ការ​នាំ​ចូល​នូវ​ផលិតផល​ស្ករ​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កើន​ឡើង​នៅ​ក្នុង​ទម្រង់​ជា​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​ជា​ប្រភេទ​ភេសជ្ជៈ​អស់​ជាង​ ១៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ពេល​ដែល​ស្ករ​ត្រូវ​បាន​ចាត់​ថា​ ជា​ផលិតផល​មាន​តម្លៃ​ទូទាំង​ពិភព​លោក ខណៈ​ពេល​ដែល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចាប់​ផ្ដើម​នោះ ការ​លាយ​បញ្ចូល​ជាតិ​ស្ករ​ទៅ​ក្នុង​ផលិតផល​អាហារ​កែ​ច្នៃ​ដែល​មាន​តម្លៃ​ថោក​ជា​ច្រើន​ក៏​បាន​ចាប់​ផ្ដើម​ឡើង​ដែរ​។​

ទង្វើ​នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ប្រជាជន​ ក្រីក្រ​ដោយ​មិន​សម​ស្រប នៅ​ពេល​ដែល​ម្ហូប​អាហារ​មាន​តម្លៃ​ថោក​ជា​ម្ហូបអាហារ​ស្រស់​ៗ ជា​ឧទាហរណ៍​ពួក​គេ​បាន​ធ្វើ​ដូច្នោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ជា​ប្រទេស​មួយ​ដែល «​អាហារ​ជា​បង្អែម​» កំពុង​តែ​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​ធម្មតា​តែ​ម្ដង​។​

នៅ​ក្នុង​តំបន់​ទាំង​នេះ​ដែល​ប្រជាជន​មាន​កម្រិត​ជីវភាព​ទាប មិន​មាន​សេវាកម្ម​ទីផ្សារ​​ដែល​មាន​លក់​ឬ​ក៏​ចែកចាយ​ផលិត​ផល​អាហារ​ស្រស់ ប៉ុន្តែ​វា​ជំនួស​ទៅ​វិញ​នូវ​ ការ​អាច​រក​ជាវ​បាន​យ៉ាង​ងាយ​នូវ​ជម្រើស​អាហារ​ដែលមាន​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​ខ្ពស់​ ជាតិ​ស្ករ​ខ្ពស់ និង​ម្ហូប​កែ​ច្នៃ​ផ្សេង​។ កត្តា​ទាំង​នេះ​បាន​បង្ក​ឲ្យ​មាន​កំណើន​​នៃ​ប្រភេទ​នៃ​ជំងឺ​មិន​ឆ្លង​នៅ​ក្នុង​កម្រិត​ខ្ពស់​​បើ​ប្រៀបធៀប​ជា​មួយ​នឹង​របាយ​ប្រជាជន​​ដែល​មាន​ជីវភាព​ធូរធារ​ជាង​។​

កា​សែត​ភ្នំពេញ​ប៉ុស្ដិ៍​ក៏​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ពិភាក្សា​ជា​មួយ​នឹង​លោក​វេជ្ជ​បណ្ឌិត Gavin Scott ដែល​មាន​ជំនាញ​ខាង​ព្យាបាល​ជំងឺ​នៅ​ក្នុង​តំបន់​ត្រូពិច។ វេជ្ជ​បណ្ឌិត Scott បាន​មក​រស់​នៅ​ក្នុង​ប្រទេស​ កម្ពុជា ជាង​ ២០ ​ឆ្នាំ​មក​ហើយ ហើយ​លោក​បាន​ឃើញ​នូវ​ការ​ប្រែប្រួល​ជា​ច្រើន​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​សាធារណៈ​ទាំង​នេះ​​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ដាក់​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ក្រុម​មនុស្ស​ក្មេង​ៗ​ដែល​មាន​អាយុ​ពី​ចន្លោះ​ ២៥​ ដល់​ ៤០ ​ឆ្នាំ​។ អ្វី​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​នោះ​គឺ​មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​មាន​ជំងឺ​ធាត់​ហួស ជា​ពិសេស​ក្នុង​ចំណោម​ប្រជាជន​ជំនាន់​ក្រោយ​តែ​ម្ដង​»​។​

