លោក Yu Li Qun នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Grand China Life Insurance Plc មានប្រសាសន៍ថា ភាពស្មោះត្រង់គឺជាតម្រូវការសំខាន់បំផុតក្នុងវិស័យធានារ៉ាប់រងជាពិសេសគឺផ្នែកធានារ៉ាប់រងអាយុជីវិត។
«ភ្នាក់ងារធានារ៉ាប់រងត្រូវតែមានភាពស្មោះត្រង់ចំពោះអតិថិជន និងត្រៀមខ្លួនផ្តល់ការគាំទ្រដល់អតិថិជនគ្រប់ពេលវេលា។ នេះជាមូលហេតុដែលយើងកំពុងកសាងវប្បធម៌ក្រុមហ៊ុនមួយដែលផ្តោតលើ "ភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តខ្ពស់"»។
លោកបន្ថែមថា៖ «បេសកកម្មរបស់យើងគឺពាំនាំអ្នកជំនាញខាងវិស័យធានារ៉ាប់រងអាយុជីវិតមកពីប្រទេសចិនដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងដល់ប្រទេសកម្ពុជា។ តាមរយៈការរីកចម្រើនឥតឈប់ឈរយើងចង់ក្លាយជាក្រុមហ៊ុនមានភាពចាស់ទុំ (century-old leader) ដែលកសាងនូវវិស័យមួយប្រកបដោយការយកចិត្តទុកដាក់ទាំងលើផ្នែកសេវាកម្ម ភាពច្នៃប្រឌិត អត្តសញ្ញាណ វប្បធម៌ និងការប្រកួតប្រជែង»។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Grand China Life Insurance ចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាក្នុងខែមីនាឆ្នាំ ២០១៨។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលធានារ៉ាប់រងជាច្រើនរួមមានធានារ៉ាប់រងមួយជីវិត ធានារ៉ាប់រងសោធននិវត្តន៍ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងជំងឺធ្ងន់ធ្ងរ ធានារ៉ាប់រងអាយុជីវិតជាក្រុម និងធានារ៉ាប់រងជាច្រើនទៀតដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល។
ដៃគូស្ថាបនិកក្រុមហ៊ុន Grand China Life គឺមកពីចិនដីគោក និងម៉ាកាវ។ ការវិនិយោគដំបូងដើម្បីបង្កើតក្រុមហ៊ុននេះគឺត្រូវចំណាយដើមទុនចំនួន ១៥ លានដុល្លារអាមេរិក។
«បច្ចុប្បន្នយើងយល់ថាយើងជាក្រុមហ៊ុនក្មេងខ្ចីនៅក្នុងទីផ្សារកម្ពុជា ពីព្រោះយើងទើបតែមានអាយុកាល ១ ឆ្នាំកន្លះប៉ុណ្ណោះ។ យើងចង់វិវឌ្ឍនៅក្នុងទីផ្សារនេះឲ្យលឿនដោយពឹងផ្អែកលើកំណើនថេរ»។
លោក Yu ពន្យល់ថា៖ «ការកសាងគ្រឹះរឹងមាំគឺសំខាន់ណាស់មុនពេលអ្នកឈានដល់កម្រិតខ្ពស់មួយ។ ក្រុមហ៊ុន និងសហគ្រាសជាច្រើនបរាជ័យក្នុងការពង្រីកខ្លួនពីព្រោះពួកគេមិនមានគ្រឹះរឹងមាំ។ ដំបូងយើងចង់ផ្តល់សេវាកម្មដល់អតិថិជនឲ្យបានល្អជាមុនសិនមុនពេលសម្រេចចិត្តអនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយឲ្យបានខ្លាំងក្លាជាងនេះ»។
ក្រៅពីការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ ប្រតិបត្តិការរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Grand China Life Insurance ក៏ត្រូវបានគាំទ្រដោយក្រុមអ្នកជំនាញបច្ចេកទេសដែលមានបទពិសោធខ្ពស់ផងដែរ។ ក្រុមហ៊ុនមានការគាំទ្រផ្នែកព័ត៌មានវិទ្យាពីក្រុមអ្នកជំនាញនៅទីក្រុង Shenzhen នៃប្រទេសចិន។
លោក Yu ថ្លែងថា៖ «យើងគឺជាក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់យើងទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល។ យើងបានព្យាយាមដាក់ចេញនូវកម្មវិធីហត្ថលេខាឌីជីថលទៅក្នុងសេវាកម្មរបស់យើង ប៉ុន្តែនិយតករកម្ពុជាមិនទាន់អនុញ្ញាតនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកាត់បន្ថយការប្រើក្រដាសតាមដែលយើងអាចធ្វើបាន»។
លោកបានសង្កត់ធ្ងន់ថា កំណើនពីខាងក្នុងគឺជាមធ្យោបាយល្អបំផុតសម្រាប់ក្រុមហ៊ុនដើម្បីពង្រីកអាជីវកម្ម។
លោកបានបន្ថែមថាការរីកចម្រើនរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Grand China Life Insurance នឹងពឹងផ្អែកទៅលើវប្បធម៌ បទពិសោធមកពីប្រទេសចិន និងផលិតផលច្នៃប្រឌិតថ្មី ក្រុមអ្នកជំនាញបច្ចេកវិទ្យាឈានមុខ និងសេវាកម្មដែលមានគុណភាពខ្ពស់។
លោកលើកឡើងថា៖ «អាជីវកម្មធានារ៉ាប់រងអាយុជីវិតគឺដើម្បីការពារសុខុមាលភាពរបស់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេ។ ដូច្នេះក្រុមអ្នកជំនាញដែលធ្វើការនៅក្នុងវិស័យធានារ៉ាប់រងត្រូវតែមានភាពស្មោះត្រង់ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះអតិថិជនរបស់ខ្លួន»៕