នៅពេល​ដែល​ធនាគារ​ហ្វីលីព​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត រួមបញ្ចូល​គ្នា​ជា​គ្រឹះស្ថាន​តែមួយ​និយោជិក​ប្រមាណ​ជា ១៧០០ នាក់​នឹង​ត្រូវ​បាន​បណ្តុះបណ្តាល​ជាមួយ​នឹង​ជំនាញ​ថ្មី​លើ​វិស័យ​ធនាគារ ដែល​នឹង​ជួយ​ដល់​ការពង្រីក​សេវាកម្ម​ធនាគារ​នៅ​ទូទាំង​ប្រទេស​ និង​ចូលរួម​ចំនែក​ដល់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។

ការរួមបញ្ចូល​គ្នា​ទាំង​ស្រុង​រវាង​ធនាគារ​ហ្វីលីព​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន PhillipCapital Group ហើយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​នឹង​សម្រេច​បាន​នៅ​ចុង​ឆ្នាំ​នេះ​។

ជាទូទៅ​នៅពេល​ដែល​មាន​ការរួម​បញ្ចូល​គ្នា​ ឬ​ការទិញ​ស្ថាប័ន​ណាមួយ​ការកាត់បន្ថយ​ចំនួន​បុគ្គលិក​ដើម្បី​បង្កើន​ផលិតភាព​តែងតែ​កើត​មាន​ឡើង​។ ទោះជា​យ៉ាង​នេះ​ក្តី​នេះ​មិនមែន​ជា​ករណី​សម្រាប់​ការរួមបញ្ចូល​រវាង​គ្រឹះស្ថាន​ទាំងពីរ​ខាង​លើ​នេះឡើយ​។

តំណាង​ភាគទុនិក​របស់​ធនាគារ​ហ្វីលីព​លោក Ong Teong Hoon បាន​បង្ហាញ​អំពី​ចក្ខុវិស័យ​របស់​លោក​យ៉ាងច្បាស់​អំពី​ការរួម​បញ្ជូល​គ្នា​ជា​គ្រឹះស្ថាន​តែមួយ​នេះ​។

លោក Ong បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អំពី​ផែនការ​របស់​លោក​ចំពោះ​ការរួមបញ្ចូល​គ្នា​នេះ​ថា​៖ «​នៅពេល​មាន​ការរួមបញ្ចូល​គ្នា​ ឬ​ការ​ទិញដូរ​គ្រឹះស្ថាន​ណា​មួយ​ការកាត់បន្ថយ​ចំនួន​បុគ្គលិក​តែងតែ​កើត​មាន​ឡើង​។ ករណីនេះ​នឹង​មិន​កើត​មាន​ឡើង​លើ​បុគ្គលិក​នៃ​ធនាគារ​ហ្វីលីព និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​នោះ​ឡើយ​។ ​នៅពេល​យើង​ធ្វើការ​រួមបញ្ចូល​គ្នា និង​ក្លាយជា​ធនាគារ​តែមួយ ផលិតផល​ និង​សេវាកម្ម​របស់​យើង​នឹង​មាន​កាន់តែ​ច្រើន​ដែល​តម្រូវ​ឲ្យ​យើង​បង្កើត​ជា​មុខតំណែង​ថ្មីៗ និង​រៀបចំ​រចនាសម្ព័ន្ធ​ការងារ​ដែល​ផ្តល់​នូវ​ឱកាស​សម្រាប់​បុគ្គលិក​គ្រប់រូប​ក្នុង​ការរីកចម្រើន​ទៅ​មុខ​»​។

«​ដើម្បី​ឱ្យ​ពួកគាត់​មាន​ការរីកចម្រើន​ទៅមុខ យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​របស់​បុគ្គលិក​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​រឹង​ដែល​មាន​ដូចជា​ជំនាញ​បច្ចេកទេស​ធនាគារ​ក៏​ដូចជា​ជំនាញ​ទន់ ដែល​មាន​ដូចជា​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ដើម្បី​រៀបចំ​ឱ្យ​ពួកគេ​ត្រៀមខ្លួន​រួម​ជាស្រេច​សម្រាប់​បរិយាកាស​អាជីវកម្ម​ថ្មី​»​។

