ការិយាល័យ​ឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី​) បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស ​កម្ពុជា តាមរយៈ​ការ​ផ្តល់​នូវ​ទិន្នន័យ​យ៉ាង​សំខាន់ និង​ឧបករណ៍​វិភាគ​ទិន្នន័យ​​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ដើម្បី​ជួយ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ធ្វើការ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​ និង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​រីក​ចម្រើន​។​

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ស៊ីប៊ីស៊ី ដែល​បាន​ផ្តល់​បទសម្ភាស​ដល់​ភ្នំពេញ​ប៉ុស្តិ៍​កន្លង​មក​នេះ បាន​មាន​ប្រសាសន៍​ថា យោង​​ទៅ​លើ​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​នៅ​ប្រទេស ​កម្ពុជា ស៊ីប៊ីស៊ី​តាមរយៈ​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​របស់​ខ្លួន បាន​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​លទ្ធភាព​ទទួល​បាន​ឥណទាន ដោយ​មើល​ឃើញ​កំណើន ​២៥,៧% ​សម្រាប់​កម្ចី​ដល់​ស្ត្រី​ និង ២៤,៤% សម្រាប់​កម្ចី​ដល់​សហគ្រិន​ចន្លោះ​ឆ្នាំ ២០១៦ និង ២០១៧​។​

«ស៊ីប៊ីស៊ី​មិន​ត្រឹម​តែ​ជួយ​គាំទ្រ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន និង​ស្ថិរភាព​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស៊ីប៊ីស៊ី​ក៏​បាន​ជួយ​ដល់​បុគ្គល​ និង​អាជីវកម្ម​ក្នុង​ការ​ទទួល​បាន​ឥណទាន​ផង​ដែរ​»។​

«ការ​ទទួល​បាន​នូវ​ព័ត៌មាន​ឥណទាន​ដែល​មាន​គុណភាព​ខ្ពស់​ជួយ​កាត់​បន្ថយ​បញ្ហា​នៃ​ការ​ជ្រើសរើស​ខុស និង​គម្លាត​ព័ត៌​មាន​រវាង​អ្នក​ផ្តល់​កម្ចី​ និង​អ្នក​ខ្ចី​។ វា​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​កម្ចី​ដែល​អាច​ខូច​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​បែង​ចែក​ឥណទាន​ថ្មី​។

ការ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ក៏​អាច​លើក​កម្ពស់​ការ​ផ្តល់​ឥណ​ទាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ តាមរយៈ​មិន​លើក​ទឹក​ចិត្ត​ដល់​បំណុល​ហួស​ប្រមាណ និង​ផ្តល់​ការ​គាំទ្រ​ដល់​ការខ្ចី​ និង​សង​ត្រឡប់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​។ អ្វី​ដែល​សំខាន់​បំផុត​នោះ ​គឺ​របាយការណ៍​ឥណទាន​អនុញ្ញាត​ឱ្យ​អ្នក​ខ្ចី​បង្កើត​ប្រវត្តិ​ឥណទាន​ និង​ប្រើប្រាស់​វា​ក្នុង​ការ​ស្នើសុំ​ឥណទាន​។ នេះ​ជា​គុណ​ប្រយោជន៍​ជាពិសេស​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​អ្នក​ខ្ចី​ថ្មី​»។

លោក សុធា​រ័ត្ន​ បន្ថែម​ថា ដោយ​ទទួល​បាន​ការ​យល់ព្រម​ពី​អតិថិជន​ក្នុង​ការ​ឆែក​ប្រវត្តិ​ឥណទាន ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បាន​ចូល​ឆែក​ក្នុង​ប្រព័ន្ធ​របស់​ស៊ីប៊ីស៊ី ​ដើម្បី​ឆែក​ប្រវត្តិ​ឥណទាន​អតិថិជន និង​កម្រិត​ហានិភ័យ​ឥណទាន​របស់​អតិថិជន​របស់​ខ្លួន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​តម្លៃ​ឥណទាន​មុន​ពេល​សម្រេច​ចិត្ត​ក្នុង​ការ​អនុម័ត​ឥណទាន​។​

លោក អឿ សុធា​រ័ត្ន ថ្លែងនៅក្នុងសិក្ខាសាលាស្តីអំពីគំរូពិន្ទុឥណទាន។

លោក សុធារ័ត្ន​ បញ្ជាក់​ថា វា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​របស់​ខ្លួន ហើយ​ស៊ីប៊ីស៊ី​បាន​ដាក់​ឲ្យ​នូវ​ពិន្ទុ​ឥណទាន​ឈ្មោះ​ថា ខេ ស្ករ ឬ​ខ្មែរ ស្ករ នៅ​ឆ្នាំ ២០១៥​។​

