន្ទាប់ពី​ចូល​គណនី​រួច​ហើយ​អ្នក​ប្រើប្រាស់​អាច​ចូល​ទៅ​កាន់​សេវាកម្ម​ហិរញ្ញវត្ថុ ការកំណត់ និង​ព័ត៌មាន​បន្ថែម​របស់​ធនាគារ​តាមរយៈ​ជួរ​ដេក​ពណ៌​បៃតង​ដែល​បាន​ជំនួស​ជួរ​ដេក​បាត​អេក្រង់​មុន​។

យ៉ាង​ណា​ក៏ដោយ​​ដូចដែល​បាន​បញ្ជាក់​ជាមួយ​ប្រាសាក់ ប្លង់​បែប​នេះ​អាច​លាក់បាំង​សេវា​ដែល​អ្នក​ប្រើប្រាស់​ចង់​បាន​ផង​ដែរ​។ ថ្វីបើ​កម្មវិធី​របស់​ប្រាសាក់​ផ្តល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អៗ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺថា​ពួកគេ​គិត​ប្រាក់​កម្រៃ​សេវា​ប្រចាំ​ខែ​ចំនួន​ $០,៥០ ឬ​ ២០០០ ​រៀល​សម្រាប់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​នេះ​៕

Jacob Gardner