បច្ចុប្បន្ន​នេះ​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា មានការ​រីក​ចម្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​ប្រព័ន្ធ​អប់រំ​ជាតិ គ្រឹះ​ស្ថាន​អប់រំ​ឯកជន និង​ប្រព័ន្ធ​អប់រំ​អន្តរជាតិ ទន្ទឹម​នឹង​នេះ​និន្នាការ​ថ្មី​មួយ​ក៏បាន​ផ្លាស់ប្តូរ​ទម្លាប់​មាតា​បិតា​ជាច្រើន​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ ពី​ការរង់ចាំ​ដល់​កូន​មាន​អាយុ​គ្រប់៦​ឆ្នាំ ទើបបាន​បញ្ជូន​ទៅ​សាលា បែរជា​មក​ចាប់ផ្តើម​ត្រឹម​ពេល​កូនៗ​​មាន​អាយុ​៣-៤​ឆ្នាំក៏​ចាប់​ផ្តើម​បញ្ជូន ​កុមារ​ជា​កូន​ទៅ​សាលារៀន ឬ​មជ្ឈមណ្ឌល​អប់រំ​កុមារ​តូច​ជា​បណ្តើរៗ​ហើយ​។

អ្នក​ស្រី សួន ដារ៉ា វ័យ​ជិត ៣០​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​រដ្ឋបាល នៃ​ក្រុមហ៊ុន​ឯកជន​មួយ បាន​ឲ្យ​ដឹងថា កូនស្រី​ច្បង​របស់​អ្នកស្រី​បាន​ចូលរៀន​កាលពី​នាង​ទើប​មាន​អាយុ​បាន៣​ឆ្នាំ​កន្លះប៉ុណ្ណោះ​។

អ្នកស្រី​បន្តថា ការដែល​សម្រេច​ចិត្ត​បញ្ជូន​កូន​ឲ្យ​ទៅ​សាលា​អប់រំ​កុមារ​តូច​ទាំង​វ័យ​ក្មេង​ គឺមាន​កត្តា​សំខាន់ៗ​មួយ​ចំនួន ដូចជា «​ចង់​ឲ្យ​កូន​ឆាប់​ចេះអក្សរ ចេះ​ភាសា មិន​ខ្លាច​សាលា​(​ពេល​គាត់​ដល់​អាយុ​ចូលរៀន​កុំ​ឲ្យ​គាត់​ខ្លាច​សាលា​) និង​ម្យ៉ាងទៀត​យើង​ពុំមាន​អ្នកមើល​ថែរក្សា​គាត់​នៅផ្ទះ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​យើង​ជា​ឪពុក​ម្តាយ​ទាំង ២​ នាក់​ជាប់រវល់​ធ្វើ​ការងារ​​ដូចគ្នា​» រីឯ ​ជីដូន​ជីតា​របស់គេ​ក៏​ជាប់​រវល់​ក្នុង​មុខរបរ​ផ្ទាល់ខ្លួន​របស់ ពួក​គាត់​ផង​ដែរ​។

អ្នក​ស្រី​បាន​រំឭកថា​ ៖ «​រយៈពេល​ ១ ​ខែ​ដំបូង ដែល​យើង​យក​កូន​ទៅ​ដាក់​នៅ​សាលារៀន ខ្ញុំ​មាន​អារម្មណ៍​នឹក អាណិត​កូន​​ខ្លាំង​ណាស់​» បន់​ឲ្យ​តែ​ដល់​ម៉ោង​ទៅ​យក​កូន​ចេញ​ពី​សាលា «​ខ្ញុំ​តែងតែ​ទៅមុន​ម៉ោង​របស់​គាត់​ចេញ​ពី​ថ្នាក់​ជានិច្ច​។ ពេល​ខ្លះ​ខ្ញុំ បាន​លបមើល​ឃើញ​កូន​របស់ខ្ញុំ​គាត់​​យំ យើង​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​តាម​កូន​​ម្តងៗ​ដែរ​»​។

