ព្រូដិនសល​កម្ពុជា​ប្រគល់​រង្វាន់​ជូន​ជយលាភី​ពី​ការ​ប្រឡង​សំណេរ​ស្តីពី​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​តាំង​ពី​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស ​កម្ពុជា ក្នុង​ឆ្នាំ ​២០១៣ មក ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា តែង​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​ការ​យល់ដឹង​អំពី​សារៈសំខាន់​នៃ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​ទូទាំង​ប្រទេស​។

ការ​ប្រាស្រ័យ​ទាក់ទង​ប្រកប​ដោយ​ភាព​ច្បាស់​លាស់​ជាមួយ​អតិថិជន និង​បុគ្គលិក​របស់​ខ្លួន គឺ​ជា​អាទិភាព​ចម្បង​មួយ ដោយសារ​តែ​ក្រុមហ៊ុន​ចង់​ធានា​ឱ្យ​បាន​ថា ប្រជាពលរដ្ឋ​ខ្មែរ​យល់​កាន់​តែ​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ការពារ​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​វែង​។​

ថ្មីៗ​នេះ ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ប្រឡង​សំណេរ​​ជា​ភាសា​ខ្មែរ​ទាក់ទង​នឹង​សារៈសំខាន់​នៃ​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ដេប៉ាតឺម៉ង់​អក្សរសាស្ត្រ​ខ្មែរ និង​ភាសាវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

យើង​បាន​រៀបចំ​ឱ្យ​មាន​កម្មវិធី​នេះ​ឡើង ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​មោះមុត​របស់​យើង​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ភាសា​ជាតិ និង​វិស័យ​អប់រំ ហើយ​យើង​ពិត​ជា​ពេញ​ចិត្ត​នឹង​លទ្ធផល​ដែល​ទទួល​បាន​ពី​កម្មវិធី​ទាំង​នេះ​។

សំណេរ​ដែល​ទទួល​បាន​ជយលាភី គឺ​ជា​ស្នាដៃ​របស់​កញ្ញា សេក ធីតា និស្សិត​ឆ្នាំ​ទី ​៣ នៅ​សាកលវិទ្យា​ភូមិន្ទ​ភ្នំពេញ ​ដែល​គណៈកម្មការ​វិនិច្ឆ័យ​របស់​យើង​បាន​ជ្រើសរើស​ជា​សំណេរ​ដ៏​ល្អ​បំផុត​។

យើង​ខ្ញុំ​រីករាយ​នឹង​ចែក​រំលែក​លោក​អ្នក​នូវ​សម្រង់​សំណេរ​ក្នុង​អត្ថបទ​នេះ ហើយ​លោក​អ្នក​ក៏​អាច​ស្វែងរក​សំណេរ​ទាំង​ស្រុង​ជា​ភាសា​ខ្មែរ​នៅ​លើ​គេហទំព័រ​របស់​ព្រូដិនសល​កម្ពុជា​ខាង​ក្រោម។ https://tinyurl.com/vxwrjqf

លោក David Nutman អគ្គនាយក​ក្រុមហ៊ុន​ព្រូដិនសល ប្រគល់​រង្វាន់​ជូន កញ្ញា អ៊ុន យូវនាថ ដែល​ជា​ជ័យលាភីទី ៣។

យុវជន​ជា​កម្លាំង​ចលករ​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​ចំណេះ​ដឹង​ធានា​រ៉ាប់រង​អាយុ​ជីវិត​ទៅ​តាម​សហគមន៍

សេក ធីតា (និស្សិត​ RUPP)

យុវជន​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំង​សេដ្ឋកិច្ច វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​ជា​ដើម ដោយ​គ្រប់​វិស័យ​មិន​អាច​ខ្វះ​យុវជន​បាន​ឡើយ​។

