ក្រុមហ៊ុន​វិនិយោគ​ឯកជន​ថ្មី​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ កំពុង​ដើរ​មើល​តំបន់​មេគង្គ ដើម្បី​ស្វែងរក​ឱកាស​ថ្មីៗ​បន្ទាប់ពី​បាន​ធ្វើ​វិនិយោគទុន​ជា​លើក​ដំបូង​នៅក្នុង​ក្រុមហ៊ុន​មេ​របស់​គេហទំព័រ​អចលនទ្រព្យ​អនឡាញ​នៃ​ប្រទេស​កម្ពុជា​។

ដោយ​ត្រូវ​បាន​បង្កើតឡើង​នៅ​ចុង​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​គ្រប់គ្រង​មូលធន BeltRoad (BRCM) បាន​ទទួល​មូលធន​ជាប់​កិច្ចសន្យា​ចំនួន​ ៥០ ​លាន​ដុល្លារ​អាមេរិក​ដែល​ភាគច្រើន​ទទួល​បាន​ពី​វិនិយោគិន​ចិន ហើយ​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ជាពិសេស​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា​។

លោក Alex Odom ប្រធាន​ផ្នែក​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​កំពុង​តែ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​ហើយ​ប្រទេស​ចិន​កំពុង​ពន្លឿន​កំណើន​នេះ នៅពេល​ដែល​ប្រទេស​ចិន​បង្កើន​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការវិនិយោគ​ក្រោម​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​ទីក្រុង​ប៉េកាំង​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​យើង​បាន​ឃើញ​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នៃ​ការវិនិយោគ​ពី​ប្រទេស​ចិន​។ មាន FDI ឬ​ការវិនិយោគ​ពី​បរទេស​ដោយ​ផ្ទាល់​ជាច្រើន​មក​ពី​ប្រទេស​ចិន ហើយ​ការបង្កើន​ចំណង់​ចំណូលចិត្ត​ពី​វិនិយោគិន​ចិន​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​បាន​បង្កើត​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​គ្រប់​វិស័យ​ទាំងអស់​»​។

ការវិនិយោគ​ជា​លើក​ដំបូង​របស់ BRCM ដែល​បាន​ប្រកាស​កាលពី​ខែ​មករា​គឺ​នៅក្នុង Digital Classifieds Group (DCG) ដែល​ជា​អ្នក​បង្កើត​វេបសាយ​ផ្សព្វផ្សាយ​អនឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​។ ផលិតផល​ចម្បង​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​អាយុ ៤ ​ឆ្នាំ​នេះ​គឺជា​គេហទំព័រ​អចលនទ្រព្យ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ទីផ្សារ realestate.com.kh ស្របពេល​ដែរ​ក្រុមហ៊ុន​នេះ​ក៏​មាន​ការរីកចម្រើន​ក្នុង​នាម​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រព័ន្ឋ​ផ្សព្វផ្សាយ និង​គេហទំព័រ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ប៉ាពួញូហ្គីណេ និង​ហ្វ៊ីជី​ផង​ដែរ​។

លោក Odom បាន​និយាយ​ថា​ក្រុមហ៊ុន​បាន​បណ្តាក់ទុន ២,២៥ លាន​ដុល្លារ​អូស្ត្រាលី (១,៨ លាន​ដុល្លារ​អាមេរិក​) ទៅក្នុង DCG ជា​ថ្នូរ​នឹង «​ភាគហ៊ុន​ដ៏ធំ​មួយ​» នៅក្នុង​ក្រុមហ៊ុន និង​កៅអី​មួយ​នៅ​លើ​ក្រុមប្រឹក្សាភិបាល​របស់ DCG​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ទុន​នេះ​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ពង្រីក និង​ពង្រឹង​ប្រតិបត្តិការ​របស់ DCG នៅក្នុង​ប្រទេស​កម្ពុជា និង​បង្កើត​វេទិកា​អនឡាញ​នៅ​ប្រទេស​ឡាវ​។ មូលធន​ក៏​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការទិញ​ទ្រព្យ​ដែល​មាន​សក្តានុពល​នៅ​លើ​ទីផ្សារ​ក្នុង​តំបន់​ផ្សេងៗ​ទៀតផង​ដែរ​។

