លោក ចាន់ រដ្ឋា ជា​បុគ្គល​ដ៏អស្ចារ្យ​ម្នាក់​។ លោក​កំពុងតែ​ដឹកនាំ​ក្រុម​ការងារ​មួយ​ដែល​មាន​សមាជិក​ជាង ៤ ០០០ នាក់​។ និយាយ​ឲ្យ​ចំ​ទៅ​លោក​គឺជា​បុគ្គល​ជោគជ័យ​មួយ​រូប​ដែល​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ផ្ទាល់​។ ស្ថិត​នៅក្នុង​វ័យ ៣៨ ឆ្នាំ​លោក រដ្ឋា បម្រើការ​ឲ្យ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាបរង​អាយុជីវិត​លំដាប់​ថ្នាក់​ពិភពលោក​មួយ​របស់​ប្រទេស​កាណាដា​ដោយ​លោក​មាន​តួនាទី​ជា​នាយក​គ្រប់គ្រង​នាយកដ្ឋាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​។

ប្រសិន​បើ​ចង់​ជោគជ័យ និង​ទទួល​បាន​អ្វី​ថ្មី​ក្នុង​ជីវិត និង​ចំពោះ​សង្គម​នេះ​គឺជា​អាជីព​ដែល​ត្រូវ​ជ្រើសរើស

លោក​គឺជា​បុគ្គលិក​ខ្មែរ​ទីមួយ​ដែល​បាន​ចូលរួម​ជាមួយ​នឹង​ក្រុមហ៊ុន​ពេល​ដែល​ក្រុមហ៊ុន​ចាប់ផ្ដើម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១២​។

នៅក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​លោក រដ្ឋា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ប្រសិន​ជា​អ្នក​ចង់​បាន​ជីវិត​ដ៏ជោគជ័យ និង​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅក្នុង​ជីវិត និង​សង្គម​ការងារ​ក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នេះ​គឺជា​ជំនាញ​មួយ​ដែល​អ្នក​គួរតែ​ជ្រើសរើស​»​។

តួលេខ​សំខាន់ៗ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចហើយ​សម្រាប់​ការរីកចម្រើន​នៃ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​។

អត្រា​ជ្រៀតចូល​ទីផ្សារ​ប្រមាណ ០,៣ ភាគរយ​នៃ​ផលទុន​សរុប​ក្នុង​ចំណោម​ប្រជាជន​សរុប ១៦ លាន​នាក់​កំណើន​នៃ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​ទាំង​មូល​ដែល​មាន​អត្រា​ប្រមាណ ៥០ ភាគរយ​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ក៏​ដូចជា​ចំនួន​ប្រជាជន​ដែល​មាន​ជីវភាព​ធូរធារ​ដែល​កំពុង​តែ​កើនឡើង​ជា​កត្តា​ជំរុញ​អាជីវកម្ម​ធានារ៉ាបរង​អាយុជីវិត និង​រួមផ្សំ​ជាមួយ​នឹង​បរិយាកាស​ម៉ាក្រូសេដ្ឋកិច្ច​អនុគ្រោះ​ផង​ដែរ​ដែល​នឹង​ធ្វើឲ្យ​វិស័យ​នេះ​ស្ទុះ​ទៅ​មុខ​យ៉ាងខ្លាំង​។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ដែល​បាន​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ​ ២០១២ កំពុង​តែ​ការពារ​អតិថិជន​ចំនួន ៧ ​ម៉ឺន​នាក់​ជាមួយ​នឹង​ទឹកប្រាក់​ធានា​សរុប ១,៧ ពាន់​លាន​ដុល្លារ​អាមេរិក​។

ដោយ​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​ទីប្រឹក្សា​ធានារ៉ាប់រង​ចំនួន​ជាង ៤ ពាន់​នាក់ ក្រុមហ៊ុន មេនូឡាយហ្វ៍ កំពុង​តែ​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​រក​ការជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដែល​ល្អ​ប្រសើរ​ជាង​មុន​មួយ​សម្រាប់​បណ្តា​គ្រួសារ​កម្ពុជា ជាមួយ​នឹង​ការពង្រីក​វិសាលភាព​របស់​ខ្លួន​ទៅ​កាន់​ទីតាំង​សំខាន់ៗ​នានា​នៅក្នុង​ប្រទេស​ផង​ដែរ​។ ក្រុមហ៊ុន​នេះ​មាន​ចក្ខុវិស័យ​ជួយ​ឲ្យ​អតិថិជន​របស់ខ្លួន​ធ្វើការ​សម្រេចចិត្ត​បាន​កាន់តែ​ងាយស្រួល​ជាង​មុន និង​រស់​នៅ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​។ កាលពី​ខែ​វិច្ឆិកា ក្រុមហ៊ុន មេនូឡាយហ្វ៍​ បាន​បើក​សាខា​ទី ៦ របស់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​។ លោក រដ្ឋា បន្ថែម​ទៀត​ថា​៖ «​កម្រិត​ជ្រៀតចូល​ទីផ្សារ​នៃ​វិស័យ​ធានារ៉ាប់រង​​អាយុជីវិត​មាន​កម្រិត​ទាប​នៅ​ឡើយ [​នៅ​ប្រទេស​កម្ពុជា​] ពោល​គឺ​ទាប​ជាង​ ១ ភាគរយ​នៃ GDP [​ផលិតផល​ក្នុង​ស្រុក​សរុប​] ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា យើង​នៅ​មាន​ឱកាស​ជាច្រើន​ក្នុង​ការ​លូតលាស់​នៅ​ក្នុង​វិស័យ​នេះ​»​។