យុវជន​ជា​ទី​ពំនាក់ ជា​បង្គោល​របស់​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​ក្នុង​ទិសដៅ​នេះ​យុវជន​តែងតែ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​មាន​ក្តី​ស្រមៃ​សម្រាប់​អនាគត​រៀងៗ​ខ្លួន​។ ដើម្បី​សម្រេច​បាន​នូវ​ក្តី​ស្រមៃ​ទាំង​នោះ ពួក​គេ​ត្រូវ​តែ​មាន​គម្រោង​ផែនការ​អនាគត​យ៉ាង​ត្រឹមត្រូវ ហើយ​ប្រសិន​បើ​យុវជន​យល់​ដឹង​ពី​សេវា​ធានា​រ៉ាប់រង​បាន​កាន់​តែ​ច្រើន ​នោះ​វា​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​ផែនការ​សម្រាប់​ជីវិត​ពួក​គេ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ​ព្រោះ​សេវា​ធានា​រ៉ាប់រង​នេះ​ផ្តល់​នូវ​ទំនុក​ចិត្ត និង​មាន​កិច្ច​សន្យា​ធានា​ជូន​យ៉ាង​ត្រឹមត្រូវ និង​ស្រប​ច្បាប់​សង្គម​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ យុវជន​ជា​អ្នក​ចូលរួម​ផ្តួចផ្តើម​គំនិត​អភិវឌ្ឍន៍​សង្គម ជា​អ្នក​មាន​គំនិត​យ៉ាង​សម្បូរ​បែប​ក្នុង​ការ​បង្កើត​ថ្មី ដូច្នេះ​កាលណា​យុវជន​យល់​ដឹង​ពី​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត ពួក​គេ​នឹង​យក​ចំណេះ​ដឹង​នេះ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្នុង​សង្គម​ធ្វើ​ឱ្យ​​មនុស្ស​ក្នុង​សង្គម​នោះ​មាន​ការ​យល់​ដឹង​​ពី​សេវា​ធានា​រ៉ាប់រង​នេះ និង​សារប្រយោជន៍​របស់​វា​ផង​ដែរ​។

ជាក់​ស្តែង​ក្នុង​សម័យ​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​យុវជន​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការងារ​សង្គម​ផ្សេងៗ ព្រោះ​យុវជន​​ជា​ធនធាន​មនុស្ស​ដែល​ពុំ​អាច​ខ្វះ​បាន​ឡើយ​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​មាន​ដំណើរការ​ទៅ​បាន​យ៉ាង​រលូន​។ យើង​សង្កេត​ឃើញ​ថា មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ជា​ច្រើន​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស ​កម្ពុជា នេះ​បញ្ជាក់​ឱ្យ​ឃើញថា សេវា​ធានា​រ៉ាប់រង​អាយុជីវិត​នេះ​ពិត​ជា​មាន​សារៈសំខាន់​​ខ្លាំង​ណាស់​សម្រាប់​សង្គម​ខ្មែរ ហើយ​យុវជន​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ឱ្យ​បាន​ច្រើន​ពី​សេវា​នេះ​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត សេវា​ធានារ៉ាប់រង​អាយុ​ជីវិត ពិត​ជា​មាន​គុណ​សម្បត្តិ​យ៉ាង​ច្រើន​ក្រៃលែង សម្រាប់​យុវជន​ផ្ទាល់​ក៏​ដូចជា​ ក្រុម​គ្រួសារ និង​សង្គមជាតិ​ទាំង​មូល ព្រោះ​យើង​ពុំ​អាច​ដឹង​មុន​ទេ​ថា នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង ជួន​កាល​វា​ជា​រឿង​ល្អ ជួនកាល​វា​ជា​រឿង​អាក្រក់​។

ជ័យ​លាភី​ទី​១ កញ្ញា សេក ធីតា ទទួល​រង្វាន់ពី​លោកស្រី​បណ្ឌិត អ៊ុំ រ៉ាវី សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។