ពេល​មក​ដល់​ផ្ទះ​វិញ «​ខ្ញុំ​គិតថា យើង​ដូចជា​ធ្វើ​បាប​កូន​បន្តិច​ហើយ ព្រោះ​នាង​មាន​វ័យ​តិច​ណាស់​»​។

ប៉ុន្តែ​ស្វាមី​របស់​អ្នក​ស្រី​បាន​ពន្យល់​ថា បន្តិច​ទៅ​កូន​នឹង​ស៊ាំ​ហើយ ដូច្នេះ​«​យើង​ទាំង២​នាក់ក៏​ខំអត់​ធ្មត់​តទៅ​ទៀត​» នេះ​បើតាម​សម្តី​របស់​អ្នក​ស្រី ដារ៉ា​។ ជាង​មួយខែ​ក្រោយ​មក​​​កូន​​ក៏​ស៊ាំ​ទៅ​នឹង​បរិយាកាស​របស់​សាលា​របស់​គាត់​មែន ហើយ​«​យើង​សង្កេត​​ឃើញថា គាត់​រៀន​បាន​ចេះ​ដឹង​តិចៗ​​ជាបន្តបន្ទាប់​។ ពួក​យើង​សប្បាយ​ចិត្ត​ណាស់​»​។

ឥឡូវ​នេះ​កូនស្រី​ច្បង​របស់​អ្នកស្រី ដា​រ៉ា មាន​អាយុ​ជិត៧​ឆ្នាំ និង​កូន​ទី​ ២ មាន​អាយុ​ជិត៥​ឆ្នាំ​។ កូន​ប្អូន​នោះ​ក៏បាន​ចូល​រៀន​តាំងពី​ពេល​គេ​មាន​អាយុ​ ៣ ​ឆ្នាំ​កន្លះ​មក​ដែរ ប៉ុន្តែ​គាត់​ពុំ​សូវ​មាន​បញ្ហា​ទេ ព្រោះ​​មាន​បង​ស្រី​របស់គេ​រៀន​នៅ​សាលា Smart kid នោះ​ជាមួយ​គ្នា​ស្រាប់​។

ទិដ្ឋភាព​នៅ​ក្នុង​បន្ទប់​រៀន​មួយ​របស់​អង្គការ SCADP ដែល​ប្រមូល​ប្តុំ​ដោយ​កុមារៗ​ក្រោម​អាយុ ៥ឆ្នាំ មក​ពី​ក្រុម​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​ធ្វើ​ការងារ​នៅ​តាម​រោង​ចក្រ​នានា។ រូបថត សហការី

​លោក ចាន់ងី អាជីវករ​ម្នាក់​រស់នៅ​ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា កូន​របស់​លោក​បាន​ចូលរៀន​សាលា​ចិន តាំងពី​អាយុ​មិន​ទាន់​គ្រប់ ៣ ​ឆ្នាំ​ត្រឹម​ត្រូវ​ផង​។

លោក​បន្តថា​ ៖ «​ម៉ែឪ​សម័យ​យើង​នេះ រវល់​​នៅក្នុង​របរ​រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លាំង​ណាស់ យើង​មិនសូវមាន​ពេល​សម្រាប់​នៅ​​ថែទាំ​កូនៗ​ទេ ហើយ​យើង​ជឿ​ថា នៅ​សាលារៀន​គេ​អាចជួយ​មើលថែទាំ​កូន​របស់​យើង​ផង និង​ផ្តល់​ការអប់រំ​ចំណេះ​ដឹង​ផ្សេងៗ​ដល់​កូនៗ​របស់​យើង​បាន​ប្រសើរ​ជាង​ពួកគេ​នៅតាម​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ បង​ប្អូន ឬ​ជីដូន​ជីតា​»​។

