ប្រទេសឥណ្ឌាកំពុងធ្វើកំណែទម្រង់សំខាន់ៗមួយចំនួនដែលមានឈ្មោះថា« Atmanirbhar Bharat» ដើម្បីដោះស្រាយបញ្ហាប្រឈមនៃជំងឺកូវីដ១៩ ជាមួយនឹងកញ្ចប់ថវិកាចំនួន ២០០ ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្ត្រី Modi បានបញ្ជាក់ម្តងទៀតនូវការសន្យាក្នុងការធ្វើការឆ្ពោះទៅរកការកសាងការពឹងផ្អែកលើខ្លួនឯងរបស់ឥណ្ឌា ខណៈ Atmanirbhar Bharat មានគោលបំណងជំរុញសកម្មភាពសេដ្ឋកិច្ច និងវិស័យជាច្រើនទៀតក្នុងនោះរួមមានវិស័យកសិកម្ម សហគ្រាសធុនតូច និងមធ្យម និងព័ត៌មានវិទ្យាជាដើម។
លោក Modhi ក៏បានអំពាវនាវដល់ពលរដ្ឋឥណ្ឌាឲ្យបង្ហាញការគាំទ្ររបស់ពួកគេចំពោះផលិតផលដែលផលិតនៅក្នុងស្រុក។ ភាពជោគជ័យរបស់ Atmanirbhar Bharat អាចត្រូវបានគេមើលឃើញនៅក្នុងការកើនឡើងគួរឱ្យកត់សម្គាល់របស់ឥណ្ឌាក្នុងការផលិត ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ពីមិនមែនអ្នកផលិត PPE មុនការរីករាលដាលជំងឺកូវីដ រហូតឥណ្ឌាបានក្លាយជាអ្នកផលិតចំនួន ២០០ ០០០ ជាងរៀងរាល់ថ្ងៃក្នុងរយៈពេល ២ ខែ។
PPE មានរបាំងមុខ របាំងការពារភ្នែក ស្បែកជើង អាវដៃវែង និងស្រោមដៃដែលគ្រូពេទ្យ និងបុគ្គលិកថែទាំសុខភាពក្នុងពេលកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ ។
ជាមួយគម្រោង ឥណ្ឌាពឹងផ្អែកលើខ្លួនឯងប្រទេសលទ្ធិប្រជាធិបតេយ្យដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក មិនផ្តោតតែលើខ្លួនឯងនោះទេ គឺកំពុងតែស្វែងរកឱកាសក្នុងពេលមានបញ្ហាប្រឈមបែបនេះ។
«នៅពេលយើងនិយាយអំពីការពឹងផ្អែកលើខ្លួនឯង យើងមិនមែនមានន័យថាត្រូវនៅដាច់ពីគេក្នុងពិភពលោកនេះទេ។ ការវិនិយោគផ្ទាល់ពីបរទេសត្រូវបានស្វាគមន៍ បច្ចេកវិទ្យាត្រូវបានស្វាគមន៍។ ពាក្យពឹងផ្អែកលើខ្លួនឯងរបស់ឥណ្ឌា (self-reliant India) បើយើងបកស្រាយគឺវាមានន័យធំធេង និងកាន់តែសំខាន់ទៀតសម្រាប់ផ្នែកនៃសេដ្ឋកិច្ចសកល។ នេះបើតាមការថ្លែងរបស់លោក Ravi Shankar Prasad រដ្ឋមន្ត្រីផ្នែកច្បាប់ និងព័ត៌មានវិទ្យា ប្រទេសឥណ្ឌា។
ការបញ្ចូលហិរញ្ញវត្ថុ
ប្រទេសឥណ្ឌាបានបំបែកឯតទគ្គកម្មជាមួយនឹងគម្រោងបរិយាប័ន្នហិរញ្ញវត្ថុ JAM Yojana ដែលមានគោលបំណងធានានូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុដូចជាគណនីសន្សំ គណនីបញ្ញើ ការផ្ញើប្រាក់ ឥណទាន ធានារ៉ាប់រង និងប្រាក់សោធនជាដើម។
លោកនាយករដ្ឋមន្ត្រី Modi បានប្រកាសអំពីគម្រោងនេះនៅក្នុងការថ្លែងសុន្ទរកថាលើកដំបូងរបស់លោកក្នុងទិវាឯករាជ្យជាតិកាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៤ ហើយគិតត្រឹមថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៦ គណនីធនាគារជាង ២២០ លាន ត្រូវបានបើកនៅក្រោមគម្រោង Jan Dhan ដោយមានប្រាក់បញ្ញើជាង ៧ លានដុល្លារ។
យោងតាម Guinness World Records បានឲ្យដឹងថា៖ « គណនីធនាគារភាគច្រើនបំផុតត្រូវបានបើកក្នុងរយៈពេល ១ សប្តាហ៍ ដែលជាផ្នែកមួយនៃយុទ្ធនាការបរិយាប័ន្នហិរញ្ញវត្ថុគឺ ១៨ ០៩៦ ១៣០ គណនី ហើយត្រូវបានសម្រេចដោយនាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុនៃរដ្ឋាភិបាលឥណ្ឌា គិតចាប់ពីថ្ងៃទី ២៣-២៩ ខែ សីហា ឆ្នាំ ២០១៤។
ខណៈដែលប្រទេសឥណ្ឌាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ រដ្ឋាភិបាលបានពង្រឹងគម្រោង Pradhan Mantri Garib Kalyan Yojana កាលពីខែមេសា ឧសភា និងមិថុនាដោយមានទឹកប្រាក់ចំនួន ៤,២ ពាន់លានដុល្លារ ត្រូវបានផ្ទេរទៅក្នុងគណនីក្រោមគម្រោង Jan Dhan របស់គ្រួសារក្រីក្រចំនួន ២០០ លានគ្រួសារ។