វេជ្ជ​បណ្ឌិត Scott បាន​ឃើញ​អំពី​ការ​ផ្លាស់​ប្ដូរ​នៃ​ការ​រស់​នៅ ​និង​បញ្ហា​សុខភាព​មុន​គេ​បង្អស់​។ «​នៅ​ក្នុង​ទសវត្សរ៍​ទី​ ៩០ នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ហាង​កាហ្វេ ខ្ញុំ​សង្កេត​ឃើញ​ថា​ ភាគ​ច្រើន​នៃ​ប្រជាជន​កម្ពុជា​មិន​ធាត់​នោះ​ទេ​។ បច្ចុប្បន្ន​នៅ​ពេល​អ្នក​ទៅ​ហាង​កាហ្វេ​ដូច​ជា​ Starbucks​ ឬBrown ពេល​អ្នក​ដើរ​ចូល​ទៅ​ខាង​ក្នុង​អ្នក​នឹង​សង្កេត​ឃើញ​ថា ៥០ ​ភាគរយ​នៃ​មនុស្ស​នៅ​ទី​នោះ​មាន​ជំងឺ​ធាត់​ហួស ហើយ​ពួក​គេ​កំពុង​តែ​អង្គុយ​ចុច​ទូរស័ព្ទ​របស់​ពួក​គេ​»​។​

នេះ​គឺ​ជា​ឥទ្ធិពល​នៃ​វប្បធម៌​លោក​ខាង​លិច​ដែល​អាហារ​កែ​ច្នៃ​បាន​នឹង​កំពុង​តែ​ពេញ​និយម​ណាស់​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​ទូទាំង​ប្រទេស​ កម្ពុជា​។ វា​ក៏​កំពុង​បង្ហាញ​ឲ្យ​ឃើញ​ដែល​ថា​ នេះ​ជា​ជម្រើស​ដ៏​ប្រសើរ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ម្ហូប​ដែល​ចម្អិន​នៅ​ផ្ទះ ខណៈ​ពេល​ដែល​សមត្ថភាព​នៃ​ ការ​ស្វែង​រក​ប្រាក់​ចំណូល​នៃ​ប្រជាជន​ថា្នក់​កណ្ដាល​របស់​កម្ពុជា​បាន​កើន​ឡើង​នោះ ពួក​គេ​ក៏​ចាប់​ផ្ដើម​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​។​

វេជ្ជ​បណ្ឌិត Scott បាន​ថ្លែង​ថា​៖ «​គំនិត​នៃ​គុណ​តម្លៃ​របស់​ស្ត្រី​និយម​ខាង​បស្ចិម​ប្រទេស​ក៏​មាន​រួម​ចំណែក​ផង​ដែរ​»​។ «​នយោបាយ​សង្គម ក៏​ដើរ​តួនាទី​មួយ​ដែរ គុណ​តម្លៃ​នៃ​ស្ត្រី​និយម​បាន​ណែនាំ​ប្រជាជន​​ថា​នៅ​ពេល​ដែល​ស្ត្រី​អាច​ចេញ​ទៅ​ខាង​ក្រៅ​ និង​អាច​ធ្វើ​ការងារ​បាន ប៉ុន្តែ​នៅ​ពេល​បាតុភូត ​នេះ​ចាប់​ផ្ដើម​កើត​ឡើង សំណួរ​នោះ​គឺ​តើ​អ្នក​នឹង​ចម្អិន​ម្ហូប​អាហារ​សម្រាប់​កូន​ៗ​របស់​ពួក​គេ​?»​។​

វា​មិន​មែន​ជា​រឿង​ដែល​អាក្រក់​ពេក​នោះ​ទេ វា​គឺ​គ្រាន់​ជា​ផ្នែក​បន្ថែម​នៃ​ជីវិត​ក្នុង​សម័យ​ទំនើប ដែល​យើង​ត្រូវ​តែ​សម្រប​ខ្លួន​តាម​។ នៅ​ពេល​ឪពុក​ម្ដាយ ធ្វើ​ការងារ​ទាំង ២ ​នាក់​គឺ​នឹង​គ្មាន​នរណា​ម្នាក់​ចាំ​ចម្អិន​អាហារ​នោះ ទេ ហើយ​នៅក្នុង​ស្ថានភាព​នេះ ម្ហូប​អាហារ​កែ​ច្នៃ​នឹង​ក្លាយ​ជា​ជម្រើស​ដ៏​ទាក់ទាញ​មួយ ប៉ុន្តែ​វា​ក៏​ជា​ការ​ខាតបង់​ខាង​ផ្នែក​សុខភាព​ផង​ដែរ​។​

