The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការច្របាច់​បញ្ចូល​គ្នា​នូវ​ជំនាញ​ជាច្រើន​នៅ​សាលារៀន​អន្តរជាតិ KentRidge

ការច្របាច់​បញ្ចូល​គ្នា​នូវ​ជំនាញ​ជាច្រើន​នៅ​សាលារៀន​អន្តរជាតិ KentRidge

Content image - Phnom Penh Post
KentRidge សង្កត់ធ្ងន់​លើ​ការអភិវឌ្ឍ​ជារួម ហើយ​សិស្ស​បាន​រៀន​ជំនាញ​ជាច្រើន​តាំងពី​នៅ​វ័យក្មេង​។ រូបថត​សហការី

ការច្របាច់​បញ្ចូល​គ្នា​នូវ​ជំនាញ​ជាច្រើន​នៅ​សាលារៀន​អន្តរជាតិ KentRidge

ទោះបី​ជា​មាន​ការដាច់​ចរន្តអគ្គិសនី​ជាច្រើន​ដង កុមារ​ដែល​មាន​ចិត្ត​សប្បាយរីករាយ​បាន​នូវ​តែ​បន្ត​លេង​ជាមួយ​នឹង​គូប Rubik របស់​ពួកគេ​នៅ​កន្លែង​រង់ចាំ​នៃ​សាលាអន្តរជាតិ KentRidge ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក​។

ទោះបី​ជា​មេឃ​មាន​សភាព​ខ្មៅ​ស្រទុំ និង អាកាសធាតុ​មាន​សភាព​ក្ដៅស្អុះ​ស្អាប់​ក្តី ក៏​ក្មេងៗ​ទាំងអស់​នៅ​តែ​មាន​អារម្មណ៍​សប្បាយរីករាយ​ក្នុង​ការដោះស្រាយ​នូវ​ប្រស្នា​របស់​ពួកគេ ដែល​នេះ​ជា​ជំនាញ​មួយ​ដែល​គេ​ជឿថា​អាច​ជួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​បាន​។ ប៉ុន្តែ​វា​គឺ​មិនមែន​ជា​សកម្មភាព​ដែល​ពួកគេ​បាន​ធ្វើ​កាលពី​មុន​នៅពេល​ម៉ោង​សម្រាក​នោះទេ​។

នៅក្នុង​បន្ទប់រៀន​របស់​សាលា​អន្តរជាតិ KentRidge លោកគ្រូ​អ្នកគ្រូ​ដែល​ត្រូវបាន​បណ្ដុះបណ្ដាល​យ៉ាង​ល្អ បាន​បង្រៀន​កូនសិស្ស​ក្មេងៗ​របស់​ពួកគេ​ចាប់ពី​ថ្នាក់​សាលា​មត្តេយ្យ​រហូតដល់​កម្រិត​អនុវិទ្យាល័យ អំពី​វប្បធម៌​ដែល​ចេះ​បារម្ភ​សុខ​អំពី​ទុក​អ្នក​ដ៏​ទៃ ការរក្សា​នូវ​បរិស្ថាន​ស្អាត និង​ពី​របៀប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មន្ទីរពេទ្យ​ដើម្បី​ស្វែងយល់​ពី​ការថែទាំ​សុខភាព​។

លោក ង៉ោ ប៉េងទី នាយក​សាលា​អន្តរជាតិ KentRidge បាន​ថ្លែង​ថា​៖ «​យើង​លើក​ទឹកចិត្ត​សិស្សានុសិស្ស​របស់​យើង​ឲ្យ​លេងល្បែង​ដូចជា អុក និង ល្បែង​កំសាន្ត​ដ៏ទៃ​ទៀត ដូច្នេះ​ពួកគេ​នឹង​មាន​សមត្ថភាព​ក្នុង​ការស្រមើស្រមៃ​បាន​ខ្ពស់ ហើយ​រៀងរាល់​ថ្ងៃ​សុក្រ យើង​មាន​ថា្នក់​អំណាន​ពិសេស​ដែល​មាន​រយៈពេល​ប្រហែល​ជា​ ១៥ ​នាទី​។

ទ្រឹស្តី​របស់​ពួកយើង​គឺ​ការរៀនសូត្រ​ពេញ​មួយជីវិត ដូច្នេះ​សិស្សានុសិស្ស​អាច​បន្ត​រៀនសូត្រ​ និង​ស្វែងយល់​បន្ថែម​ជា​រៀងរហូត ហើយ​ពួកគេ​នឹង​មាន​ជំនឿ​ជាក់​នៅពេល​ពួកគេ​ប្រឡូក​នៅក្នុង​សង្គម​»​។

សិស្ស​ចំនួន​ ១៥០ ​នាក់​ត្រូវ​បាន​បង្រៀន​នូវ​ជំនាញ​ដែល​មិន​ត្រូវការ ការប្រលង​ជាច្រើន​នៅឯ​សាលា​មួយ​នេះ​ដែល​ជំនាញ​ទាំងនោះ​មាន​ដូចជា ជំនាញ​សរសេរ​កម្មវិធី ជំនាញ​សរសេរ​កូដ ការរចនា​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ ការ​ប្រឡូក​ក្នុង​ការផ្ដល់​សេវា​សហគមន៍ និង​ការបង្កើន​សមត្ថភាព​អំណាន​របស់​ពួកគេ​។

