ការដឹកជញ្ជូន​ផ្លូវគោក​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​ប្រទេស​កម្ពុជា​មាន​ភាពប្រសើរ​ឡើង​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ហើយ​សេវាកម្ម​ថ្មី​មួយ​ចំនួន​ត្រូវ​បាន​បង្កើតឡើង ដែល​ផ្តល់​ឲ្យ​អ្នក​ដំណើរ​នូវ​ជម្រើស​បន្ថែម​ទៀត​ដើម្បី​តភ្ជាប់​រវាង​ព្រលាន​យន្តហោះ និង​ទីប្រជុំជន​។ ខាង​ក្រោម​នេះ​ជា​ការ​សង្ខេប​នៃ​ជម្រើស​សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ព្រលានយន្តហោះ​។

ភ្នំពេញ

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ចម្ងាយ​ប្រហែល​ ១២ ​គីឡូម៉ែត្រ​ទៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​ ៤​។ ក្នុង​នាម​ជា​ព្រលាន​យន្តហោះ​ធំ​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា អាកាសយានដ្ឋាន​នេះ​មាន​ជម្រើស​ដឹកជញ្ជូន​ច្រើន​ជាង​អាកាសយានដ្ឋាន​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​។ ចរាចរណ៍​គឺជា​កត្តា​ដ៏សំខាន់​មួយ​នៅក្នុង​រដ្ឋធានី​ដូច្នេះ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ និង​មកពី​ព្រលាន​យន្តហោះ​អាច​មាន​រយៈពេល​ចន្លោះ​ពី​ ៣០ ​នាទី​ទៅ​ជាង​ ១ ​ម៉ោង អាស្រ័យ​លើ​ជម្រើស​មធ្យោបាយ​ធ្វើ​ដំណើរ និង​ពេល​ព្រឹក ពេល​ថ្ងៃ ឬ​ពេល​យប់​។

រថយន្ត​ក្រុង​សាធារណៈ ៖

ផ្លូវ​ឡានក្រុង​ខ្សែ​ទី​ ៣ ​រត់​ចេញ​ពី​ចំណត​រថយន្ត​នៅ​ផ្លូវ​ខាង​ក្រៅ​ច្រក​អាកាសយានដ្ឋាន​ទៅ​ផ្សារ​រាត្រី​នៅ​តំបន់​មាត់ទន្លេ​។ ឡានក្រុង​រត់​ពី​ម៉ោង​ ៥:៣០ ​ព្រឹក​រហូត​ដល់​ម៉ោង ​៨:៣០ ​នាទី​ល្ងាច​ជា​រៀងរាល់​ថ្ងៃ​រៀងរាល់​ ១៥ ​នាទី​ម្តង​។ ការ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​រាត្រី​អាច​ចំណាយពេល​ពី​ ៣០ ​នាទី​ទៅ​ប្រហែល​ ១ ​ម៉ោង​ដោយ​អាស្រ័យ​លើ​លក្ខខណ្ឌ​ចរាចរណ៍​។ ឡានក្រុង​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ហើយ​មាន​តម្លៃ​ត្រឹមតែ​ ១,៥០០ ​រៀល​ (០.៣៧ ដុល្លារ​)​ប៉ុណ្ណោះ​។ មិន​មាន​ថ្លៃ​បន្ថែម​សម្រាប់​ឥវ៉ាន់​ទេ ប៉ុន្តែ​ក៏​មិន​មាន​ចន្លោះ​ទុក​ឥវ៉ាន់​ច្រើន​ដែរ​។

