ស្តង់ដា​ការអប់រំ​នៅ​កម្ពុជា​កាន់តែ​មាន​គុណភាព​ប្រសើរ​ឡើង​នៅ​ទូទាំង​ប្រទេស​។ សិស្ស​មកពី​សាលា​ផ្សេងៗ​គ្នា​បាន​ចែករំលែក​ទស្សនៈ​របស់​ពួកគេ​លើ​ការអប់រំ​កម្រិត​មធ្យមសិក្សា​ដូច​ខាងក្រោម​៖  

ទូច សុមង្គល ថ្នាក់​ទី​ 9 វិទ្យាល័យ SCIA

មក​ដល់​ពេល​នេះ​អ្នក​កំពុង​សិក្សា​នៅ​ថ្នាក់​មធ្យមសិក្សា តើ​អ្នក​ទទួល​បាន​ឱកាស​សិក្សា​ស្វែងយល់​អ្វី​ខ្លះ​ពី​សាលា​របស់​អ្នក​? “​នៅ​សាលា SCIA ខ្ញុំ​មាន​ឱកាស​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​ថ្នាក់​មុខវិជ្ជា​សហគ្រិនភាព​រួមមាន​ទីផ្សារ ការលក់ និង​សេវាកម្ម​អតិថិជន តាមរយៈ​គម្រោង​ដែល​បាន​ផ្តួចផ្តើម​ដោយ​សិស្ស​។ សាលា​ក៏​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ជួប​ជាមួយ​សហគ្រិន​ជាច្រើន​រូប និង​ស្តាប់​ពី​បទពិសោធ​ជីវិត​របស់​ពួកគេ​ផងដែរ​។ ជាមួយ​នឹង​ការសិក្សា​នៅ SCIA ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​ជួយ​បង្កើន​អាជីវកម្ម​របស់​ឪពុក​ខ្ញុំ និង​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​នៅ​ពេល​អនាគត​។” ទូច សុមង្គល ថ្នាក់​ទី​ 9 វិទ្យាល័យ SCIA

ឈ ឆាយហ្វុង ថ្នាក់​ទី​​ ៨ សាលា KIS

តើ​អ្វី​ដែល​អ្នក​កំពុង​តែ​រំពឹង​ពី​ការសិក្សា​ថ្នាក់​មធ្យមសិក្សា​នៅក្នុង​​ប្រទេស​ថ្មី​មួយ ជា​ប្រទេស​អូស្ត្រាលី​ដែល​អ្នក​បាន​ចុះ​ឈ្មោះ​ដោយ​ជោគជ័យ​? ឆ្នាំ​នេះ​ខ្ញុំ​រំពឹង​ក្នុង​ការចាប់ផ្តើម​ជំពូក​ថ្មី​ក្នុង​ជីវិត​របស់​ខ្ញុំ​ជា​​សិស្ស​កម្រិត​មធ្យមសិក្សា​។ ជំពូក​នេះ​ទោះបី​វា​ថ្មី និង​គួរឱ្យ​ភ័យខ្លាច​យ៉ាងណា​ក៏​ជា​ផ្នែក​មួយ​នៃ​ក្តីរំភើប និង​គួរឱ្យ​ចាប់​​អារម្មណ៍​បំផុត​។ ម្យ៉ាង​ទៀត​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​បាន​រៀនសូត្រ​រឿង​ថ្មីៗ​ជាច្រើន​ពី​កម្រិត​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​​ទទួលបាន​អ្វីដែល​ខ្ញុំ​មិន​ធ្លាប់​ស្រមៃ​ដល់​។” ឈ ឆាយហ្វុង ថ្នាក់​ទី​​ ៨ សាលា KIS

មាស ភីងស៊ីង ថ្នាក់​ទី​ 5 សាលា NISC

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ការ​ត្រូវ​បន្តរ​ឡើង​ទៅ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ? “​សិស្ស​ភាគច្រើន​គិត​ថា​ការ​ទៅ​រៀន​ថ្នាក់​អនុវិទ្យាល័យ​គឺ​គួរអោយ​ភ័យខ្លាច​ប៉ុន្តែ​សំរាប់​គំនិត​របស់​ខ្ញុំ​គឺ​មិន​ដូច្នោះ​ទេ​។ នៅ​សាលា​របស់​ខ្ញុំ​ពេល​ឡើង​ថ្នាក់​​អនុវិទ្យាល័យ​យើង​អាច​រៀន​នូវ​អ្វី​ថ្មីៗ​មាន​កីឡា​កាន់តែ​ច្រើន មាន​ការចុះ​កម្មសិក្សា​ល្អៗ ហើយ​សិស្ស​​មួយ​ចំនួន​មាន​ឱកាស​អាច​ទៅ​ក្រៅ​ប្រទេស​ទៀតផង​។ បន្ថែម​ពី​នេះ​ទៀត​បើ​យើង​ខំប្រឹង​សិក្សា​លើ​មុខវិជ្ជា​ណាមួយ​យើង​នឹង​អាច​ទទួល​បាន​ពិន្ទុ A+​។” មាស ភីងស៊ីង ថ្នាក់​ទី​ 5 សាលា NISC