ការ​បរិភោគ​ច្រើន​ហួស​ហេតុ​នៃ​ម្ហូប​អាហារ ​កែ​ច្នៃ​ទាំង​នេះ ដែល​មាន​គុណ​សម្បត្តិ​អាហារូបត្ថម្ភ​តិចតួច តែ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​ស្ករ​ខ្ពស់ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​វា​ជា​កត្កា​ដែល​បណ្ដាល​ឲ្យ​មាន​អត្រា​មរណភាព​ពី​សំណាក់​ជំងឺ​មិន​ឆ្លង​ទាំង​នោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជាជន​កម្ពុជា​ពិត​ជា​ទទួល​បាន​ព័ត៌មាន​តិច​តួច​បំផុត​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ របប​អាហារ​ដែល​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ខ្ពស់ ដែល​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាជន​កម្ពុជា​ដោយ​សារ​មាន​ការ​នាំចូល​យ៉ាង​ច្រើន​នៃ​ម្ហូប​អាហារ​ពី​ប្រទេស​ផ្សេង​។ ប្រជាជន​កម្ពុជា​ដើម​ឡើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​របប​ម្ហូប​អាហារ​ជា​ប្រពីណី និង​ប្រកប​ដោយ​សុខភាព​ជា​ច្រើន​។​

បញ្ហា​កង្វះ​អាហារូបត្ថម្ភ​បាន​ក្លាយ​ទៅ​ជា​បញ្ហា​សុខភាព​ចម្បង​មួយ​នៅ​ក្នុង​ប្រទេស ​ កម្ពុជា ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ជា​ពិសេស សម្រាប់​កុមារ​ដែល​មាន​អាយុ​ក្រោម​ ៥ ​ឆ្នាំ​។ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេស​ កម្ពុជា ​បាន​ស្គាល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សមត្ថភាព​នៃ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​បាន​ទទួល​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​។​

ប៉ុន្តែ​ឥឡូវ ការ​អភិវឌ្ឍ​បាន​នាំ​បញ្ហា​ជា​ច្រើន​មក​ជា​មួយ​ដូច​ជា​ផលិតផល​ដែល​មាន​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ខ្ពស់​ដែល​ត្រូវបាន​ដាក់​លក់​ឲ្យ​ប្រជាជន​កម្ពុជា ហើយ​បញ្ហា​កង្វះ​អាហារ​កំពុង​តែ​ក្លាយ​ជា​អាហារូបត្ថម្ភ​អាក្រក់​ទៅ​វិញ​។​

ដូច្នោះ​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ យុទ្ធសាស្ត្រ និង គម្រោង​សកម្មភាព​ដើម្បី​កាត់​បន្ថយ​កម្រិត​នៃ​ភាព​អសកម្ម​នៃ​រាងកាយ ចំណែក​ឯ​គម្រោង​ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ប្រជាជន​ដែល​មាន​ជំងឺ​ធាត់​ហួស​នៅ​ក្នុង​ប្រទេស​នៅ​មិន​ទាន់​ឃើញ​ដាក់​ចេញ​នៅ​ឡើយ​ទេ​។​

អាហារដែលមានជាតិស្ករត្រូវបាននាំចូលមកកម្ពុជាកាន់តែច្រើនជាងមុន. រូបថត សហការី

វា​ដូច​ជា​មិន​មាន​ដំណោះ​ស្រាយ​ងាយ ស្រួល​ណា​មួយ​នោះ​ទេ​សម្រាប់​បញ្ហា​ជំងឺ​ធាត់​ហួស​របស់​ប្រជាជន​កម្ពុជា ហើយ​លោក វេជ្ជបណ្ឌិត Scott បាន​ថ្លែង​ថា​៖ «​បញ្ហា​នេះ​វា​ដូច​នឹង​បញ្ហា​ដែល​បាន​កើត​ឡើង​ដទៃ​ទៀត​ដែរ ហើយ​វា​ជាប់​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ការ​ខ្វះ​ចំណេះ​ដឹង​»​។​