លោក Ong បាន​ឲ្យ​ដឹង​ថា​ការរួមបញ្ចូល​គ្នា​នេះ​ទទួល​បាន​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​បុគ្គលិក​ទាំងពីរ​គ្រឹះស្ថាន​ផង​ដែរ​។

លោក​បន្ថែម​ថា​៖ «​អ្វី​ដែល​គួរឱ្យ​ចាប់​អារម្មណ៍​នោះ​គឺថា​បុគ្គលិក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​កំពុង​ទន្ទឹង​រង់ចាំ​បម្រើការ​ក្នុង​គ្រឹះស្ថាន​ធនាគារ​។ ជាង​នេះ​ទៅ​ទៀត​បុគ្គលិក​ដែល​បម្រើការ​នៅ​ធនាគារ​ហ្វីលីព​ក៏​សប្បាយចិត្ត​ដោយសារ​ធនាគារ​នឹង​ពង្រីក​ខ្លួន​ពី​ធនាគារ​ដែល​មាន​សាខា​ចំនួន​ ០៦ មកជា​ធនាគារ​ដែល​មាន​សាខា​រហូត​ដល់​ជាង​ ៨០ ទូទាំង​ប្រទេស​។ ជាទូទៅ​ការរួមបញ្ចូល​គ្នា​ ឬ​ការទិញ​គ្រឹះស្ថាន​ណាមួយ​តែងតែ​មាន​ការកែប្រែ​មួយ​ចំនួន​។ សម្រាប់​ករណី​របស់​យើង គ្រឹះស្ថាន​ទាំងពីរ​ស្ថិត​នៅ​ក្រោម​ភាគ​ទុនិក​តែមួយ​ដូចគ្នា​។ ហេតុដូច្នេះ​យើង​បានរួម​បញ្ចូល​គ្នា និង​ក្លាយ​ជា​ដៃគូ​សហការ​ដ៏​រឹងមាំ​។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​លោក Ong បាន​បញ្ជាក់​ថា​ដំណើរការ​រួមបញ្ចូល​គ្នា​នេះ​ក៏​មិន​ងាយស្រួល​នោះ​ដែរ ពីព្រោះ​គ្រឹះស្ថាន​ទាំងពីរ​ជា​អង្គភាព​ខុសគ្នា​ទាំងស្រុង ហើយ​ប្រភេទ​អតិថិជន និង​ប្រតិបត្តិ​អាជីវកម្ម​ក៏​មាន​ភាពខុសគ្នា​ផងដែរ​។

បច្ចុប្បន្ន​ធនាគារ​ហ្វីលីព​មាន​តែ​ ០៦ ​សាខា​ និង​បុគ្គលិក​ ២៥០ ​នាក់​ប៉ុណ្ណោះ រីឯ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​មាន​រហូត​ដល់​ ៨៣ សាខា និង​បុគ្គលិក​រហូត​ដល់​ជិត ១,៧០០ ​នាក់​ដែល​ភាគច្រើន​បម្រើ​អតិថិជន​នៅ​តាម​ជនបទ​។

«​យើង​ត្រូវ​ទទួល​យក​ការពិត​ថា ក្រេឌីត គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហើយ​ហ្វីលីព​គឺជា​ធនាគារ​ពាណិជ្ជកម្ម​។ គ្រឹះស្ថាន​ទាំងពីរ​មាន​ផ្នត់គំនិត​ និង​ការប្រតិបត្តិការ​ខុសគ្នា​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្តល់​ប្រាក់​កម្ចី​ដល់​ភាគច្រើន​នៃ​អតិថិជន​ដែល​មាន​ចំណូល​ទាប​។ ធនាគារ​ផ្តល់ប្រាក់​កម្ចី​ដល់​អតិថិជន ដែល​មាន​ចំណូល​មធ្យម និង​ខ្ពស់​»​។

«​ការកែសម្រួល​ជាច្រើន​នឹង​កើត​មាន​ឡើង​ជាមួយ​នឹង​ផលិតផល​ថ្មី​ដែល​ទាមទារ​ការគិតគូ​យ៉ាង​ហ្មត់ចត់​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​យើង​ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការបំពាក់​បំប៉ន​ជំនាញ និង​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​បុគ្គលិក​។ ​អតិថិជន​របស់​ធនាគារ​រមែង​មាន​តម្រូវការ​ខ្ពស់​ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​តម្រូវការ​ដូចគ្នា​នោះ​ឡើយ​»​។