ឡានក្រុង​ចល័ត ៖

KK Star Airport Express ប្រតិបត្តិ​ដំណើរការ​ផ្លូវ​រថយន្ដក្រុង​ចំនួន​ពីរ​សម្រាប់​ធ្វើដំណើរ​ទៅ​ និង​មកពី​ព្រលាន​យន្តហោះ​។ ខ្សែ​ពណ៌​ក្រហម​រត់​រៀងរាល់​ ៣០ ​នាទី​រៀងរាល់​ថ្ងៃ​ចាប់ពី​ម៉ោង​ ៩ ​ព្រឹក ដល់ ៧:៤០ ​ល្ងាច​ពី​ព្រលាន​យន្តហោះ​ទៅ​កាន់ ផ្ទះសំណាក់ Toyoko ក្នុង​សង្កាត់​ទន្លេ​បាសាក់​។ ខ្សែ​ពណ៌​ទឹកក្រូច​រត់​រៀងរាល់​ម៉ោង​ចាប់ពី​ម៉ោង​ ៩:៤៥ ​ព្រឹក​រហូត​ដល់​ម៉ោង ​៩:៣៥ ​នាទី​ល្ងាច រៀងរាល់​ថ្ងៃ​ទៅ​កាន់​សណ្ឋាគារ​សូហ្វីតែល​ក្បែរ​ផ្សារ​ទំនើប​អ៊ីអន​។ សំបុត្រ​មាន​តម្លៃ​ ៥ ​ដុល្លារ ហើយ​អាច​ទិញ​បាន​នៅ​តាម​ចំណត​តាក់ស៊ី​នៅឯ​អាកាសយានដ្ឋាន​ពី​សណ្ឋាគារ​ដែល​ចុះកិច្ចសន្យា​ជាមួយ​អាកាសយានដ្ឋាន ឬ​ពី​អ្នក​បើកបរ​នៅពេល​ដែល​ឡើង​ជិះ​។

រថភ្លើង ៖

ចំណត​រថភ្លើង​ដែល​ទើប​តែ​បើក​ដំណើរការ​កាលពី​ដើម​ខែ​មេសា​នេះ រថភ្លើង​ដឹក​អ្នក​ដំណើរ​រត់ចេញ​ពី​ស្ថានីយ៍​រថភ្លើង​នៅលើ​មហាវិថី​ព្រះមុនីវង្ស ទៅ​កាន់​ព្រលាន​យន្តហោះ​ផ្ទាល់​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ ដែល​ចំណាយ​ពេល​ ៤៥ ​នាទី ដើម្បី​ទៅ​ដល់​។ សេវា​ផ្លូវ​រថភ្លើង ដែល​ធ្វើ​ដំណើរការ​ ២៤ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​រថភ្លើង​ចាកចេញ​រៀងរាល់​ ២០ ​នាទី​គឺ​មិន​គិត​ថ្លៃ​ទេ​រហូត​ដល់​ខែ​កក្កដា​។ ក្រុមហ៊ុន​អាកាសចរណ៍​កំពុង​សាកល្បង​ការអនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ចាកចេញ​អាច check-in ជើងហោះហើរ​នៅ​ស្ថានីយ​រថភ្លើង​តែ​ម្តង​។

តាក់ស៊ី ម៉ូតូ​កង់បី និង​ម៉ូតូឌុប ៖

សេវា​តាក់ស៊ី​តម្លៃ​ម៉ៅ គឺ​អាច​រក​ជិះ​បាន​ពី​ចំណត​តាក់ស៊ី​នៅ​ព្រលានយន្តហោះ​នៅ​ខាង​ក្រៅ​កន្លែង​អ្នកដំណើរ​រង់ចាំ​នៅ​ព្រលានយន្តហោះ​ដោយ​រថយន្ត​តាក់ស៊ី​ធុន​តូច​ដែល​មាន​តម្លៃ​ពី​ ១២-១៥ ​ដុល្លារ អាស្រ័យ​លើ​ទិសដៅ​ដែល​អ្នក​ដំណើរ​ជ្រើសរើស​។ ម៉ូតូ​កង់​បី​ប្រចាំ​អាកាសយានដ្ឋាន​នៅ​ចំណត​នៅ​ខាង​ក្រៅ​កន្លែង​អ្នក​ដំណើរ​រង់ចាំ​មាន​តម្លៃ​ម៉ៅ​ក្នុង​ចន្លោះ​ ៩-១២ ដុល្លារ​អាស្រ័យ​លើ​ទិស​ដៅ​ផង​ដែរ​។

