ក្រុមហ៊ុន Grab (Cambodia) Co.,Ltd ដែលជាក្រុមហ៊ុនហៅតាក់ស៊ីជិះឈានមុខគេក្នុងតំបន់បានប្រើប្រាស់ប្រាក់រៀលដើម្បីប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាថ្វីបើប្រាក់ដុល្លារគ្របដណ្ដប់លើសេដ្ឋកិច្ចក្នុងស្រុក ដោយសារកម្ពុជាចរាចររូបិយប័ណ្ណ ២ គឺប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលក្តី។
Grab មានស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរីហើយ Grab ដំណើរកម្មវិធីហៅតាក់ស៊ីជិះជាមួយនឹងគោលនយោបាយសាជីវកម្មដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងតំបន់។ Grab គឺជាអាជីវកម្មមួយដែលបានកំពុងលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក ដើម្បីជំរុញប្រតិបត្តិការរបស់ខ្លួននៅគ្រប់ទីផ្សារទាំងអស់ដែល Grab បង្ហាញវត្តមាន។
ក្នុងប្រទេសទាំង ៨ ដែលក្រុមហ៊ុន Grab ប្រតិបត្តិការគឺ Grab បានប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ប្រទេសទាំងនោះដើម្បីផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់អតិថិជនទាំងអស់ដែលប្រើប្រាស់សេវាកម្មរបស់ខ្លួន។
ចំពោះប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរីគឺ Grab ប្រើប្រាស់ប្រាក់ដុល្លារសិង្ហបុរីនៅក្នុងប្រទេសម៉ាឡេស៊ី គឺប្រើប្រាស់ប្រាក់រីងហ្គីត នៅប្រទេសថៃគឺប្រើប្រាស់ប្រាក់បាត នៅហ្វីលីពីនគឺប្រើប្រាស់ប្រាក់ប៉េសូ នៅប្រទេសវៀតណាមគឺប្រើប្រាស់ប្រាក់ដុង នៅប្រទេសមីយ៉ាន់ម៉ាគឺប្រើប្រាក់ខ្យាត និងនៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺប្រើប្រាស់ប្រាក់រូពី។
ខណៈប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណដែលមានប្រជាប្រិយភាពជាងគេនៅក្នុងប្រទេសកម្ពុជានោះ ប្រតិបត្តិការរបស់ Grab ទាំងអស់មិនថាការគិតប្រាក់ពីអតិថិជន ឬការទូទាត់អ្វីមួយជាមួយអ្នកបើកបររបស់ខ្លួននោះទេ គឺប្រើប្រាស់ប្រាក់រៀលទាំងអស់។
លោក Ron Wong អគ្គនាយកក្រុមហ៊ុន Grab (Cambodia) Co.,Ltd ប្រចាំកម្ពុជាបានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «តាមទស្សនៈរបស់យើង ខ្ញុំគិតថាក្រុមហ៊ុន Grab ដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ហើយគ្រប់ប្រទេសដែលយើងទៅដល់ គឺយើងប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ប្រទេសនោះ»។
លោកបន្ថែមថា៖ «យើងយល់ថារូបិយវត្ថុជាតិ (ប្រាក់រៀល) ប្រហែលមិនមែនជារូបិយវត្ថុដែលគ្របដណ្ដប់ខ្លាំងនៅក្នុងទីក្រុងនោះទេ ប៉ុន្តែនៅតំបន់ជនបទប្រជាពលរដ្ឋមានទំនោរប្រើប្រាស់ប្រាក់រៀលច្រើន»។
ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងទីក្រុងភ្នំពេញនៅចុងឆ្នាំ ២០១៧ ហើយក្រោយមកបានពង្រីកសេវាកម្មទៅដល់ខេត្តសៀមរាប។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសម្រាប់សេវាកម្មដឹកជញ្ជូនគោលបំណងចម្បងរបស់ក្រុមហ៊ុនគឺផ្តល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន។
ក្រុមហ៊ុនបានផ្តល់សេវាកម្ម JustGrab, GrabSUV, GrabBike, GrabTukTuk និង GrabRemorque ដែលមានមុខងារផ្សេងៗដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋ ដែលកំពុងកើនឡើងនៅក្នុងទីក្រុង។
ហើយដោយមើលឃើញពីតម្រូវការនៅទីក្រុងសៀមរាបដែលជាទីក្រុងមានសក្តានុពលផ្នែកទេសចរណ៍ ក្រុមហ៊ុនបានបន្ថែមសេវាកម្មផ្នែកជួលសម្រាប់រថយន្ត និងរ៉ឺម៉ក ដែលអាចឲ្យអ្នកទេសចរជួលសម្រាប់ធ្វើដំណើរទៅតាមតំបន់ទេសចរណ៍នានាជាមួយនឹងថេរវេលាជាក់លាក់ណាមួយ។
លើសពីនេះទៀត ក្រុមហ៊ុនក៏បានចាប់ផ្តើមណែនាំកម្មវិធី Grab សម្រាប់អាជីវកម្មផងដែរ ដែលជាដំណោះស្រាយគ្រប់គ្រងការចំណាយលើការដឹកជញ្ជូនសម្រាប់វិស័យធុរកិច្ចកាលពីខែវិច្ឆិកាឆ្នាំមុន។
លោក Ron ថ្លែងថាក្រុមហ៊ុនបានធ្វើការសម្រេចចិត្តជាក់លាក់ក្នុងការជ្រើសរើសប្រតិបត្តិការជាប្រាក់រៀលជំនួសឲ្យប្រាក់ដុល្លារបន្ទាប់ពីការសង្កេតមើលនិន្នាការទីផ្សារ និងពិចារណាលើគោលនយោបាយសាជីវកម្មរបស់ក្រុមហ៊ុនដែលធ្វើឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជនក្នុងស្រុក។
លោកបានបន្ថែមថា៖ «អ្វីដែលសំខាន់គឺថាប្រតិបត្ដិការរបស់យើងបម្រើដល់ប្រជាពលរដ្ឋក្នុងប្រទេសនេះ ដូច្នេះហើយយើងចង់ប្រតិបត្តិការរូបិយវត្ថុក្នុងស្រុកជាងប្រាក់ដុល្លារអាមេរិក។ យើងក៏មើលឃើញរូបិយប័ណ្ណក្នុងស្រុកកើនឡើង បើធៀបនឹងប្រាក់ដុល្លារ ហើយប្រាក់រៀលក៏មានស្ថិរភាព ដូច្នេះយើងគិតថារូបិយវត្ថុជាតិគឺសមស្របបំផុត»។
លោកបញ្ជាក់ថាប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវបានបែងចែកជា ២ ប្រភេទគឺអតិថិជន និងអ្នកបើកបរ ហើយភាគីទាំង ២ ត្រូវទូទាត់ជាប្រាក់រៀល។ ប្រាក់ខែបុគ្គលិកក៏ត្រូវបានទូទាត់ជាប្រាក់រៀលផងដែរ។
លោកថ្លែងថាយើងគាំទ្ររូបិយវត្ថុជាតិទាំងស្រុង។ សម្រាប់អ្នកដំណើរ ការប្រើប្រាស់រូបិយវត្ថុតែមួយគឺមានភាពងាយស្រួល ដោយមិនពិបាកដូរច្រើនដង។ ប្រាក់រៀលងាយស្រួលក្នុងការប្រើប្រាស់នៅតាមទីផ្សារ ជាពិសេសនៅតាមតំបន់ជនបទ ដូច្នេះវាជួយដល់អាជីវកម្មរបស់យើងបានច្រើន។
លោក Ron លើកឡើងថា៖ «ការប្រើប្រាស់រូបិយវត្ថុតែមួយ គឺវាប្រសើរជាង ហើយការចំណាយក៏ថោកជាងសម្រាប់ទាំងអាជីវកម្ម និងអតិថិជន។ ចំពោះអាជីវកម្មនៅពេលយើងមានរូបិយប័ណ្ណ ២ គឺយើងត្រូវធ្វើគណនី ២ ។ សម្រាប់អតិថិជនគឺការចំណាយមានភាពងាយស្រួលមានតម្លៃថោក មានតម្លាភាព មិនប៉ះពាល់ពីការប្រែប្រួលនៃអត្រាប្តូរប្រាក់ និងរក្សាប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព»៕