រចនាសម្ព័ន្ធ​អប់រំ​នៅឯ​សាលា​សាខា​ធំ​ជាង​គេ​ក្នុង​ប្រទេស​សិង្ហបុរី​គឺ​ត្រូវបាន​រចនា​បង្កើត​ឡើង​ដើម្បី​បង្រៀន​សិស្ស​ឲ្យ​យល់ដឹង​ពី​ជំនាញ​ទន់​ជាច្រើន ដោយ​បាន​រៀបចំ​ពួកគេ​ជាស្រេច​សម្រាប់​មជ្ឈដ្ឋាន​ការងារ​ថ្មី​ដែល​នេះ​វា​លើស​ពី​ការសិក្សា​ក្នុង​ប្រព័ន្ធ​អប់រំ​។

ការមក​បណ្ដាក់​ទុនវិនិយោគ​ជាច្រើន​សន្ធឹកសន្ធាប់​ដែល​ពឹង​ផ្អែក​ទៅ​លើ​លំហរ​ទីផ្សារ​ពលកម្ម​របស់​ប្រជាជន​កម្ពុជា​អាច​នឹង​មាន​ការផ្លាស់ប្ដូរ​យ៉ាងខ្លាំង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​ដែល​និយោជក​នឹង​ទាមទារ​ចង់​បាន​នូវ​កម្លាំង​ពលកម្ម​ដែល​មាន​តុល្យភាព​ល្អ​មួយ​។

សិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​ជាមួយ​ជំនាញ​ទន់​ និង​រឹង​ជាច្រើន​នឹង​ត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើការ​ដើម្បី​បង្កើន​ការរីកលូតលាស់​សេដ្ឋកិច្ច ហើយ​នៅពេល​នោះ​សម្ពាធ​នឹង​ធ្លាក់​មក​លើ​គ្រូបង្រៀន​ និង​ស្ថាប័ន​ដែល​បណ្ដុះបណ្ដាល​នូវ​បេក្ខជន​ដែល​មាន​សមត្ថភាព​ធ្វើ​ការងារ​នៅក្នុង​មជ្ឈដ្ឋាន​ដែល​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​។

ការរីក​រាលដាល​ដូច​ផ្សិត​នៃ​សណ្ឋាគារ​ស្ដង់ដា​អន្តរជាតិ ការលូតលាស់​នៃ​វិស័យ​ទេសចរណ៍ ការរីកចំរើន​នៃ​វិស័យ​ហរិញ្ញវត្ថុ​ និង​ធានាគារ និង ហាង​លក់​ទំនិញ​ទំនើបៗ​គឺ​សុទ្ធសឹង​តែ​ត្រូវការ​នូវ​បុគ្គលិក​ដែល​មាន​ចំណេះ​ជំនាញ​ច្រើន ហើយ​នឹង​មាន​អត្តចរិក​ស្រប​គ្នា​ជាមួយ​នឹង​ការងារ​ទាំងនោះ​។

ជំនាញ​នៅក្នុង​ការទំនាក់ទំនង​ផ្ទាល់មាត់ ភាសាបរទេស ការទទួល​ភ្ញៀវ ការដោះស្រាយ​បញ្ហា ការធ្វើការ​ជា​ក្រុម​នឹង​ក្លាយ​ជា​ជំនាញ​ដែល​ពេញនិយម​នៅ​តាម​វិស័យ​ជាច្រើន​។ ជំនាញ​ទន់​នឹង​ពិតជា​ត្រូវការ​សម្រាប់​ជួយ​ជ្រោមជ្រែង​នូវ​ជំនាញ​រឹង​ផ្សេងៗ​ទៀត​។

សូម្បីតែ​នៅ​ដើម​ឆ្នាំ​ ២០១៥ ការសិក្សា​ស្រាវជ្រាវ​រួមមួយ​ដែល​មាន​ចំណងជើង​ថា «​ប្រទេស​កម្ពុជា​កំពុង​តែ​ដោះស្រាយ​បញ្ហា​គំលាត​នៃ​ជំនាញ​» របស់​ធានាគារ​អភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB និង​អង្គការ​ពលកម្ម​អន្តរជាតិ ILO បាន​ឲ្យ​ដឹង​អំពី​ការកើនឡើង​ពី​ភាព​មិន​ត្រូវ​គ្នា​នៅក្នុង​កម្លាំង​ពលកម្ម​ដែល​ជាប់ទាក់ទង​ទៅ​នឹង​វិស័យ​មីក្រូសេដ្ឋកិច្ច និង​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​។