អ្នក​ដំណើរ​ក៏​អាច​ដើរ​ចេញ​ពី​តំបន់​ជុំវិញ​អគារ​ស្ថានីយ​អាកាសយានដ្ឋាន​ទៅ​ផ្លូវធំ​ (​ផ្លូវជាតិ​លេខ​ ៤) ហើយ​រក​ម៉ូតូ​កង់​បី​ជិះ ឬ​ម៉ូតូ​តាម​ផ្លូវ​ដែល​មាន​តម្លៃ​ថោក​ជាង​នេះ គឺ​ប្រហែល​ ៦ ​ដុល្លារ​សម្រាប់​ម៉ូតូ​កង់​បី និង ៣ ​ដុល្លារ​សម្រាប់​ម៉ូតូឌុប​ទៅ​ទីប្រជុំជន​។

ភាគច្រើន​តម្លៃ​កាន់តែ​ថោក​បើ​សិន​ជា​ធ្វើ​ដំណើរ​ពី​ទីក្រុង​ទៅ​ព្រលានយន្តហោះ​វិញ ដោយ​ឡាន​តាក់ស៊ី​ឯកជន​កក់​តាម​សណ្ឋាគារ ដែល​មាន​តម្លៃ​ ១០ ​ដុល្លារ ហើយ​ម៉ូតូ​កង់​បី និង​ម៉ូតូឌុប​ធម្មតា​តាម​ដងផ្លូវ អាច​បញ្ចុះតម្លៃ​ដល់​ ៥ ​ដុល្លារ ឬ ២ ទៅ​ ៣ ​ដុល្លារ​រៀង​គ្នា​។

ឡាន​តាក់ស៊ី​ក៏​អាច​កក់​ទុក​តាម​អ៊ីនធឹណិត​ផង​ដែរ តាមរយៈ​កម្មវិធី និង​គេហទំព័រ BookMeBus ដែល​មាន​អត្រា​ចាប់ពី ១៥ ​ដុល្លារ សម្រាប់​រថយន្ត SUV៤ កៅអី​។ រថយន្ត​ដែល​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ច្រើន​ក៏​អាច​រក​បាន​ដែរ​តែ​នៅក្នុង​តម្លៃ​ខ្ពស់​។ លើស​ពី​នេះ​ទៅ​ទៀត​សណ្ឋាគារ​ធំៗ​មួយ​ចំនួន​អាច​ផ្តល់​ការដឹកជញ្ជូន​ពី​ព្រលាន​យន្ដហោះ​ដោយ​ឥត​គិតថ្លៃ ឬ​ការដឹកជញ្ជូន​តាម​ឡានក្រុង ប៉ុន្តែ​ត្រូវ​ស្នើរ​សុំ​ជា​មុន​។

កម្មវិធី​ហៅ​រថយន្ត​លើ​ស្មាតហ្វូន ៖

ជម្រើស​មួយ​ទៀត​គឺ​ប្រើ​កម្មវិធី​ស្មាតហ្វូន ដូចជា​កម្មវិធី Grab ឬ PassApp​។ តម្លៃ​ខុសៗ​គ្នា ប៉ុន្តែ​អាច​ប៉ាន់​ស្មាន​ថា​នឹង​បង់​ប្រាក់​ប្រហែល​ ៧ ​ដុល្លារ​សម្រាប់​រថយន្ត SUV សម្រាប់​ ៤ ​​នាក់ និង​តម្លៃ​ប្រហែល​ ៦ ​ដុល្លារ​សម្រាប់​រថយន្ត​ធុន​តូច និង​ ៥ ​ដុល្លារ​សម្រាប់​ម៉ូតូ​កង់​បី និង​ ៤ ដុល្លារ​សម្រាប់​ម៉ូតូ​កង់​បី​ទំហំ​តូច ដើម្បី​ធ្វើ​ដំណើរ​ទៅ​មកពី​ទីប្រជុំជន​។

