បន្ទាប់ពី​ការបោះឆ្នោត​សកល​លើកដំបូង​នៅ​ឆ្នាំ​ ១៩៩៣ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ចាប់ផ្តើម​ហូរ​ចូលមក​ក្នុង​ប្រទេស ​កម្ពុជា​។ ការ​ផលិត​សម្លៀកបំពាក់​គឺជា​ឧស្សាហកម្ម​ដំបូង​គេ​ដែល​បានចាប់ផ្តើម​ដំណើរការ​នៅក្នុង​ប្រទេស ​កម្ពុជា ហើយ​វិនិយោគិន​សំខាន់​គឺ​ជនជាតិ​ចិន​។ រហូត​មក​ដល់​បច្ចុប្បន្ន សមាជិក​ជាង​ពាក់កណ្តាល​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) គឺ​មកពី​ប្រទេស​ចិន​។

វា​ជា​ការពិត​ដែល​ថា​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ពាណិជ្ជកម្ម​អន្តរជាតិ តាមរយៈ​ការទទួល​បាន​ទីផ្សារ​ល្អប្រសើរ​ដែល​ផ្តល់​ដោយ​សហរដ្ឋអាមេរិក​សហគមន៍​អឺរ៉ុប និង​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ទៀត​បាន​ចូលរួម​ចំណែក​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ចុងក្រោយ​នេះ​។ វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​តែ​ជា​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏សំខាន់​រហូត​មកដល់​សព្វ​ថ្ងៃ​។

អត្រា​កំណើន​ជា​មធ្យម​ក្នុង​រង្វង់​ ៧ ​ភាគរយ​ ក្នុង​ ១ ​ឆ្នាំ​ បាន​ជួយ​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ឲ្យ​ចាក​ផុត​ពី​ភាពក្រីក្រ និង​បាន​ធ្វើឱ្យ​ប្រទេស​ កម្ពុជា ​ចាក​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ (LDC) និង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ជាមួយ​ស្ថិរភាព​នយោបាយ និង​សង្គម​ត្រូវបាន​ថែរក្សា និង​ការបន្ត​ធ្វើកំណែ​ទម្រង់​ស្តីពី​បរិយាកាស​វិនិយោគ​ និង​ធុរកិច្ច​។

វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​បាន​បង្កើត​ការងារ​ចំនួន ៨០០ ០០០ ​កន្លែង និង​តម្លៃ​នាំចេញ​មាន​ប្រមាណ​ ៩ ​ប៊ីលាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៨​។ ប្រមាណ​​ ២ ​ប៊ីលាន​ដុល្លារ ត្រូវ​បាន​ចំណាយ​សម្រាប់​បើកប្រាក់​ឈ្នួល​ដល់ក​ម្មករ និយោជិត​ក្នុង​មួយឆ្នាំ​។ វិស័យ​នេះ​មាន​ការរីកចម្រើន​ស្រប​នឹង​កម្រិត​ខ្ពស់​នៃ​ការអនុវត្ត​ការងារ​។ យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​បាន​បង្ហាញ​ថា ៩០ ​ភាគរយ​ នៃ​ច្បាប់​ការងារ​កម្ពុជា​ និង​ស្តង់ដា​ការងារ​អន្តរជាតិ​ត្រូវបាន​រោងចក្រ​របស់​យើង​អនុលោម​តាម​។

ផ្អែកលើ​ភាពជោគជ័យ​នេះ​យើង​អាច​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​យើង​កាន់តែ​រីកចម្រើន និង​បង្កើត​ការងារ​បន្ថែម​សម្រាប់​យុវជន​របស់​យើង ជាពិសេស​អ្នក​ដែល​ឈានចូល​ដល់​វ័យ​ធ្វើការ​។

ការអភិវឌ្ឍ​វិស័យនេះ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ និង​ប្រព័ន្ធ​អេកូ​សម្រាប់​ឧស្សាហកម្ម​នាំចេញ​ផ្សេងទៀត​ឱ្យ​រីកចម្រើន​។ ក្នុងនោះ​រួមមាន​ក្របខ័ណ្ឌ​ច្បាប់ បទដ្ឋាន​ការងារ​សង្គម និង​ស្ថានភាព​ការងារ យន្តការ​កំណត់​ប្រាក់​ឈ្នួល ការអភិវឌ្ឍ​ជំនាញ និង​បរិយាកាស​សម្របសម្រួល​ពាណិជ្ជកម្ម​។

ទំហំ​ការងារ​ផ្លូវការ​នៅក្នុង​វិស័យនេះ​បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ចាប់ផ្តើម​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​ជា​គោលនយោបាយ​សាធារណៈ​ដ៏មាន​អត្ថប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង​។

ខណៈ​ប្រទេស​ ចិន​ កំពុង​ស្ថិត​នៅក្នុង​ដំណើរ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច កម្ពុជា​អាច​រំពឹង​ថា​នឹង​មាន​ការវិនិយោគ​កាន់តែ​ច្រើន​មកពី​ប្រទេស​ ចិន ជាពិសេស​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ទាប​ និង​ខ្ពស់​។

ការវិនិយោគ​របស់​ចិន​នៅក្នុង​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​ថា​ជារួម​គឺ​មាន​ឥទ្ធិពល​លើ​ម៉ាក្រូសេដ្ឋកិច្ច ប្រកប​ដោយ​ភាព​វិជ្ជមាន​។ ការវិនិយោគ​របស់​ចិន​ គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៅក្នុង​ការរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នេះ​បើ​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​។

ក្រៅពី​ការវិនិយោគ​លើ​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ ប្រទេស​ចិន​ក៏បាន​វិនិយោគ​យ៉ាងច្រើន​ទៅ​លើ​វិស័យ​សំខាន់ៗ​ផ្សេងទៀត​។ កម្ពុជា​ស្វាគមន៍​រាល់​កិច្ចសហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន​លើ​គ្រប់​វិស័យ​៕