វិស័យ​សាជីវកម្ម​របស់​ប្រទេស ​កម្ពុជា កំពុង​សម្លឹង​ទៅ​រក​ចំណូល​ និង​កំណើន​ដ៏​រឹងមាំ ខណៈ​វិស័យ​សេដ្ឋកិច្ច​កាន់​តែ​សកម្ម​ និង​មាន​កំណើន​ដ៏​ល្អ​។

យោងតាម​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន ​Cambodia Investment Management បាន​ឱ្យ​ដឹង​ថា​ ចំណូល​ពី​សាជីវកម្ម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ អាច​នឹង​កើន​ឡើង​ខ្ពស់​ដោយសា​តែ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP)​។​

លោក​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​សាជីវកម្ម​ធំៗ នឹង​ទទួល​បាន​កំណើន​ចំណូល​ដ៏​រឹងមាំ​ដោយសារ​តែ​កំណើន GDP អតិផរណា​ទាប និង​កំណើន​ដ៏​រឹងមាំ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)​។ តួលេខ​ទាំង​នេះ​ គឺ​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ ​២០១៨ និង​នៅ​ត្រីមាស​ទី​១ ឆ្នាំ ​២០១៩»​។

លោក​បន្ថែម​ថា ​វិស័យ​មួយ​ចំនួន​ដូចជា​វិស័យ​សំណង់ អចលនទ្រព្យ កសិកម្ម ហិរញ្ញវត្ថុ​ និង​កាត់ដេរ កំពុង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​កំណើន​សេដ្ឋកិច្ច​នេះ​។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក Galliano ថ្លែង​ថា ​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​អាច​នឹង​មាន​ផល​ប៉ះពាល់​ខ្លះ ដែល​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន​។​

លោក​បញ្ជាក់​ថា​៖ «​អាច​មាន​ចំណុច​ប៉ះពាល់​មួយ​ចំនួន​ជា​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ ​និង​បដិសណ្ឋារកិច្ច​ប៉ុន្តែ​ប្រទេស ​កម្ពុជា ​អាច​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ចុង ឆ្នាំ ​២០១៩ ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស ​ចិន​»​។

លោក Galliano បន្ថែម​ថា​ លោក​រំពឹង​ថា​សាជីវកម្ម​នឹង​ទទួល​បាន​ចំណូល​ល្អ​សម្រាប់​ឆមាស​ទី១ ​ក្នុង​ឆ្នាំ​នេះ​។​

CSX អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ទីផ្សារ​មូលធន។ហេង ជីវ័ន

លោក​បាន​លើក​ឡើង​ថា​៖ «​បើ​មិន​មាន​ការ​រារាំង ​ឬ​ប៉ះពាល់​ពី​ព្រឹត្តិការណ៍​អវិជ្ជមាន​ជា​សកល​ណា​មួយ ​ឬ​ពី​ចំណាត់​ការ​ដក​ពន្ធ​អនុគ្រោះ ​EBA ​ទេ នោះ​ប្រទេស ​កម្ពុជា ​នឹង​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​បន្ថែមទៀត​នៅ​ក្នុង ឆ្នាំ ​២០១៩ ដែល​អាច​នឹង​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ជាថ្មី​ម្តង​ទៀត ជាមួយ​នឹង​ការ​ទទួល​បាន​ចំណូល​ដ៏​រឹងមាំ​ពី​វិស័យ​សាជីវកម្ម​»​។

លោក Galliano ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ខណៈ​ដែល​សេដ្ឋកិច្ច​មាន​បញ្ហា​ប្រឈម​ខ្លះ​នៅ​ក្នុង​ឆ្នាំ​នេះ លោក​រំពឹង​ថា​ វិស័យ​សាជីវកម្ម​កម្ពុជា​នឹង​ងើប​ឡើង​វិញ​គួរ​ឱ្យ​កត់​សម្គាល់​។​

«​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​កម្រិត​ទាប​ជាង​ឆ្នាំ​មុន​បន្តិច ប៉ុន្តែ​នៅ​តែ​មាន​កំណើន​ល្អ​។ ឧស្សាហកម្ម​សំណង់ អាច​នឹង​មាន​ដំណើរ​យឺត​បន្តិច​ប៉ុន្តែ​ជាមួយ​នឹង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ គេ​រំពឹង​ថា​វា​នឹង​នៅ​តែ​មាន​កំណើន​រឹងមាំ​»​។

លោក Galliano បន្ត​ថា ​វិស័យ​មួយ​ចំនួន​ក៏​នឹង​ទទួល​បាន​ចំណូល​កើន​ឡើង​ផង​ដែរ បើ​ធៀប​នឹង​ឆ្នាំ ​២០១៨​ ហើយ​លោក​រំពឹង​ថា​កំណើន​ឥណទាន​នឹង​បន្ត​រឹងមាំ​ក៏​ដូចជា​កំណើន​នៃ​ការ​លក់​រាយ​។​

«​ការ​ទទួល​បាន​ផ្ទះ​ជា​កម្មសិទ្ធិ ​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នឹង​បន្ត​កើន​ឡើង ដូច្នេះ​ហើយ​ធនាគារ​ និង​ធានា​រ៉ាប់រង​ក៏​នឹង​ដំណើរការ​បាន​ល្អ​ដែរ​»​។