អ្នក​អាច​ត្រូវ​រង់ចាំ​រយៈពេល​មួយ​ស្របក់​ក្នុង​ការ​រង់ចាំ​អ្នក​បើកបរ​។ អ្នកខ្លះ​ចូល​ទៅ​បរិវេណ​អាកាសយានដ្ឋាឋាន​ផ្ទាល់​តែ​ម្តង តែ​អ្នក​បើកបរ​ខ្លះ​ទៀត​នឹង​ឈប់​មុខ​ព្រលាន​យន្តហោះ​ដើម្បី​ចាំ​អ្នក​។ អ្នកដំណើរ​ដែល​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​អាច​ហៅ​រថយន្ត​គ្រប់​ទីកន្លែង​នៅ​ទីក្រុង​។

សៀមរាប

ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ​ស្ថិត​លើផ្លូវ​ជាតិ​លេខ​ ៦ មាន​ចម្ងាយ​ប្រហែល ១០ ​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ក្រុង​សៀមរាប​។ ការធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​ទៅ​ទីប្រជុំជន​ត្រូវ​ចំណាយ​ពេល​ប្រហែល​ ២០ ទៅ​ ៣០ ​នាទី អាស្រ័យ​លើ​ចរាចរណ៍ និង​មធ្យោបាយ​ធ្វើ​ដំណើរ​។

តាក់ស៊ី ៖

រថយន្ត​តាក់ស៊ី​តម្លៃ​ម៉ៅ​អាច​ត្រូវ​បាន​ហៅ​បាន​នៅឯ​ចំណត​តាក់ស៊ី​នៅ​ខាង​ក្រៅ​អគារ​រង់ចាំ​ដោយ​មាន​គម្រោង​តម្លៃ​ពីរ​ផ្សេង​គ្នា​មួយ​សម្រាប់​ម៉ោង​នៅ​ពេល​ថ្ងៃ (៦ ព្រឹក​ដល់ ១១ ​យប់​) និង​មួយ​ទៀត​សម្រាប់​ម៉ោង​ពេល​យប់ (​ចាប់ពី​ម៉ោង​​ ១១ ​ដល់ ៦ ​ព្រឹក​)​។ ក្នុង​អំឡុង​ពេល​ថ្ងៃ​រថយន្ដ​តាក់ស៊ី​មាន​តម្លៃ​ ១០ ​ដុល្លារ ដែល​រថយន្ត​នេះ​មាន​ ៤ ​កៅអី ហើយ​មាន​កន្លែង​ដាក់​ឥវ៉ាន់​បាន​ ២ ​វ៉ាលី​។ ឡាន​តាក់ស៊ី​មាន​តម្លៃ​ ១៥ ​ដុល្លារ មាន​កៅអី​ ៦+ ហើយ​មាន​ចន្លោះ​ច្រើន​សម្រាប់​ដាក់​ឥវ៉ាន់​។ តម្លៃ​សំបុត្រ​កើនឡើង​ ៥ ​ដុល្លារ​នៅពេល​យប់​។

រថយន្ត​តាក់ស៊ី​ដឹក​ទំនិញ​តូចៗ​ក៏​អាច​ត្រូវ​បាន​កក់​តាម​អ៊ីនធឺណិត​ផង​ដែរ តាមរយៈ​កម្មវិធី និង​គេហទំព័រ BookMeBus ដែល​មាន​អត្រា​ចាប់ពី​ ២២ ​ដុល្លារ​។ លើស​ពី​នេះ​ទៀត​សណ្ឋាគារ​ធំៗ​មួយ​ចំនួន​អាច​ផ្តល់​ជូន​នូវ​ការដឹកជញ្ជូន​ដោយ​រថយន្ត ឬ​រថយន្ត​ដឹក​ទំនិញ​ខ្នាតតូច​ដោយ​ឥត​គិតថ្លៃ​ទៅ​មកពី​ព្រលាន​យន្តហោះ​។

