
រូបថតបង្ហាញកម្មវិធីទូរស័ព្ទដៃក្នុងការទូទាត់សាច់ប្រាក់។ រូបថត ទឹម បូរិទ្ធ
ខណៈដែលកម្ពុជាបន្តពឹងផ្អែកខ្លាំងលើការប្រើប្រាស់សាច់ប្រាក់ ដើម្បីជាមូលដ្ឋាននៃការទូទាត់ចរន្តនៃការប្រើប្រាស់ទូរស័ព្ទដៃសម្រាប់ជាមធ្យោបាយទូទាត់បានកើនឡើងគួរឲ្យកត់សម្គាល់ក្នុងចំណោមប្រជាជនវ័យក្មេង ដែលជានិន្នាការវិជ្ជមានដើម្បីពន្លឿនការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោក Tomas Pokorny អគ្គនាយកក្រុមហ៊ុន Pi Pay បានលើកឡើងថា អ្នកប្រើប្រាស់ជាច្រើនចាប់ផ្តើមយល់ដឹងពីអត្ថប្រយោជន៍នៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកជាពិសេសប្រជាជនវ័យក្មេង និងអ្នកមានជំនាញផ្នែកបច្ចេកវិទ្យា។ លោកបន្តថាបន្ទាប់ពីក្រុមហ៊ុនរបស់លោកបានដំណើរការកាលពីខែកក្កដាឆ្នាំមុន ដើម្បីផ្តល់កម្មវិធីទូទាត់តាមប្រព័ន្ធទូរស័ព្ទ App របស់ PiPay ត្រូវបានទាញយក និងដំឡើងនៅក្នុងទូរស័ព្ទសម្រាប់ការប្រើប្រាស់ជាង ២១ ម៉ឺនដង ហើយមានការប្រើប្រាស់ដើម្បីជាការទូទាត់ប្រមាណ ២,៦ លានប្រតិបត្តិការ ស្មើនឹងទឹកប្រាក់នៃការទូទាត់មានតម្លៃ ៥១ លានដុល្លារអាមេរិក។
លោកបន្តថា៖ «ពេលដំបូងដែលយើងចាប់ផ្តើមអភិវឌ្ឍកម្មវិធីទូទាត់តាមទូរស័ព្ទ យើងបានឮច្រើនអំពីការបារម្ភពីការដំណើរការកម្មវិធីនេះដោយហេតុថាកម្ពុជាជាប្រទេសដែលចាក់ឫសខ្លាំងដោយការប្រើប្រាស់សាច់ប្រាក់ជាមធ្យោបាយទូទាត់។ ប៉ុន្តែលទ្ធផលបានបង្ហាញថា យើងមានឱកាសល្អ ហើយប្រជាជនកម្ពុជាមានការវិវឌ្ឍលឿន ដើម្បីទទួលយកកម្មវិធីថ្មីរបស់យើងសម្រាប់ជាមធ្យោបាយទូទាត់ទំនិញ សេវាកម្ម និងការផ្ទេរប្រាក់ផ្សេងៗតាមបច្ចេកវិទ្យា»។
កម្មវិធីទូទាត់របស់ក្រុមហ៊ុន PiPay គឺជាប្រតិបត្តិករឈានមុខគេមួយសម្រាប់ទីផ្សាររបស់វិស័យនេះ។ កញ្ញា ហេង ស៊ូនី អ្នកប្រើប្រាស់កម្មវិធីទូទាត់របស់ PiPay បានបញ្ជាក់ថា នាងបានប្រើប្រាស់ទូរស័ព្ទក្នុងការទូទាត់ទំនិញញឹកញាប់។
បុគ្គលិកក្រុមហ៊ុនឯកជនដែលមានវ័យ ២៥ ឆ្នាំរូបនេះបានបញ្ជាក់ថា កញ្ញាត្រូវបានទាក់ទាញឲ្យប្រើប្រាស់ដំបូងដោយការបញ្ចុះតម្លៃច្រើនពីអ្នកលក់ដែលជាដៃគូរបស់ PiPay។ បើទោះបីជាអត្រាបញ្ចុះតម្លៃទាបជាងមុន តែ ស៊ូនី បញ្ជាក់ថានាងនៅបន្តប្រើការទូទាត់ប្រភេទនេះជាប្រចាំដោយសារមានភាពងាយស្រួល។
កញ្ញាបន្តថា៖ «ខ្ញុំប្រើវាស្ទើររាល់ថ្ងៃហ្នឹងព្រោះកម្មវិធីនេះទូទាត់លឿន និងងាយស្រួលជាងការប្រើប្រាស់សាច់ប្រាក់» កញ្ញាបញ្ជាក់ថា៖ «ឥឡូវសឹងតែគ្រប់ពេលដែលខ្ញុំទិញអីវ៉ាន់ ឬញ៉ាំអីតាមហាងនានា ខ្ញុំតែងតែសួរអ្នកគិតលុយថាតើមានគិតលុយតាម Pi Pay អត់?»។
យ៉ាងណាក៏ដោយ PiPay មិនមែនមានតែឯងនៅលើទីផ្សារនោះទេ។ កម្មវិធីទូទាត់ក្នុងស្រុកផ្សេងទៀតត្រូវបានដំឡើង និងដាក់ឲ្យប្រើប្រាស់ពីប្រតិបត្តិករផ្សេងៗដែលកំពុងប្រកួតប្រជែងដើម្បីចាប់យកចំណែកទីផ្សារទូទាត់ ចល័ត ដែលកំពុងរីកចម្រើន។ ប្រតិបត្តិករទាំងនោះរួមមាន DaraPay, Bongluy, SpeedPay GrabPay និង Smartluy ជាដើម។ លើសពីនេះទៀតធនាគារជាច្រើនបានបង្កើតកម្មវិធី ទូទាត់ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដើម្បីចាប់យកឱកាសពីនិន្នាការនៃការប្រែប្រួលនេះដែលបង្កើតឡើងដាច់ដោយឡែកពីប្រព័ន្ធទូទាត់តាមធនាគារដែលមានស្រាប់របស់ពួកគេ។
មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅសិង្ហបុរីឈ្មោះ MatchMove ក៏កំពុងចាប់អារម្មណ៍កម្ពុជាសម្រាប់ដំណើរការប្រព័ន្ធទូទាត់តាមអេឡិចត្រូនិកនេះដែរ ហើយបានកំពុងសិក្សាពីលទ្ធភាពក្នុងការដំណើរការសេវាកម្មនេះនៅកម្ពុជា។
លោក Nitin Palande អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន MatchMove Pay បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ខណៈដែលខ្លួនបានត្រៀមខ្លួនដើម្បីចូលក្នុងទីផ្សារនេះបន្ទាប់ពីសង្កេតឃើញនូវសក្តានុពល។
លោកថ្លែងថា៖ «តាមរយៈអត្រាប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ៤៨ ភាគរយ ក្នុងចំណោមអ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់ភាគរយអ្នកប្រើអ៊ីនធឺណិត ៣២ ភាគរយហើយភាគរយអ្នកប្រើប្រាស់សេវាធនាគារមាន ២២ ភាគរយ ខ្ញុំគិតថា កម្ពុជាគឺជាទីតាំងដ៏មានសក្តានុពលសម្រាប់យើងក្នុងការដំណើរការប្រព័ន្ធទូទាត់តាមឌីជីថល»៕