ភាព​កង្វះ​ចំណេះ​ដឹង​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជាក់​លាក់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​។ កង្វះ​ចំណេះ​ដឹង​ក៏​ធ្វើ​ឲ្យ​មាន ការ​សម្រេច​ចិត្ត​មិន​ល្អ​និង​បន្ទាប់​មក​ក៏​បង្ក​ជា​បញ្ហា​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត​មិន​ត្រឹម​តែ​ជំងឺ​ធាត់​ហួស​នោះ​ទេ​។​

អត្រា​នៃ​អ្នក​មាន​ជំងឺ​ធាត់​ហួស​នៅ​ប្រទេស​ កម្ពុជា ​គឺ​នៅ​តែ​មាន​កម្រិត​ទាប ​បើ​ធៀប​ជា​មួយ​នឹង​ស្ដង់​ដារ​ពិភព​លោក​។ ​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ប្រៀបធៀប​ជា​មួយ​នឹង​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​វិញ​នោះ អត្រា​អ្នក​មាន​ជំងឺ​ធាត់​ហួស​នៅ​ប្រទេស​​ កម្ពុជា ​នៅ​តែ​មាន​កម្រិត​ទាប​។​

ប្រទេស​ វៀតណាម ​គឺ​ឈរ​នៅ​លេខ​រៀង​ចុង​ក្រោយ​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន ១០.៣ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​មាន​ជំងឺ​ធាត់​ហួស​។ ប៉ុន្តែ​វា​តិច​ជាង​កម្ពុជា​តែ​បន្តិច​ប៉ុណ្ណោះ ដែល​កម្ពុជា​មាន​ត្រឹម​តែ​ ១២.១ ភាគរយ​នៃ​ប្រជាជន​សរុប មាន​ជំងឺ​ធាត់​ហួស​នេះ​។ បើ​យើង​ប្រៀបធៀប​ភាគរយ​នេះ ជា​មួយ​នឹង​អត្រា​ភាគរយ​នៅ​ក្នុង​ប្រទេស​ ម៉ាឡេស៊ី មាន​រហូត​ទៅ​ដល់​ ៤៤.២ ភាគរយ​នៃ​ប្រជាជន​សរុប​និង​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ ថៃ ដែល​មាន​អត្រា​ ៣២,២ ភាគរយ​នៃ​ប្រជាជន​សរុប​។​

បើ​ផ្អែក​លើ​តួលេខ​ខាង​លើ ប្រទេស​ កម្ពុជា ​ដូច​ជា​នៅ​មិ​ន​ទាន់​ជា​បញ្ហា​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​អប់រំ​ទូទៅ​ពិត​ជា​សំខាន់​មែន​ទែន ដោយ​សារតែ​ «​ប្រជាជន​កម្ពុជា​មិន​ទាន់​យល់​ច្បាស់​ថា មាន​រាង​ស្គម​ពិត​ជា​មាន​សុខភាព​ល្អ តែ​ពួក​គេ​តែងតែ​យល់​ថា​មាន​រាង​ធាត់ ទើប​បង្ហាញ​ថា​ ពួ​កគេ​មាន​ប្រាក់ ​និង​ទ្រព្យ​សម្បត្តិ​ច្រើន​ទៅ​វិញ​»​។​

អត្រា​ទាប​នៃ​អ្នក​មាន​ជំងឺ​ធាត់​ហួស ពិត​ជា​មិន​មែន​ជា​ហេតុផល​ដែល​យើង​ត្រូវ​ត្រេកអរ​ពេក​ទេ​។ ការ​កើន​ឡើង​យ៉ាង​រហ័ស​នៃ​ជំងឺ​ធាត់​ហួស​នៅ​ក្នុង​ប្រទេស​ ថៃ ​ត្រូវ​បាន​រុញ​ច្រាន​ដោយ​កត្តា​ជា​ច្រើន​ដែល​ប្រទេស​ កម្ពុជា ​នឹង​ជួប​ប្រទះ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។​