ម៉ូតូ​កង់​បី និង​ម៉ូតូឌុប ៖

ម៉ូតូ​កង់បី​តម្លៃ​ម៉ៅ​ក៏​អាច​ត្រូវ​បាន​រៀបចំ​ពី​ចំណត​តាក់ស៊ី​ប្រចាំ​ព្រលាន​យន្តហោះ​សម្រាប់​ ៩ ​ដុល្លារ​នៅ​ពេល​ថ្ងៃ និង​ ១៤ ​ដុល្លារ​នៅពេល​យប់​។ អ្នក​ក៏​អាច​ដើរ​ទៅ​ផ្លូវធំ​នៅ​ខាង​មុខ​ព្រលាន និង​ហៅ​ម៉ូតូ​កង់​បី ឬ​ម៉ូតូឌុប​បាន​ដែរ​។ ការចំណាយ​គឺ​ថោក​ជាង​ការហៅ​នៅក្នុង​ព្រលាន​យន្តហោះ​ដែល​មាន​តម្លៃ​ជា​ធម្មតា​ ៥ ​ដុល្លារ ឬ​ ២ ​ដុល្លារ​រៀង​គ្នា ប៉ុន្តែ​អ្នក​អាច​ត្រូវ​រង់ចាំ​រយៈពេល​យូរ​ក្នុង​ការ​ស្វែងរក​រថយន្ត​ឆ្លងកាត់​ដើម្បី​ហៅ​។

ក្រុង​ព្រះសីហនុ

អាកាសយានដ្ឋាន​អន្តរជាតិ​សីហនុ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ២៥ ​គីឡូម៉ែត្រ ខាង​កើត​ក្រុង​ព្រះសីហនុ​នៅ​លើ​ផ្លូវជាតិ​លេខ​ ៤​។ ជម្រើស​នៃ​ការធ្វើ​ដំណើរ​ទៅ​មក​ពី​អាកាសយានដ្ឋាន និង​ខេត្ត​ព្រះសីហនុ​ត្រូវ​មាន​ការកំណត់ ដូច្នេះ​តម្លៃ​គឺ​មាន​ភាព​ស្ថិតស្ថេរ​។ បន្ទាប់ពី​ចុះ​ពី​លើ​យន្តហោះ តុ​សេវា​នៅ​ក្បែរ​កន្លែង​យក​ឥវ៉ាន់​អាច​ជួយ​អ្នក​ក្នុង​ការ​រៀបចំ​យានយន្ត​ធ្វើ​ដំណើរ​បាន​។ អាស្រ័យ​លើ​លក្ខខណ្ឌ​ចរាចរ និង​ទីតាំង​សណ្ឋាគារ​របស់​អ្នក មិន​ថា​នៅ​ឆ្នេរ​ជ័យជម្នះ ឆ្នេរ​សិរិនឌីភីធី ឬ​ឆ្នេរ​អូត្រេះ នោះ​ទេ​ការ​ធ្វើ​ដំណើរ​អាច​ចំណាយពេល​ពី​ ២០ ​នាទី​ទៅ​មួយ​ម៉ោង​។

ឡានក្រុង​ចល័ត ៖

ក្រុមហ៊ុន United Ground Services (UGS) ធ្លាប់​រៀបចំ​សេវា​ឡាន​ក្រុង​ចល័ត​ដឹក​អ្នក​ដំណើរ​ទៅ​កណ្តាល​ក្រុង​ក្នុង​តម្លៃ​ ៥ ​ដុល្លារ​ក្នុង​ម្នាក់ ប៉ុន្ដែ​សេវា​ឡានក្រុង​នេះ​ត្រូវ​បាន​ផ្អាក​បន្ទាប់ពី​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ជាមួយ​នឹង​អាកាសយានដ្ឋាន​ត្រូវ​បាន​បាន​ផុតកំណត់ ហើយ​អ្នក​តំណាង​អាកាសយានដ្ឋាន​មិន​ប្រាកដ​ថា​គួរ​បន្ត​កុងត្រា​ឬ​អត់​។

