ជាច្រើនទសវត្សរ៍មកហើយ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានថា ការបរិភោគស៊ុតលើសពី ១ ក្នុង ១ ថ្ងៃបង្កជាហានិភ័យសុខភាពមិនល្អដោយសារមានកូឡេស្តេរ៉ូលខ្ពស់ (cholesterol)។ ប៉ុន្តែកាសិក្សាថ្មីមួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារមុននេះបានឲ្យដឹងថាការបរិភោគស៊ុត ១ គ្រាប់ក្នុង ១ ថ្ងៃជាទៀងទាត់បានកាត់បន្ថយអត្រាកើតមាននៃជំងឺបេះដូង និងជំងឺដាច់សរសៃរឈាម (ស្ត្រូក-stroke)។
ស្របពេលគ្នានេះដែរក៏មានក្រុមផ្សេងបានដាស់តឿនដល់ស្រទាប់មិត្តអ្នកអានឲ្យធ្វើការពិចារណា ខណៈដែលក្រុមអ្នកស្រាវជ្រាវ និងសរសេររបាយការណ៍នេះបានលើកភ័ស្តុតាងថា មនុស្សពេញវ័យនៅប្រទេសចិនដែលបានបរិភោគស៊ុត ១ ក្នុង ១ ថ្ងៃគឺមានបញ្ហាគ្រោះថ្នាក់តិចតួចចំពោះជំងឺសរសៃឈាមបេះដូង (cardiovascular disease - CVD)។
ការសិក្សាថ្មីនេះបានចំណាយរយៈពេល ៩ ឆ្នាំជាមួយមនុស្សកន្លះលាននាក់ដែលមានអាយុចាប់ពី ៣០-៧៩ ឆ្នាំ។ របាយការណ៍នេះបញ្ជាក់ថា៖ «បើប្រៀបធៀបជាមួយក្រុមជនដែលមិនបរិភោគស៊ុតជាប្រចាំថ្ងៃនោះឃើញថា ក្រុមអ្នកទទួលទានស៊ុតមានហានិភ័យដោយសារជំងឺ CVD ទាបជាង»។
ក្រុមអ្នកស្រាវជ្រាវជនជាតិចិន-អង់គ្លេសដដែលនោះបានចុះផ្សាយនៅក្នុងកាសែត Journal Heart ថា គ្រោះថ្នាក់នៃការដាច់សរសៃរឈាមមានកម្រិត ២៦ ភាគរយទាបជាងសម្រាប់ក្រុមអ្នកបរិភោគស៊ុត។ ការសិក្សានោះក៏បញ្ជាក់ថា ក្រុមអ្នកបរិភោគស៊ុតប្រចាំថ្ងៃជាទៀងទាត់មានការស្លាប់តិចជាង ១៨ ភាគរយ ពីជំងឺ CVD និង ២៨ ភាគរយពីជំងឺដាច់សរសៃរឈាមបើធៀបទៅនឹងក្រុមអ្នកអត់ទទួលទានស៊ុត។
CVD ជាក្រុមនៃជំងឺបេះដូង និងប្រព័ន្ធសរសៃឈាម ហើយជំងឺនេះបង្កើនតួលេខមរណភាពខ្ពស់ និងពិការភាពនៅទូទាំងពិភពលោកក្នុងនោះរួមទាំងប្រទេសចិនផងដែរ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាក្នុងមួយឆ្នាំក្រុមជំងឺ CVDs សម្លាប់មនុស្សចំនួន ១៧,៧០ លាននាក់គឺប្រហែល ១ ភាគ ៣ នៃតួលេខមរណភាពនៅទូទាំងពិភពលោក ហើយប្រមាណ ៨០ ភាគរយនៃអ្នកកើតជំងឺ CVD គឺស្លាប់ដោយសារគាំងបេះដូង និងដាច់សរសៃឈាម។
ដើមចមនៃជំងឺនេះគឺបណ្តាលមកពីកត្តាមួយចំនួនដូចជា ការជក់បារី ពុំបានធ្វើការហាត់ប្រាណគ្រប់គ្រាន់ ការបរិភោគអាហារមិនល្អរួមទាំងចូលចិត្តហូបប្រៃមិនចូលចិត្តបរិភោគបន្លែ និងផ្លៃឈើស្រស់ជាដើម៕