ជាមួយ​នឹង​ការរីកចម្រើន​វិស័យ​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន​បាន​ចាប់អារម្មណ៍​ចំពោះ​ទីផ្សារ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ទីផ្សារ​អាកាសចរណ៍​កម្ពុជា​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ឡើង​ជា​លំដាប់​។ ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការតភ្ជាប់​ផ្លូវ​អាកាស ជាពិសេស​ការរីកចម្រើន​នៃ​ការហោះហើរ​ទៅ​កាន់​ប្រទេស​ចិន​នាពេល​ថ្មីៗ​នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ជាច្រើន​ឲ្យ​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​។

កាលពី​ឆ្នាំ​ ២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស ៥,៦០ ​លាន​នាក់ ដោយ​ក្នុង​នោះ​ប្រហែល ៦០ ​ភាគរយ​បាន​មក​ដល់​តាម​ផ្លូវ​អាកាស​។ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ នៅ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ បាន​ទទួល​អ្នក​ដំណើរ​ចំនួន ៨,៨ ​លាន​នាក់​ដោយ​កើនឡើង ២៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។

ចំនួន​ជើង​ហោះហើរ​សរុប​បាន​កើនឡើង​ដល់ ៩០០០០ ​ដង​កាលពី​ឆ្នាំ​មុន ហើយ​ចំនួន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ នៅពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មីៗ​នឹង​ចាប់ផ្តើម ហើយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​មាន​ស្រាប់​ក៏​បង្កើន​ជើង​ហោះហើរ ឬ​បន្ថែម​ផ្លូវ​ហោះហើរ​ថ្មី​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ប្រមាណ ៦០ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​យ៉ាង​ហោចណាស់​ចំនួន ​៦ ផ្សេង​ទៀត​កំពុង​រង់ចាំ​វិញ្ញាបនបត្រ AOC ដែល​នឹង​អនុញ្ញាតឱ្យ​ពួកគេ​ធ្វើការ​ហោះហើរ​នៅក្នុង​ដែនអាកាស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) ដែលជា​ស្ថាប័ន​ទទួល​ខុសត្រូវ​ក្នុង​ការ​អនុម័ត​វិញ្ញាបនបត្រ AOC បាន​និយាយ​ថា ការពង្រីក​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ផ្លូវ​ហោះហើរ បាន​ធ្វើឱ្យ​គ្រប់​គ្នា​មាន​ការ​ចាប់អារម្មណ៍​។

លោក​មាន​ប្រសាសន៍​ថា៖ «​ជាមួយ​នឹង​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី ដែល​ចូលមក​ទីផ្សារ​អាកាសចរណ៍​របស់​យើង វា​នឹង​មាន​ការប្រកួតប្រជែង​កាន់តែ​ខ្លាំង ប៉ុន្តែ​វា​ជា​ការ​ល្អ​ដែល​យើង​នឹងមាន​ការប្រកួតប្រជែង​ខ្លាំង ព្រោះ​វា​នឹង​ផ្តល់​ជម្រើស​បន្ថែម​ទៀត​ដល់​អតិថិជន​»​។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ៦ បាន​ចាប់ផ្តើម​ដាក់ពាក្យ​សុំ​វិញ្ញាបនបត្រ​ AOC ​នៅ​កម្ពុជា​ដែល​នឹង​នាំឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​កើនឡើង​ដល់​ទៅ ១៣​។ ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន ២ ​គឺ MJ Airline និង​ក្រុមហ៊ុន Domrey Angkor Airline បាន​ទទួល​ការអនុម័ត​ពី​រដ្ឋាភិបាល​រួច​ហើយ ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​វិញ្ញាបនបត្រ AOC ហើយ​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​។ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ៤ ​ផ្សេង​ទៀត បាន​ដាក់​ពាក្យ​ស្នើសុំ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផង​ដែរ​។

ដូច​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ជាច្រើន​ដែរ ក្រុមហ៊ុន​អាកាសចរណ៍ MJ Airlines និង​ក្រុមហ៊ុន Domrey Angkor Airline គឺជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​រវាង​វិនិយោគិន​កម្ពុជា និង​ចិន​។

លោក ចាន់សេរីវុត្ថា បាន​ថ្លែង​ថា៖ «​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ ២ នេះ​ចង់​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ទៅ​កាន់​ទីផ្សារ អាកាសចរណ៍​កម្ពុជា​»​។

ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា ពិសេស​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ស្រុក​ធ្វើឱ្យ​មាន​ការប្រកួតប្រជែង​គ្នា​កាន់តែ​ខ្លាំង ដោយសារ​តែ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​កំពុង​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ដ៏តូច​មួយ​នេះ​។