កត្ដា​ដូច​ជា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កំណើន​នៃ​លទ្ធភាព​នៃ​ការ​អាច​ជាវ​ម្ហូប​អាហារ​កែ​ច្នៃ និង​កំណើន​នៃ​ទំនោរ​ចូល​ចិត្ត​ទទួល​ទាន​ភេសជ្ជៈ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ​ខណៈ​ដែល​ទឹក​ឬ​ក៏​ទឹកដូង​លែង​ជា​ជម្រើស​​ពេញ​និយម​ត​ទៅទៀត​។ យើង​កំពុ​ងតែ​បន្ត​ឃើញ​យ៉ាង​ច្រើន​សន្ធឹក​នៃ​ការ​រីករាល​ដាល​នៃ​ហាង​លក់​ម្ហូប​អាហារ​ភ្លាម​ៗ​របស់​អាមេរិក ខណៈ​ដែល​ប្រទេស​ កម្ពុជា កំពុង​តែ​បោះ​ជំហាន​អភិវឌ្ឍន៍​ទៅ​មុខ​។

នៅ​ពេល​ដែល​ការងារ​ខាង​ផ្នែក​កសិកម្ម​និង​ការងារ​ប្រើ​កម្លាំង​កាយ​ច្រើន​ធ្លាប់​ជា​ទម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ ឥឡូវ​យើង​ឃើញ​មាន​អគារ​ខ្ពស់​ៗ បន្ទប់​ការិយាល័យ និង​ចំណត​រថយន្ត​ធំ​ៗ​ជា​ច្រើន​។​

«​យើង​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ ដូច្នេះ​យើង​នៅ​តែ​ស្វាគមន៍​ក្រុមហ៊ុន​បរទេស ដោយ​សារ​តែ​មាន​ការ​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ប្រាក់​ចំណូល ប៉ុន្តែ​ចំណេះដឹង​ការ​អប់រំ​នៅ​តែ​ជា​ហេតុផល​នៃ​បញ្ហា​នេះ​»​។​

នៅ​ពេល​ដែល​របប​អាហារ​របស់​យើង​ប្រែប្រួល វា​ពិត​ជា​សំខាន់​ណាស់​ដោយ​ត្រូវ​ចងចាំ​ថា​មធ្យោបាយ​ដែល​អាច​ជួយ​រក្សា​សុខភាព​រាងកាយ​បាន​ល្អ​នោះ​គឺ​ការ​ធ្វើ​យ៉ាង​ណា​ចូល​រួម​សកម្មភាព ​និង​លំហាត់​ប្រាណ​ដែល​ប្រើប្រាស់​កម្លាំង​កាយ​។ ប៉ុន្តែ​នេះ​នៅ​តែ​ជា​បញ្ហា​ចោទ តើ​ប្រជាជន​កម្ពុជា​អាច​ទៅ​ធ្វើ​លំហាត់​ប្រាណ​នៅ ឯណា​បាន​?

មាន​កន្លែង​ទំនេរ​តិច​ណាស់​សម្រាប់​ឲ្យ​ប្រជាជន​អាច​ធ្វើ​លំហាត់​ប្រាណ​បាន​ហើយ​កន្លែង​ទំនេរ​ដែល​មាន​ចំនួន​តិច​នោះ​ជា​រឿយ​ៗ​តែង​តែ​មាន​សភាព​ចង្អៀត​ណែន​ខ្លាំង​ហើយ ​អាច​មាន​អ្នក​ជិះ​ទោចក្រ​យានយន្ត​ឆ្លង​កាត់​ទៅ​មក និង​មាន​អ្នក​លក់ដូរ​ជា​ច្រើន​មក​លក់​ទំនិញ​របស់​ពួក​គេ​នៅ​ទីនោះ​ដែរ​។

ហេតុអ្វី​បាន​ជា​មិន​មាន​កន្លែង​សាធារណៈ​ច្រើន​ទៅ​វិញ​?