គម្រោង Pradhan Mantri Garib Kalyan Yojana មានគោលបំណងជួយដល់ប្រជាជនក្រីក្រដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតមួយនេះប្រមាណ ៣០ លាននាក់ក្នុងនោះមានមនុស្សចាស់ ស្ត្រីមេម៉ាយ និងជនពិការ។
កញ្ចប់ថវិកាចំនួន ២៤,១ ពាន់លានដុល្លារ សម្រាប់ប្រជាជនក្រីក្រ ហើយទឹកប្រាក់ ២,៤ ពាន់លានដុល្លារ ត្រូវបានផ្ទេរទៅក្នុងគណនីធនាគាររបស់កសិករជាង ៩០ លាននាក់ ខណៈ ៦,៧ ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់ការបង្កើតឱកាសការងារ។
នាយករដ្ឋមន្ត្រី ណារ៉េន ដ្រាម៉ូឌីនៅថ្ងៃទី ៣០ ខែមិថុនា បាននិយាយថារដ្ឋាភិបាលឥណ្ឌានឹងបន្តចាត់វិធានការបន្ថែមទៀតដើម្បីផ្តល់សិទ្ធិអំណាចដល់ជនក្រីក្រ និងអ្នកខ្វះខាតជាមួយប្រជាជន និងឧស្សាហកម្មទាំងអស់ទទួលបានអត្ថប្រយោជន៍។
មូលនិធិថែទាំរបស់នាយករដ្ឋមន្ត្រីការគិតគូអំពីតម្រូវការចាំបាច់ដោយត្រូវមានមូលនិធិជាតិជាវត្ថុចម្បងក្នុងការដោះស្រាយរាល់ស្ថានភាពបន្ទាន់ ឬបញ្ហាណាមួយពោលបញ្ហាកំពុងកើតមានដូចជាជំងឺរាតត្បាតកូវីដ១៩ និងដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ មូលនិធិសង្គ្រោះក្រោមឈ្មោះជំនួយ និងការសង្គ្រោះប្រជាពលរដ្ឋរបស់នាយករដ្ឋមន្ត្រីនៅក្នុងស្ថានភាពគ្រាអាសន្ន (មូលនិធិថែទាំរបស់នាយករដ្ឋមន្ត្រី) ត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្ត្រីម៉ូឌី។
ជំនួយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរបស់លោកនាយករដ្ឋមន្ត្រីក្នុងស្ថានភាពបន្ទាន់ (PM CARES) ចំនួន ៤០៩ លានដុល្លារ ត្រូវបានបែងចែកសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
ថវិកាចំនួន ២៦៤ លានដុល្លារ ត្រូវយកទៅទិញម៉ាស៊ីនជំនួយការដកដង្ហើមចំនួន ៥០ ០០០ គ្រឿង ដែលផលិតក្រោមកម្មវិធី Made in India ។ ថវិកាចំនួន ១៣ លានដុល្លារ នឹងប្រើសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ក៏ដូចជាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានឥណ្ឌា ការចាប់ផ្តើមអាជីវកម្ម និងឧស្សាហកម្មថែទាំសុខភាព។
សារព័ត៌មាន Hindustan Times បានរាយការណ៍ថា៖ «ប្រទេសឥណ្ឌា កំពុងប្រយុទ្ធប្រឆាំង វីរុសនេះយ៉ាងខ្លាំងក្លាដោយមានការខិតខំប្រឹងប្រែងរួមគ្នា។ ក្រឡេកមើលទៅពិភពលោក យើងដឹងថាសមិទ្ធផលរបស់ប្រជាជាតិឥណ្ឌាគឺធំប៉ុនណា»។ លោក Modhi បានបន្ថែមថាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ កំពុងរឹងមាំដោយស្មារតីច្នៃប្រឌិតរបស់ពលរដ្ឋរបស់យើង»។
ពិភពលោកគឺជាគ្រួសារតែមួយ
ខណៈកំពុងមើលថែប្រជាជនរាប់ពាន់លាននាក់របស់ខ្លួនអំឡុងពេលមានរោគរាតត្បាត ឥណ្ឌាមិនបានភ្លេចនូវតម្រូវការរបស់ប្រទេសមួយចំនួននោះទេ។ ដោយមានជំនឿលើពាក្យ ១ ឃ្លាថា ''Vasudaiva Kutumbakam'' (ពិភពលោកគឺជាគ្រួសារតែមួយ) ឥណ្ឌាបានផ្តល់ជំនួយដោយផ្តល់ថ្នាំចាំបាច់ ឧបករណ៍តេស្តិ៍ និងជំនួយវេជ្ជសាស្ត្រផ្សេងទៀតដល់ប្រទេសជាង ១២០ នៅជុំវិញពិភពលោកដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគកូរូណា។
ខណៈកំពុងដឹកនាំប្រទេសប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាក្នុងប្រទេស លោកនាយករដ្ឋមន្ត្រីម៉ូឌីក៏សកម្មនៅលើឆាកអន្តរជាតិដែរ ដោយបានផ្ញើសារថា ឥណ្ឌាគឺជាអ្នកដែលអាចទុកចិត្តបានក្នុងការដោះស្រាយការគំរាមកំហែងជាសកលដូចជាវីរុស។ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ម៉ូឌី ឥណ្ឌាកំពុងមានតួនាទីដើរឆ្ពោះទៅរកការដោះស្រាយបញ្ហាពិភពលោក។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Modhi បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនក្រីក្រនៅពេលដែលប្រយុទ្ធប្រឆាំងកូវីដ១៩យ៉ាងខ្លាំងក្លា ប្រទេសឥណ្ឌាកំពុងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំពិភពលោក៕