ខណៈ​ដែល​សេដ្ឋ​កិច្ច​កំ​ពុង​តែ​លូត​លាស់​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន និង​ស្ថា​ប័នហិ​រញ្ញ​វត្ថុ​កាន់​តែ​ច្រើ​ន​ឡើង​ៗ បាន​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​ប្រ​ភព​ឌី​ជី​ថល គួរ​តែ​ដល់​ពេ​ល​ដែល​បណ្តា​ក្រុម​ហ៊ុន ត្រូវ​តែ​បន្តឹង​សន្តិ​សុខ​ព័ត៌​មាន​វិ​ទ្យា​របស់​ពួក​គេ ដើ​ម្បី​ការ​ពារ​ទិន្ន​ន័យ​របស់​ខ្លួន​ពី​ការ​លួច​របស់​ពួក​ហេ​ក​ឃើរ (Hacker)។

លោក ឃិន ម៉ា​រិ​ទ្ធ ជា​នា​យក​រង​ប្រ​ចាំ​នៅ​ប្រ​ទេស​ កម្ពុជា ឡាវ និងមី​យ៉ាន់​ម៉ា របស់​ក្រុម​ហ៊ុន NTT Communications បាន​ធ្វើ​ការ​ព្រ​មាន​ថា ការ​វាយ​ប្រ​ហារ​ដោយ DDoS(Distributed Denial of Service) កាល​ពី​ដើម​ខែ​ វិច្ឆិកា​ ក​ន្ល​ង​ទៅ ដែល​ត្រូវ​បាន​រ​ង​គ្រោះ​ដោយ​ក្រុម​ហ៊ុន​ផ្តល់​សេ​វា​កម្ម​អុីន​ធឺ​ណិត (ISP) ធំ​ៗ​មួយ​​ចំ​នួន ព្រម​ទាំង​ប៉ះ​ពាល់​ទៅ​ដល់​ល្បឿន​អុីន​ធឺ​ណិត​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា ​ទាំង​មូល​ថែម​ទៀត​ផង​នោះ អាច​នឹង​កើត​ឡើង​វិញ​ម្តង​ទៀត ប្រ​សិន​ជា​មិន​មាន​វិ​ធាន​ការ​ណា​មួយ​ត្រូវ​បាន​ចាត់​ឡើង​ដើ​ម្បី​ពង្រឹង​សន្តិ​សុខ​ព័ត៌​មាន​វិទ្យា និង​បណ្តាញ​កុំ​ព្យូ​ទ័រ​នៅ​ប្រ​ទេស​ កម្ពុជា ​ទេ​នោះ​។

លោក​បាន​បន្ថែម​ទៀត​ថា ការ​វាយ​ប្រ​ហារ​ដោយ DDOS គឺ​ជា​ការ​ដាស់​តឿន​មួយ​ទៅ​ដល់​បណ្តា​ក្រុម​ហ៊ុន​ឲ្យ​ប្រ​ឈម​ជា​មួយ​នឹង​ភាព​ពិត​នៃ​ការ​គំ​រាម​កំ​ហែង​តាម​ប្រ​ព័ន្ធ​អុីន​ធឺ​ណិត នៅ​ក្នុង​ប្រ​ទេស​។

យោង​តាម​សារ​ព័ត៌​មាន Fresh News កាលពី​ថ្ងៃ​ទី​ ៦ ខែ​ វិច្ឆិកា លោក ខូវ មករា អ្នក​នាំ​ពាក្យ​ ១ រូប​​​របស់​ក្រ​សួង​ប្រៃ​ស​ណីយ៍ និង​ទូរ​គមនា​គមន៍ បាន​បញ្ជាក់​ថា ក្រ​សួង​បាន​ទទួល​ព័ត៌​មាន​ស្តី​ពី​ការ​វាយ​ប្រ​ហារ​ដោយ DDoS នៅ​ចុង​សប្តាហ៍ ហើយ​ក្រុម​អ្នក​ជំ​នាញ​របស់​នា​យក​ដ្ឋា​ន​សន្តិ​សុខ​ព័ត៌​មាន ​កំ​ពុង​តែ​ធ្វើ​ការ​ជា​មួយ​នឹ​ង​បណ្តា​ក្រុម​ហ៊ុន​ផ្តល់​សេ​វា​កម្ម​អុីន​ធឺ​ណិត​នៅ​កម្ពុជា ដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

លោក ខូវ មករា បាន​មាន​ប្រ​សាសន៍​ថា​៖ «DDoS គឺ​ជា​ការ​វាយ​ប្រ​ហារ​មួយ​ទៅ​លើ​ចរា​ចរណ៍​ទិន្ន​ន័យ តែ​មិន​មែន​ជា​ចារ​កិច្ច​នោះ​ទេ​»​។

លោក ឃិន ម៉ា​រិ​ទ្ធ បាន​បន្ថែម​ថា​៖ «​ទី​ផ្សារ​ក្នុង​ស្រុក​កំ​ពុង​តែ​មាន​ការ​លូត​លាស់ ហើយ​នេះ​គឺ​ជា​ការ​ព្រ​មាន​មួយ​។ យើង​ត្រូវ​តែ​ការ​ពារ​ទិន្ន​ន័យ​របស់​យើង​ពី​ពួក​ហេ​ក​ឃើរ ហើយ​ក្រុម​ហ៊ុន​សា​ជីវ​កម្ម​ទាំង​ឡាយ​ត្រូវ​តែ​ពង្រឹង​សន្តិ​សុខ​ព័ត៌​មាន​វិទ្យា​របស់​ខ្លូន​»​។