ក្នុង​ន័យ​នេះ ឃើញ​ថា សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ពិត​ជា​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​គ្រួសារ ដូចជា​ ផ្តល់​នូវ​ទំនុក​ចិត្ត និង​ភាព​កក់ក្តៅ​ជូន​មនុស្ស​នៅ​ក្នុង​គ្រួសារ ព្រម​ទាំង​ជួយ​សម្រេច​ក្តី​បំណង​របស់​ពួក​គេ​នាំ​ឱ្យ​គ្រួសារ​ពោរពេញ​ទៅ​ដោយ​​សុភមង្គល​។ វា​ក៏​ជួយ​ការពារ​ហិរញ្ញវត្ថុ ពោល​គឺ​ជួយ​រក្សា​ប្រាក់​បម្រុង​ទុក​សម្រាប់​គ្រួសារ​ក្នុង​ករណី​មាន​រឿង​អកុសល​កើត​ឡើង​ចំពោះ​មនុស្ស​ម្នាក់​នៅ​ក្នុង​គ្រួសារ ឬ​បើ​មិន​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ ក៏​នឹង​ជួយ​រក្សា​ប្រាក់​បម្រុង​ទុក​សម្រាប់​សម្រេច​ក្តី​សុបិន​ពួក​គេ​នាពេល​អនាគត ដូចជា​ សម្រាប់​បង់ថ្លៃ​សិក្សា​កូនៗ​ពួក​គេ​ជាដើម​។

សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​នេះ ផ្តល់​នូវ​គម្រោង​ផែនការ​យ៉ាង​ច្បាស់​លាស់​សម្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​ដោយ​ការ​ទទួល​យក​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ពី​ក្រុមហ៊ុន​ណាមួយ​។ ក្រុមហ៊ុន​ព្រូដិនសល ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដ៏​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​អតិថិជន​របស់​ខ្លួន​ដោយ​ការ​ផ្តល់​សេវា​ធានារ៉ាប់រង​មួយ​យ៉ាង​សម​ស្រប​នូវ​ការ​ការពារ​ហិរញ្ញវត្ថុ ក្នុង​រយៈ​ពេល​វែង ដែលមាន​រយៈពេល​ ១០ ​ឆ្នាំ ១២ ​ឆ្នាំ ១៥ ​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​។

ការ​ធានា​រ៉ាប់រង​នេះ គឺ​តាមរយៈ​ការ​បង់​ថ្លៃ​សង​ប្រាក់​ដល់​ក្រុម​គ្រួសារ​ទៅ​តាម​ចំនួន​ទឹក​ប្រាក់​ដែល​មាន​ក្នុង​កិច្ចសន្យា ទោះបី​ក្នុង​ករណី​ដែល​មេ​គ្រួសារ​មិន​មាន​ជីវិត​រស់នៅ​ដោយសារ​តែ​ការ​ជួប​គ្រោះថ្នាក់​ផ្សេងៗ ឬ​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ក៏​ដោយ​។

ក្រុមហ៊ុន​មាន​ធានា​រ៉ាប់រង​លើ​ការ​រក្សា​ប្រាក់​​បម្រុង​សម្រាប់​សម្រេច​នូវ​ក្តី​សុបិន​របស់​ពួក​គេ​នាពេល​អនាគត​ឱ្យ​ក្លាយ​ជា​ការ​ពិត​ដូចជា​ សម្រាប់​ការ​សិក្សា​របស់​កូនៗ ផែនការ​ចូលនិវត្តន៍ ឬ​ផែនការ​ចាំបាច់​ដទៃ​ទៀត​។ ក្នុង​ករណី​មិន​មាន​គ្រោះ​អកុសល​កើត​ឡើង​ចំពោះ​អតិថិជន​របស់​ខ្លួន ក្រុមហ៊ុន​ព្រូដិនសល​នឹង​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​ពេល​ដល់​កាល​កំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់រង​ទៅ​ឱ្យ​ក្រុម​គ្រួសារ​វិញ​។

សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​មិន​ត្រឹម​តែ​ផ្តល់​ផល​ប្រយោជន៍​ចំពោះ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ព្រម​ទាំង​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សង្គម​ជាតិ​ផង​ដែរ​។ សង្គមជាតិ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដ៏​មាន​ទំនុក​ចិត្ត នឹង​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​ព្រោះ​ប្រជាជន​រស់នៅ​ដោយ​មាន​សុភមង្គល ប្រាក់​ចំណូល ចំណាយ​មាន​ការ​កំណត់​ច្បាស់​លាស់​នាំ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​មាន​ការ​រីក​ចម្រើន ជា​ហេតុ​នាំ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​៕