លោក ជី ម៉េង នាយក​គ្រប់គ្រង​សាលា Cambridge School & Montessori បាន​ឲ្យ​ដឹង​ថា និយាយ​អំពី​វិស័យ​អប់រំ​សិក្សា សព្វ​ថ្ងៃ​នេះ ឪពុក​ម្តាយ​ជា​គូ​ស្រករ​វ័យក្មេង​ជាច្រើន​ដែល​ពួកគេ​រស់​នៅ​ទីក្រុង​ភ្នំពេញ នាពេល​បច្ចុប្បន្ន​នេះ​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ទម្លាប់​ចាស់​ពី​ជំនាន់​មុន​ស្ទើរ​គ្រប់គ្នា​ហើយ ដោយ​ «ពួក​គេ​នាំ​គ្នា​យក​កូន​ជាទី​ស្រឡាញ់​របស់ខ្លួន​ចាប់​តាំង​ពី​អាយុ​ ២-៣ ​ឆ្នាំ ទៅ​ចូលរៀន​នៅ​តាម​សាលារៀន ឬក៏​មជ្ឈមណ្ឌល​ថែទាំ​កុមារ​អស់​ហើយ​»​។

លោក​បន្ត​ថា​ ៖ «​នេះ​គឺជា​ការ​ចាប់​ផ្តើម​នៃ​ចំណុច​វិជ្ជមាន​បំផុត​នៅក្នុង​វិស័យ​អប់រំ​របស់​ប្រជាជន​កម្ពុជា​»​។

នាយក​សាលា​រូបនេះ​បដិសេធ​មិន​រិះ​គន់​​ទំនៀម​ទម្លាប់ និង​ច្បាប់​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​គេ​គោរព​ជា​យូរ​មក​ហើយ​នោះ​ថា [​កុមារ​មាន​អាយុ៦​ឆ្នាំ បាន​​គ្រប់​អាយុ​ចូលរៀន​]​។

ប៉ុន្តែ​លោក​ពន្យល់​ថា វា​ពុំមែន​ជា​បញ្ហា​ធ្ងន់ធ្ង​ទេ តែ​«​វា​ជាការ​ខាតបង់​ពេលវេលា និង​បន្ទុច​បង្អាក់​ដល់​ភាព​ឆ្លាត​វាងវៃ​របស់​កុមារ​តូចៗ​នោះ​ទៅ​វិញ​​ទេ​»​។ នេះ​បើតាម​ប្រសាសន៍​របស់​លោក ម៉េង​។ «​បើ​តាម​បទពិសោធ​របស់​ខ្ញុំ​ផ្ទាល់​ក្នុង​ចំណោម​កុមារ​​ជាច្រើន​នោះ គឺ​តែង​តែ​មាន​កុមារ​មួយ​ចំនួន​ណា ពួក​គាត់​​ជា​ក្រុម​ក្មេង​ឆ្លាត​ជាង​ក្មេង​ធម្មតា ឬក៏​ក្មេង​ឆ្លាត​ (Gift Stick Child) ពី​កំណើត​តែម្តងហើយ​នៅ​ពេល​ដែល​ពួក​គាត់​ចាប់​ផ្តើម​រៀន​សូត្រ​តាំងពី​វ័យ​ក្មេង​ជាមួយ​ក្រុម​របស់គាត់​ឆ្លាត​ទៀត​នោះ គឺ​សក្តានុពល​របស់​គាត់​កាន់​តែ​ប្រសើរ​ខ្លាំង​ណាស់​»​។

លោក​ពន្យល់​ថា បើ​និយាយ​ពី​ប្រព័ន្ធ​អប់រំ​នៅ​តាម​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ធំ​គេ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​ក្រុម​«​កុមារ​តូច​ដែល​មាន​សក្តានុពលភាព​»​បែបនេះ​។ ហើយ​ជាច្រើន​ឆ្នាំ​មក​ហើយ គេ​បាន​ធ្វើ​ការ​អភិវឌ្ឍ​ផ្លាស់​ប្តូរ ជាច្រើន​នៅ​ក្នុង​វិស័យ​អប់រំ​​របស់​ប្រទេស​គេ គឺ​រាប់​តាំង​ពី​ការ​បន្ថយ​អាយុ​កាល​នៃ​ចូលរៀន​របស់​កុមារ​ជាដើម​។