លោក​បន្ត​ថា​៖ «​ប្រ​សិន​ជា​ការ​វាយ​ប្រ​ហា​រទាំង​នេះ​ត្រូវ​បាន​បន្ត ទិន្ន​ន័យ​នឹង​ត្រូវ​បាន​លួច​ដោយ​ពួក​ហេ​ក​ឃើរ ដែល​នឹង​លក់​ទិន្ន​ន័យ​ទាំង​នោះ​ទៅ​ឲ្យ​អ្នក​ដទៃ​ទៀត​។ កត្តា​នេះ​អាច​នឹង​មា​ន​កា​រ​ប៉ះ​ពាល់​ទៅដ​ល់​សេដ្ឋ​កិច្ច និង​ហិ​រញ្ញ​វត្ថុ​»​។

ប្រ​សិ​ន​ជា​ការ​វាយ​ប្រ​ហា​រ​តាម​ប្រ​ព័ន្ធ​អុីន​ធឺ​ណិ​ត​នេះ​ត្រូវ​បាន​បន្ត​ ក៏​អាច​ចោទ​ជា​បញ្ហា​ផង​ដែរ​ទៅ​ដល់​ម​ហិ​ច្ឆតា​ចង់​ផ្លាស់​ប្តូរ​ជា​លក្ខណៈ​ឌី​ជី​ថល​របស់​ប្រ​ទេស​ កម្ពុជា ដែល​ប្រ​ទេស​នេះ​សង្ឃឹម​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ ២០៣០​។

លោក ឃិន ម៉ា​រិ​ទ្ធ និ​យាយ​ថា ខណៈ​មាន​ការ​កើន​ឡើង​នូវ​ការ​យល់​ដឹង​ពី​សន្តិ​សុខ​ប្រ​ព័ន្ធ​អុីន​ធឺ​ណិត​តាម​បណ្តា​ក្រុម​ហ៊ុន​ដែល​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ប្រ​ទេស​ កម្ពុជា កម្រិត​នៃ​សន្តិ​សុខ​ព័ត៌​មាន​វិទ្យា​ចាំ​បាច់​ត្រូវ​ការ​ការ​ពង្រឹង ហើយ​បណ្តា​ក្រុម​ហ៊ុន​គួរ​តែ​វិ​និ​យោគ​នៅ​ក្នុង​វិ​ស័យ​នេះ​។

ជា​ទូ​ទៅ ធនា​គារ និង​រដ្ឋា​ភិ​បាល គឺ​ជា​គោល​ដៅ​របស់​ក្រុម​ឧ​ក្រិដ្ឋ​ជន​តាម​ប្រ​ព័ន្ធ​អុីន​ធឺ​ណិ​ត​។​

លោក​ ឃិន ម៉ា​រិ​ទ្ធ បាន​ពន្យល់​ថា​៖ «​ក្រុម​ហ៊ុន​សា​ជីវ​កម្ម​ភាគ​ច្រើន​មាន​ការ​យល់​ដឹង​ពី​ការ​គំ​រាម​កំ​ហែង​ទៅ​លើ​សន្តិ​សុខ ហើយ​វិ​ធាន​ការ​ចាំ​បាច់​នា​នា​ត្រូវ​បាន​រៀប​ចំ​ឡើង​។ ជា​ឧ​ទា​ហរណ៍ បណ្តា​ធនា​គារ​មាន ការ​ធ្វើ​សវ​នក​ម្ម​ប្រ​ចាំ​ឆ្នាំ និង​ការ​ធ្វើ​តេស្ត​ជ្រៀត​ចូល (Penetration Test)​ ២ ឬ​ ៣ ​ដង​ក្នុង​មួយ​ឆ្នាំ ក៏​ប៉ុ​ន្តែ​ត្រូវ​តែ​មាន​ការ​ការ​ពារ​ស៊ី​ជម្រៅ​ជាង​នេះ ជា​មួយ​នឹង​ការ​ត្រួត​ពិ​និត្យ​សន្តិ​សុខ​ជា​ប្រចាំ និង​ជា​បន្ត​បន្ទាប់​»​។

​លោក​ឲ្យ​ដឹង​ទៀត​ថា វិ​ស័យ​ព័ត៌​​មាន​វិ​ទ្យា​បាន​វិ​វឌ្ឍ​ទៅ​មុខ​យ៉ាង​ខ្លាំង ហើយ​បណ្តា​ឧស្សា​ហ​កម្ម​ក្នុង​ស្រុក​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​រួ​ច​ជា​ស្រេច​ដើ​ម្បី​ត​ទល់​នឹង​បញ្ហា​ប្រ​ឈម​ថ្មី​ៗ ដែល​រួម​មាន​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ដើ​ម្បី​គាំ​ទ្រ​ធុរ​កិច្ច​ព័ត៌​មាន​វិទ្យា​។

លោក​បន្ថែម​ថា​៖ «​ប្រ​ទេស​ កម្ពុជា ​នៅ​ខ្វះ​អ្នក​ជំ​នាញ ICT​។ យើង​ត្រូវ​តែ​ផ្តោត​សំ​ខាន់​បន្ថែម​ទៀត​ទៅ​លើ​ការ​អភិ​វឌ្ឍ​បណ្តា​ធន​ធាន​មនុស្ស​។ ជំ​នួស​ឲ្យ​ការ​ចំ​ណាយ​បន្ថែម​ទៀត​ទៅ​លើ​ការ​ចំ​ណាយ​បង្កើន​ដើម​ទុន បណ្តា​ក្រុម​ហ៊ុន​គួរ​តែ​វិ​និ​យោគ​បន្ថែម​ទៅ​លើ​ការ​ចំ​ណាយ​ប្រ​តិ​បត្តិ​ការ​»៕