លោក​យល់​ថា​ វា​មាន​សញ្ញា​វិជ្ជមាន​ទោះបី​នៅ​មាន​ភាព​ស្រពេច​ស្រពិល​អំពី​ការ​ដក​ពន្ធ​អនុគ្រោះ EBA ពី​សហភាព​អឺរ៉ុប​ក៏​ដោយ​ ហើយ​កម្ពុជា​ក៏​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​ដែល​កំពុង​បន្ត​ផង​ដែរ ដូចជា​ការ​ផ្លាស់ប្តូរ​ទីតាំង​អាជីវកម្ម​ជា​ដើម​។

លោក Galliano ថ្លែង​ថា​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ​(​កម្ពុជា​អាមេរិក​) ​កើន​ឡើង ​២៧ ​ភាគរយ ដល់ ​៣ ​ពាន់​លាន​ដុល្លារ​។ វិស័យ​កាត់​ដេរ​នឹង​មាន​ស្ថិរភាព​រហូត​ដល់​ដំណាច់​ឆ្នាំ ​២០១៩ ជា​ពិសេស​ប្រសិន​បើ​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ប៉ះទង្គិច​ជាមួយ​ប្រទេស ​ចិន ​ស្តីពី​បញ្ហា​ពាណិជ្ជកម្ម​»​។

លោក Galliano រំពឹង​ថា វិស័យ​សាជីវកម្ម​កម្ពុជា​នឹង​ងើប​ឡើង​វិញ​គួរ​ឲ្យ​កត់​សម្គាល់។

ចំពោះ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) លោក​យល់​ថា​គួរ​តែ​មាន​ការ​ផ្លាស់ប្តូរ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ និង​មូលធន​សម្រាប់​ផ្សារហ៊ុន​ក្នុង​ស្រុក​ដើម្បី​ដើរ​តួនាទី​សំខាន់​ក្នុង​វិស័យ​សាជីវកម្ម​។​

លោក​លើក​ឡើង​ថា​៖ «​វា​គួរ​តែ​មាន​ការ​ផ្លាស់ប្តូរ​គំរូ​មួយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ផ្សារ​ហិរញ្ញវត្ថុ​ និង​មូលធន​សម្រាប់​ទីផ្សារ​មូលបត្រ​កម្ពុជា​ដើម្បី​ឱ្យ​មាន​ភាព​រឹងមាំ ​ដើម្បី​រួម​ចំណែក​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ចំនួន ​៥ ការ​ជួញដូរ​មាន​ចន្លោះ​ពី ​៣​ ពាន់​ទៅ ​២ ​ម៉ឺន​ហ៊ុន​ក្នុង ​១ ថ្ងៃ និង​មាន​សន្ទស្សន៍​ផ្លាស់ប្តូរ​តិច​តួច ដូច្នេះ​ហើយ CSX ហាក់​នៅ​មិន​ទាន់​មាន​ភាព​រឹងមាំ​នៅ​ឡើយ»​។

លោក​បាន​ថ្លែង​ថា ខណៈដែល​រដ្ឋាភិបាល​កំពុង​ជំរុញ ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា វា​គួរ​តែ​មាន​ការ​ពង្រឹង​ករណី​ពន្ធដារ​ឲ្យ​បាន​រឹងមាំ​។ លោក Galliano បន្តថា​៖ «​រដ្ឋាភិបាល​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចុះ​បញ្ចី​ផ្សារហ៊ុន ជា​ពិសេស​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម SMEs ។

«​ហើយ​ក៏​ត្រូវ​មាន​ការ​កែ​លម្អ​តម្លាភាព ​និង​អភិបាលកិច្ច​សាជីវកម្ម​ផង​ដែរ​។ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ក៏​គួរ​លើក​ទឹក​ចិត្ត​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​បំណុល​ ជា​ពិសេស​ដំណើរការ​ទីផ្សារ​អន្តរ​ធនាគារ ក៏​ដូច​ជា​ទីផ្សារ​សញ្ញា​បណ្ណ​សាជីវកម្ម​»​។

ចំណុច​នេះ លោក​ថ្លែង​ថា ​វា​នឹង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ទីផ្សារ​ធនាគារ​ដែល​ដើម​ទុន​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ដែល​មាន​ ផល​វំបាក​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​។

លោក Galliano មើល​ឃើញ​ក្បាល​ម៉ាស៊ីន​នាពេល​អនាគត​នៃ​សេដ្ឋកិច្ច​កម្ពុជា ​គឺ​នៅ​ក្នុង​វិស័យ SMEs។​

លោក​យល់​ថា ​សហគ្រិនភាព​ចំពោះ​ពលរដ្ឋ​ខ្មែរ​គឺ​ទូលំទូលាយ ហើយ​ប្រជាជន​កម្ពុជា​នឹង​ផ្តល់​ជា​កម្លាំង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​។

«​ប្រជាជន​ខ្មែរ​នឹង​បន្ត​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ការ​កើន​ឡើង​នៃ​ភាព​ជា​ម្ទាស់​អាជីវកម្ម​ក្នុង​ស្រុក​»​។

លោក Galliano បញ្ជាក់​ថា​៖ «​សហគ្រាស​ខ្មែរ​ខ្នាត​តូច​ និង​មធ្យម នឹង​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​កម្ពុជា​នាពេល​អនាគត ហើយ​ខ្ញុំ​រំពឹង​ថា​ វិស័យ​នេះ​នឹង​រីក​ចម្រើន​កាន់​តែ​ខ្លាំង​នៅ​ទសវត្សរ៍​ខាង​មុខ​៕