គួច សុភារីដា ថ្នាក់​ទី​ 9 វិទ្យាល័យ SCIA

មក​ដល់​ពេល​នេះ​អ្នក​កំពុង​សិក្សា​នៅ​ថ្នាក់​​មធ្យមសិក្សា តើ​អ្នក​ទទួល​បាន​ឱកាស​សិក្សា​​ស្វែងយល់​អ្វីខ្លះ​ពី​សាលា​របស់​អ្នក​? “​ខ្ញុំ​មាន​ឱកាស​ក្នុង​ការបង្កើន​ជំនាញ​ភាព​ជា​​អ្នកដឹកនាំ​តាមរយៈ​គម្រោង​អេកូប្រ៊ីក (Ecobricks) ។ តាមរយ:​ការចូលរួម​ជាមួយ​គ្នា យើង​ជួយ​សាលា​កុំឱ្យ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ដែល​មិន​ត្រូវការ ព្រម​ទាំង​អាច​ជួយ​កែលម្អ​បរិស្ថាន​ផងដែរ​។” គួច សុភារីដា ថ្នាក់​ទី​ 9 វិទ្យាល័យ SCIA

ម៉ាក់ ហេងគង្គារ ថ្នាក់​ទី ​១០ / សាលា AIS

តើ​អ្នក​រំពឹង​ទទួល​បាន​អ្វី​ពី​ការសិក្សា​ថ្នាក់​មធ្យមសិក្សា​? “​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ក្ដី​រំពឹង​ជាច្រើន​ពី​ការក្លាយ​​ខ្លួន​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​។ ខ្ញុំ​បាន​រំពឹង​ថា នឹង​ទទួល​​បាន​បទពិសោធ​ដែល​មាន​ប្រយោជន៍​សម្រាប់​​ថ្ងៃ​អនាគត មាន​ជាអាទិ៍ ជំនាញ​ក្នុង​ការចូលរួម​​ចំណេះដឹង​ពី​សកលលោក​ជាដើម​ពោល​គឺ​ទាំង​បទពិសោធ​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ ហើយ​បទពិសោធ​ទាំងនេះ​នឹង​ជួយ​ដល់​ខ្ញុំ​ក្នុង​ការជ្រើសរើស​ជំនាញ​ក្នុង​មហាវិទ្យាល័យ​ក៏ដូចជា​​អាជីព​នា​ថ្ងៃ​អនាគត​ឲ្យ​បាន​ត្រឹមត្រូវ​។” ម៉ាក់ ហេងគង្គារ ថ្នាក់​ទី ​១០ / សាលា AIS

ទ្រី កូប៉ង់ ថ្នាក់​ទី​ ៧ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សាលារៀន​ជំនាន់​ថ្មី

តើ​អ្នក​រំពឹង​នឹង​ទទួល​បាន​អ្វី​ពី​ការសិក្សា​ថ្នាក់​អនុវិទ្យាល័យ​? “​អ្វីដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ​ដើម្បី​ក្លាយ​ជា​សិស្ស​អនុវិទ្យាល័យ​គឺ​ការជ្រើសរើស និង​ចូលរួម​ក្នុង​មុខវិជ្ជា​ដែល​ខ្ញុំ​ស្រឡាញ់ និង​បន្ត​ដើម្បី​ឲ្យ​បាន​ជោគជ័យ ហើយ​នៅ​ពេល​អនាគត​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ខ្លួន​ជា​មនុស្ស​ម្នាក់ ដែល​គួរ​ជា​ទីមោទនៈ​សម្រាប់​មិត្តភក្តិ និង​គ្រួសារ​របស់​ខ្ញុំ​។ ការសិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​នឹង​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​សិក្សា​យ៉ាង​ស្ទាត់ជំនាញ​លើ​បំណិន​សម្រាប់​​អនាគត​សម្រាប់​ថ្នាក់​មហាវិទ្យាល័យ ឬ​សាកល​​វិទ្យាល័យ​ ឬ​អាច​លើស​ពី​នេះ​ទៅ​ទៀត​។” ទ្រី កូប៉ង់ ថ្នាក់​ទី​ ៧ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សាលារៀន​ជំនាន់​ថ្មី