លោក​វេជ្ជបណ្ឌិត​ Scott បាន​ពន្យល់ថា​៖​​ «​បើ​និយាយ​ឲ្យ​ចំ​ទៅ វា​គឺ​ជា​បញ្ហា​នៃ​តម្លៃ​ដី​តែ​ម្ដង ព្រោះ​ដី​ពិត​ជា​មាន​តម្លៃ​ខ្ពស់​មែន​ទែន​។ ដូច្នេះ​ការ​ទុក​ដី​ឲ្យ​ទំនេរ​សម្រាប់​ហាត់​ប្រាណ​មិន​មែន​ជា​ជម្រើស​មួយ​ដែល​ត្រូវ​បាន​លើក​យក​មក​ពិចារណា​នោះ​ទេ​​។

បើ​ដូច្នោះ តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បី​ចៀស​វាង​បញ្ហា​នេះ និង​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​សម្រួល​ឲ្យ​មាន​កន្លែង​ទំនេរ​សម្រាប់​សាធារណជន​អាច​មក​ហាត់​ប្រាណ​បាន​? ដំណោះ​ស្រាយ​មួយ​នោះ​គឺ យើង​ត្រូវ​កំណត់​ឲ្យ​អ្នក​អភិវឌ្ឍន៍​ត្រូវ​តែ​បង្កើត​កន្លែង​ទំនេរ​ឲ្យ​បាន​ច្រើន​។ «​ពួក​គេ​គួរ​តែ​ធ្វើ​នៅ​ពេល​ដែល​ពួក​គេ​ចុះ​កិច្ចសន្យា​ជា​មួយ​នឹង​ក្រុម​អ្នក​សាង​សង់​របស់​រដ្ឋ ហើយ​ពួក​គេ​គួរ​តែ​បែងចែក​ចំណែក​ដី​សម្រាប់​ការ​ហាត់​ប្រាណ​រួច​ជា​ស្រេច​តែ​ម្ដង​»​។ បើ​គ្មាន​គម្រោង​ដូច​នេះ​ទេ កន្លែង​ទំនេរ​សាធារណៈ​អាច​នឹង​ត្រូវ​បាត់បង់​ជា​មិន​ខាន ហើយ​បន្សល់​ទុក​នូវ​កន្លែង​សាធារណៈ​តិច​តួច​បំផុត​សម្រាប់​ប្រជាជន​លម្ហែ​កាយ​ និង​ហាត់​ប្រាណ​ដើម្បី​សុខភាព​។​

«​ការ​ហាត់​ប្រាណ​ដោយ​ខ្លួន​ឯង​ក្នុង​លក្ខណៈ ​ឯកជន​នៅ​ក្នុង​បន្ទប់​គឺ​ហាក់​ដូច​ជា​ផ្អែក​ទៅ​លើ​កម្រិត​ជីវភាព ហើយ​វា​ពិត​ជា​មិន​អាច​ទៅ​រួច​សម្រាប់​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​នោះ​ទេ​»​។​

បញ្ហា​ចោទ​មួយ​ផ្សេង​ទៀត​ដែល​បាន ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សុខភាព​និង​អាហារូបត្ថម្ភ​របស់​ប្រជាជន​កម្ពុជា​នោះ​គឺ​ថវិកា​ «​ថា​តើ​បើ​អ្នក​និយាយ​ផ្ដោត​តែ​លើ​សុខភាព​និង​ច្បាប់ ដោយ​មិន​គិត​ពី​ប្រាក់​និង​ធនធាន​នោះ​ទេ អ្នក​នឹង​មិន​អាច​រីក​ចម្រើន​បាន​នោះ​ទេ​»​។​

បើ​យើង​និយាយ​ដល់​បញ្ហា​នេះ ប្រាក់​ខែ​មធ្យម​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​គឺ​នៅ​តែ​មាន​កម្រិត​ទាប ដែល​នេះ​បាន​ចោទ​ជា​បញ្ហា​យ៉ាង​សំខាន់​ដល់​ប្រជាជន​កម្ពុជា​ជំនាន់​ក្រោយ​ទៀត​។ លោក​វេជ្ជ​បណ្ឌិត Scott បាន​ចង្អុល​បង្ហាញ​ថា​៖ «​ប្រសិន​បើ​ប្រជាជន​ទូទៅ​បាន​ទទួល​ចំណេះ​ដឹង ពួក​គេ​អាច​ធ្វើ​ការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​មួយ​»​។​​ ចំណេះ​ដឹង​នឹង​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ទោះ​បី​ជា​មាន​ ឬ​ក៏​គ្មាន​ប្រាក់​ក៏​ដោយ​។​