ពី​មុន​ក្រុម​អ្នក​ជំនាញ​ខាង​តាក់​តែង​កម្មវិធី​នៃ​ប្រព័ន្ធ​អប់រំ គិត​ថា បែប​ផែន​នៃ​កំណើន​ចំណេះ​ដឹង​តាមរយៈ​ទ្រឹស្តី​អប់រំ​ទាំង​ឡាយ​គឺ​គេ​យល់​ថា វា​ជា​ផ្នែកៗ ជា​ចំណែកៗ ឬ​ចំណិតៗ ប៉ុន្តែ​ឥឡូវ​នេះ​គេ​រក​ឃើញ​ថា «​វា​ជា​រង្វង់​ខួប​ទៅ​វិញ​ទេ ហើយ​វា​មាន​លក្ខណៈ​សាចុះ​សា​ឡើង (repeads) ម្តង​ហើយ​ម្តង​ទៀត​។ ឧទាហរណ៍ កុមារ​តូច​ដែល​ចាប់​ផ្តើម​រៀនតិច​តួច ឬ​ទទួល​បាន​ការ​អប់រំ​តិច​តួច​នោះ​ពួក​គាត់​ក៏មាន​ការ​យល់​ដឹង​បញ្ហា​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គាត់​ «​ជា​រង្វង់​តូច​មួយ​ដែរ លុះ​ការ​វិវឌ្ឍ​រាង​កាយ វ័យ និង​ការរៀន​របស់​ពួកគាត់​កាន់​តែ​ខ្ពស់​ទៅៗ នោះ​រង្វង់​នៃ​ការ​យល់​ដឹង​របស់​គាត់​ក៏​កាន់​តែ​រីក​ធំ ទូលំ​ទូលាយ ហើយ​ក៏​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​ដែរ​»។ នេះ​បើតាម​ប្រសាសន៍​របស់​លោក ម៉េង​។

អ្នក​ស្រី យិម សុខារី ប្រធាន​អង្គការ SCADP បង្រៀន​សិស្ស​តូចៗ​ដែល​ប្រមូល​ប្តុំ​ដោយ​កុមារៗ​ក្រោម​អាយុ ៥ឆ្នាំ មក​ពី​ក្រុម​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​ធ្វើ​ការងារ​នៅ​តាម​រោង​ចក្រ​នានា។ រូបថត សហការី

អ៊ីចឹង​ហើយ​បាន​ជា​គេ​ឃើញ​កុមារ​តូចៗ​ដែល​ឆាប់​បាន​ចូល​រៀន ឬ​ទទួល​បាន​ការ​អប់រំ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​នានា​នោះ​ពួក​គាត់​មាន​ការ​យល់​ដឹង​ច្រើន​សឹង​តែ​ដូច​មនុស្ស​ធំ ឬ​មនុស្ស​ចាស់​ដែរ ដោយ ​«​ពួក​គាត់​អាច​ជជែក ឬ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ធំ​បាន​ងាយ​ស្រួល​ជាង​កុមារ​ដែល​ចូលរៀន​នៅ​ពេល​អាយុ​ច្រើន» នេះ​បើតាម​ប្រសាសន៍​របស់​លោក ម៉េង។ តាម​ការ​អង្កេត​ពិនិត្យ​មើល​ការ​ឆាប់​ចូល​រៀន​ពី​វ័យ​តិច​ជាង​៥​ឆ្នាំ គឺ​ការ​ចងចាំ​របស់​ពួក​គាត់ «​កុមារ​តូច​ងាយ​ទទួល​យក​បាន ​(​ការ​អប់រំ​)​ ជាង និង​មាន​ការ​ចងចាំ​បាន​ល្អ​ជាង ចំពោះ​មេរៀន​កម្រិត​ដំបូង​ដូច​គ្នា​នោះ​»​។