របាយការណ៍​បាន​ឲ្យ​ដឹងថា​៖ «​វា​មាន​ភាពមិន​ត្រូវ​គ្នា​រវាង​អ្វី​ដែល​បុគ្គលិក​ក្នុង​វិស័យ​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​បាន​រៀន​នៅក្នុង​ប្រព័ន្ធ​អប់រំ​ផ្លូវការ ជាមួយ​នឹង​ជំនាញ​ដែល​ការងារ​របស់​ពួកគេ​ត្រូវការ ជាពិសេស​ក្នុង​ផ្នែក​បច្ចេកទេស​ និង​ជំនាញ​ទន់​ដែល​មាន​ដូចជា​ការទំនាក់ទំនង និង​ឥរិយាបទ​ជាច្រើន​ផ្សេង​ទៀត​»​។

យោង​តាម​របាយការណ៍​នេះ​ការស្ទង់​មតិ​បាន​បង្ហាញ​ថា ៧៣ ភាគរយ​នៃ​និយោជក​បាន​ឲ្យ​ដឹងថា​ពួកគេ​មិន​អាច​ស្វែងរក​បាន​នូវ​និស្សិត​បញ្ចប់​ការសិក្សា​ដែល​មាន​ជំនាញ​ត្រូវ​ជាមួយ​នឹង​ការងារ​របស់​ពួកគេ​។ ចំណែកឯ​ ២០ ភាគរយ​នៃ​ក្រុមហ៊ុន​សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​គត់សម្គាល់​ឃើញ​ពី​កង្វះខាត​នូវ​បុគ្គលិក​ជំនាញ​គឺជា​បញ្ហា​រាំងស្ទះ​ដ៏ធំ​មួយ​សម្រាប់​ជំនួញ​ និង​ពាណិជ្ជកម្ម​។

លោក ង៉ោ ប៉េងទី បាន​ថ្លែង​ថា​និស្សិត​កម្ពុជា​ដែល​បាន​បញ្ចប់​ការសិក្សា​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ត្រៀមខ្លួន​ឲ្យ​រួចជាស្រេច​សម្រាប់​កន្លែង​ការងារ​ថ្មី ហើយ​ស្ថាប័ន​អប់រំ​ទាំងអស់​នោះ​ក៏​មិន​អាច​នៅតែ​ពឹង​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​បង្រៀន​ចាស់​ និង​ហួស​សម័យ ដើម្បី​បន្ត​បង្កើត​នូវ​ធនធាន​មនុស្ស​សម្រាប់​វិស័យ​ឧស្សាហកម្ម​នាសម័យ​សត្សវត្ស​ទី​ ២១ ​នេះ​បាន​តទៅ​ទៀត​ដែរ​។

លោក​បន្ត​ថា​៖ «​មុខវិជ្ជា​ និង​ចំណេះដឹង​ខ្លះៗ​ដែល​យើង​បាន​រៀន​រួចហើយ​នោះ វា​អាច​នឹង​ហួស​សម័យ ពីព្រោះ​គំនិត​ និង​ការច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​បាន​លេចមុខ​ឡើង ហើយ​មនុស្ស​គ្រប់​គ្នា​កំពុង​តែ​និយាយ​អំពី​ការវិវត្តន៍​នៃ​ឧស្សាហកម្ម​ដំណាក់កាល ៤.​។ ការផ្ដោត​សំខាន់​ក្នុង​ពេល​ឥឡូវនេះ​គឺ​ស្ថិត​ទៅលើ​គ្រឿងចក្រ​ និង​បច្ចេកវិទ្យា​មនុស្ស​យន្ត ហើយ​យើង​ត្រូវតែ​បង្រៀន​សិស្ស​របស់​យើង​នូវ​អ្វី​ដែល​ម៉ាស៊ីន​មិនអាច​ធ្វើបាន​។ ដំបូង​នោះ​គឺ​គ្រឿង​ម៉ាស៊ីន​មិន​អាច​ធ្វើការ​ដោយ​ប្រើប្រាស់​ជំនាញ​ទន់​បាន​ទេ ដូច្នេះ​យើង​ត្រូវតែ​បង្ហាត់​បង្រៀន​កូនៗ​របស់​យើង​ជាមួយ​នឹង​ជំនាញ​ទន់​ទាំងនោះ​ដល់​ពួកគេ​»​។

លោក​​ ប៉េងទី ​បាន​បន្ថែម​ថា​៖ «​ជំនាញ​ទន់​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​អ្នក​រាល់​គ្នា​ត្រូវការ​ជំនាញ​ទន់​ទាំងនោះ​ដើម្បី​ជួយ​ដល់​ជំនាញ​រឹង​របស់​អ្នក​ឲ្យ​កាន់តែ​មាន​ប្រសិទិ្ធភាព​ខ្ពស់​។ សាលា​យើង​ខ្ញុំ​បង្ហាត់បង្រៀន​សិស្ស​ជាមួយ​នឹង​ជំនាញ​ផ្សេងៗ​ចាប់​តាំងពី​អាយុ​វ័យក្មេង ដើម្បី​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នកដឹកនាំ​ល្អ​នាពេល​អនាគត​»៕

អត្ថបទគួរចាប់អារម្មណ៍