យោង​តាម​លោក Odom ការចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន BRCM ទៅ​លើ​ក្រុមហ៊ុន DCG ត្រូវ​បាន​ជំរុញ​ដោយ​ក្រុមការងារ​គ្រប់គ្រង​ដ៏រឹងមាំ និង​យុទ្ធសាស្ត្រ​ជំនួញ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​ដែល​ទើប​នឹង​លេច​ឡើង​ដោយ​មាន​វេទិកា​បច្ចេកវិទ្យា​មាន​លក្ខណៈ​ច្នៃប្រឌិត​ក្នុង​ការកសាង​ខ្លួន​ជា​អ្នក​ដឹកនាំ​ទីផ្សារ​ឈាន​មុខ​គេ​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​យើង​កំពុង​ស្វែងរក​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជាមួយ​នឹង​ប្រតិបត្តិការ​ល្អ និង​ការគ្រប់គ្រង​ល្អ​។ យើង​ចង់​បាន​វេទិកា​ជំរុញ​ដោយ​បច្ចេកវិទ្យា​ដែល​ជា​ទស្សនៈ​គេ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក ប៉ុន្តែ​មិន​ត្រូវ​បាន​បើក​ដំណើរការ​នៅ​ទី​នេះ​នៅ​ឡើយ​ទេ​»​។

លោក Udom បាន​និយាយ​ថា​ទោះបី​ជា​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ក៏ដោយ​ក៏​បណ្តា​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​មេគង្គ​មិន​ទាន់​ក្លាយ​ជា​ទីចាប់អារម្មណ៍​របស់​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ធំៗ​នៅ​ឡើយ​ទេ​។ លោក​បាន​និយាយ​ថា សក្តានុពល​សម្រាប់​ការវិនិយោគ​មាន​កម្រិត​ខ្ពស់​នៅ​ក្នុង​តំបន់ ហើយ​ហានិភ័យ​ក៏ខ្ពស់​ដូច​គ្នា​ដែរ​។ ម្យ៉ាង​វិញ​ទៀត BRCM កំពុង​តែ​ព្យាយាម​ធ្វើ​ពិពិធកម្ម​ទៅលើ​ផលប័ត្រ​របស់​ខ្លួន​ហើយ​នឹង​នៅ​តែ​មាន​ភាព​បត់បែន​ចំពោះ​យុទ្ធសាស្ដ្រ​កំណើន និង​យុទ្ធសាស្ត្រ​ចាកចេញ​។

លោក​បាន​ថ្លែង​ថា៖ «​យើង​មិន​ចង់​រឹតត្បិត​ខ្លួន​នៅ​ក្នុង​វិស័យ​តែ​មួយ​គត់​នោះ​ទេ ដោយសារ​ឱកាស​នៅ​ទីផ្សារ​ទាំង​នេះ​មិន​ទាន់​មាន​ច្រើន​នៅ​ឡើយ​។ ហើយ​យើង​កំពុង​ព្យាយាម​ឲ្យ​មាន​ភាព​បត់បែន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ វា​មាន​ភាពលំបាក​ណាស់​ក្នុង​ការ​ប្រើប្រាស់​គំរូ​ស្តង់ដារ​នៃ​ក្រុមហ៊ុន​វិនិយោគ​មូលធន​ឯកជន​នៅ​ទី​នេះ​ព្រោះ​ទីផ្សារ​ទាំង​នេះ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ​»​។

លោក Odom និយាយ​ថា​ការ​ធ្វើការ​នៅក្នុង​តំបន់​រយៈពេល​ ៨ ​ឆ្នាំ​បាន​ធ្វើឲ្យ​គាត់​មាន​អារម្មណ៏​ស្រុះស្រួល​ជាមួយ​បរិយាកាស​ប្រតិបត្តិការ​ប្រចាំ​តំបន់ ប៉ុន្តែ​វិនិយោគិន​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន និង​​សិង្ហបុរី​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ​​ដោយសារ​តែ​ស្ថានភាព​គ្រប់គ្រង​ច្បាប់​ស្តង់ដារ​គណនេយ្យ និង​កម្រិត​នៃ​តម្លាភាព​។

លោក​មាន​ប្រសាសន៍​ថា៖ «​មាន​សកម្មភាព​ជាច្រើន​នៅ​តាម​ទីផ្សារ​ចាស់ៗ​ដូចជា​វៀតណាម និង​ថៃ ហើយ​យើង​សង្ឃឹម​ថា​វា​នឹង​ហូរ​ចូល​ទៅ​ក្នុង​ទីផ្សារ​ដែល​ទើប​នឹង​លេចឡើង​ថ្មី​ដូចជា​ឡាវ និង​កម្ពុជា​ផង​ដែរ​»​។

លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន BRCM កំពុង​សម្លឹង​មើល​ការសម្រេច​កិច្ចព្រមព្រៀង​មួយ​នៅ​មីយ៉ាន់ម៉ា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ និង​ធ្វើ​យ៉ាង​ណា​ក៏​មាន​យ៉ាង​ហោច​ណាស់​ការកាន់កាប់​មួយ​នៅ​កម្ពុជា​មុន​ពេល​បញ្ចប់​ឆ្នាំ​នេះ​ដែរ​៕