«​តាមរយៈ​ការរួមបញ្ចូល​គ្នា​នេះ​យើង​នឹង​គ្របដណ្តប់​អតិថិជន​គ្រប់​ស្រទាប់​វណ្ណៈ​រាប់​ចាប់​តាំងពី​អតិថិជន​ដែល​មាន​ចំណូល​ទាប​រហូត​ដល់​អតិថិជន​ដែល​មាន​ចំណូល​ខ្ពស់ ហើយ​ហេតុផល​ដែល​យើង​ធ្វើ​ដូច្នេះ​គឺ​យើង​មើល​ឃើញ​ចំណុច​ជារួម​មួយ​រវាង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ យើង​មើលឃើញ​ថា ធនាគារ​កំពុង​កាត់បន្ថយ​ទំហំ​ប្រាក់កម្ចី​របស់​ពួកគេ​ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​កំពុង​បង្កើន​ទំហំ​ប្រាក់កម្ចី​របស់​ពួកគេ​»​។

ធនាគារ​ហ្វីលីព​នឹង​នាំ​មក​នូវ​ផលិតផល​ និង​សេវាកម្ម​ជាច្រើន​នៅពេល​ដែល​ការរួមបញ្ចូល​គ្នា​ត្រូវ​បាន​បញ្ចប់​ដែល​ផលិតផល​ទាំងនោះ​មាន​ដូចជា សេវា​ធនាគារ​តាម​ទូរស័ព្ទ អ៊ិនធឺណិត ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌីជីថល ការផ្ទេរ​ប្រាក់ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​និយោជិក​។

លោក Ong ដែល​មាន​សុទិដ្ឋិនិយម​ចំពោះ​ការរួមបញ្ចូល​គ្នា​នេះ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការភ័យខ្លាច​តិចតួច ប៉ុន្តែ​អតិថិជន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​។ ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ ខ្ញុំ​នឹង​ណែនាំ​គម្រោង​ធនាគារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ដែល​នេះ​ជា​អ្វី​ដែល​យើង​កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ប្រព័ន្ធ​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។ វា​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏ធំ ប៉ុន្តែ​យើង​រំពឹង​ថា​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អតិថិជន​របស់​យើង​។ យើង​មាន​ក្តីស្រមៃ​ចង់​ក្លាយ​ជា​ធនាគារ​មួយ​ដែល​បម្រើ​ដល់​អតិថិជន​គ្រប់រូប​នៅ​កម្ពុជា​»៕

អំពី PhillipCapital:

ក្រុមហ៊ុន​ PhillipCapitalGroup បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ ២០០៩ ។

ក្រុមហ៊ុន​របស់​យើងខ្ញុំ ត្រូវ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៧៥ និង​មាន​ការិយាល័យ​កណ្តាល​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​ការិយាល័យ​ប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ចំនួន ១៥ រួម​មាន​សហរដ្ឋអាមេរិក​ចក្រភព​អង់គ្លេស ប្រទេស​ទួរគី​ចិន​អូស្ត្រាលី​ជប៉ុន អារ៉ាប់រួម​ ឥណ្ឌា ​ថៃ ​ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ វៀតណាម ​ហុងកុង​ និង​សិង្ហបុរី​។

ក្រុមហ៊ុន​យើង​ខ្ញុំ មាន​និយោជិត​ចំនួន ៥០០០ នាក់​ និង​អតិថិជន​ជាង​មួយ​លាន​នាក់​ទូទាំង​ពិភពលោក​។ សេវាកម្ម​របស់​ក្រុមហ៊ុន យើងខ្ញុំ​រួមមាន ការជួញដូរ​មូលប័ត្រ​ជំនួញ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ទំនិញ​ប្តូរ​រូបិយប័ណ្ណ​បរទេស​ការគ្រប់គ្រង​មូលនិធិ​ធានារ៉ាប់រង​អាយុជីវិត និង​ទូទៅ​ក៏​ដូចជា​ការប្រឹក្សា​លើ​ផ្នែក​អចលនទ្រព្យ​។ មូលនិធិ​នៃ​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មាន​ចំនួន​លើស​ពី ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។

នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​របស់​យើង​ខ្ញុំ​ត្រូវបាន​តំណាង​ដោយ ធនាគារ​ហ្វីលីព​ដែល​បបច្ចុប្បន្ន​មាន​សាខា​ប្រតិបត្តិការ​ចំនួន ៦ ទីតាំង​។ នៅក្នុង​ពេលអនាគត​ដ៏ខ្លី ធនាគារ​តែមួយ​នឹង​រួម​គ្នា​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​ដែល​មាន​សាខា​ប្រតិបត្តិការ​ជាង ៨០ ទូទាំង​ប្រទេស​។ តាមរយៈ​ការរួមបញ្ចូល​គ្នា​នេះ ធនាគារ​ហ្វីលីព​នឹង​ក្លាយ​ជា​ធនាគារ​ដែល​មាន​បណ្តាញ​សាខា​ធំ​ជាង​គេ​ទី​បី​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ក៏​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​ពីរ​ទៀត​ដែល​ធ្វើការ​លើ​ផ្នែក​ធានារ៉ាប់រង​គឺ Phillip General និង Phillip Life ។ យើង​កំពុង​ឈាន​ទៅ​បង្កើត​ទីផ្សារ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​មួយ​ដែល​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុង​ការទទួល​បាន​ទាំង​ផលិតផល​ហិរញ្ញវត្ថុ ទាំង​ការការពារ​ផ្សេងៗ​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​។

PhillipBank:

ធនាគារ​ហ្វីលីព​ភីអិលស៊ី​ជា​ធនាគារពាណិជ្ជ​របស់​សិង្ហបុរី​តែមួយគត់​ដែល​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ជាមួយ​នឹង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ពោល​គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេឌីត​ដែល​យើង​កំពុង​ធ្វើការ​រួមបញ្ចូល​គ្នា​យើង​បាន​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើន​ដល់​អតិថិជន​សាជីវកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម និង​មីក្រូហិរញ្ញវត្ថុ​។ ​ផលិតផល​ទាំងនេះ​ត្រូវ​បាន​ផ្តល់ជូន​ជាមួយ​នឹង​កញ្ចប់​សេវាកម្ម​ធានារ៉ាប់រង​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​បុត្រសម្ព័ន្ធ​ទាំងពីរ​របស់​យើង​គឺ​ Phillip General និង Phillip Life​។

ផលិតផល​ថ្មី​របស់​យើង​រួមមាន​ឥណទាន​រថយន្ត​ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​សេវាកម្ម​ធានារ៉ាប់រង​ដោយ​មិន​គិតថ្លៃ ​ឥណទាន​បុគ្គល​ដែល​មាន​ភាពបត់បែន​សម្រាប់​តម្រូវការ​ផ្សេងៗ​គ្នា​របស់​អតិថិជន ​និង​គណនី​សន្សំ​ដោយ​ស្វ័យប្រវត្តិ​ដែល​ផ្តល់​ជូន​នូវ​អត្រា​ការប្រាក់​ខ្ពស់​។

ធនាគារ​ហ្វីលីព ជា​ធនាគារ​ដែល​ផ្តល់​សេវាកម្ម​ពិសេស​នៅក្នុង​ទីផ្សារ​នេះ​។ នេះ​ក៏​ដោយសារ​តែ​លទ្ធភាព​របស់​យើង​ក្នុង​ការបំពេញ​នូវ​តម្រូវការ​ហិរញ្ញវត្ថុ​ និង​ការការពារ​ផ្សេងៗ​ដល់​អតិថិជន​តាមរយៈ​ផលិតផល​ដែល​មាន​ភាព​ច្នៃប្រឌិត​ការចូល​ទៅ​ប្រើប្រាស់​ដោយផ្ទាល់ ឬ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត សម្រាប់​គ្រប់​ប្រភេទ​អតិថិជន​រួមមាន អតិថិជន​ដែល​មាន​ចំណូល​ទាប មធ្យម ឬ​ខ្ពស់ សហគ្រាស​ធុន​តូច និង​មធ្យម និង​អាជីវកម្ម​ខ្នាត​ធំ ។

PhillipGeneralInsurance:

ការរីកចម្រើន​នៃ​ទីផ្សារ​ធានារ៉ាប់រង​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លងមក​គឺ​ពិតជា​គួរឱ្យកត់សម្គាល់​។ ​ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ​ក្មេងខ្ចី​មួយ​នេះ​ដូចជា​ការយល់ដឹង​ជា​សាធារណៈ​ និង​បញ្ហា​ធនធាន​មនុស្ស ការរីកចម្រើន​លើ​វិស័យ​នេះ​ពិតជា​មាន​ការរំពឹងទុក​ខ្ពស់​។ ​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ Phillip General Insurance ​យើង​យល់ឃើញ​ថា​បញ្ហា​ប្រឈម​ទាំងនេះ​គឺជា​ឱកាស​ក្នុងការ​ផ្តល់​ការការពារ​ដែល​ប្រសើរ​ជាង​មុន​ និង​អត្ថប្រយោជន៍​ជាក់ស្តែង​ជាច្រើន​។ ​ភាពខ្លាំង​របស់​យើង​គឺ​ស្ថិត​នៅ​ក្នុង​ការដោះស្រាយ​បណ្តឹង​ទាមទារ​សំណង​ភ្លាមៗ​។ ​យើង​បាន​ប្តេជ្ញាចិត្ត​ចំពោះ​សេវាកម្ម​ទាមទារ​សំណង​ខ្ពស់ ដោយសារ​តែ​វត្តមាន​នៃ​សេវាកម្ម​របស់​យើង​លើ​គ្រប់​ស្ថានការណ៍​រួមមាន​ការការពារ​អាជីវកម្ម លំនៅដ្ឋាន ទ្រព្យសម្បត្តិ និង​ការការពារ​ផ្ទាល់ខ្លួន​។ ​វា​ជា​គោលនយោបាយ​ និង​គោលការណ៍​សាជីវកម្ម​របស់​យើង​ក្នុង​ការទូទាត់​លើ​បណ្តឹង​ទាមទារ​សំណង​ក្នុង​រយៈពេល ៧ ថ្ងៃ​ធ្វើការ​។

PhillipLifeInsurance:

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ​Phillip Life Assurance កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ស្រប​ពេល​ដែល​ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​កំពុង​មាន​ការរីកចម្រើន​ខ្លាំង​។ ក្រុមហ៊ុន​យើង​ខ្ញុំ​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មាន​ភាព​ប្រកួតប្រជែង សម្រាប់​ទាំង​ទីផ្សារ​ពាណិជ្ជកម្ម​ និង​បុគ្គល​។ ​យើង​ទទួល​បាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ Phillip Life Assurance នៅ​ប្រទេស​ថៃ​ដែល​ជា​ក្រុមហ៊ុន​នាំមុខ​ខាង​ផ្នែក​ធានារ៉ាប់រង​តាម​ប្រព័ន្ធ​អ៊ិនធឺណិត និង Phillip Capital Singapore ដែល​បាន​នាំ​មក​នូវ​បណ្តាញ​ស្ថាប័ន​ហិរញ្ញវត្ថុ​លំដាប់ថ្នាក់​ពិភពលោក​។ ​ជាមួយ​នឹង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​យើងខ្ញុំ ពោល​គឺ​ក្រុមហ៊ុន​ធានារ៉ាប់រង​ Phillip General Insurance ​និង​ធនាគារ​ហ្វីលីព យើង​នឹង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​ផលិតផល​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាពច្នៃប្រឌិត និង​ងាយស្រួល​នៅ​ទូទាំង​ប្រទេស​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ​យើង​មាន​មោទនភាព​ចំពោះ​សសរស្តម្ភ​ដ៏រឹងមាំ​របស់​យើង ពោល​គឺ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏រឹងមាំ​របស់​យើង​ពី​ក្រុមហ៊ុន Phillip Capital Group ដែល​បង្ហាញ​ថា​យើង​ទទួល​បាន​ការជឿ​ទុកចិត្ត​ខ្ពស់​ពី​អតិថិជន​លើ​ប្រតិបត្ដិការ​សន្សំ​ប្រាក់​ហើយ​ស្តង់ដារ​អន្តរជាតិ​របស់​យើង​មាន​ន័យថា​យើង​អាច​ផ្តល់​ជូន​នូវ​សេវាកម្ម​ដ៏ល្អ​ឥតខ្ចោះ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។