ដោយ​មាន​ជំនាញ​ជា​គ្រូពេទ្យ​ផង​នោះ​លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក ក្រុមហ៊ុន Mengly J. Quach Education (MJQE) បាន​ថ្លែងថា ក្រុម​គ្រូ​ពេទ្យ​គេ​តែងតែ​ជំរុញ​ឲ្យ​កុមារ​ចាប់​ផ្តើម​សិក្សា​ពី​អាយុ​ពី​២-៣​ឆ្នាំ​ឡើង​ទៅ ពីព្រោះ​តាម​ការ​សិក្សា​ររបស់​ក្រុម​វេជ្ជបណ្ឌិត​បាន​រកឃើញ​ថា កុមារ​ដែល​ចូល​រៀន​នៅ​វ័យ​២-៣​ឆ្នាំ​នេះ​ភាគ​ច្រើន «​ធ្វើ​ឲ្យ​កុមារ​ហ្នឹង រៀន​​ពូកែ​ជាង វៃឆ្លាត​ជាង ចាប់​បាន​ច្រើន​ជាង និង​ជោគជ័យ​ជាង​នៅ​ពេល​​អនាគត​»​។

អ្នក​ស្រី យិម សុខារី ប្រធាន​អង្គការ SCADP (Street Children Assistance for Development Program) ដែល​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កុមារ​តូចៗ រហូត​ដល់​អាយុ​១៨​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ៖ «ការ​​អប់រំ​កុមារ​តូច គឺ​យើង​ត្រូវ​មាន​ភាព​ទន់​ភ្លន់ ការ​សណ្តោស​ច្រើន​ណាស់ ព្រោះ​ពួក​គាត់​ស្ថិត​ក្នុង​វ័យ​តូច​ត្រូវ​ការ​ថ្នាក់ថ្នម​គ្រប់​ពេល​វេលា ហើយ​យើង​ត្រូវ​តែ​រក្សា​មេត្តាធម៌​ក្នុង​ខ្លួន​ពួក​យើង​យ៉ាង​ខ្ជាប់​ខ្ជួន ដើម្បី​ឲ្យ​កុមារ​តូច​របស់​យើង​គាត់​ទទួល​បាន​ភាព​កក់​ក្តៅ​»​។

តាម​បទពិសោធ​ផ្ទាល់​របស់​អង្គការ SCADP ដែល​តែង​តែ​ទទួល​បាន​កុមារ​ជាច្រើន​ទាំង​នៅ​ទីក្រុង និង​នៅ​តាម​សហគមន៍​ជនបទ​ផង​នោះ អ្នក​ស្រី​បាន​បង្ហាញ​ថា​ ៖ «​ការអប់រំ​កុមារ​តូច​កាន់​តែ​មាន​ប្រសិទ្ធភាព គឺ​ទាម​ទាមទារ​ឲ្យ​មាន​កិច្ច​សហការ​រវាង​អ្នកគ្រូ និង​មាតាបិតា​យ៉ាង​​ជិតស្និទ្ធ ហើយ​ខាង​មាតាបិតា​ក៏​ត្រូវចូល​រួម​អប់រំ​កូន​តូចៗ​ជាទី​ស្រឡាញ់​នោះ​​ខ្លះៗ​ដែរ ដូចជា របៀប​របប​ការ​គួរ​សម​គ្នា​ទៅវិញ​ទៅមក (​ជម្រាបសួរ​-​ជម្រាបលា​-​អរគុណ​...) ជា​ពិសេស​មាន​សម្តី​ទន់​ភ្លន់​សុភាព​រាបសា​ជានិច្ច​ជាមួយ​ពួក​គាត់​»​។