របាយការណ៍​ពី​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (CAPA) ដែល​ចេញផ្សាយ​កាលពី​ខែ​កុម្ភៈ​បាន​កត់សម្គាល់​ថា យន្តហោះ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២ ដែល​ហោះហើរ​យន្តហោះ​ចំនួន​ ៧ ​គ្រឿង​ក្នុង​ឆ្នាំ​ ២០១៣ ដល់​ចំនួន ៧ ​ក្រុមហ៊ុន ដោយ​ប្រើប្រាស់​យន្តហោះ​ចំនួន​ ៣០ ​គ្រឿង​។ នៅ​ចុង​ឆ្នាំ​នេះ​គេ​រំពឹង​ថា​នឹង​មាន​យន្តហោះ ១៥ ​គ្រឿង​ទៀត​ចូល​ក្នុង​ទីផ្សារ​នេះ​។

របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ទៀតថា ៖ «​អាកាសចរណ៍​កម្ពុជា​នឹង​បន្ត​ពង្រីក​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ខាង​មុខ ដោយសារ​ចរាចរណ៍​អ្នក​ធ្វើ​ដំណើរ​កើនឡើង​យ៉ាង​ឆាប់រហ័ស ជាពិសេស​ភ្ញៀវ​ជនជាតិ​ចិន​»​។

ទោះបី​ជា​វិស័យ​ទេសចរណ៍​កម្ពុជា រីកចម្រើន​ជា​មធ្យម​ជិត ៨ ​ភាគរយ ក្នុង​ ១ ​ឆ្នាំ បើ​គិត​ចាប់ពី​ឆ្នាំ​ ២០១៤ ដល់​បច្ចុប្បន្ន​ក៏ដោយ CAPA ព្រមាន​ថា «​វា​ពិបាក​ក្នុងការ​ស្រមៃ​មើល​ទីផ្សារ​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​លើសពី​ ៥»​។

ប្រទេស​កម្ពុជា​មាន​កេរ្ដិ៍ឈ្មោះ​ថា ជា​ទីផ្សារ​ងាយស្រួល​បំផុត​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​អាកាសចរណ៍ ប៉ុន្តែ​វា​ក៏​អាច​ជា​ទីផ្សារ​លំបាក​មួយ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​។ ក្រុមហ៊ុន​អាកាសចរណ៍ Apsara International Air បាន​បាត់​ខ្លួន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​បាន​ចាប់ផ្តើម​សេវាកម្ម​នៅ​ឆ្នាំ​ ២០១៤ ដោយសារ​មាន​ការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​សង្គ្រាម​តម្លៃ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្នុង​ស្រុក​ផ្សេង​ទៀត​។

ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ត្រូវ​តែ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់​អាស៊ី និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​មាន​តម្លៃ​ថោក​ផ្សេង​ទៀត​នៅ​លើ​ផ្លូវអាកាស​អន្តរជាតិ​។

អ្នក​ជំនាញ​អាកាសចរណ៍​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ទាំង​ផ្លូវ​ហោះហើរ​ជាតិ និង​អន្តរជាតិ​ជាទូទៅ​មិន​មាន​ផលចំណេញ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ទេ​។

លោក​បាន​ថ្លែង​ថា៖ «​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​នៅ​កម្ពុជា​ចាប់ផ្តើម​ជាមួយ​នឹង​សេវាកម្ម​ក្នុង​ស្រុក​មុន​ពេល​ពង្រីក​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​អ្នក​ដំណើរ​ក្នុង​ស្រុក​មិនមាន​ចំនួន​ច្រើន​គ្រប់គ្រាន់​សម្រាប់​ស្វែងរក​ប្រាក់​ចំណេញ​ទេ​»​។

ការពង្រីក​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ របស់​ប្រទេស​បាន​បង្កើន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស ប៉ុន្តែ​ប្រតិបត្តិករ​ព្រលាន​យន្តហោះ​ក៏​ត្រូវ​គ្រប់គ្រង​តម្រូវការ​នៃ​ការ​ចុះចត​យន្តហោះ​ផង​ដែរ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​តែងតែ​ព្យាយាម​រក្សា​ទុក​កន្លែង​សម្រាប់​យន្តហោះ​របស់​ខ្លួន​។

លោក Nuno Costa ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Cambodia Airports បាន​និយាយ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ​៣ របស់​ប្រទេស​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​កន្លែង​ចត​ទាំងអស់ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​មិន​បាន​គោរព​តាម​គោលការណ៍​ណែនាំ ដែល​ធ្វើឱ្យ​ពិបាក​ក្នុងការ​បម្រុង​ទុក​កន្លែង​ចត ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​មាន​ប្រសាសន៍​ថា៖ «​កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​បាន​វិនិយោគ​លើ​ប្រព័ន្ធ​គ្រប់គ្រង ប្រព័ន្ធ​កុំព្យូទ័រ​ទំនើបៗ​ហៅថា SCORE ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អាកាសយានដ្ឋាន​ធំៗ​នៅ​ជុំវិញ​ពិភពលោក​។

«​យើង​បាន​សង្កេត​ឃើញ​ថា​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ការ​គ្រប់គ្រង​ទីតាំង​ចត ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​ចាំបាច់​ត្រូវ​បន្ត​កែលម្អ​ការអនុវត្ត​ផែនការ​របស់​ខ្លួន ដើម្បី​បង្កើន​ការប្រើប្រាស់​សមត្ថភាព​នៅ​លើ​ព្រលាន​យន្តហោះ​របស់​យើង​»៕