«ខេ ស្ករ គឺ​ជា​លេខ​ដែល​គណនា​អំពី​ព័ត៌មាន​ទាំង​អស់​នៃ​របាយការណ៍​ឥណទាន​ទៅ​ជា​ពិន្ទុ​មួយ​។ ​វា​វាស់វែង​ពី​ហានិភ័យ​ឥណទាន​របស់​អ្នក​ស្នើសុំ​កម្ចី​ម្នាក់ៗ និង​ព្យាករ​ពី​កម្ចី​ដែល​អាច​ខូច​ក្នុង​រយៈពេល ​១២ ​ខែ​ខាង​មុខ»​។​

«វា​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្ដល់នូវ​មូលដ្ឋាន​ព័ត៌មាន​នៃ​កម្រិត​ហានិភ័យ​សម្រាប់​អ្នក​ផ្តល់​ឥណទាន ដែល​អាច​ជួយ​ដល់​ដំណើរការ​ផ្តល់​ឥណទាន​សម្រាប់​អតិថិជន​ថ្មី និង​ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្បាស់​ជាង​មុន ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ផ្តល់​ឥណទាន​បាន​ត្រឹមត្រូវ​ជាង​មុន​។ វា​ជួយ​ដល់​មន្ត្រី​វាយ​តម្លៃ​ឥណទាន​វាយ​តម្លៃ​ទៅ​លើ​គុណភាព​ឥណទាន​របស់​អតិថិជន​បាន​ឆាប់​រហ័ស​ជាង​មុន និង​ធ្វើ​ការ​សម្រេច​ចិត្ត​កាន់​តែ​មាន​ភាព​សុក្រឹត ហើយ​ជួយ​ដល់​អតិថិជន​ដើម្បី​បាន​ឥណទាន​ផង​ដែរ​»។​

លោក​បន្ថែម​ថា ការ​ប្រើប្រាស់​ ខេ ស្ករ បាន​កើន​ឡើង​ដោយសារ​តែ​មាន​ការ​យល់​ដឹង​ច្រើន​ពី​អត្ថប្រយោជន៍​របស់​វា​នៅ​ក្នុង​ទីផ្សារ​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​បាន​ឆាប់​រហ័ស​ជាង​មុន​។​

«ទន្ទឹម​នឹង​នោះ ស៊ីប៊ីស៊ី​ បាន​សង្កេត​ឃើញ​ពី​តម្រូវការ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​លើ​ការ​បង្កើត​ពិន្ទុ​ឥណទាន​ផ្ទាល់​ខ្លួន​របស់​ស្ថាប័ន ហើយ​ពួក​គេ​ក៏​កំពុង​ចង់​បាន​នូវ​ពិន្ទុ​ឥណទាន​ថ្មី​ទៀត​ពី​ការិយាល័យ​ឥណទាន ដែល​ឲ្យ​ឈ្មោះ​ថា ប៊ី ស្ករ ឬ​ពិន្ទុ​ឥរិយាបថ​ឥណទាន​របស់​អតិថិជន​»។​

«​ដើម្បី​ជួយ​ដល់​សមាជិក​របស់​យើង​ឲ្យ​យល់​ពី​គំរូ​ពិន្ទុ​ឥណទាន​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន ​និង​អត្ថ​ប្រយោជន៍​របស់​វា នៅ​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ​នេះ ស៊ីប៊ីស៊ី​បាន​រៀបចំ​នូវ​សិក្ខាសាលា​ស្តីអំពី​ការ​បង្កើត​ពិន្ទុ​ឥណទាន​ដល់​អ្នក​ចូលរួម​ជាង ​៣០០ ​នាក់ ​ដែល​មក​ពី​ស្ថាប័ន​ជា​សមាជិក ​ដោយ​បាន ​អញ្ជើញ​អ្នក​ជំនាញ​មក​ពី​ក្រុមហ៊ុន​ដែល​មាន​បទពិសោធ​យ៉ាង​ច្រើន​លើ​ការ​បង្កើត​ពិន្ទុ​ឥណទាន​ និង​សេវា​ផ្សេង​ទៀត​នៅ ​១៣ ​ប្រទេស ​ក្នុង​តំបន់​មក​ធ្វើ​បទ​បង្ហាញ​ដល់​អ្នក​ចូលរួម​ទាំង​អស់​»។​