លោក​បន្ត​ថា​៖​ «​យើង​ត្រូវការ​អប់រំ​សាធារណជន​បន្ថែម​ទៀត និង​បង្កើន​ការយល់ដឹង​ក្នុង​ចំណោម​ឪពុកម្តាយ​ដើម្បី​ជួយ​នាំសារ​ដល់​ក្រុមគ្រួសារ និង​បុត្រ​ធីតា​ទាក់ទង​នឹង​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ក៏​ដូចជា​ការការពារ​ពី​ជំងឺ​ធ្ងន់ធ្ងរ​ផង​ដែរ​»​។

«​តាមរយៈ​ការវិនិយោគ​ទៅក្នុង​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត ឪពុកម្តាយ​អាច​ធានា​បាន​នូវ​ការអប់រំ​របស់​កូនៗ​ពួកគាត់ ហើយ​នេះ​គឺជា​ជម្រើស​ដ៏ល្អ​បំផុត​មួយ​ដែល​មាតាបិតា​គ្រប់រូប​គួរ​ជ្រើសរើស​»​។

លោក​ រដ្ឋា ​បន្ថែម​ទៀត​ថា​ទីប្រឹក្សា​ធានារ៉ាប់រង​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ កំពុង​តែ​នាំយក​សេវាកម្ម​របស់​ក្រុមហ៊ុន​ទៅ​គ្រប់​ទីកន្លែង ដោយ​ពួកគាត់​បាន​ជួប​និយាយ​ជាមួយ​នឹង​មនុស្ស​ពី ២ ទៅ ៣ ពាន់​នាក់​ក្នុង​ ១ ​ខែៗ​ដែល​ជា​ភ័ស្ដុតាង​មួយ​បង្ហាញ​ថា​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ចាប់អារម្មណ៍​នឹង​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​នេះ​។

លោក​ រដ្ឋា ​និយាយ​ថា​៖ «​នេះ​គឺជា​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​មួយ​នៃ​ផ្នត់គំនិត​របស់​ប្រជាជន​ទាក់ទង​នឹង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​។ វា​មិនមែន​ជា​ការនិយាយ​ពី​ការស្លាប់​ទៀត​ទេ តែ​វា​ជា​ការ​និយាយ​ពី​សុវត្ថិភាព​ច្រើន​ជាង​»​។

ក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​ផ្ដល់​ការបណ្តុះបណ្តាល​យ៉ាង​ច្បាស់​លាស់​ដល់​ទី​ប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត និង​បុគ្គលិក​រួមទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដែល​រួម​មាន​ការធ្វើ​ដំណើរ​ទៅ​បរទេស​ជាដើម ហើយ​ឱកាស​សម្រាប់​អភិវឌ្ឍ​អាជីព​ទៅមុខ​តែងតែ​មាន​ជានិច្ច​សម្រាប់​បុគ្គលិក​ដែល​មាន​ឆន្ទៈ​ខ្ពស់ និង​មាន​គោលដៅ​ច្បាស់លាស់​។

ទីប្រឹក្សា​ធានារ៉ាប់រង​ជនជាតិ​ខ្មែរ​ទី​ ១ ​ដែល​បាន​ចូលរួម​នៅក្នុង​សមាគម​អន្តរជាតិ​ Million Dollar Roundtable គឺជា​ស្ត្រី​ ១ ​រូប​។ កាលពី​ឆ្នាំ​ទៅ​ទីប្រឹក្សា​ធានារ៉ាប់រង​ជនជាតិខ្មែរ​ចំនួន ២៥ នាក់​បន្ថែម​ទៀត​បាន​ចូលរួម​ក្នុង Million Dollar Roundtable ដែល​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កំណើន​ធនធាន​មនុស្ស​ក្នុង​វិស័យ​ថ្មី​នេះ​។

លោក​ រដ្ឋា ​បាន​ផ្តល់​ជា​គន្លឹះ​សំខាន់​ចុង​ក្រោយ​ថា​៖ «​ប្រសិន​ជា​អ្នក​ជ្រើសរើស​វា [​ការងារ​] ត្រូវ​ស្រឡាញ់​វា និង​ខិតខំ​ធ្វើការ​។ ជោគជ័យ​គឺជា​វិធី​ដែល​អ្នក​ផ្លាស់ប្ដូរ​ខ្លួនឯង​ដោយ​ខ្លួនឯង​»៕