ទោះ​បី​ជា​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​រារាំង​ដល់​ការ​រស់នៅ​ប្រកប​ដោយ​សុខភាព​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​ក៏​ដោយ ក៏​យើង​​ឃើញ​មាន​មធ្យោបាយ​ជា​ច្រើន​ទៀត​សម្រាប់​ថែ​រក្សា​សុខភាព​របស់​អ្នក​នៅ​ក្នុង​បម្រែបម្រួល​​សង្គម​នេះ​ដែរ ប្រសិន​បើ​អ្នក​ព្យាយាម​ស្វែង​រក​វិធី​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​។ ដំបូន្មាន​របស់​លោក​វេជ្ជ​បណ្ឌិត​គឺ​ការ​ចាប់​ផ្តើម​ដើរ​ឲ្យ​បាន​ច្រើន​។​

«​ខ្ញុំ​គិត​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​ងាយ​ស្រួល​ជាង​បំផុត​នោះ​គឺ ការ​ដើរ​។ ប្រសិន​បើ​អ្នក​ដើរ​បាន​រយៈ​ពេល​ ៣០ នាទី​ ក្នុង​ជា​រៀង​រាល់​ថ្ងៃ វា​ពិត​ជា​ជួយ​ការពារ​អ្នក​ប្រឆាំង​ទប់​ទល់​ជា​មួយ​នឹង​ជំងឺ​ជា​ច្រើន​ប្រភេទ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ផ្លូវ​ចិត្ត​ល្អ​ទៀត​ផង​»​។

លោក​វេជ្ជ​បណ្ឌិត Scott បាន​ប្រាប់​ឲ្យ​ចៀសវាង​ធ្វើ​លំហាត់ប្រាណ​នៅ​ពេល​ដែល​ចរាចរណ៍​មាន​សភាព​មមាញឹក​ខ្លាំង ដោយ សារ​តែ​មាន​សារ​ធាតុពុល​ជា​ច្រើន​ត្រូវ​បាន​បញ្ចេញ​នៅ​ពេល​នោះ​។ «​នៅ​ពេល​ដែល​អ្នក​ជាប់​គាំង​នៅ​ក្នុង​ចរាចរណ៍​នោះ​ពិត​ជា​មិន​ល្អ​នោះ​ទេ​ប្រសិន​បើ​ចរាចរណ៍​នៅ​តែ​មាន​ដំណើរ​ការ​ទៅ​មុខ អ្នក​នឹង​អាច​កាត់​បន្ថយ​ការ​បំពុល​បាន​ច្រើន​ទៅ​តាម​នោះដែរ​»​។​

ការ​បង្កើន​នូវ​ចំណេះ​ដឹង​ខាង​ផ្នែក​អាហារូបត្ថម្ភ​នឹង​ជួយ​កាត់​បន្ថយ​កំណើន​នៃ​ប្រភេទ​ជំងឺ​មិន​ឆ្លង​ជា​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​ដោយ​សារ​តែ​ជំងឺ​ធាត់​ហួស​នៅ​កម្ពុជា​ហាក់​ដូច​ជា​នៅ​ថេរ ហើយ​ជួន​កាល​ដូច​ជា​អាច​នឹង​មាន​ការ​ធ្លាក់​ចុះ​ផង​នោះ ដូច​នោះ​អ្វី​ដែល​វា​សំខាន់​ជាង​ការ​ចៀស​វាង​បរិភោគ​ម្ហូបអាហារ​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ខ្លាញ់​ និង​ស្ករ​ខ្ពស់ នោះ​ប្រហែល​ការ​មិន​ទទួល​ទាន​ភ្លៅ​មាន់​បំពង​របស់​អ្នក ហើយ​បែរ​មក​ទទួល​ទាន​ប្រហុក​ខ្ទិះ​ជា​មួយ​នឹង​បន្លែ​ផ្សេង​ៗ​វិញ​ប្រសើរ​ជាង​៕​