តាក់ស៊ី

ការ​ធ្វើ​ដំណើរ​ក្នុង​ឡាន​តាក់ស៊ី​រួម​គ្នា​នឹង​ត្រូវ​ចំណាយ​អស់​ ៥ ​ដុល្លារ​ក្នុង​ម្នាក់ រីឯ​ការធ្វើ​ដំណើរ​តាម​ឡាន​តាក់ស៊ី​ម្នាក់ឯង​អាច​ចំណាយ​ប្រាក់​អស់​ ២០ ​ដុល្លារ អាស្រ័យ​លើ​ជំនាញ​តថ្លៃ​របស់​អ្នក​។ ជម្រើស​មួយ​ទៀត​គឺ​ការ​កក់​ឡាន​តាក់ស៊ី​ឯកជន​តាម​អ៊ីនធឺណិត​តាមរយៈ​កម្មវិធី និង​គេហទំព័រ BookMeBus ដែល​មាន​តម្លៃ​ចាប់ពី​ ២៥ ​ដុល្លារ​។ សណ្ឋាគារ និង​ផ្ទះសំណាក់​ខ្លះ​អាច​ផ្តល់​ការដឹកជញ្ជូន​ដោយ​ឥត​គិតថ្លៃ ឬ ការ​បង់​ពាក់កណ្តាល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មកពី​ព្រលានយន្តហោះ ប៉ុន្តែ​នេះ​ត្រូវ​តែ​រៀបចំ​ទុក​ជា​មុន​។

ម៉ូតូ​កង់​បី និង​ម៉ូតូឌុប ៖

អ្នក​នឹង​រកឃើញ​ម៉ូតូ​កង់បី​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ទីក្រុង និង​មាន​ម៉ូតូ​កង់បី​មួយ​ចំនួន​រង់ចាំ​ពីរ​បី​តាម​ព្រលានយន្តហោះ​ក្នុង​រយៈពេល​មមាញឹក​។ អ្នក​បើកបរ​ជាច្រើន​នាក់​ត្រូវ​បាន​ចុះ​ឈ្មោះ​នៅក្នុង​កម្មវិធី iTsumo និង PassApp ប៉ុន្តែ​នឹង​បដិសេធ​មិន​ប្រើប្រាស់​វា​ក្នុង​ការដឹក​អ្នក​ដំណើរ​ទៅ​មក​លើ​ព្រលាន​យន្ដហោះ​ហើយ​សុខ​ចិត្ត​យក​តម្លៃ​ម៉ៅ ១៥ ​ដុល្លារ​ទៅ​វិញ​។

ប្រសិន​បើ​ធ្វើ​ដំណើរ​ដោយ​មាន​ឥវ៉ាន់​តិច (​ឧទាហរណ៍​ដូចជា​តែ​ធ្វើ​ដំណើរ​តែ​មួយ​ថ្ងៃ​) អ្នក​ប្រហែល​ជា​អាច​ហៅ​ម៉ូតូឌុប​ឆ្លង​កាត់​តាម​ផ្លូវជាតិ​លេខ​ ៤ ប៉ុន្តែ​កុំ​សង្ឃឹម​ថា​អ្នក​បើកបរ​នឹង​រង់ចាំ​នៅ​ខាង​ក្រៅ​ព្រលានយន្តហោះ​ឲ្យ​សោះ​។ ភ្ញៀវ​ទេសចរណ៍​ធ្វើ​ដំណើរ​ម្នាក់ឯង​មួយ​ចំនួន​បាន​រាយការណ៍​អំពី​ការ​ចំណាយ​លុយ​ប្រហែល ៧ ដុល្លារ​លើ​ម៉ូតូឌុប​ពី​ព្រលានយន្តហោះ​ទៅ​ទីក្រុង និង​ ៥ ​ដុល្លារ​សម្រាប់​ការ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ព្រលានយន្តហោះ​វិញ​៕

Jacob Gardner