ថ្មីៗ​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ទើប​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បង្កើន​ការ​អប់រំ​កុមារ​តូច​ឲ្យ​បាន​ច្រើន និង​ប្រសើរ​ជាង​មុន ហើយ​«​ជា​គន្លឹះ​ដ៏​ប្រសើរ​នោះ ក្រសួង​ក៏​ទើបនឹង​បាន​ចេញ​ផ្សាយ​សៀវភៅ​មួយ​ណែនាំ​អំពី​វិធីសាស្ត្រ “​អប់រំ​កូន​តាម​វិធី​វិជ្ជមាន​” នេះ​គឺជា​សៀវភៅ​មគ្គុទេសក៍​ថ្មី​ដ៏​ល្អ​បំផុត​សម្រាប់​មាតាបិតា និង​លោកគ្រូ​អ្នកគ្រូ​ទាំង​អស់​គ្នា​» នេះ​បើតាម​ប្រសាសន៍​​របស់​អ្នកស្រី សុខា​រី​។

អ្នក​ស្រី​បន្ថែម​ថា បច្ចុប្បន្ន​នេះ​នៅ​ក្រោម​ដំបូល​អង្គការ SCADP នៅ​ទូទាំង​ប្រទេស​កម្ពុ​ជាមាន​កុមារ​តូច​ប្រមាណ​ ១៣០-១៥០​ នាក់ ដែល​ភាគ​ច្រើន​ម្តាយ​ឪពុក​របស់​ពួក​គាត់​ជា​កម្មករ​រោងចក្រ ហើយ​បាន​យក​កូន​ទៅ​ដាក់​នៅ​សាខា​អប់រំ​កុមារ​តូច​របស់​អង្គការ​នេះ ដើម្បី​ពួកគាត់ ​(​កុមារ​តូច​)​ ទទួល​បាន​ចំណេះ​ដឹង​ផង និង​ម្តាយ​ឪពុក​មាន​ឱកាស​ប្រកប​កិច្ចការ​ផ្សេងៗ​ផង​។

បើ​សរុប​ទាំង​កុមារ​ធំៗ ​ផង​អង្គការ​នេះ​បាន​ជួយ​ដល់​កុមារ​ជា​សិស្ស​ជាង ១ ​ពាន់​នាក់ ហើយ​គ្រាន់​តែ​នៅ​សាខា​ខេត្តព្រះវិហារ មាន​សិស្ស​ ៧៩៣ ​នាក់ ដែល​អង្គការ​នេះបាន​ជួយ​ផ្គត់ផ្គង់​សម្រាប់​ការ​សិក្សា​របស់​ពួកគេ​។

អ្នក​ស្រី មុត ស៊ីមន ជា​គ្រូបង្រៀន​ម្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ បាន​ឲ្យ​ដឹងថា ពីមុន​ធ្លាប់​តែ​ឃើញ​កូនៗ​នៃ​គ្រួសារ​មាន​ជីវភាព​ធូរធារ និង​ជាប់សែ​ស្រឡាយ​ចិន​ទេ ដែល​បញ្ជូន​កូនៗ​របស់​ពួកគេ​ឲ្យ​ទៅ​សាលា​តាំង​ពី​មុន​អាយុ៦​ឆ្នាំ​។

អ្នកស្រី​បន្តថា​ ៖ «​ពួកយើង​គិតថា ដូចជា​ធ្វើ​បាប​កូន ​ទៅវិញ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្មេងៗ​ អាយុ ៣ ​ឆ្នាំ​ មិន​ទាន់​ផង ម៉ែឪ​របស់​ពួក​គេ​គិតគូរ​ពី​រឿង​សាលា​រៀន​របស់​ពួកគេ​ហើយរួច​ក៏​បញ្ជូន​កូន​ទៅ​កាន់​សាលារៀន​ឯកជន​អស់​ហើយ ព្រោះ​សាលា​ឯកជន​ខ្លះ​គេ​ទទួល​យក​ក្មេង​តូចៗ​ទៅ​ចូល​រៀន​តាំងពី​មាន​អាយុ ២-៣ ឆ្នាំ​មក​ម្ល៉េះ​»៕

[audio]