លោក​បន្ត​ថា៖ «​បន្ថែម​លើ​នេះ ស៊ីប៊ីស៊ី​ ក៏​បាន​ចាប់​ផ្តើម​ក្នុង​ការ​បង្កើត ខេស្ករ​ជំនាន់​ទី ​២ ​របស់​យើង ហើយ​រំពឹង​ថា​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ទៅ​ក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ ​២០២០»​។​

ក្នុង​រយៈពេល​ជាង ​៧ ​ឆ្នាំ ​នៃ​ប្រតិបត្តិការ​របស់​ខ្លួន ស៊ីប៊ីស៊ី​ ត្រូវ​បាន​ទទួល​​ស្គាល់​ និង​ផ្តល់​តម្លៃ​ខ្ពស់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ថា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ជួយ​ដល់​វិស័យ​ក្នុង​ការ​សម្រេច​ចិត្ត​លើ​ការ​វាយ​តម្លៃ​ឥណទាន​បាន​ត្រឹមត្រូវ​តាមរយៈ​សេវា​ដំណោះស្រាយ​អាជីវកម្ម​របស់​ខ្លួន​។​

«គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ស៊ីប៊ីស៊ី មាន​សមាជិក​ចំនួន ១៦៧ ​ស្ថាប័ន​។ នៅ​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ ស៊ីប៊ីស៊ី​ ក៏​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​នៅ​ខែ​កក្កដា ដែល​ជា​ឧបករណ៍​មួយ​ទៀត​ជួយ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​មាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​សម្រាប់​វាយ​តម្លៃ​ឥណទាន​អាជីវកម្ម​»។​

លោក​​បន្ត​ថា ការិយាល័យ​ឥណទាន​បាន​ធ្វើ​ឲ្យ​ទិន្នន័យ​បុគ្គល​ និង​ក្រុមហ៊ុន​អាច​រក​បាន​នៅ​ក្នុង​ប្រព័ន្ធ​របស់​ស៊ីប៊ីស៊ី ហើយ​អាច​ចែក​រំលែក​ព័ត៌មាន​ទាំង​នោះ​ក្នុង​ទម្រង់​ជា​ព័ត៌មាន​​ឥណទាន​ទៅ​កាន់​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក និងសាធា-ណជន ក៏​ដូច​ជា​​ និយ័តករ​ផង​ដែរ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​ឥណទាន​ និង​បង្កើន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​ឥណទាន​។​

តាមរយៈ​របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន​នៅ​ក្នុង​ប្រទេស កម្ពុជា បាន​បង្ហាញ​ថា ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណទាន​ចូល​រួម​ចំណែក​ក្នុង​ការ​ការពារ​ការ​ខាត​បង់​ពី​ហានិភ័យ​ឥណទាន​ប្រមាណ ៦,៤ ​លាន​ដុល្លារ ​នៅ​ក្នុង​ឆ្នាំ ​២០១៥ និង ១៣,២ ​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ​២០១៦​។​

សម្រាប់​ឆ្នាំ ​២០២០ លោក សុធារ័ត្ន​ ថ្លែង​ថា អាទិភាព​ចម្បង​របស់​ស៊ីប៊ីស៊ី​ គឺ​នៅ​តែ​ផ្តោត​ទៅ​លើ​សុវត្ថិភាព​ទិន្នន័យ​តាមរយៈ​ការ​វិនិយោគ​បន្ថែម​លើ​បច្ចេកវិទ្យា​។​

លោក​បន្ត​ថា៖ «​អាទិភាព​មួយ​ទៀត ​គឺ​ការ​បន្ត​ការ​គាំទ្រ​ដល់​សមាជិក​របស់​យើង ​ដើម្បី​ធានា​ថា​ពួក​គេ​នៅ​តែ​​បន្ត​ពេញចិត្ត​ជាមួយ​សេវាកម្ម​របស់​ស៊ីប៊ីស៊ី ហើយ​ស៊ីប៊ីស៊ី​នឹង​បន្ត​ប្រើប្រាស់​វេទិកា​គណៈកម្មាធិការ​សមាជិក ​ដើម្បី​ពិភាក្សា​ពី​ការ​ប្រឈម​ និង​ដំណោះ​ស្រាយ​រវាង​ស៊ីប៊ីស៊ី​ និង​សមាជិក​របស់​ខ្លួន​»។​

ស៊ីប៊ីស៊ី តាមរយៈ​បច្ចេកវិទ្យា​ និង​ឧបករណ៍​ច្នៃ​ប្រឌិត​ថ្មី​របស់​ខ្លួន​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធានា​ថា​ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹងមាំ​ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ធុរកិច្ច​ល្អ​ប្រសើរ​សម្រាប់​វិនិយោគិន​ក្នុង​ស្រុក​ និង​បរទេស​៕